loader

ពិធីបុណ្យវិសាខបូជា

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា។បុណ្យនេះធ្វើឡើង  រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី  គឺ​ថ្ងៃ​១៥​កើត  ខែ ពិសាខ   ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ។

ជូនអត្ថាធិប្បាយដោយ លោក ឆេងគីមឆោមដូចតទៅ៖

ព្រះពុទ្ធនៃ​​យើង​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ទ្រង់បរិនិព្វាន​សុទ្ធ​តែ​ក្នុង ថ្ងៃ​ពេញបូណ៌មីខែ​វិសាខ​ទាំង​អស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ។

ព្រះអង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង់ មុន ពុទ្ធសករាជ ៨០​ឆ្នាំ ។ នៅ​ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​កបិលពស្តុ និង ទេវ​ទហៈ។ ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់  មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង  នៅ​ថ្ងៃ​ពុធ  ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង  រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។ ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់  វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់  ចន្លោះ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ  ទី​ក្រុង កុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា ។

ជា​ប្រពៃណី​បុណ្យ​វិសាខបូជា  គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​ពេល​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ​ថា បុណ្ណមី មាន​សេចក្តី​ថា ខែ​ពេញ​បូណ៌មី ។ ម្យ៉ាង​ទៀត ការ​ប្រារព្ធ​ពិធី​ក្នុង​ពេល​រាត្រី អា​ស្រ័យ​ដោយ លក្ខណៈ​ងាយ​ស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប​ជ្វាលា  បូជា​ភ្លើងអគ្គិសនី​ឲ្យភ្លឺ​រុង​រឿង​រន្ទាល​ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាង​ទៀត ដើម្បី​បើក​ឱកាស​ឲ​ពុទ្ធ​បរិស័ទ​បាន​ជួប​ជុំ​គ្នា ដ៏​ច្រើន​កុះ​ករ​ទាំង​ប្រុស​ទាំង​ស្រី អាច​បំពេញ​កុសល​កម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ ជា​ពេល​ទំនេរ​ផង។ បុណ្យ​វិសាខបូជា ចាត់​ទុក​ថាជាបុណ្យ​ដ៏​ធំ  ដោយ​មាន​មហាជន ចាស់​ក្មេង​ប្រុស ស្រី នៅ​ប្រជុំ​គ្នា​អ៊ូអរ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កាភ្ញី និង​ប្រទីប​ជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោង​ព្រាត នៅ​គ្រប់​វត្ត​អារាម ។
តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុន​នឹង​ចូល​ព្រះ​វិហារ ហើយ​គេ​យក​ទេយ្យ​វត្ថុ​រៀប​ចំដាក់​នៅ​មុខ​ពុទ្ធរូប រួច​អុជ​ទៀន​ធូប​បូជា ផ្កាភ្ញី​ផ្សេង​ៗ។ គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល សា្តប់​ពុទ្ធ​មន្ត ស្តាប់​ធម៌ទេសនា អំពី ពុទ្ធប្បវត្តិ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រ​ធម៌​បទ​ផ្សេង​ៗ​ដូច​ជា នមោ ៨បទ ឋាន​ធំ ៨​កន្លែង​ជា​ដើម នៅ​យប់​នោះ​គេ​ធ្វើ​រហូត​ទល់​ភ្លឺ តាម​លទ្ធភាព​វត្ត​នីមួយ​ៗ ដើម្បី ឲ​មាន​បសាទសទ្ធា ចំពោះ​ព្រះរតនត្រ័យ​កាន់​តែ​ខ្លាំងក្លា​ឡើង។

ប្រវត្តិ​បុណ្យវិសាខ​បូជា

ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​រាប់​អាន​ព្រះពុទ្ធសាសនា នាំ​គ្នា​ធ្វើ​វិសាខបូជា នៅ​ថ្ងៃ ពេញ​បូណ៌មីខែពិសាខ រៀង​ៗ​មក​តាំង​ពី​បុរាណកាល ។ តាម​ការ​ស្រាវជ្រាវ​គេ​បាន​ដឹង​ថា បុណ្យ វិសាខ​បូជា​ទំនង​ជា​ធ្វើ​នៅ​ក្រោយ​ពុទ្ធ​បរិនិព្វាន​ច្រើន​រយឆ្នាំ។ គេ​ថា​ប្រទេសឥណ្ឌា និង​ប្រទេស​លង្កា បាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ​យូរ​យារ​ណាស់មក​ហើយ ។ ចំណែក​ប្រទេស​សៀម និង​ប្រទេស​ខ្មែរ​ទើប នឹង​ចាត់​ចែង​ធ្វើ​នៅ​គ្រឹស្តសតវត្សទី ១៩។ នៅ​ក្នុង​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ ទុំ​អ្នក​មុខ​អ្នកកា​ទាំង​ឡាយ​ដំណាល​ត​ៗ​គ្នា​បាន​ឲ​ដឹងថា គេ​បាន​ផ្តើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេច ព្រះ​ហរិរក្សមារា (ព្រះអង្គដួង)  ដែល​គង់​នៅ​ក្រុង​ឧត្តុង្គ   ក្នុង​ពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយ​មហាប៉ាន ដែល​ស្តេច​សៀម បាន​បញ្ជូន​មក​កាន់​ឧត្តុង្គ តាម​សំណើ​ព្រះបាទ អង្គដួង។

បុណ្យ​វិសាខ​បូជា​ត្រូវ​បាន រាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ របស់​ប្រទេសកម្ពុជា  ។ នៅ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ  ជិត ២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យ វិសាខ​បូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។

វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។  អាស្រ័យ​ហេតុនេះ​ហើយ  ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក  ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ  ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ៕

\

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មួយម៉ឺនអាល័យអំពាវនាវជាពិសេសឱ្យយុវជនមកទស្សនាភាពយន្ដជំនាន់60sទើបរកឃើញនៅថៃ

នារោងកុនMajor Cineplex  នៅផ្សារទំនើបអ៊ីអ[...]

អង្គការ Actionaid ៖ យុទ្ធនាការ មួយសែនកោងកាងដាំដើមកោងកាងបន្តនិរន្តភាពឆ្នេរសមុទ្រ

កំពត៖ អង្គការ Actionaid បានរៀបចំយុទ្ធនាការមួយ[...]

មគ្គុទេសទេសចរណ៍ខ្មែរបារម្ភអំពីគោលនយោបាយទេសចរណ៍ ChinaReady ថាអាចថយចុះទេសចរណ៍អឺរ៉ុប

ថ្មីៗនេះខេត្តសៀមរាបមានព័ត៌មានលេចឡើងអំពីក្រុមហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត