ភ្នំពេញ ៖ ស្ដ្រីសហគមន៍បឹងកក់ប្រមាណជាង ៣០នាក់ នៅព្រឹកថ្ងៃអង្គារ៍ ទី ១០ មករានេះ បាននាំគ្នាទៅដាក់ញត្តិនៅក្រសួងមហាផ្ទៃដោយទាមទារអោយដោះលែងអ្នកស្រី ទេព វន្នី និងសកម្មជនការពារសិទ្ធិមនុស្ស រួមទាំងមន្ដ្រី គ.ជ.ប មួយរូបដែលកំពុងឃុំខ្លួន។
អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ដ្រីបានឱ្យដឹងថា ស្ដ្រីទាំងនោះបានទៅដល់មុខស្នាក់ការក្រសួងមហាផ្ទៃហើយ ដោយពួកគេឈរស្រែកទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ និងមន្ដ្រីសិទ្ធិមនុស្សសមាគមអាដហុក ព្រមទាំងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលជាប់ឃុំនៅពន្ធនាគារក្នុងសំណុំរឿង នាង ខុម ចាន់តារាទី ហៅស្រីមុំ។
ការដាក់ញត្តិរបស់ស្ដ្រីសហគមន៍បឹងកក់ទៅក្រសួងមហាផ្ទៃនេះ បន្ទាប់ពីពួកគាត់បានជំរុញអោយមេដឹកនាំគណបក្សទាំងពីរ គឺ មេដឹកនាំគណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជា ដែលចូលជួបប្រជុំគ្នាឆាប់ៗនេះ ត្រូវកំណត់របៀបវារៈអំពីការដោះលែងអ្នកជាប់ឃុំទាំងនេះ។
ស្ដ្រីបឹងកក់ទាំងនោះបានប្ដេជ្ញាថា បើពុំមែនការអន្ដរាគមន៍ទេនោះ គឺពួកគាត់នៅបន្ដការតវ៉ាដូចថ្ងៃនេះទៀត៕