(កញ្ញា កែវ សុជាតា រាយការណ៍)
នាព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការរៀបចំកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្តីពីការរៀបចំពិព័រណ៍សៀវភៅលើកទី១០ ក្រោមប្រធានបទ«សរសេរចំណាន អានចំណាប់ ចាប់ចំណេះ»។ កម្មវិធីពិព័រណ៍សៀរភៅកម្ពុជាលើកទី១០នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ នេះជាលើកដំបូងហើយដែលគណៈកម្មាធិការរៀបចំការតាំងពិព័រណ៍ក្នុងរយៈពេល៤ថ្ងៃខុសពីឆ្នាំមុនៗ។
លោក ហុក សិទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងជានាយកអង្គការស៊ីប៉ាផងនោះបានឱ្យដឹងថា ពិព័រណ័សៀវភៅកម្ពុជាជារៀងរាល់ឆ្នាំតែងប្រារព្ធឡើងចំនួន ៣ថ្ងៃ ខុសអីតែឆ្នាំ២០២៣នេះគឺធ្វើរយៈពេល៤ថ្ងៃ ក៏ព្រោះតែកត្តាចំនួន ៣។ លោកបញ្ជាក់ថា ទី១គឺកត្តាអ្នកចូលរួមទស្សនាការតាំងពិព័រណ៍សំណូមពរនិងលើកទឹកចិត្តឱ្យគណៈកម្មាធិការរៀបចំឱ្យបានច្រើនថ្ងៃ ដ្បិតអីអ្នកចូលរួមមួយចំនួនខកខានមិនបានចូលរួមដោយសារកត្តាពេលវេលាមិនអំណោយផល។
ចំណែកកត្តាទី២ គឺជាការសំណូមពរពីសំណាក់អ្នកជាវស្តង់ បណ្តាអ្នកនិពន្ធ និងម្ចាស់ឧបត្ថម្ភនានាដែលចូលរួមលក់សៀវភៅ សម្ភារៈផ្សេងៗ និងមានស្តង់លក់ដូរនៅក្នុងកម្មវិធីពិព័រណ៍សៀវភៅ ពួកគេចង់បង្កើនកំណើននៃការលក់ឱ្យបានច្រើនជាងមុន។ រីឯកត្តាទី៣វិញ លោក ហុក សិទ្ធិ យល់ថា ដោយសារទម្លាប់ជាសកល គេតែងប្រារព្ធកម្មវិធីពិព័រណ៍សៀវភៅនេះចន្លោះពី ៥- ៧ថ្ងៃនៅតាមប្រទេសនានានៅលើពិភពលោក ដែលថ្មីៗនេះប្រទេសជិតខាងកម្ពុជាដូចជាប្រទេសវៀតណាមជាដើម បានរៀបចំពិព័រណ៍សៀវភៅក្នុងរយៈពេល៥ថ្ងៃ។ លោកអះអាងថា នេះគ្រាន់តែជាការបោះជំហានថ្មីមួយ និងជាការសាកល្បងដំបូងសម្រាប់កម្ពុជាដើម្បីលើកកម្ពស់ការអានឱ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត។
លោក ហុក សិទ្ធិ៖ «សូមបញ្ជាក់ថែម[ថា]ហេតុអីបានយើងបង្កើនពី ៣ថ្ងៃទៅ ៤ថ្ងៃ ដោយសារទី១ មានសំណូមពរពីអ្នកចូលទស្សនាមួយចំនួន គាត់មកអត់ទាន់បានគ្រប់គ្នាមកអីហ្នឹង [ទើប]មានសំណូមពរបែបហ្នឹង។ ដោយសារតែពិព័រណ៍យើងបិទពីប្រលប់ ជាទូទៅម៉ោង ៦ឬ ៧អីបិទហើយ។ ខ្លះរើទុកតាំងម៉ោង៥ ហើយអ្នកខ្លះដែលមកទស្សនាមួយចំនួនធ្វើការ ពេលចេញមកគាត់អត់មានពេលមកមើល។ អ៊ីចឹង នេះជារឿងម៉ោង។ និងទី២ អ្នកលក់មួយចំនួនក៏គាត់គិតថា គួរតែថែមម៉ោង ថែមថ្ងៃ ដើម្បីឱ្យគាត់មយកឱកាស[នេះ]លក់ឱ្យកាន់តែច្រើនទៀត។ កត្តាទី៣ គឺឈរនៅលើ គេហៅថាទម្លាប់នៃការដាក់តាំងនៅលើពិភពលោកផងដែរ។ គេតែងតែតាំង[ពិព័រណ៍សៀវភៅ] ពី៥ថ្ងៃទៅមួយអាទិត្យ (មួយសប្តាហ៍)។ ថ្មីៗនេះ នៅវៀតណាមក៏ធ្វើក្រុងហូជីមិញ ដែលខ្ញុំក៏បានចូលរួមដែរ គេធ្វើ៥ថ្ងៃដែរ។ ហើយពិព័រណ៍ល្បីៗនៅលើពិភពលោកមួយទៀតនៅប៉ូឡ៉ូញប្រទេសអ៊ីតាលី ក៏[ធ្វើរយៈពេល] ៥ថ្ងៃដែរ។ អ៊ីចឹងហើយ បានជាយើងព្យាយាម មិនទាន់ហ៊ានធ្វើដល់ទៅ ៥ថ្ងៃដូចគេ យើងចេញពី៣ទៅ៤[ថ្ងៃ]សាកមើល ជាការសាកល្បង។ ហើយចាំមើលៗ ថាតើវាបានលទ្ធផលយ៉ាងណាអ៊ីចឹងណា៎។»។
ទន្ទឺមគ្នានេះ ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០២៣នេះ បានបើកទំព័រថ្មីស្រឡាងមួយផ្សេងទៀត ដោយសារតែចំនួនអ្នកស្ម័គ្រចិត្តបានកើនដល់១៨០នាក់ ខណៈឆ្នាំមុនអ្នកស្ម័គ្រចិត្តមានត្រឹមចំនួន ១០០នាក់ប៉ុណ្ណោះ។ ជាងនេះទៀត នៅក្នុងនោះចំនួនស្រ្តីដែលជាអ្នកស្ម័គ្រចិត្ត មានចំនួនស្មើនឹងបុរសអ្នកស្ម័គ្រចិត្ត ក៏ព្រោះតែគណៈកម្មាធិការពិព័រណ៍សៀវភៅកម្ពុជា ចង់ពន្លេចនូវតម្លាភាពយេនឌ័ររវាងស្រ្តីនិងបុរសក្នុងការចូលរួមធ្វើកិច្ចការងារសង្គម។ នេះបើយោងតាមសម្តីរបស់អ្នកតំណាងក្រុមអ្នកស្ម័គ្រចិត្តបានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះ។
គួរបញ្ជាក់ដែរថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣នេះ នឹងប្តូរទីតាំងទៅធ្វើនៅលើសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៨:០០យប់។ ការប្តូរទីតាំងនេះ ធ្វើឡើងបន្ទាប់ស្តង់ពិព័រណ៍មានរហូតដល់ទៅ ២២៩ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើនរហូតដល់ទៅ ១៥២ ស្ថាប័ន។
ក្នុងនោះ លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជា ដាក់ក្តីរំពឹងថា ចំនួនអ្នកចូលរួមក្នុងការតាំងពិព័រណ៍ឆ្នាំ២០២៣នេះនឹងមានការកើនឡើងរហូតដល់ទៅ ១៨ម៉ឺននាក់ ដែលធ្វើយ៉ាងណាឱ្យស្មើ ឬប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែលអ្នកចូលរួមមានចំនួន ១៨ម៉ឺននាក់ ខណៈនេះជាចំនួនមួយប្រសើរជាងឆ្នាំសព្វដង។
លោកស្រី ខ្លូត វិបុលឡា៖ «ការរំពឹងរបស់យើង បើយើងប្រៀបធៀបការតាំងពិព័រណ៍ចាប់តាំងផ្តើមពីឆ្នាំ២០១១ រហូតមកដល់[ឆ្នាំ]២០២៣នេះ គឺយើងទទួលបានជោគជ័យ ហើយការរំពឹងទុករបស់យើងហ្នឹងក្នុងឆ្នាំ២០២៣ហ្នឹង យើងរំពឹងទុកថា អាចទៅដល់ ១សែន៥ម៉ឺននាក់ ឬ១សែន៨ម៉ឺននាក់ ព្រោះកាលពី២០២២ លោក ហុក សិទ្ធិ បានមានប្រសាសន៍ហើយដែរ ថាយើង(អ្នកទស្សនា)បានចូលរួមត្រឹមតែ១០ម៉ឺន១ពាន់នាក់ទេ ហើយនៅមុន កូវីដ យើង(អ្នកទស្សនា)ផ្ទុះរហូតដល់ទៅ១៨ម៉ឺននាក់។»