ភ្នំពេញ ៖ បើទោះបីភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនៅតែបន្តក្តី តែពលករកម្ពុជាដែល កំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េហាក់ដូចជាមិនទាន់ព្រួយបារម្ភខ្លាំងក្លាពេកទេ។ ស្របពេលជាមួយគ្នានេះប្រមុខ រដ្ឋាភិបាល កម្ពុជា បានព្យាករថា សង្គ្រាមនៅឧបទ្វីបកូរ៉េអាចកើតឡើងនោះទេ។
ភាពតានតឹងផ្នែកយោធាក្នុងឧបទ្វីបកូរ៉េ ទំនងជាមិនបានជះឥទ្ធិពលធំដុំលើអារម្មណ៍របស់ពលករកម្ពុជាមួយចំនួនដែល កំពុងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េគឺប្រទេសកូរ៉េខាងត្បូងនោះទេ។
ពលករដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីហាក់ដូចជាមិនសូវមានការព្រួយបារម្ភចំពោះភាពចម្រូងចម្រាស់ផ្នែកយោធា នេះទេ។
លោក រុន គន្ធា ធ្វើការនៅក្រុង ភូសាន អះអាងថា លោកក៏ដូចជាពលករកូរ៉េដទៃទៀតដែលកំពុងការងារដូចធម្មតាដោយមិនមានការភិតភ័យអ្វីខ្លាំងពេកនោះទេ។
«បាទបង!ដូចជាអត់មានអ្វីភិតភ័យផង នៅទីនេះគេធ្វើការជាធម្មតាទេ ខ្ញុំមើលព័ត៌មាន នឹងបានសួរថៅកែថាអាចវៃគ្នាទេ ថៅកែគេឆ្លើយថាមិនអាចទេព្រោះប្រទេសមានសន្តិសុខហើយ វាមិនអាចមានទេ បើមានគឺអាចមាននៅជ្រាយដែន»។
លោក រុន គន្ធា ធ្វើការនៅប្រទេសកូរ៉េ ផ្នែកឧស្សាហកម្ម ចំនួនប្រាំឆ្នាំហើយ។ លោកបញ្ជាក់ថា លោកតែងតាមដានព័ត៌មានពី ការវិវត្តនៃជម្លោះក្នុងឧបទ្វីបកូរ៉េជាប់ជានិច្ច។ ហើយលោកដឹងនិងជឿជាក់លើសមត្ថភាពទ័ពរបស់កូរ៉េខាងត្បូង ថាអាចរក្សា ការរសន្តិសុខជូនពលរដ្ឋបាន។
ចំណែកលោក រឿន វីរៈ ពលករមួយរូបទៀតនិយាយថា លោកតែងតាមដានព័ត៌មានជាប្រចាំជុំវិញការប្រទុសរាយរវាងសហ រដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង រួមទាំងសម្ពន្ធ័មិត្តអាមេរិកគឺកូរ៉េខាងត្បូង។
លោកបញ្ជាក់ថាលោកតាមដានព័ត៌មានដើម្បីត្រៀមខ្លួនហេតុការណ៍សង្គ្រាមដែលអាចកើតមានជាយថាហេតុ។
លោកបន្តថា ប្រសិនបើមានករណីសង្គ្រាមកើតឡើងមែន លោកនឹងធ្វើការជម្លៀសខ្លួនតាមជនជាតិកូរ៉េដែរ ហើយលោកនឹង ព្យាយាមសុំកិច្ចអន្តរាគមន៍ពីស្ថានទូតខ្មែរនៅកូរ៉េជួយដោះស្រាយ។
«ពេលមានបញ្ហាពិភាក្សាជាមួយថៅកែ ថៅកែប្រាប់ឱ្យជម្លៀសកន្លែងណាមួយ ឬតំបន់ណាមួយមានសុវត្ថិភាព មិនអញ្ចឹងទេ យើងអាចទៅស្រុកកំណើតវិញ ប៉ុន្តែយើងមានបញ្ហានឹងជើងយន្តហោះ អញ្ចឹងបើយើងអាចជម្លៀសខ្លួនបានតាមតំបន់ដែល មានសុវត្ថិភាពសិន។»
កាលពីពេលថ្មីៗនាវាចម្បាំងរបស់អាមេរិកដ៏ធំមួយគ្រឿងទៀត ឈ្មោះថា រ៉ូណាល់ វីហ្គេន បានចូលចតនៅមូលដ្ឋានកងទ័ព ជើងទឹកអាមេរិកប្រចាំនៅប្រទេសជប៉ុន។ នេះជាសញ្ញាណមួយបញ្ជាក់ថា អាមេរិកមិនបានដកថយពីការគៀបសង្កាត់លើ កូរ៉េខាងជើងនោះទេ។ ហើយសញ្ញាណនេះ ក៏អាចសន្និដ្ឋានបានថា អាមរិកអាចនឹងបើកការវាយប្រហារលើកូរ៉េជើងផងដែរ។
ប៉ុន្តែកាលពីថ្ងៃព្រហស្បត្តិ៍ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទស្សទាយដោយការប្រាកដប្រជាថា«នឹងមិនមានសង្គ្រាមផ្ទុះឡើង»នៅឧបទ្វីបកូរ៉េនោះទេ។ សម្តេច ហ៊ុន សែន លើកឡើងដូច្នេះដោយធ្វើការវិភាគលើផលប៉ះពាល់ធ្ងន់ធ្ងរពីសង្គ្រាមនេះនឹងត្រូវធ្លាក់លើប្រទេសសម្ពន្ធ័មិត្តរបស់អាមេរិកគឺកូរ៉េខាងត្បូងនិងប្រទេសជប៉ុន។
អ្នកស្រី ព្រឿង ឃិត រស់នៅខេត្តបាត់ដំបង មានកូនប្រុសម្នាក់រូបធ្វើការនៅកូរ៉េខាងត្បូង។អ្នកស្រី មានប្រសាសន៍ថា ពេលដឹងពីព័ត៌មានទាក់ទងនឹងបញ្ហាសង្គ្រាមនៅកូរ៉េ អ្នកស្រីមានអាម្មរណ៍ភិតភ័យ ហើយព្រួយបារម្ភពីសុវត្ថិភាពកូនរបស់ខ្លួន។
យ៉ាងណាក៏ដោយអ្នកស្រីបានធូរស្បើយចិត្តវិញ បន្ទាប់ពីកូនប្រុសរបស់អ្នកស្រីបានប្រាប់ថាពលករកម្ពុជានឹងត្រូវជម្លៀសទៅកាន់ទីមានសុវត្ថិភាព ក្នុងករណីដែលមានសង្គ្រាមកើតឡើង។
អ្នកស្រី ព្រឿង ឃិត៖«ឱ្យតែដឹងចេះតែភ័យ ចេះតែព្រួយហើយ តែកូនខ្ញុំតេស៍មករាល់ថ្ងៃថា ម៉ែឯងមិនបាច់ភ័យទេ។ ហើយកូនថា គេដាក់មីស៊ីលអីហ្នឹង គេដាក់មែនឯង ប៉ុន្តែកូនថាអត់អីទេ ប្រសិនបើមានសង្គ្រាមកើតឡើងគេប្រកាសភាពអាសន្នប្រាប់ឱ្យយើងដឹង គេជម្លៀសយើងចេញ។»
បន្ថែមពីនេះដែរប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានប្រកាសកាលពីម្សិលមិញដែរថាកម្ពុជាមិនទាន់មានគម្រោងជម្លៀសពលកររបស់ខ្លួនចេញពីប្រទេសកូរ៉េខាងត្បូងនៅឡើយទេ។ មូលហេតុគឺដោយសារមិនទាន់មានសញ្ញានៃការផ្ទុះសង្គ្រាមណាមួយអាចទៅរួចនោះទេ៕