ភ្នំពេញ៖ តំណាងពលករខ្មែរធ្វើការនៅប្រទេសថៃបានត្អូញត្អែរ អំពីតម្លៃធ្វើឯកសារនៅក្នុងប្រទេសថៃ ថាមានតម្លៃខ្ពស់ចាប់ពី ២៧០០០បាតឬប្រហែល៨០០ដុល្លារ រហូតដល់៤០០០០បាត ឬប្រហែលជិត១២០០ដុល្លារ។ ហេតុនេះទើបពលករខ្មែរ សុំឱ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ជួយអន្តរាគមន៍ជាមួយក្រសួងការងារថៃ ក្នុងការកំណត់ តម្លៃមួយស្តង់ដា ដើម្បីពលករខ្មែរ ដឹងព័ត៌មានច្បាស់អំពីថ្លៃធ្វើឯកសារនេះ ជៀសវាងការធ្វើឯកសារកំណត់ទៅតាមតែមាត់របស់មេខ្យល់ទារថ្លៃ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ដោយខ្វះខាតការទទួលបានព័ត៌មានអំពីការធ្វើឯកសារលិខិតឆ្លងដែនសម្រាប់ការចំណាកស្រុក មកធ្វើពលករនៅក្រៅប្រទេស បានធ្វើឱ្យពលរដ្ឋមួយចំនួនដែលវិទ្យុស្រ្តីបានសម្ភាសន៍ សម្រេចចំណាកស្រុកមកធ្វើជាពលករនៅប្រទេសថៃ ដោយពុំមានឯកសារគ្រប់គ្រាន់ ឬក្រៅថាពលករក្រៅប្រព័ន្ធ។
កញ្ញា ថន ស្រីលក្ខ័ ពលករសំណង់ នៅខេត្ត ចាន់ថៈបុរី ប្រទេសថៃបានឱ្យវិទ្យុស្រ្តីដឹងតាមបណ្តាញតេឡេក្រាមថា កញ្ញាសម្រេចចិត្តមកធ្វើការនៅប្រទេសថៃជាមួយម្តាយមីង ដោយសង្ឃឹមថានឹងទទួលបានថវិកាច្រើននិងអាចសល់លុយខ្លះត្រឡប់មកស្រុកកំណើតឯខេត្តពោធិ៍សាត់វិញ។ ប៉ុន្តែខុសពីការរំពឹងទុកនោះ ដោយសារតែកញ្ញាត្រូវចំណាយទៅលើថ្លៃធ្វើឯកសារខ្ពស់ រួមទាំងថ្លៃចាយវាយផ្សេងៗប្រចាំថ្ងៃជាច្រើនទៀត ធ្វើឱ្យកញ្ញាមិនបានសល់លុយច្រើនសម្រាប់ផ្ញើមកក្រុមគ្រួសារនោះទេ ហេតុនេះកញ្ញាបានស្នើសុំឱ្យរដ្ឋាភិបាលជួយពិនិត្យមើលទៅលើសេវាថ្លៃធ្វើឯកសារ ការងាររបស់ពលករដែលធ្វើការនៅប្រទេសថៃ ដែលកំពុងជួបការលំបាកនេះផង។
កញ្ញា ថន ស្រីលក្ខ័៖« មកនៅថៃខ្ញុំសង្ឃឹមថារកលុយបានច្រើនជាងនៅស្រុកខ្មែរ ព្រោះពិបាករកការងារនៅស្រុកខ្មែរ ពេលខ្ញុំមកនៅថៃធ្វើការសង្ឃឹមនៅស្រុកថៃ ឱ្យសល់វាមិនសល់សម្រាប់ថ្លៃប៉ាស្ទ័រ អត់ស៊ីអត់ឃ្លានដើម្បីប៉ាស្ទ័រ មួយឆ្នាំត្រូវត ២ឆ្នាំត្រូវធ្វើៗអស់៣ម៉ឺនបាត ចង់ឱ្យគេបញ្ជាក់តម្លៃមកឱ្យច្បាស់ កុំឱ្យគេថា គេហា១ឆ្នាំប៉ុន្មានខ្ទង់២០០០០ អ៊ីចឹងតាមតែគេថា ចង់ឱ្យដឹងតម្លៃពិតប្រាកដ និងចង់ស្នើសុំឱ្យធ្លាក់ទាប ទាបបំផុតហ្មង»។
ស្រដៀងគ្នានេះដែរ ពលករម្នាក់ទៀត អ្នកស្រី ឃុំ ដានី បានឱ្យដឹងថា អ្នកស្រីទើបតែមកធ្វើការនៅប្រទេសថៃ ប៉ុន្តែមិនទាន់បានធ្វើឯកសារត្រឹមត្រូវនៅឡើយ តែកំពុងរត់ឯកសារ តាមរយៈមេខ្យល់នៅទីនោះបានប្រាប់ថាតម្លៃឯកសារ ចំនួន ២៧០០០បាតធ្វើថ្មី។ ដោយសារតែការងារអ្នកស្រីជាកម្មករសំណង់ ប្រាក់កម្រៃបានតិច អ្នកស្រី ស្នើសុំឱ្យខាងរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ជាមួយភាគីរដ្ឋាភិបាលថៃ ក្នុងការបញ្ចុះតម្លៃធ្វើឯកសារឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅថៃឱ្យបានទាប ដើម្បីបានសល់ប្រាក់ខ្លះត្រឡប់មកស្រុកកំណើតវិញ។
អ្នកស្រី ឃុំ ដានី៖« ចង់សំណូមពរឱ្យរដ្ឋាភិបាលនៅស្រុកខ្មែរជួយបញ្ចុះតម្លៃក្នុងការធ្វើបត្ររៀងទាបជាងហ្នឹងបន្តិច ព្រោះអីពួកខ្ញុំអ្នកធ្វើការកសាងថ្ងៃខ្លះក៏ខ្ញុំធ្លាក់ការងារ ណាមួយយើងត្រូវបែងចែកលុយផ្ញើទៅកូនផង ណាមួយនៅថ្លៃបន្ទប់ ថ្លៃហូបចុក នៅថ្ងៃចាក់សាំង អត់សល់លុយ ណាមួយយើងចំណាកស្រុកមកស្រុកគេ គិតថាមកសន្សំលុយព្រោះត្រូវទៅខ្មែរវិញ ដល់ពេលយើងមកដល់ស្រុកថៃហើយ ធ្វើការ ធ្លាក់ការងារ វាអត់សល់លុយ ធ្វើបត្រ ស្នើដល់រាជរដ្ឋាភិបាលខ្មែរ ជួយបញ្ចុះតម្លៃធ្វើបត្រ ធ្វើប៉ាស្ទ័រនៅខាងថៃ»។
តំណាងបណ្តាញពលករខ្មែរ អ្នកស្រី រី សាំង បានឱ្យដឹងថា ពលករជាច្រើននៅថៃនៅតែត្អូញត្អែរអំពីតម្លៃខ្ពស់ នៃការធ្វើឯកសារ ប៉ាស្ទ័រ ចាប់ពី ២៧០០០ បាត រហូតដល់៣៥០០០បាត រយៈពេល២ឆ្នាំ រីឯតម្លៃតវីសារវិញចាប់ពី៩០០០បាត រហូតដល់ ១៨០០០បាត ដែលតម្លៃនេះកំណត់ឡើងតាមមេខ្យល់។ ហេតុនេះទើបពលករខ្មែរ សុំឱ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ជួយអន្តរាគមន៍ជាមួយក្រសួងការងារថៃ ក្នុងការកំណត់ តម្លៃមួយស្តង់ដា ដើម្បីពលករខ្មែរ ដឹងព័ត៌មានច្បាស់អំពីថ្លៃធ្វើឯកសារនេះ ជៀសវាងការធ្វើឯកសារកំណត់ទៅតាមតែមាត់របស់មេខ្យល់ទារថ្លៃ។
អ្នកស្រី រី សាំង៖«ក្នុងនាមខ្ញុំតំណាងបណ្តាញពលករខ្មែរ ស្នើសុំឱ្យស្ថានទូត ឬអនុព័ន្ធការងារក៏ដូចជារាជ រដ្ឋាភិបាល ក្រសួងការងារឱ្យគេមកមានទំនាក់ទំនង ឬចរចារជាមួយខាងភគីថៃ ធ្វើយ៉ាងណាឱ្យមានការផ្សព្វផ្សាយអំពីតម្លៃឯកសារឱ្យមានភាពច្បាស់លាស់ ថាតើក្នុងមួយឆ្នាំ ពីរឆ្នាំ ឬក៏ការបើកធ្វើឯកសារថ្មី គាត់ត្រូវចំណាយអ្វីខ្លះ និងត្រូវចំណាយប៉ុន្មាន។ បន្ទាប់មកចង់ឱ្យភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយអំពីតម្លៃស្តង់ដា ដែលចេញពីខាងភាគី ខ្មែរ ភាគីថៃ ដែលជាតម្លៃមួយសមរម្យដែលជួយសម្របសម្រួលជួយដល់ ពលករ កម្មករឱ្យគាត់ធ្វើការហើយមានថវិកាត្រលប់ទៅផ្ទះវិញផង»។
បន្ថែមពីលើនេះ អ្នកស្រី រី សាំង បានស្នើដល់រដ្ឋាភិបាលពិនិត្យមើលលើតម្លៃលិខិតឆ្លងដែនខ្មែរ ដែលមានតម្លៃខ្ពស់ជាងគេបើធៀបនឹងបណ្តាប្រទេសជិតខាង។ អ្នកស្រី យល់ថា បើសិនតម្លៃលិខិតឆ្លងដែនរបស់ខ្មែរ មានតម្លៃទាបសមរម្យនោះ ក៏ជាចំណែកមួយ ជួយកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋដោយមានឯកសារច្បាស់លាស់។
ជុំវិញតម្លៃ ធ្វើឯកសារ របស់កម្មករធ្វើការនៅក្នុងប្រទេសថៃ លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់វិទ្យុស្រ្តីថា កន្លងមកក្រសួងការងារ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយទីភ្នាក់ងារជ្រើសរើសពលករ ឯកជន និងការរៀបចំសំណុំឯកសារបែបបទ ឯកសារ វីសារ ជូនកម្មករខ្មែរ ទៅធ្វើការនៅប្រទេសថៃត្រឹមតម្លៃ១៨០០០បាត ប៉ុណ្ណោះ។ ប៉ុន្តែ វាការពិបាកមួយចំពោះកម្មករនិយោជិត ដែលបន្តវីសារនៅប្រទេសថៃ ព្រោះត្រូវការប្រើប្រាស់ក្រុមហ៊ុនថៃដែលបំពេញឯកសារនោះ ហើយក្រុមហ៊ុនថៃគេបានកំណត់តម្លៃផ្សេងៗគ្នា។
លោក កត្តា អន៖«អ៊ីចឹងហើយបានជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែសិក្សាករណីនេះ ថាតើយើងនឹងរកវិធី បែបណាយើងចរចារយោគយល់គ្នាជាមួយភាគីថៃដើម្បីឱ្យក្រុមហ៊ុនថៃ ក្នុងប្រទេសថៃនោះកំណត់តម្លៃសមស្របមួយដែលបងប្អូនពលករខ្មែរយើងអាចធ្វើបាន»។
ទាក់ទងនឹងតម្លៃនៃការធ្វើលិខិតឆ្លងដែនពលរដ្ឋខ្មែរ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងមហា បានលើកយោបល់តាំងពីដើមអណត្តិដើម្បីឱ្យក្រសួងពាក់ព័ន្ធចូលរួមពិនិត្យសិក្សាលទ្ធភាពក្នុងការបន្ធូរបន្ថយតម្លៃលិខិតឆ្លងដែន ដោយយោងទៅលើស្ថានភាពប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោក ទូច សុខៈ៖ «ការធ្វើលិខិតឆ្លងដែនទី១គឺធ្វើក្នុងក្របខណ្ឌក្រសួងមហាផ្ទៃជាសមត្ថកិច្ច ប៉ុន្តែចំពោះតម្លៃហូរហែរជាដើមនោះ ក្រសួងពាក់ព័ន្ធផ្សេងទៀតជាអ្នកកំណត់មានអាទ៍ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម ដូច្នេះតួអង្គដែលពាក់ព័ន្ធពិភាក្សាគ្នាទៅលើរឿងហ្នឹង»។
តំណាងពលករខ្មែរ បានឱ្យដឹងបន្ថែមថា ឯកសារពលករជាច្រើនត្រូវអស់សុពលភាពនៅថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2025 ខាងមុខនេះ ហើយ ខាងរដ្ឋាភិបាលថៃឫមេខ្យល់ប្រាប់អោយពលករត្រៀមថវិកា និងឯកសារមុន3 ខែ ពេលបើកអោយបន្តតាមច្បាប់គឺរយះពេលតែ30ថ្ងៃ៕