ភ្នំពេញ៖ ពលរដ្ឋសហគមន៍ផ្លូវដែកគ្រោងនឹងដាក់ញត្ដិស្នើឲ្យសាលាក្រុងភ្នំពេញដោះស្រាយបញ្ហាករ ណីការពង្រីកផ្លូវរថភ្លើងទាំងសងខាង ដែលអ្នកភូមិបានអះអាងថា ប្រសិនបើមានការ ពង្រីកផ្លូវដូចទៅនឹងគម្រោងដែលប្រកាសមែន នឹងធ្វើឲ្យពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងបាត់បង់ផ្ទះសម្បែង។
អ្នកស្រី ម៉ែន សារ៉ាត ប្រជាពលរដ្ឋម្នាក់រស់នៅតាមបណ្ដោយផ្លូវរថភ្លើងស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃអង្គារ៍ ទី១៤ មីនានេះថា ការដាក់ញត្ដិនៅថ្ងៃទី១៥ ស្អែកនេះ គឺដើម្បីស្នើឲ្យសាលាក្រុងអនុវត្ដន៍ការពង្រីកផ្លូវត្រឹមតែម្ខាង៧ម៉ែត្រ ពីផ្លូវរថភ្លើងហើយ ស្នើឲ្យចេញប្លង់កម្មសិទ្ធ និងអភិវឌ្ឍន៍នៅនឹងកន្លែង។ គម្រោងដាក់ញត្ដិនៅសាលាក្រុងភ្នំពេញអាចនឹងមានប្រជាពលរដ្ឋសហគមន៍ផ្លូវរថភ្លើងចូលរួមប្រមាណជាង ១៥០នាក់។
សព្វថ្ងៃប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវរថភ្លើងមានគ្នាប្រមាណជាង ២៥៧គ្រួសារ។ ពួកគេទាំងអស់សុទ្ធសឹងតែគ្មានប័ណ្ណកម្មសិទ្ធដីធ្លីនោះទេ។ តែយ៉ាងណាអ្នកស្រី ម៉ែន សារ៉ាត សង្ឃឹមថា សាលាក្រុងភ្នំពេញនឹងដោះស្រាយបញ្ហានេះជូនពួកគាត់មុនពេលដែលចាប់ដំណើរការសកម្មភាពផ្សេងៗ។ ជាងនេះអ្នកស្រីអះអាងថា ប្រសិនបើគ្មានដំណោះស្រាយជាក់ស្ដែង ស្របទៅតាមការស្នើសុំរបស់ពួកគាត់ទេ ពលរដ្ឋសហគមន៍ផ្លូវរថភ្លើងនឹងមិនចាកចេញពីទីលំនៅបច្ចុប្បន្ននេះឡើយ។ អ្នកស្រី ម៉ែន សារ៉ាត៖«បើអត់ដំណោះស្រាយ បើត្រូវតែរើចេញ ខ្ញុំអត់រើទេ អត់រើទេ ឲ្យខ្ញុំទៅនៅឯណា បើខ្ញុំអត់មានកន្លែងនៅផង»។
បន្ថែមពីនេះអ្នកស្រី ម៉ែន សារ៉ាត ចង់ឲ្យសាលាក្រុងអភិវឌ្ឍន៍នៅនឹងកន្លែងដោយមិនចាំបាច់តម្រូវឲ្យពលរដ្ឋចាកចេញពីលំនៅឋាន ឬក៏ផ្ដលដីសមរម្យណាមួយដល់ពួកគាត់ ឆ្ងាយបំផុតត្រឹមតែ ពីរគីឡូម៉ែត្រប៉ុណ្ណោះពីកន្លែងរស់នៅចាស់។
តាមការអះអាងរបស់ស្ដ្រីរូបនេះ ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងតាំងតែពីឆ្នាំ១៩៩២ មកម្លេះ។ អ្នកស្រី ម៉ែន សារ៉ាត៖«នាងខ្ញុំនៅទីនេះ រហូតអត់មានផ្លាសប្ដូរទៅកន្លែងណាទេ តាំងពីឆ្នាំ១៩៩២ មកម្លេះ»។
យ៉ាងណា ក៏ដោយ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញលោក មេត មាសភក្ដី មិនបានឆ្លើយតបនឹងសំណូមពរបស់ អ្នកស្រី ម៉ែន សារ៉ាត ដែលតំណាងឲ្យពលរដ្ឋសហគមន៍ផ្លូវរថភ្លើងនៅសង្កាត់ទឹកល្អក់១ នោះទេដោយអះអាងថា លោកកំពុងជាប់ប្រជុំ។
បើតាមច្បាប់ភូមិបាលឆ្នាំ២០០១ ច្បាប់នេះមានគោលដៅកំណត់ របបកម្មសិទ្ធិលើអចលនទ្រព្យទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិនិងសិទ្ធិផ្សេងៗទៀត លើអចលនវត្ថុស្របតាមបទបញ្ញត្ដិនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា៕