en     km
en     km

ពិភពលោកកំពុងស្វែងរកសន្ធិសញ្ញាលើបញ្ហាប្លាស្ទិកជាសកល

Share


បន្ទាប់ពីធនធានធម្មជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីសារធាតុពុលប្លាស្ទិកមិនថានៅតាមទីកន្លែងសាធារណៈ សមុទ្រ ឬព្រៃភ្នំធម្មជាតិ ពេលនេះប្រទេសជាច្រើនចាប់ផ្តើមចរចាជាថ្មីៗឆ្ពោះទៅរកសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់។

(កញ្ញា កែវ សុជាតា រាយការណ៍)

លោក Jyoti Mathur-Filipp លេខាធិការប្រតិបត្តិនៃគណៈកម្មាធិការចរចាសន្ធិសញ្ញានិយាយថា ធម្មជាតិរងការបំពុលពីមជ្ឈដ្ឋានជុំវិញយ៉ាងខ្លាំង ពិសេសប្រព័ន្ធអេកូឡូស៊ីទាំងអស់កំពុងស្ថិតក្រោមការគំរាមកំហែងពីការបំពុលប្លាស្ទិក។ លោកបន្តទៀតថា យើងគប្បីធ្វើយ៉ាងណាកែប្រែនិងបញ្ឈប់ការបំផ្លិចបំផ្លាញនេះឱ្យបានទាន់ពេលវេលា។

ប្រធានាធិបតីកេនយ៉ា លោក William Ruto និយាយនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មនុស្សជាតិត្រូវតែផ្លាស់ប្តូររបៀបប្រើប្រាស់ របៀបផលិត និងរបៀបបោះចោលកាកសំណល់ ដើម្បីដោះស្រាយបញ្ហាការបំពុលប្លាស្ទិក។ លោកអះអាងថា នេះគឺជារបៀបរស់នៅលើពិភពលោកដែលតម្រូវឱ្យមានការផ្លាស់ប្តូរ ដែលពុំអាចជៀសរួចឡើយ។

បន្ថែមពីនេះ សម័យប្រជុំលើកទី៣នៃគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាលដើម្បីបង្កើតឧបករណ៍ស្របច្បាប់អន្តរជាតិស្តីពីការបំពុលប្លាស្ទិក រួមទាំងបរិស្ថានសមុទ្រ (INC-3) បានបើកកិច្ចពិភាក្សាជាផ្លូវការកាលពីថ្ងចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នៅក្នុងរដ្ឋធានីណៃរ៉ូប៊ីប្រទេសកេនយ៉ា។ សមាជិកនៃសម័យប្រជុំលើកទី៣ទាំងនេះ (INC-3) ជាចំណុចកណ្តាលនៃដំណើរឆ្ពោះទៅរកសន្ធិសញ្ញាសកល ដែលជជែកដេញដោលលើបញ្ហាការប្រែប្រួលអាកាសធាតុ ពិសេសផ្តោតលើបញ្ហាប្លាស្ទិកក្នុងធម្មជាតិ។

កាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសចំនួន១៧៥នៅជុំវិញពិភពលោកយល់ព្រមចុះកិច្ចព្រមព្រៀងលើយុទ្ធនាការពិភាក្សា ដោះស្រាយ និងប្រយុទ្ធប្រឆាំងនឹងការបំពុលមហាសមុទ្រ និងកំពូលភ្នំនានាដោយការប្រើប្រាស់ប្លាស្ទិក។ យុទ្ធនាការនេះដាក់ចេញឱ្យអនុវត្តកាលពីឆ្នាំមុន និងសង្ឃឹមថានឹងសម្រេចបាននៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។

គួរបញ្ជាក់ថា ខ្សែចង្វាក់ផលិតកម្មផលិតប្លាស្ទិកបានកើនឡើងទ្វេដងក្នុងរយៈពេល ២០ឆ្នាំក្រោយនេះ។ ប្រទេសលើសកលលោកក្នុងឆ្នាំ២០១៩ ផលិតប្លាស្ទិកបានចំនួនជាង ៤៦០លានតោន។ បន្ថែមពីនេះ ប្រហែល២ភាគ៣នៃកាកសំណល់ប្លាស្ទិកដែលប្រើប្រាស់ម្តងឬជាពីរដងរួច ត្រូវគេយកទៅបោះចោលឬដុតបំផ្លាញ ខណៈសម្រាមប្លាស្ទិករាប់លានតោនផ្សេងទៀតត្រូវយកទៅកែច្នៃឡើងវិញ។ នេះបើយោងតាមចុះផ្សាយរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ។

ដោយឡែក ចំពោះបណ្តាប្រទេសដែលមានឧស្សាហកម្មគីមីឥន្ធនៈធំៗ ជាទូទៅតែងផ្តោតលើការកែច្នៃឡើងវិញ និងគ្រប់គ្រងសំណល់សម្រាមឱ្យបានប្រសើរជាងមុន ជាជាងការបិទបាំងមិនឱ្យប្រើប្រាស់ប្លាស្ទិក ឬដាក់បម្រាមហាមឃាត់មិនឱ្យផលិតប្លាស្ទិក។ ទោះបីជាយ៉ាងណា របាយការណ៍បង្ហាញថា ការផលិតប្លាស្ទិកអាចកើនឡើងបីដងនៃចំនួនបច្ចុប្បន្ននៅឆ្នាំ២០៦០៕

ប្រភព៖ AFP ចុះថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង