ភ្នំពេញ ៖ ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងស្រុកស្អាង ខេត្ដកណ្ដាល បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាមទសវត្សឆ្នាំ១៩៧០។ អាជ្ញាធរ បញ្ជាក់ថា គ្រាប់ដែលបន្សល់ទុកពីសម័យសង្គ្រាមនេះ សុទ្ធតែនៅមានឥទ្ធិពលបង្កគ្រោះថ្នាក់។
លោក លៀ ស៊ីណា រាយការណ៍ ៖
គេហទំព័រអគ្គស្នងរដ្ឋាននគរបាលជាតិ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែសីហានេះថា មានប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ១គ្រាប់ កាលពីរសៀលថ្ងៃទី២០ ខែសីហា ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាត ខេត្ដកណ្ដាល។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋប្រទះឃើញនោះ គឺជាប្រភេទគ្រាប់ DK៧៥ ដែលបន្សល់ទុកកាលពីកម្ពុជាជួបសង្គ្រាមអំឡុងទសវត្សឆ្នាំ ១៩៧០។
អធិការរងនគរបាលស្រុកស្អាង លោក សយ សារវ័ន្ដ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជានិច្ចជាកាលប្រជាពលដ្ឋតែងតែប្រទះឃើញ ជាញឹកញាប់ នៅកន្លែងផ្សេងៗគ្នា។ លោកអធិការរងបន្ដថា គ្រាប់ទាំងអស់នោះ បើទោះជាកន្លងទៅយូរឆ្នាំហើយក៏ដោយ ប៉ុន្ដែពួកវានៅតែមានគុណភាពល្អ ហើយងាយបង្កគ្រោះថ្នាក់បំផុត ប្រសិនបើមានការប៉ះទង្គិចចំ។
លោកអធិការរងនគរបាលស្រុកស្អាង នៅតែបង្ហាញពីក្ដីបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកនេះ ដោយសារតែតំបន់ជាច្រើន គឺសុទ្ធសឹងតែមានបន្សលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ លោកស្នើឲ្យពលរដ្ឋ កុំព្យាយាមកែច្នៃ ឬប៉ះពាល់គ្រាប់ទាំងនោះ បើទោះជាឃើញសភាពគ្រាប់មានច្រែស ឬបែបណាក៏ដោយ។ លើសពីនេះត្រូវប្រញាប់រាយការណ៍ទៅកាន់អាចជ្ញាធរ ៖«ខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើង ឲ្យគាត់ជៀសវាងឲ្យឆ្ងាយ ហើយរាយការណ៍ជូនសមត្ថកិច្ចយើង ដែលនៅជិតបំផុត ហើយដាក់សញ្ញាសម្គាល់ ឬចំណាំ ដើម្បីកុំឲ្យអ្នកក្រោយគាត់ដើរចូលទៅដោយមិនបានដឹង»។
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានរកឃើញនេះ ត្រូវបានអាជ្ញាធរប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីតកម្ពុជា ដែលជាស្ថាប័នជាតិមានបេសកកម្មក្នុងការកំចាត់មីន និងបោសសម្អាតផ្ទៃដីដែលមានមីន។
តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី កាលពីដើមខែសីហាកន្លងទៅនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) មានប្រសាសន៍ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ភាគច្រើនត្រូវបានទម្លាក់នៅខេត្ដភាគកើត និងខាងត្បូងកម្ពុជា ដែលមានដូចជាខេត្ដកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្ដកណ្ដាល ។
រយៈពេល ២៥ឆ្នាំកន្លងមកនេះ អង្គភាព ស៊ីម៉ាក់ ដែលជាស្ថាប័នជាតិក្នុងការដោះមីន បានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះគ្រប់ប្រភេទបានចំនួន ២លាន ៧សែនគ្រាប់ ដែលស្មើប្រមាណ ៧២ភាគរយ នៃលទ្ធផលសរុបនៅទូទាំងប្រទេស។ អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា ផ្ទៃដីដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ មានប្រមាណជិត ២០០០គីឡូម៉ែត្រក្រឡា៕