ប្រជាពលរដ្ឋរស់នៅក្នុងបុរីកីទ្បាមួយចំនួន នៅតែប្រកាន់គោលជំហររបស់ខ្លួនថាពួកគេនឹង នៅតែបន្តការតវ៉ាទៀត រហូតទាល់តែរដ្ឋាភិបាលរកដំណោះស្រាយ សមស្របមួយជូនពួកគេទាក់ទងនឹងការផ្តល់សំណងដែលរដ្ឋាភិបាលបានធ្វើការឈូសឆាយផ្ទះរបស់ពួកគេនៅក្នុងបុរីកីទ្បា។
ប្រជាសហគមន៍បុរីកីឡា ១៥៤ គ្រួសារ មិនសប្បាយចិត្តនឹងដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ ក្នុងការផ្ដល់សំណងដល់ពួកគេ។ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញបានបិទប្រកាសនៅសាលាខណ្ឌ ៧មករា ទាក់ទងនឹងប្រជាពលរដ្ឋ ១៥៤ គ្រួសារ ដែលមិនទាន់ទទួលបានសំណងលើការបណ្ដេញចេញ។
សេចក្ដីប្រកាសនោះឱ្យដឹងថា សាលារាជធានីភ្នំពេញបានផ្តល់ផ្ទះក្នុងបុរីកីទ្បាចំនួន ៣៥ គ្រួសារ ផ្តល់ផ្ទះដល់សហគមន៍ភូមិអណ្តូងចំនួន ៨៥ គ្រួសារ និងផ្តល់សំណងគោលនយោបាយចំនួន ៣៤ គ្រួសារ។ ប៉ុន្តែទោះបីជាមានសំណងទាំងនេះក៏ដោយ ប្រជាពលរដ្ឋមួយចំនួនមិនពេញចិត្តនឹងសំណងទាំងនោះទេ។
ពលរដ្ឋមួយរូបគឺអ្នកស្រី ភោគ សុភីន មានអាយុ ៤៥ ឆ្នាំ បានអះអាងថា គាត់បានរស់នៅក្នុងសហគមន៍បុរីកីទ្បាតាំងពីឆ្នាំ១៩៩៩។ គាត់ថា គាត់មិនពេញចិត្តនឹងលទ្ធផលរបស់សាលារាជធានីភ្នំពេញ ដែលបានបិទផ្សាយនៅសាលាខណ្ឌ ៧មករា នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកានេះទេ ពីព្រោះគាត់ទទួលបានសំណងជាគោលនយោយបាយ ដែលមានកញ្ចប់ថវិកាចំនួន ៣០០០ ដុល្លារសហរដ្ឋអាមេរិក។
គាត់ថា លទ្ធផលនេះគាត់មិនអាចទទួលយកបានទេ៖ «ខ្ញុំចង់បានថវិកាសមរម្យ ឬយ៉ាងហោចណាស់បានផ្ទះនៅភូមិអណ្តូងដែរ មិនមែនឱ្យកញ្ចប់ថវិកា ៣០០០ នោះទេ ខ្ញុំមិនអាចទទួលយកបានទេ ៣០០០ ហ្នឹងនោះ ព្រោះខ្ញុំមានផ្ទះ ខ្ញុំមិនមែនអ្នកជួលផ្ទះនៅ ហើយខ្ញុំក៏មិនមែនអ្នកមកពីណាចេញមកតវ៉ានៅកន្លែងនេះដែរ ខ្ញុំរស់នៅកន្លែងនេះយូរហើយ រាប់សិបឆ្នាំហើយ មិនមានយុត្តិធម៌ ខ្ញុំឈឺចាប់»។
ប្រជាពលរដ្ឋមួយរូបទៀតដែលរស់នៅក្នុងបុរីកីទ្បាដែរនោះគឺ អ្នកស្រី ជុំ ង៉ាន់ មានអាយុ ៤៤ ឆ្នាំ អ្នកស្រីបានប្រាប់វិទ្យុស្ត្រីនៃ WMC នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកាថា អ្នកស្រីរស់នៅបុរីកីទ្បាតាំងពីឆ្នាំ១៩៩៨។ អ្នកស្រីថា តាមសេចក្ដីប្រកាសនោះ អ្នកស្រីទទួលបានសំណងជាផ្ទះដែលតម្រូវឱ្យអ្នកស្រីទៅរស់នៅភូមិអណ្តូង ប៉ុន្តែអ្នកស្រីមិនព្រមទទួលយកទេ។
អ្នកស្រីជុំ ង៉ាន់ បន្តថា មូលហេតុដែលអ្នកស្រីមិនទទួលយកសំណងនោះ ពីព្រោះទៅរស់នៅភូមិអណ្ដូងនោះ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គាត់។ អ្នកស្រីបន្ថែមទៀតថាអ្នកស្រីនឹងតវ៉ាតទៀតលុះណាតែគាត់បានទទួលផ្ទះរស់នៅក្នុងបុរីកីទ្បា។
«ឱ្យខ្ញុំទៅរស់នៅភូមិអណ្តូងម៉េច? មុខរបររកស៊ី កូនសាលារៀននៅហ្នឹង រស់នៅមិនបានទេភូមិអណ្តូងអត់មុខរបរអីទាំងអស់ ចា! ហើយផ្ទះទូចទៀត ៣ ម៉ែត្រជាង ៤ ម៉ែត្រ ជាងទេ ដល់ពេលអញ្ចឹងឱ្យខ្ញុំទៅរស់នៅម៉េច? ខ្ញុំអត់ទទួលយកទេ។ បងសុខចិត្តលូនធ្វើការយប់ថ្ងៃ អត់ឃ្លានមានស៊ីអីគឺនៅក្នុងបុរីកីទ្បាហ្នឹងហើយ»។
ចំណែកឯប្រជាពលរដ្ឋមួយរូបទៀត គឺអ្នកស្រី សេង គន្ធា អ្នកស្រីបានប្រាប់វិទ្យុស្ត្រីនៃ WMC នៅថ្ងៃទី១៣ ខែវិច្ឆិកាដែរថា អ្នកស្រីសប្បាយចិត្តដែលសាលារាជធានីភ្នំពេញបានផ្តល់សំណងដល់អ្នកស្រី ព្រោះអ្នកស្រីទទួលបានសំណងជាផ្ទះនៅបុរីកីទ្បា។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏អ្នកស្រីថា គាត់មិនទាន់ជឿទាំងស្រុងនៅទ្បើយទេ ទាល់តែគាត់បានទៅរស់នៅផ្ទះនោះពិតប្រាកដ ទើបគាត់ជឿថាវាជាការពិត។ អ្នកស្រី គន្ធាបានបញ្ជាក់ថា កន្លងមកអាជ្ញាធរសាលារាជធានីភ្នំពេញ ធ្លាប់កុហកគាត់ច្រើនដងមកហើយ ហើយរហូតមកដល់ពេលនេះ គាត់ឃើញឈ្មោះគាត់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ឱ្យគាត់រស់នៅបុរីកីទ្បា ប៉ុន្តែនៅតែមិនទាន់ជឿដដែល។
«បើបានផ្ទះនៅបុរីកីទ្បាភ្លាមៗពិតៗខ្ញុំជឿ ខ្ញុំសប្បាយចិត្ត តែខ្ញុំសង្ឃឹមថាមានឈ្មោះហ្នឹងបានផ្ទះខ្ញុំអត់ជឿបន្តិចទេ ទាល់តែឃើញផ្ទាល់នឹងភ្នែកឃើញខ្ញុំឡើងនៅភ្លាម អាហ្នឹងខ្ញុំជឿមែន។ ប៉ុន្តែខ្ញុំអត់ជឿបន្តិចទេ ព្រោះថា ៣ ឆ្នាំជាង ហើយគាត់ភរ ហើយគ្រាន់តែឮតែអញ្ចឹងកូនខ្ញុំអរណាស់ សប្បាយណាស់ ថាម៉ាក់ខ្ញុំនឹងបានផ្ទះនៅវិញហើយ ខ្ញុំរំភើបប៉ុន្តែនៅក្នុងចិត្តខ្ញុំនៅតែមិនទាន់ជឿទាំងស្រុងនៅទ្បើយទេ»។
សូមជម្រាបថា ជម្លោះដីធ្លីនៅសហគមន៍បុរីកីឡាបានអូសបន្លាយជិត ១០ ឆ្នាំមកហើយ ដោយតាមកិច្ចសន្យា ក្រុមហ៊ុនផានអ៊ីម៉ិចត្រូវសាងសង់អគារចំនួន ១០ ជាថ្នូរនឹងការបានដីនៅតំបន់នោះដើម្បីអភិវឌ្ឍ ប៉ុន្តែក្រោយការសាងសង់អគារចំនួន ៨ សម្រាប់ផ្ដល់ឱ្យប្រជាសហគមន៍បុរីកីឡា ក្រុមហ៊ុននេះបានផ្អាកការសាងសង់ ហើយយកដីសម្រាប់សង់អគារពីល្វែងបន្ថែមទៀតនោះ ទៅលក់ឱ្យក្រុមហ៊ុនផ្សេង ជាហេតុធ្វើឱ្យប្រជាសហគមន៍នៅទីនោះផ្សេងទៀត ដែលមិនទាន់បានទទួលសំណង ត្រូវបន្តរស់នៅលើគំនរសំរាមរាប់ឆ្នាំ ហើយក្នុងរយៈពេលនេះពួកគេបានចេញតវ៉ា ដើម្បីសិទ្ធិលំនៅដ្ឋានរបស់ពួកគេជាបន្តបន្ទាប់៕