កម្មករជាស្ដ្រីម្នាក់ កំពុងវាយថ្មភ្នំនៅភ្នំថ្មបាញ់។ WMC/kim chanchav
ពលរដ្ឋ ៣ភូមិ ក្នុងឃុំឈើកាច់ និងឃុំជើងភ្នំ នៃស្រុកបាភ្នំ ខេត្តព្រៃវែង ស៊ីឈ្នួលវាយថ្មភ្នំឱ្យក្រុមហ៊ុន ដើម្បីទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈរបរនេះ ពួកគេប្រើកម្លាំងខ្លាំង និងរងគ្រោះថ្នាក់គ្រប់ពេល ប៉ុន្តែចំណូលទទួលបានស្ទើរតែមិនគ្រប់សម្រាប់ជីវភាពប្រចាំថ្ងៃ។ លោក គីម ចាន់ចាវ រាយការណ៍
ពលរដ្ឋទាំងនោះមកពីភូមិអណ្ដូង ភូមិរោងដំរី ក្នុងឃុំជើងភ្នំ និងភូមិឈើកាច់ ក្នុងឃុំឈើកាច់ នៃស្រុកបាភ្នំ ខេត្តព្រៃវែង ដែលធ្លាប់មានមុខរបរវាយថ្មភ្នំនៅភ្នំថ្មបាញ់ជាលក្ខណៈគ្រួសារ ចាប់ផ្ដើមទៅស៊ីឈ្នួលឱ្យក្រុមហ៊ុន គ្រុឌ កូឡា របស់អ្នកស្រី គ្រុឌ កូឡា ដែលមានការអនុញ្ញាតពីអាជ្ញាធរឱ្យធ្វើអាជីវកម្មយកថ្មភ្នំក្នុងតំបន់នោះ។ ការចាប់ផ្ដើមទៅស៊ីឈ្នួលឱ្យក្រុមហ៊ុននេះ ពួកគេទទួលបានចំណូលតិចតួចជាងពេលដែលពួកគេវាយភ្នំយកថ្មដោយខ្លួនឯង។
អ្នកស្រី អ៊ែល វណ្ណា អាយុ ៥៦ឆ្នាំ មកពីភូមិអណ្ដូង ជាកម្មករស៊ីឈ្នួលវាយថ្មភ្នំឱ្យអាជីវកម្មគ្រុឌ កូឡា ដែលស្ថិតនៅក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រាប់វិទ្យុស្ដ្រីថា ពីមុនមកគ្រួសារអ្នកស្រី ជាអ្នកប្រកបរបរវាយបំបែកភ្នំយកថ្មដោយកម្លាំងបាយដើម្បីយកទៅលក់ដែរ ប៉ុន្តែឥលូវនេះគឺមានក្រុមហ៊ុនចូលមកធ្វើអាជីវកម្មយកថ្មភ្នំនេះដែរដោយប្រើគ្រឿងចក្រ ក្រោមការអនុញ្ញាតពីអាជ្ញាធរ។ ដូច្នេះបច្ចុប្បន្ននេះ គ្រួសារអ្នកស្រី មិនអាចវាយបំបែកភ្នំយកថ្មបានសម្រាប់យកទៅលក់ផ្ដាច់មុខទៀតដូចកាលពីមុនបានទេ។
អ្នកស្រី អ៊ែល វណ្ណា ជាកម្មករស៊ីឈ្នួលឱ្យក្រុមហ៊ុន គ្រុឌ កូឡា។ WMC/kim chanchav
ក្រោមកម្ដៅព្រះអាទិត្យដ៏សែនក្ដៅ ញើសស្រក់លើថ្មសឹងមិនដាច់ ក្នុងដៃស្ដ្រីវ័យចំណាស់រូបនេះមានកាន់ញញួរទម្ងន់៣គីឡូ ដំថ្មភ្នំលឺសូរម៉ាងៗ រៀបរាប់ទៀតថា ភ្នំដែលអ្នកស្រីមកស៊ីឈ្នួលឱ្យអាជីវកម្មគ្រុន កូឡា នេះ គឺជាភ្នំថ្មបាញ់។ ភ្នំនេះពីដើមមក គឺពលរដ្ឋនាំគ្នាមកវាយបំបែកភ្នំយកថ្មជាលក្ខណៈគ្រួសារ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភ្នំថ្មបាញ់នេះត្រូវបានអាជីវកម្មគ្រុន កូឡា ប្រើប្រាស់គ្រឿងចក្រដើម្បីបំបែកភ្នំនេះជិតអស់ហើយ។
ថ្វីត្បិតអាជីវកម្មនេះ បានប្រើប្រាស់គ្រឿងចក្របំបែកថ្មភ្នំពិតមែន ប៉ុន្តែម្ចាស់អាជីវកម្មបានផ្ដល់ការងារឱ្យគ្រួសារអ្នកស្រីវាយថ្មភ្នំដែលគ្រឿងចក្របានបំបែកហើយ និងទទួលបានកម្រៃពីការវាយថ្មភ្នំនេះក្នុងមួយម៉ែត្រគីប បាន ៨ពាន់រៀល។ អ្នកស្រីបញ្ជាក់ថា តម្លៃដែលអាជីវកម្មនេះឱ្យ គឺមានចំនួនតិចតួចណាស់ជាងកាលគ្រួសារអ្នកស្រីវាយបំបែកភ្នំយកថ្មទៅលក់ដោយខ្លួនឯង។
អ្នកស្រី អ៊ែល វណ្ណា៖ «វាមានតែអ៊ីចឹង មានតែដាច់ដៃដាច់ជើង វាមានតែប៉ះពាល់អ៊ីចឹង ក៏ប៉ុន្តែបើថាយើងធ្ងន់ធ្ងរយើងអត់ដែលទេ យើងអត់ដែលទេហ្នឹងហើយ គ្រាន់តែប៉ះពាល់អ៊ីចឹងដូចជាដាច់ដៃដាច់ជើងខ្ទាតថ្មត្រូវហើមដៃហើមជើងអ៊ីចឹងគឺមាន ប៉ុន្តែដល់ពេលយើងប្រឹងសំពោងខ្លាំងទៅវាឈឺជំងឺនេះ ប៉ុន្តែតែបើយើងមិនធ្វើម៉េចមុខរបរយើងអ៊ីចឹងហើយយើងអត់អី ដល់អ៊ីចឹងហើយយើងត្រូវតែធ្វើ យើងត្រូវតែរក»។
ពលរដ្ឋម្នាក់ទៀតមកពីភូមិរោងដំរី អ្នកស្រី ទឹម ចាន់ណា អាយុ ៣២ឆ្នាំ ដែលជាកម្មករស៊ីឈ្នួលវាយភ្នំថ្មបាញ់ និយាយដែរថា របរវាយថ្មភ្នំនេះ ជារបរដែលផ្សងគ្រោះថ្នាក់ណាស់ ពីព្រោះត្រូវការកម្លាំងខ្លាំងដើម្បីបំបែកថ្មភ្នំជាចម្រៀកតូចៗតាមតម្រូវការរបស់ម្ចាស់អាជីវកម្ម។ ក្នុងដៃកាន់ញញួរវាយបំបែកថ្មភ្នំម៉ាងៗ ស្ដ្រីវ័យកណ្ដាលរូបនេះបន្តទៀតថា រាល់ពេលវាយថ្មម្ដងៗ កម្ទេចថ្មបានខ្ទាតធ្វើឱ្យរបួសដៃ របួសជើង ត្រូវក្បាល និងបែកមុខជាដើម ខណៈចំណូលដែលបានពីរបរនេះ បានត្រឹមតែផ្គត់ផ្គង់អាហារប្រចាំថ្ងៃប៉ុណ្ណោះ។
អ្នកស្រី ទឹម ចាន់ណា។ WMC/chea sokny
អ្នកស្រី ទឹម ចាន់ណា៖ «បើយើងវ៉ៃខ្លួនឯង យើងខួងបាញ់ខ្លួនឯង យើងប្រថុយជីវិត ឡើងខ្ពស់អ៊ីចឹងទៅយើងប្រថុយជីវិត ដល់ពេលយើងវ៉ៃឱ្យក្រុមហ៊ុនអ៊ីចឹងទៅ យើងអត់មានអីទេគេបុកឱ្យយើងគេកាយឱ្យយើងវ៉ៃយើងចាំតែវ៉ៃស្រាប់អ៊ីចឹងណាបង។ បើប្រជាពលរដ្ឋកាលគេមិនទាន់លក់ឱ្យក្រុមហ៊ុនហ្នឹង យើងវ៉ៃខ្លួនឯងផ្សងជីវិតឡើងខ្ពស់ៗណាស់បងធ្លាក់មកបាក់ដៃបាក់ជើង ខ្លះស្មាទោសខ្លះមានបាត់បង់ជីវិតក៏មានដែរ តែឥលូវយើងធូរត្រង់ថាគេជួលឱ្យយើងវ៉ៃអ៊ីចឹង យើងមានខាតតែកម្លាំងវ៉ៃទេ ហត់តែកម្លាំងវ៉ៃ ខួងបាញ់លើគេទាំងអស់»។
ទោះបីរបរនេះ ហត់បន្តិច និងរកចំណូលបានមិនច្រើនក្ដីក៏អ្នកស្រីនៅតែបន្តរបរនេះ ដោយសារបាននៅជិតផ្ទះ អាចមើលថែគ្រួសារ។ មួយវិញទៀត អ្នកស្រីបន្ថែមថា ចំណូលដែលទទួលបានរាល់ថ្ងៃ គឺអាចយកមកដោះទាល់ជីវភាពទាន់ពេលវេលាផងដែរ។
ស្ថានភាពជាក់ស្ដែង ដែលក្រុមការងារវិទ្យុស្ដ្រី បានចូលទៅតំបន់ភ្នំថ្មបាញ់នេះ ឃើញថា ស្ដ្រីដែលជាកម្មករស៊ីឈ្នួលទាំងនោះ បាននាំកូនៗ និងចៅៗរបស់ពួកគេមកតំបន់ដែលពួកគេធ្វើការជាមួយ។ បរិយាកាសនៅក្នុងតំបន់ដែលស្ដ្រីទាំងនោះធ្វើការ មានភាពក្ដៅខ្លាំង និងគ្មានជម្រកត្រឹមត្រូវសម្រាប់ឱ្យពួកគេបានជ្រកពីកម្ដៅព្រះអាទិត្យឡើយ។
កម្មករម្នាក់ទៀត លោក អ៊ុក សារី អាយុ ៤០ឆ្នាំ មកពីភូមិឈើកាច់ ប្រាប់វិទ្យុស្ដ្រីថា ពីមុនលោកឡើងបន្ទុះភ្នំយកថ្មដោយខ្លួន ហើយការធ្វើបែបនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ អាចប៉ះពាល់ដល់ជីវិតខ្លួនឯង និងប៉ះពាល់ដល់ជីវិតអ្នកដទៃ។ ក្នុងទឹកមុខអស់កម្លាំង អមជាមួយសម្លៀកបំពាក់សើមជោកដោយញើសចេញពីការវាយថ្មភ្នំ លោក សារី ចាប់ផ្ដើមមុខរបរនេះអស់រយៈពេលជាង ២០ឆ្នាំហើយ បើគិតទាំងការធ្វើជាលក្ខណៈគ្រួសារ រហូតដល់ធ្វើជាកម្មករស៊ីឈ្នួលឱ្យក្រុមហ៊ុន។
លោក អ៊ុក សារី៖ «យើងមានស្រែឯណាធ្វើ មានតែយើងធ្វើថ្មហ្នឹងចែ បើយើងអត់មានស្រែមានតែអាជីពប៉ុណ្ណឹង បើមិនធ្វើអាហ្នឹងតើយើងបានអីហូបចែ? មានតែទៅអ៊ីចឹង បើមិនធ្វើអាហ្នឹងយើងប្រាកដជាអត់បាយមានប្រពន្ធកូនណាហូប ទីមួយប្រពន្ធ ទីពីរខ្លួនឯង ទីបីកូន ទីបួនអត់លុយឱ្យប្រពន្ធខ្លាចឈឺយប់ព្រលប់អ៊ីចឹងណាចែ»។
លោក អ៊ុក សារី។ WMC/chea sokny
កម្មកររូបនេះលើកឡើងថា ក្នុងមួយថ្ងៃកម្លាំងរបស់លោកអាចវាយថ្មភ្នំបានពី ៣ម៉ែត្រ ទៅ ៤ម៉ែត្រ ហើយបើគិតជាឡាន ខាងក្រុមហ៊ុនឱ្យក្នុងមួយឡានពី ១២ម៉ឺនរៀល ទៅ ១៣ម៉ឺនរៀល ដោយប្រើពេលពី ៣ថ្ងៃ ទៅ ៤ថ្ងៃ ទើបវាយថ្មបានពេញមួយឡាន។
លោក អ៊ុក សារី៖ «រាល់ថ្ងៃប្រជាពលរដ្ឋវ៉ៃស៊ីម៉ែត្រគេ មួយម៉ែត្រតែ ៨ពាន់ទេចែឯងមើល រាល់ថ្ងៃបានមួយម៉ែត្រមួយម៉ែត្រ យើងឡានមកអ៊ីចឹងយើងប្រឹងបាន ជួនខ្លះទៅគេប្រាប់ថាស្អែកឡានមកអ៊ីចឹង វ៉ៃពីល្ងាចបានមួយឡាន ពីរឡានអីបានប៉ុណ្ណឹងរួចដោះស្រាយក្រុមគ្រួសារ»។
លោក ស៊ូ សម្បត្តិ ជាតំណាងម្ចាស់អាជីវកម្មគ្រុឌ កូឡា ដែលជាអាជីវកម្មវាយភ្នំថ្មបាញ់ បញ្ជាក់ថា អាជីវកម្មរបស់លោក មិនបានកេងកម្លាំងពលកម្មកុមារ និងកម្លាំងស្ដ្រីនោះទេ ប៉ុន្តែអាជីវកម្មនេះបានផ្ដល់ការងារឱ្យពួកគេធ្វើ ដើម្បីបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ មួយវិញទៀត ការធ្វើអាជីវកម្មយកថ្មនៅភ្នំថ្មបាញ់នេះ គឺមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ មិនមែនជាអាជីវកម្មដែលគ្មានអាជ្ញាធរប័ណ្ណនោះទេ ហើយការយកថ្មភ្នំនេះ គឺអាជីវកម្មរបស់លោក បានធ្វើអស់រយៈពេលជាង ១០ឆ្នាំហើយ។
លោក ស៊ូ សម្បត្តិ តំណាងម្ចាស់អាជីវកម្ម គ្រុឌ កូឡា។ wmc/kim chanchav
លោក ស៊ូ សម្បត្តិ៖ «បាទ!មួយម៉ែត្រ ៨ពាន់ ៨ពាន់ខ្ញុំបាទប្រើគ្រឿងចក្រទៅទាញ ទៅអូស ទៅបុក ទៅចូកដាក់លើឡាន ដើម្បីថវិកាជូនគាន់មួយម៉ែត្រ ៨ពាន់។ បើគិតជាឡានបាន ១៣ម៉ឺន ៥ពាន់ ១២ម៉ឺន ១៣ម៉ឺន ជួនកាលវាអត់ទៀង ជួនកាលឡានតូច ជួនកាលឡានធំ។ អ៊ីចឹងអាជីវកម្មនេះ អាស្រ័យលើការកម្ម៉ងលក់ សួរអតិថិជនថាតើមានទីផ្សារបានត្រូវមកទិញ លក់ជូនទាំងអស់»។
ថ្មភ្នំដែលប្រជាពលរដ្ឋត្រូវវាយបំបែកហើយ លោកថា អាជីវកម្មរបស់លោកប្រមូលយកទៅចែកចាយនៅក្នុងស្រុក និងនាំទៅចែកចាយនៅខេត្តស្វាយរៀងជាដើម ហើយក្នុងមួយថ្ងៃលោកនាំចេញថ្មទាំងនោះពី ៤ឡាន ទៅ ៥ឡាន។ ថ្មដែលនាំចេញទាំងនោះ លោកបញ្ជាក់ថា សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ផ្ទះ អគារ និងសាងសង់ផ្លូវផងដែរ។
លោក ស៊ូ សម្បត្តិ៖ «បើគាត់មានមុខរបរណា បើសិនជាគាត់ធ្វើអ៊ីចឹងដូចថាដូចជួយសង្គ្រោះគាត់ ដូចថាការកៀរកម្លាំងមក គឺមិនឱ្យមានចំណាកស្រុកគឺជុំកូនជុំចៅហ្នឹង ជុំគណបក្ស ជុំគ្នារកស៊ីអ៊ីចឹងទៅ ប្រសិនជាទៅឆ្ងាយ វាចំណាកស្រុកមួយក៏ល្អ ចឹងទាល់តែទៅភ្នំពេញ ប្រសិនជាកូនរៀននៅឯនេះអត់មានអាជីវកម្ម តើគាត់ទៅណាវិញទៅ? អ៊ីចឹងខ្ញុំបាទបង្កើតអាជីវកម្ម គឺគាត់អាចមកធ្វើអាជីវកម្មដោយខ្លួនឯងផ្ទាល់ អត់មានការបង្ខិតបង្ខំគឺអត់មាន។ ជួនកាលគាត់មានបញ្ហាតិចតួចអាចដោះស្រាយ ក៏ដោះស្រាយ ដូចគាត់ឈឺ ខ្ចីលុយអី ឬក៏អត់ស្បៀងអី ជួយឧបត្ថម្ភជាថវិកាជូនគាត់ទៀត»។
អ្នកស្រី អ៊ែល វណ្ណា បញ្ជាក់ថា ការងារវាយបំបែកថ្មភ្នំនេះ ត្រូវប្រើកម្លាំងខ្លាំង និងងាយប្រឈមនឹងគ្រោះថ្នាក់ ខណៈចំណូលដែលបានពីការវាយថ្មនេះ អ្នកស្រីថា ស្ទើរតែផ្ដត់ផ្គង់អាហារប្រចាំមិនគ្រប់គ្រាន់ឡើយ ពីព្រោះមានថ្ងៃខ្លះវាយថ្មបាន និងមានថ្ងៃខ្លះទៀតវាយមិនបាន។ យ៉ាងណាម្ចាស់អាជីវកម្មនេះ មិនបានបង្ខំឱ្យអ្នកស្រីវាយថ្មភ្នំទៅតាមតម្រូវការរបស់ពួកគេទេ គឺអាជីវកម្មនោះឱ្យអ្នកស្រីធ្វើការទៅតាមកម្លាំងរបស់ខ្លួន បើវាយថ្មភ្នំបានច្រើនទទួលចំណូលច្រើន ប៉ុន្តែបើវាយថ្មបានតិចទទួលចំណូលតាមចំនួនតិច។
អ្នកស្រី អ៊ែល វណ្ណា៖ «ខ្ញុំនិយាយប្រាប់ត្រង់នាំបានថ្មហ្នឹងទៅជំពាក់ម្ហូបគេហូប ទៅជំពាក់នំចំណីឱ្យចៅ ហើយនាំបានដាក់ហ្នឹងបានមកយកទៅសងគេអត់គ្រប់ទៀត ក៏ប៉ុន្តែយើងមានរបរហ្នឹងជាទីពឹង ទីពឹងថាជំពាក់គេថ្ងៃហ្នឹង ឬស្អែកខានស្អែកអីទៅបានសងគេ រួចមិនរួចអីទៅឥលូវមីងអើយបងអើយថ្ងៃនេះបានប៉ុណ្ណេះ ថ្ងៃនោះប៉ុណ្ណោះយើងប្រាប់គេ មិនមែនដាក់ប៉ុណ្ណឹងទៅអាចទៅមានទៅបានអីគ្មានទេៗ»។
ក្រៅពីក្រុមហ៊ុន គ្រុឌ កូឡា ធ្វើអាជីវកម្មនៅក្នុងតំបន់នោះ ក្រុមការងារវិទ្យុស្ដ្រី ក៏ឃើញមានក្រុមហ៊ុនផ្សេងទៀតធ្វើអាជីវកម្មយកថ្មភ្នំដែរក្នុងនោះមាន៖ ក្រុមហ៊ុនកិនថ្មស៊ីអេនើជី និងក្រុមហ៊ុនផុនផលិតដានីម៉ិចម៉ាញនីងជាដើម។
យ៉ាងណាជុំវិញអាជីវកម្មបំផ្ទុះថ្មភ្នំ នៅស្រុកបាភ្នំ ខេត្តព្រៃវែងនេះ លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានបដិសេដផ្ដល់បទសម្ភាស ដោយបញ្ជាក់ថាលោកមិនបានដឹងច្បាស់៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី