ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរចំនួន ១១នាក់ ត្រូវបានស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេស អន្ដរាគមន៍ ឲ្យបានវិលមកកម្ពុជាវិញ និងពលរដ្ឋចំនួន ០៥នាក់ផ្សេងទៀត កំពុងរៀបចំឯកសារដើម្បីឲ្យបានមកដល់កម្ពុជា នៅដើមខែមេសា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនានេះ។
តាមសេចក្ដីប្រកាសព័ត៌មាននេះ ពលរដ្ឋខ្មែរសរុបទាំង ១៦នាក់នេះ គឺស្ថិតក្នុងប្រទេសចំនួន ០៣។ ប្រទេសម៉ាឡេស៊ី រដ្ឋកូវ៉ែត និងទីក្រុងសៀងហៃ ប្រទេសចិន។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអន្ដរាគមន៍ជួយដល់ពលរដ្ឋខ្មែរចំនួន ១០នាក់ មានស្ដ្រី ០៣នាក់ ដែលបានលួចចូលទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសនេះ ឲ្យបានវិលមកកម្ពុជាវិញកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។ រំលងបានមួយថ្ងៃ គឺនៅថ្ងៃទី២៦ ខែមីនា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត បានអន្ដរាគមន៍ជួយដល់ស្ដ្រីខ្មែរម្នាក់ អាយុ ២៨ឆ្នាំ ដែលកំពុងបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេស អារ៉ាប៊ីសាអូឌីត ឲ្យបានវិលមកកម្ពុជាវិញ ក្រោយពីនារីម្នាក់នោះ មានធុរៈចាំបាច់ក្នុងគ្រួសារ។
បន្ថែមពីនេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានអន្ដរាគមន៍ជួយដល់ស្ដ្រីខ្មែរចំនួន ០៥នាក់ ដែលត្រូវបានមេខ្យល់បោកយកទៅរៀបការជាមួយបុរសជនជាតិចិន ដើម្បីឲ្យបានវិលមកកម្ពុជាវិញនៅដើម ខែមេសា ខាងមុខ។ ស្ដ្រីទាំង ០៥នាក់ មានស្រុកកំណើតនៅខេត្ដកំពង់ចាម ខេត្ដត្បូងឃ្មុំ និងខេត្ដកណ្ដាល។ នៅពេលនេះស្ថានអគ្គកុងស៊ុលខ្មែរ បានផ្ដល់កន្លែងស្នាក់នៅ សម្រាប់ពួកគេ រង់ចាំការធ្វើមាតុភូមិនិវត្ដន៍៕