ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ បានធ្វើដំណើរពីខេត្ដព្រះវិហារ មករាជធានីភ្នំពេញ ដើម្បីដាក់ញត្ដិទៅក្រសួងរៀបដែនដី នគររូបនីយកម្ម និង សំណង់ នៅវេលាម៉ោង ២ រសៀលថ្ងៃ ព្រហស្បត្ដិ៍ ទី ៣០ ខែ មិថុនា នេះ ។
បើតាមការឲ្យដឹងពីតំណាងអ្នកភូមិម្នាក់គឺលោក ផាន់ ធឿន បានឲ្យវិទ្យុស្ដ្រីFM 102 ឲ្យដឹងថា ការឡើងមករាជធានីភ្នំពេញនេះ ដោយសារតែរូបលោកផ្ទាល់ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុង ភូមិ ស្វាយជ្រុំ អតីត ភូមឬស្សី បច្ចុប្បន្នរស់នៅលំបាក ដោយសារតែអាជ្ញាធរខេត្ដព្រះវិហារ បានធ្វើទុក្ខបុកម្នេញបំណងបណ្ដេញអ្នកភូមិចេញពីលំនៅដ្ឋានដើម្បីយកដី ។
លោកបញ្ជាក់ទៀតថា ទំនាស់ដីធ្លីរវាងអ្នកភូមិជាមួយអាជ្ញាធរកើតមានប្រមាណជាង ៥ឆ្នាំមកហើយ ពោលគឺ តាំងពីដើមឆ្នាំ២០១២មកម្លេះ ។ លោកថា ៖ «ដំបូងឡើយអភិបាលខេត្ដលោក អ៊ុំ ម៉ារ៉ា បានប្រាប់ទៅក្រុមអ្នកភូមិថា អាជ្ញាធរត្រូវការយកដីភូមិ ស្វាជ្រុំ ឃុំ កន្ទូត ស្រុក ជាំក្សាន្ដ ខេត្ដព្រះវិហារ នោះទៅរៀបចំធ្វើជាចំណតឡានក្រុង និងសាងសង់ទីស្នាក់ការអជ្ញាធរជាតិ ប៉ុន្ដែក្រុមអ្នកភូមិមិនព្រម ហើយក៏បង្កជាទំនាស់ ដោយអាជ្ញាធរគំរាមគំហែងពលរដ្ឋរហូតដល់ពេលនេះ» ។
បើតាមការបញ្ជាក់ពីលោក ផាន់ ធឿន អ្នកភូមិនៅខេត្ដព្រះវិហារ បានឡើងមកដាក់ញត្ដិនៅរាជធានីភ្នំពេញ ជុំវិញទំនាស់ដីធ្លីនេះ ១៣លើកមកហើយ ហើយក៏មានលិខិតអន្ដរាគមន៍ពីនាយខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ដ្រី រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃផងដែរ ដែលតម្រូវឲ្យអាជ្ញាធរខេត្ដនេះ បញ្ឈប់សកម្មភាពរុះរើបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ប៉ុន្ដែអាជ្ញាធរមិនបានធ្វើតាមនោះទេ ៕