ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ បានដាក់បង្ហាញរូបថតប្រមាណ ៥០ សន្លឹក ដែលសុទ្ធសឹង ជាស្នាដៃរបស់
ប្រជាសហគមន៍ ដែលបានចុះទៅផ្តិតយកទិដ្ឋភាព និងសកម្មភាពមួយចំនួន ដែលកំពុងបំផ្លិចបំផ្លាញ ធនធានក្នុងសហគមន៍របស់ពួកគេ។ កម្មវិធីពិព័រណ៍រូបថតសហគមន៍នេះ នឹងដាក់បង្ហាញនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រាជធានីភ្នំពេញ។ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។
សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ មកពី ២០ ខេត្ត ក្នុងប្រទេសកម្ពុជា បានដាក់បង្ហាញរូបថតប្រមាណ ៥០ សន្លឹក ដែលនិយាយពីទិដ្ឋភាព និងសកម្មភាពបំផ្លិចបំផ្លាញធនធានក្នុងសហគមន៍របស់ពួកគេ ដើម្បីជាឆ្លុះបញ្ចាំងពីការបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់សហគមន៍ ។

រូបថតដែលបង្ហាញពីសកម្មភាពការកាប់បំផ្លាញព្រៃសហគមន៍ខុសច្បាប់ រូបភាពធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រូបភាពគ្រោះធម្មជាតិ ដែលប្រជាសហគមន៍កំពុងជួបប្រទះ និងរូបភាពមួយចំនួនទៀតដែលកំពុងដាក់បង្ហាញនេះ តម្រូវឱ្យអ្នកដែលបានចូលទស្សនាដាក់ពិន្ទុ តាមរយៈការគាំទ្ររូបដែលខ្លួនចូលចិត្ត។ នេះជាការគូសបញ្ជាក់ពីអ្នកស្រី ព្រី ផល្លីភួង នាយការប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍។
លោកស្រីបន្ថែមថា តាមរយៈការដាក់តាំងពិព័រណ៍រូបថតនេះ គឺជាការបង្ហាញពីក្តីកង្វល់របស់ប្រជាសហគមន៍ ដែលបានផ្តិតយកសកម្មភាពនានា ដែលកំពុងកើតមាននៅក្នុងសហគមន៍របស់ពួកគាត់។ ជាងនេះទៅទៀតអ្នកស្រីថា ការដាក់តាំងរូបនេះ ក៏មានបំណងចង់ឱ្យភាគីពាក់ព័ន្ធបានដឹង និងជួយដោះស្រាយដល់ប្រជាសហគមន៍។
លោកស្រី ព្រី ផល្លីភួង៖ «ពិព័រណ៌រូបថតនេះ គឺជាឪកាសមួយបង្ហាញលើកឡើងពីបទពិសោធឬក៏កង្វល់អ្វីមួយដែលពួកគាត់កំពុងជួបប្រទះនៅតាមតំបន់ដែលកំពុងរស់នៅផងដែរ។ ការលើកឡើងនៅបញ្ហាទាំងអស់នេះ គឺជារឿងមួយល្អដែលអាចឱ្យស្ថាប័នពាក់ព័ន្ធបានយល់ដឹង និងចូលរួមក្នុងការដោះស្រាយបញ្ហារបស់ពួកកាត់»។

លោក សែម សទ្ធា រស់នៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលបានដាក់រូបថតប្រកួតប្រជែងផងនោះនិយាយថា លោកបានចុះទៅថតរូបភាពការកាប់បំផ្លាញព្រៃឈើក្នុងព្រៃឡង់របស់ក្រុមហ៊ុនមួយ ដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យ។
លោកបញ្ជាក់ពីមូលហេតុដែលលោកចាប់អារម្មណ៍រូបយករូបទាំងនោះថា គឺដោយសារតែសកម្មភាពកាប់ព្រៃឈើពីសំណាក់ក្រុមហ៊ុនទាំងនោះ គឺកំពុងតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងសហគមន៍យ៉ាងខ្លាំង ព្រោះអនុផលព្រៃឈើដែលប្រជាសហគមន៍ធ្លាប់អាស្រ័យផល គឺបានបាត់បង់ទាំងស្រុង ចំណែកឯសត្វព្រៃក៏បាត់បង់ជម្រកផងដែរ។
លោក សែម សទ្ធា៖ «ខ្ញុំគិតថារូបហ្នឹងវាធ្វើឱ្យប៉ះពាល់ការរស់នៅក្នុងសហគមន៍ ប៉ះពាល់ដល់ជីវភាពគ្រួសារ ដោយបាត់បង់មុខរបបដូចជា បាត់បង់ជ័រទឹកដែលជាមុខរបបសំខាន់របស់ពួកគាត់ មុខរបបបរបាញ់សត្វ បោចវល្លិ រកឱសថបុរាណ និងថែមទាំងបាត់បង់ជំរកសត្វទៀតផង»។
សូមបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍រូបថតដែលជាស្នាដៃរបស់ប្រជាសហគមន៍នេះ គឺជាលើកទី ៣ ហើយដែលអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍បានរៀបចំ។ សមទ្ធិផលដែលទទួលបានពីការរៀបចំពិព័រណ៍រូបថតនេះ គឺធ្វើឱ្យប្រជាសហគមន៍ហ៊ានប្រឈមមុខនឹងបញ្ហាដែលកំពុងកើតមាននៅក្នុងសហគមន៍ និងធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងពីការតស៊ូមតិ តាមសន្តិវិធីក្នុងសកម្មភាពការងារនោះ៕