en     km
en     km

ប.ស.ស នឹងចុះអធិការកិច្ចតាមសហគ្រាសទូទាំងប្រទេសដើម្បីពង្រឹងការអនុវត្តច្បាប់របបសន្តិសុខសង្គម

Share

ភ្នំពេញ ៖ បេឡាជាតិសន្តិសង្គម(ប.ស.ស)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្ដិសុខសង្គម  ដើម្បីធានាឱ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពមូលនិធិ សន្តិសុខ សង្គម។ អ្នកស្រីវ៉ាយ​ វត្តី ជូនសេចក្តីរាយការណ៍

លោក​ ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសង្គម(ប.ស.ស) បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះថា នៅដើមខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះ ប.ស.ស. នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស។ លោកបានបញ្ជាក់អំពីមូលហេតុដោយសារតែកន្លងមក ប.ស.ស. បានពិនិត្យរកឃើញ​ និងមានការសង្ស័យថាសហគ្រាស គ្រឹះស្ថានមានការរាយការណ៍​អំពីចំនួនកម្មករនិយោជិត​មិនត្រឹម​ត្រូវ​ ឬប្រកាសប្រាក់ឈ្នួលមិនត្រឹមត្រូ​វ​  និងមិនបានបង់ភាគទានមក ប.ស.ស. ជាដើម។ ជាមួយគ្នានេះ លោកជំរុញឱ្យ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ អ្នកតំណាង ទាំងអស់ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានពាក់ព័ន្ធនានា ព្រោះថាការអនុវត្តច្បាប់បានត្រឹមត្រូវ ទាំងភាគីម្ចាស់សហគ្រាស និងកម្មករទទួលបាននូវអត្ថប្រយោជន៍ដូចគ្នា។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ៖«ចំពោះនិយោជកបានចូលរួមអនុវត្តច្បាប់នឹងទទួលបានផលិតភាពខ្ពស់ជាងមុនដោយសារកម្មករនិយោជិតរបស់ខ្លួនពេញចិត្តនឹងការងារដែលមានស្ថេរភាពប្រាក់ចំណូលទាំងបច្ចុប្បន្ន និងនៅពេលអនាគត  ព្រមទាំងបានកាត់បន្ថយការចំណាយដោយមិនបានគ្រោងទុកជូនកម្មករនិយោជិតរបស់ខ្លួននៅពេលដែលពួកគាត់មានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗរួមទាំងគ្រោះថ្នាក់ការងារ ហើយ ចំពោះកម្មករនិយោជិត ទទួលបាននូវកិច្ចគាំពារសង្គមដោយធានាបានស្ថិរភាពប្រាក់ចំណូលទាំងនាពេលធ្វើការ និងនៅពេលចាស់ជរាធ្វើការលែងកើតមានន័យថា ពេលគាត់ចូលនិវត្តន៍ទៅគាត់មានប្រាក់សោធននិវត្តន៍សម្រាប់បើកជូនរៀងរាល់២ខែម្តងជូនគាត់ដោយគាត់មិនបាច់ពឹងលើកូនចៅគឺគាត់មានប្រាក់ចូលនិវត្តន៍របស់គាត់ ហើយពេលដែលគាត់ឈឺគាត់អាចទៅព្យាបាលជំងឺបានថែមទៀតផង»។

លោកអគ្គនាយករងប.ស.ស បានឱ្យដឹងទៀតថា ចក្ខុវិស័យក្នុងឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តន៍ទៅតាមទិសដៅបន្តបន្ទាប់ដូចជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសហគ្រាស គ្រឹះស្ថានណាដែលមិនអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម

ក្នុង ករណី ប.ស.ស. រកឃើញថាម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាង មិនអនុវត្តន៍កាតព្វកិច្ចបង់ភាគទាន តាមកាលកំណត់ ឬប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវ ឬមិនអនុវត្តន៍កាតព្វកិច្ចរាយការណ៍អំពីចំនួនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ឬការដកយកភាគទាន មិនអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបប សន្តិសុខសង្គម ប.ស.ស. នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។​

បន្ថែមពីលើនេះ លោកថា បេឡាជាតិសន្តិសុខសង្គម នឹងបង្កើតក្រុមការងារដើម្បីជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាព ដោយរំពឹងថា ត្រឹមឆ្នាំ២០២៧ គឺកម្មករនិយោជិត នឹងមានរថយន្តធ្វើដំណើរ មានកន្លែងអង្គុយសមរម្យ និងមានដំបូល និងចុងក្រោយបន្តពង្រឹង និងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ប.ស.ស ផងដែរ។

យោងតាមការធ្វើបញ្ជីអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសកម្ពុជា​ ឆ្នាំ២០២១ របាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ មានអង្គភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ចំនួន ៧៤២ ៩៤០ អង្គភាព ហើយសហគ្រាសដែលបានចុះបញ្ជី ប.ស.ស. មានចំនួន ២៥ ០៦០សហគ្រាស បើធៀបទៅនឹងចំនួនអង្គភាពសេដ្ឋកិច្ច មានចំនួន ៣.៣៧ភាគរយ បង្ហាញឱ្យឃើញថាការគ្របដណ្តប់របបសន្តិសុខសង្គមនៅមានចំនួនតិចនៅឡើយ៕

ប្រភពរូប៖ ប.ស.ស

 

 

Share

ព័ត៌មានទាក់ទង