loader

ពលរដ្ឋ ៣០នាក់ត្រូវឃាត់ខ្លូនពេលប៉ះទង្គិចជាមួយសមត្ថកិច្ចករណីតវ៉ាសុំមើលដីស្រែនៅព្រលានយន្តហោះថ្មី

ភ្នំពេញ៖ ពលរដ្ឋយ៉ាងយោចណាស់ ៣០នាក់ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលឃាត់ខ្លួន ពេលប៉ះទង្គិចគ្នាកាលពីថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ក្នុងករណីដែលពលរដ្ឋតវ៉ាទាមទារឱ្យសមត្ថកិច្ចបើកប៉ារ៉ាស់សុំចុះទៅមើលស្រែរបស់ខ្លួន។ នេះជាការបញ្ជាក់របស់លោក ទួន វណ្ណៈ តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីព្រលានយន្តហោះថ្មីប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ។

បើតាមលោក ទួន វណ្ណៈ ហេតុការណ៍ប៉ះទង្គិចគ្នានេះ កើតឡើងនៅក្នុងតំបន់ដីវិវាទរវាងពលរដ្ឋនិងក្រុមហ៊ុន OCIC ដែលកំពុងសាងសង់ព្រលានយន្តហោះថ្មី នៅក្នុង​ភូមិ​កំពង់តាឡុង ឃុំ​បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកបន្តថា ប្រជាពលរដ្ឋប្រមាណ ១០០នាក់បានប្រមូលម្តុំគ្នាសុំចុះទៅមើលដីស្រែ ដើម្បីថែទាំដាក់ជី និងទឹក តែសមត្ថកិច្ចមិនអនុញ្ញាត។ ប្រការនេះ បានបណ្តាលឱ្យក្រុមប្រជាពលរដ្ឋមានការខឹងសម្បា នាំគ្នាដុតសំរាមនៅពីមុខប៉ារ៉ាស់នោះ ដែលនាំឱ្យមានការប៉ះទង្គិតគ្នាតែម្តង។ តំណាងពលរដ្ឋរូបនេះឱ្យដឹងបន្ថែមទៀតថា កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ ប្រមាណ​ ៣០០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង បានប្រើហិង្សាលើប្រជាពលរដ្ឋតវ៉ាបណ្តាលឱ្យប្រជាពលរដ្ឋជាង ២០នាក់រងរបួល និង ៣០នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅស្នងការនគរបាលខេត្តកណ្តាល។

ហេតុការណ៍នៃព្រឹត្តិការណ៍តវ៉ានៅព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រូបភាពពីហ្វេសប៊ុកពលរដ្ឋ

លោក ទួន វណ្ណៈ បានទទួលដំណឹងក្រៅផ្លូវការពីក្រុមប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួនមកថា សមត្ថកិច្ចបានដាក់សម្ពាធដល់ប្រជាពលរដ្ឋចំនួន ១១នាក់ ដែលមានផ្ទះចំផ្លូវជើងយន្តហោះឱ្យទទួលសំណង ៨ ដុល្លារ ទើបសមត្ថកិច្ចយល់ព្រមដោះលែងព្រមពលរដ្ឋទាំង ៣០ នាក់នោះត្រឡប់មកវិញ។

ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នានេះ សូមស្តាប់ការយល់ឃើញបន្ថែមពីលោក ទួន វណ្ណៈ ដូចតទៅ!

 

ទាក់ទិនក្នុងរឿងនេះ លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យសាលាខេត្តកណ្តាលប្រាប់ឱ្យដឹងថា នៅព្រឹកនេះសមត្ថកិច្ចកំពុងឃាត់ខ្លួននិងសាកសួរប្រជាពលរដ្ឋទាំង ៣០ នាក់នោះ ពីហេតុការណ៍ហិង្សាកាលពីម្សិលមិញ ដែលរហូតមកទល់ពេលនេះមិនទាន់មានការចោទប្រកាន់ពីព្រះរាជអាជ្ញារនៅឡើយទេ។

ដោយឡែកទាក់ទងនឹងការចោទប្រកាន់ថា ខាងអាជ្ញាធរចាប់ខ្លួនដើម្បីដាក់សម្ពាធឱ្យពលរដ្ឋទទួលយកសំណងជាថ្នូរនឹងការដោះលែងវិញនោះ អ្នកនាំពាក្យសាលាខេត្តកណ្តាលសុំបដិសេធទាំងស្រុង និងថាខាងអាជ្ញាធរខេត្តចង់ដោះស្រាយទំនាស់នេះតាមនីតិវិធី ដើម្បីឈានទៅបញ្ចប់វិវាទនេះដោយសន្តិវិធី។

លោក គ្រុយ ម៉ាឡែន បន្តថា កន្លងមកខាងអាជ្ញាធរខេត្តបានកោះហៅប្រជាពលរដ្ឋមកដោះស្រាយតាមយន្តការរបស់រដ្ឋបាលខេត្តគ្រប់អស់ហើយ តែនៅមិនទាន់មានការត្រូវរូវគ្នា។​ លោកបន្តថា ប្រសិនបើប្រជាពលរដ្ឋមិនព្រមទទួលយកគោលការណ៍ និងនីតិវិធីដោះស្រាយរបស់អាជ្ញាធរខេត្ត ពលរដ្ឋអាចប្តឹងទៅតុលាការតែម្តង។

សូមស្តាប់ការលើកឡើងរបស់លោក គ្រុយ ម៉ាឡែន បន្ថែម

គួររំលឹកថា ជម្លោះរវាងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយក្រុមហ៊ុនក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក ពុង ឃាវសែ ដែលបានទទួលសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ បានអូសបន្ថាយរយៈពេលជាង ៣ ឆ្នាំមកហើយ។ ក្នុងដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រជាពលរដ្ឋប្រហែល ៣០០គ្រួសារត្រូវរងផលប៉ះពាល់ពីការអភិវឌ្ឍន៍នេះ។ ប្រជាពលរដ្ឋតែងលើកគ្នាតវ៉ា និងដាក់វេនគ្នាយាមដីដើម្បីរារាំងសកម្មភាពឈូសឆាយរបស់ភាគីខាងក្រុមហ៊ុន OCIC លើដីទំនាស់។

ជាការកត់សម្គាល់ ជម្លោះនេះនៅតែបន្តរុំារ៉ៃ ដើមចមមកពីខាងអាជ្ញាធរខេត្ត និងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី នៅតែប្រកាន់ជំហរទូទាត់សំណងដីជូនពលរដ្ឋតែ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅទីនោះមានតម្លៃជាង ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ក្នុងរឿងនេះ ប្រជាពលរដ្ឋបេ្តជ្ញាថា នឹងការពារដីស្រែរបស់ពួកគេឱ្យបានគង់វង្ស បើទោះបីជាត្រូវលះបង់អាយុជីវិតក៏ដោយចុះ។ តែយ៉ាងណា ពលរដ្ឋធ្លាប់លើកឡើងថា ខ្លួនមិនរឹងទទឹង ឬបដិសេធការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះ តែពលរដ្ឋទាមទារឱ្យមានសំណងទូទាត់សមរម្យជាថ្នូរនឹងចាកចេញ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អង្គការសង្គមស៊ីវិលជាង ៣០ ជំរុញភាគីពាក់ព័ន្ធស្វែងរកសំណងសមរម្យឱ្យពលរដ្ឋព្រលានយន្តហោះថ្មី

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលជាង ៣០ បានចេញសេចក្[...]

ក្រសួងទេសចរណ៍ប្រាប់ក្រុមហ៊ុនហោះហើរក្នុងស្រុកត្រៀមបើកដំណើរការឡើងវិញ

(ភ្នំពេញ)៖ ផ្អែកតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខ[...]

ពលរដ្ឋព្រលានយន្តហោះថ្មី៩នាក់ត្រូវដោះលែងខណៈអ្នករត់គេចខ្លួនមិនទាន់ហ៊ានត្រឡប់ចូលផ្ទះ

ភ្នំពេញ៖ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីចំនួន ៩ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x