loader

ប្រវត្តិសាស្រ្ត៖តើព្រះបាទជ័យវរ្ម័នទី៧បានបន្សល់នូវកេរតំណែលអ្វីខ្លះសម្រាប់កូនខ្មែរជំនាន់ក្រោយ?

ព្រះបាទជ័យវរ្ម័នទី៧គឺជាមហាក្សត្រដែលមានឫទ្ធិអំណាចខ្លាំងក្លាក្នុងចំណោមព្រះរាជា ក្នុងសម័យអង្គរ ។ ដោយសារតែលទ្ធិបារមីក្នុងការដឹកនាំប្រទេសរបស់ទ្រង់នេះហើយ ទើបបានជាធ្វើឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដោយមិនអាចបំភ្លេចបានអំពីស្នាព្រះហត្ថដ៏ល្បីល្បាញរបស់ព្រះអង្គ។

ក្នុងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏ជាព្រះរាជាដែលគោរពស្រឡាញ់​​​ទៅលើព្រះពុទ្ធសាសនាផងដែរ។ ក្នុងរជ្ជកាលរបស់ព្រះអង្គ គឺព្រះអង្គបានកសាងប្រាសាទជាច្រើន ជាពិសេសគឺប្រាសាទបាយ័នដែលជាប្រាសាទសាសនាដ៏ធំមួយសម្រាប់ តំណាងឲ្យ​ព្រះពុទ្ធសាសនាផង និងព្រហ្មញ្ញសាសានាផង។

តើព្រះបាទជ័យវរ្ម័នទី៧ បានបន្សល់នូវស្នាដៃ មហស្ចារ្យអ្វីខ្លះសម្រាប់កូនខ្មែរជំនាន់ក្រោយ?

ដើម្បីជ្រាបកាន់តែច្បាស់សូមស្តាប់អត្ថាធិប្បាយរបស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖

តាម ប្រវត្តសាស្ត្រខ្មែរ នៃប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី ៧ ឃើញថាមានភាពប្លែកខុសផ្សេងតែឯងណាស់ គឺពីដំបូង អ្នកតែងពង្សាវតាក្នុងស្រុកខែ្មរបានទុកព្រះអង្គជា តួបន្ទាប់បន្សំដែលមិនបានកសាងអ្វីសោះ ហើយជាសេ្តចដែលសោយរាជ្យនៅក្នុងសម័យស្រុកទេសកំពុងផ្តើមសេចក្តីអន្តរាយ។ ជ័យជំនះរបស់សេ្តចអង្គនេះ ទើបតែល្បីខ្ជរខ្ចាយឡើងនៅឆ្នាំ ក្នុង១៩០៣ នូវវេលាដែល លោក ល្វីហ្វីណូត៍ បានបោះពុម្ពផ្សាយសំស្រ្តឹត១ច្បាប់ឡើង ក្នុងពូលឺ តាំងសាលាបារំាងសែស នាចុងបូព៌ាប្រទេស គឺចារឹកដែលលោក ស៊កម៉ាស្ស៉េរ៉ូ រកឃើញនៅតំបន់សាយហ្វងដែលនៅចំពីមុខក្រុងវៀងចន្ទន៍ គឺជាចារិករបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលសំដែង អំពីការកសាងរោងព្យាបាលមួយក្នុងឆ្នាំ ១១៨៦ ហើយលោក ល្វីហ្វីណូត៍បានកត់សម្គាល់ថា សេចក្តីចារឹកនេះទំនងនឹងមានភាពដូចគ្នាទៅនឹងសេចក្តីចារឹកមួយច្បាប់ទៀតនៅខេត្ត ត្រត្រាំង ដែលចាំបានថា ព្រះបាទជ័យវរ្ម័នទី៧ បានពោលជាញឹកញាប់នៅក្នុងចារឹកចាមផ្សេងៗថា ជាអ្នកវាយដណ្តើមស្រុកយ៉ាងធំ។ លោក ក៏បានបន្តថា តាំងពីវេលានេះទៅ ចារឹកទាំងនេះ ដែលរៀបរាយតាំងពីក្នុងស្រុកលាវ ទៅដល់ត្រើយស្រុកអណ្ណាម និងដល់ទំនាបស្រុកកូសាំងស៊ីននោះ ចារឹកខ្លះបានបញ្ជាក់នូវជ័យជំនះរបស់ព្រះបាទជ័យវរ្ម័នទី៧ ចារឹកខ្លះបានបញ្ជាក់នូវការបន់ និងគុណសម្បត្តិរបស់ព្រះអង្គ ហើយចារឹកទាំងនេះ បាន​បំភ្លឺឲ្យឃើញនូវ ព្រះភក្រ្តសេ្តចធំមួយព្រះអង្គក្នុងរឿងដែលជាអតីតក្នុងសេចក្តីងងឹតរបស់ស្រុកខ្មែរ។

ក្រោយការសិក្សាស្រាវជ្រាវអស់រយៈពេល ៣០ឆ្នាំមក បានបង្ហាញឲ្យឃើញថា ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចដែលមានកត្តិនាមច្រើនជាងគេក្នុងព្រះរាជពង្សាវតាខ្មែរ ហើយព្រះអង្គត្រូវបានគេចាត់ទុកជាស្តេចធំបង្អស់នៅក្នុងស្រុកខែ្មរ ព្រោះព្រះអង្គគឺជាស្តេចពង្រីកអាណាខេត្តដរាបដល់កម្រិតជាទីបំផុត។ នៅដើម​សតវត្សរ៍​ទី​១៣ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧  ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំទូលាយ​ណាស់ គឺ​ខ្មែរ​អាច​គ្រប់គ្រង​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន រាប់​ទាំង​ដែនដី​កម្ពុជា​ក្រោម​ផង ប្រទេស​ចំប៉ា ទាំង​មូល​ផង ទឹកដី​ប្រទេស​ឡាវ និង​ប្រទេស​ថៃ សព្វថ្ងៃ​ផង រួម​ទាំង​មួយ​ភាគ​នៃ​ជ្រោយ​ម៉ាឡាស៊ី រហូត​ដល់​ជ្រោយ​កោះក្រា ហើយ​និង​ប្រទេស​ភូមា រហូត​ដល់​ទន្លេ​សាលវិនផងដែរ។

យោងតាមឯកសារសិក្សាស្រាវជ្រាវរបស់លោកស៊ក្ស សីដេស ដែលជាចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហាណូយបានបង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចប្រសូតឡើងនៅរវាងឆ្នាំ​១១២០ ឬបើយ៉ាងហោចណាស់ក្នុងឆ្នាំ ១១២៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។ ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី២ និង​ព្រះ​មាតា​ព្រះនាម ចូឌាមណី។ ក្នុងរយៈកាលមួយដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ព្រះបាទជ័យវរ្ម័នទី ៧បានយាងចេញពីក្រុងកម្ពុជាចេញទៅច្បាំង ឬដោយជាសេចក្តីអភ័យដល់ព្រះអង្គ យើងមិនដឹងឡើយថាព្រះអង្គទ្រង់យាងទៅគង់នៅក្នុងស្រុកចម្ប៉ាក្នុងខេត្តវិជ័យ ដែលបច្ចុប្បន្នគឺខេត្តបិញឌិញសព្វថ្ងៃ ដោយទុកព្រះអគ្គមហេសី និងព្រះរាជបុត្រក្នុងក្រុងកម្ពុជា។

ក្នុងសម័យដែលព្រះបាទជ័យវរ្ម័នទី៧ គង់នៅឯចម្ប៉ានោះ ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី២ ដែលជាព្រះវរបិតា របស់ទ្រង់បានយាងចូលទិវង្គត់ ហើយស្តេចដែលទ្រង់ព្រះនាមថា យសោវរ្ម័ន មិនដឹងជាជាប់ពូជពង្សមកពីណានោះ បានឡើងសោយរាជ្យសម្បត្តិជាដំណមក។

រជ្ជកាលរបស់ស្តេចបន្តនេះ គឺមានកើតមានរឿងរ៉ាវ បញ្ហាយ៉ាងជ្រាលជ្រៅ ទាំងបញ្ហាក្បត់ផ្ទៃក្នុងពីសំណាក់ពួកមន្រ្តីក្បត់ ដើម្បីឡើងដណ្តើមរាជ្យ។ យោងតាមសិលាចារឹកប្រាសាទបន្ទាយឆ្មា បានបង្ហាញថា ​ព្រះបាទយសោវរ្ម័នត្រូវបានសុគតក្រោមកណ្តាប់ដៃមន្រ្តីក្បត់ម្នាក់ ហើយមន្ត្រីក្បត់ម្នាក់នោះបានឡើងសោយរាជ្យសម្បត្តិក្នុងឆ្នាំ ១១៦៥ ដោយតាំងនាមថា «ព្រះបាទ ត្រី ភូវនាទឹត្យ»។ ដំណឹងបោះបោរនេះបានផ្សាយទៅដល់ស្រុកចម្ប៉ា ក្នុងសិលាចារឹកភិមានអាកាសបានលើកឡើងថា ព្រះបាទជ័យវរ្ម័នទី៧លឺដំណឹងនេះភ្លាមបានប្រញាប់ត្រឡប់មកជួយដោះទុក្ខ ព្រះបាទយសោវរ្ម័ន តែគួរឲ្យសោកស្តាយព្រះអង្គទ្រង់សុគតបាត់ទៅហើយ ដូច្នេះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គ​​ទ្រង់ក៏ ​គង់​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​មាន​ព្រឹត្តិការណ៍​ចាម វាយ​លុក​យ៉ាង​ធំ​សម្បើម ហើយ​ធ្វើ​គត់​ស្ដេច​ដណ្ដើម​រាជ្យ​បាន ដុត​បំផ្លាញ​ក្រុង​អង្គរ​ក្នុង​ឆ្នាំ​១១៧៧ នោះ ទើប​ព្រះអង្គ​ទ្រង់​សច្ចា​ថា នឹង​សងសឹក​វិញ​អោយ​ទាល់​តែ​បាន។ ព្រះអង្គ​ទ្រង់​បាន​ច្បាំង​តតាំង​នឹង​ចាម យ៉ាង​ស្វិតស្វាញ​ជា​ទី​បំផុត ដើម្បី​រំដោះ​ប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​ការ​ជិះជាន់​របស់​បរទេស​នេះ។ ទី​បំផុត ព្រះអង្គ​ទទួល​បាន​ជោគជ័យ​ជា​ស្ថាពរ​ក្នុង​ចំបាំង​ជើង​ទឹក ដូច​មាន​រូប​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​បន្ទាយឆ្មារ ជា​សក្ខីភាព​ស្រាប់។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះ​ជន្មាយុ ៥៦​ព្រះ​វស្សា ក្នុង​ឆ្នាំ​១១៨១ នៃ​គ្រិស្តសករាជ នៅ​យសោធបុរៈ គឺ​រាជធានី​អង្គរ។

ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បំផុត​ក្នុង​ព្រះរាជ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា។ ក្នុង​វិស័យ​សឹក​សង្គ្រាម​ក្នុង​រាជ្យ​ព្រះអង្គ មាន​ការ​បះបោរ​ផ្ទៃ​ក្នុង​មួយ​នៅ ខេត្ត​បាត់ដំបង។ ព្រះអង្គ​បាន​បញ្ជា​អោយ​យុវ​ក្សត្រ​ចាម មួយ​អង្គ​ព្រះនាម«​វិទ្យានន្ទ» ដែល​បាន​មក​រស់នៅ​ប្រទេស​ខ្មែរ​តាំង​ពី​ក្មេង វាយ​កម្ចាត់​បាន​ដោយ​ជោគជ័យ។ ឯ​នគរ​ចំប៉ា វិញ ស្ដេច​ចាម ជ័យឥន្ទ្រវរ្ម័នទី៤ បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​ប្រទេស​កម្ពុជា សារជាថ្មី។ ព្រះអង្គ​ក៏​បាន​បញ្ជូន​កងទ័ព​វាយ​បង្ក្រាប​រហូត​ដល់​ទី​បំផុត រឹប​យក​នគរ​ចំប៉ា ដាក់​ជា​អាណា​ខេត្ត​របស់​ប្រទេស​ខ្មែរ​បាន តាំង​ពី​ឆ្នាំ​១២០៣ រហូត​ដល់​ឆ្នាំ​១២២៦ នៃ​គ្រិស្ដសករាជ។ ឆ្នាំ​១២០៧ ព្រះបាទ​ជ័យវរ្ម័នទី៧ បាន​បញ្ជា​អោយ​ក្សត្រ​ចាម មួយ​អង្គ​ព្រះនាម​«អង្សរាជ» អោយ​លើក​ទ័ព​ចម្រុះ​ខ្មែរ ភូមា សៀម ទៅ​វាយ​ប្រទេស​យួន​ដៃ​វៀត។

ក្នុង​វិស័យ​សំណង់​វិញ កិច្ចការជាដំបូងដែលត្រូវបំពេញជាបន្ទាន់នៅដើមរជ្ជកាលរបស់ទ្រង់ គឺនៅគ.ស ១១៨១ ព្រះអង្គទ្រង់បាន កសាងរាជធានីអង្គរធំ ដើម្បីជំនួសរាជធានីយសោធបុរៈ ដែលត្រូវបានពួកចាមដុតបំផ្លាញចោល​នៅឆ្នាំ១១៧៧ ។ ដើម្បីការពារទីក្រុងនេះ ព្រះអង្គបានកសាងកំផែងថ្មព័ទ្ធជុំវិញក្រុងដែលមានប្រវែង១២គ.ម។ នៅចំកណ្តាលរាជធានី ព្រះអង្គបានកសាងប្រាសាទបាយ័ន ដើម្បីទុកគោរពដល់ព្រះពុទ្ធសាសនា។ប្រាសាទ​បាយ័ន កំពូលមានមុខបួន ជា​ស្នូល​កណ្ដាល ដែល​យើង​និយម​ហៅ​ថា​ក្រុង​អង្គរទី៣ ហើយវាក៏ជាប្រាសាទសាសនាដ៏ធំមួយផងដែរ ដែលបង្ហាញពីព្រះពុទ្ធសាសនាផង នឹងព្រហញ្ញសាសនាផង ព្រោះប្រាសាទនេះ ត្រូវបានរចនាឡើងជាព្រហ្មមុខបួនដែលតំណាងឲ្យអាទិទេពនៃព្រហ្មញ្ញសាសនា កសាងនៅលើដី មិនមែននៅលើកំពូលភ្នំដែលនេះសបញ្ជាក់ឲ្យឃើញថាជាតំណាងឲ្យព្រះពុទ្ធសាសនា ព្រោះតួអង្គព្រះពោធិសាត់គឺជាមនុស្សលោកធម្មតា មិនដូចអាទិទេពដែលស្ថិតនៅឋានខ្ពស់ទាមទារឲ្យ     កសាងនៅលើកំពូលភ្នំឡើយ។

ក្នុងវិស័យសំណង់ ក្រៅពីការកសាងរាជធានី (អង្គរធំ) ឬ អង្គរទីបីនេះ ព្រះអង្គបានកសាងប្រាសាទព្រះខ័ន នៅឆ្នាំ ១១៩១ សម្រាប់ជាទីរំឮកដល់ព្រះវរបិតា ប្រាសាទតាព្រហ្មនៅឆ្នាំ ១១៨៦ សម្រាប់តំកល់បរមរូបនៃព្រះវរមាតា និងរូបសម្តេចព្រះគ្រូនៅប្រាសាទបន្ទាយឆ្មារ ដើម្បីថ្វាយឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ស្រិន្ទ្រកុមារ និងជនក្បត់រាហូ។ 

នៅតំបន់អង្គរ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទនគរ ប្រាសាទតាព្រហ្ម ប្រាសាទចោមព្រះ (នៅសុរិន្ទ្រ ស្រុកសៀម) ប្រាសាទសិង្គ (នៅកញ្ជនៈបុរី ស្រុកសៀម) ប្រាសាទកំផែងតូច (ស្រីស្លាកេត ស្រុកសៀម) ប្រាសាទនាងរាំ (នគររាជសីមា) ដែលជាមន្ទីរពេទ្យ។ ដើម្បីបុព្វហេតុផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ព្រះអង្គថែមទាំងជួសជុលឡើងវិញនូវប្រាសាទចាស់ៗ ដែលទ្រុឌទ្រោម ឬក៏បានសាងសង់នូវប្រាសាទថ្មី រចនាប័ថ្មបាយ័ននៅលើគ្រឹះនៃទេវស្ថានចាស់ៗ ដូចជានៅប្រាសាទគោ នៅខេត្តកំពង់ធំជាដើម ជាហេតុដែលនាំឲ្យយើងឃើញនៅមាត់ទ្វារនៃប្រាសាទគោនេះ ដែលបានសាងឡើងដោយព្រះហស្ថរបស់ព្រះអង្គ នូវវត្តមាននៃក្បាច់ផ្តែរ នាសតវត្សទី៧ ដែលជារចនាបទសម្បូរព្រៃគុក។

ខាង​វិស័យ​សាសនា​វិញ ខុស​ពី​ព្រះរាជា​នៃ​សម័យ​អង្គរ ដែល​ភាគ​ច្រើន​គោរព​ប្រតិបត្តិ​ព្រហ្មញ្ញ​សាសនា ក៏ប៉ុន្តែព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​គោរព​ពុទ្ធសាសនា​មហាយាន ជាពិសេស​គឺ​គោរព​បូជា​ព្រះ​ពោធិសត្វ​អវលោគិតិស្វរៈ។ ថ្វីត្បិតតែ​ព្រះអង្គគោរពពុទ្ធសាសនាក៏ពិតមែន ក៏ប៉ុន្តែ​ព្រះអង្គ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​ថែ​រក្សា​ការពារ​ព្រហ្មញ្ញ​សាសនា អោយ​បាន​រីក​ចម្រើន​ផង​ដែរ ដូចជាប្រាសាទ​ភ្នំ​ទាំង​ឡាយ​ដែល​ក្នុង​រាជ្យ​មុនៗ តម្កល់​លិង្គ​ទេវរាជ ហើយ​មក​ដល់​អង្គរវត្ត​នៃ​ព្រះបាទ​សូរ្យវរ្ម័នទី២ តម្កល់​ព្រះ​បដិមា​ព្រះវិស្ណុ គឺព្រះអង្គសុទ្ធតែរក្សានៅភាពដើម មិនឲ្យបាត់បង់អ្វីទាំងអស់។ ហើយមកដល់សម័យព្រះអង្គ ប្រាសាទ​បាយ័ន ដែល​ជា​ស្នូល​នៃ​អង្គរ​ទី​៣ ត្រូវ​បាន​ទ្រង់ តម្កល់​ព្រះ​បដិមា​ពុទ្ធរាជ​មួយ​អង្គ​យ៉ាង​ធំ​សម្បើម មាន​កម្ពស់​ជិត ៤​ម៉ែត្រ រីឯ ឯកសារ​ខ្លះ​ថា​ដល់​ទៅ ៩​ម៉ែត្រ។ ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ ​ទសពិធ​ធម៌ និង​មាន​ព្រហ្ម​វិហារ​ធម៌​សន្តោស​ប្រោស​ប្រណី​ដល់​អស់​សព្វ​សត្វទាំងមូល ដូច​សិលា​ចារឹក មន្ទីរពេទ្យ​របស់​ព្រះអង្គ​បាន​ចែង​ថា៖ «ជំងឺ​របស់​ប្រជារាស្ត្រ ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​ជាង​ជំងឺ​ផ្ទាល់​របស់​ព្រះអង្គ​ទៅ​ទៀត ព្រោះ​ថា សេចក្តី​ឈឺ​ចាប់​សាធារណៈ​នេះ​ហើយ ជា​សេចក្តី​ឈឺ​ចាប់​របស់​ព្រះរាជា ពុំ​មែន​សេចក្តី​ឈឺ​ចាប់​ផ្ទាល់​ទេ ដែល​អាចធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​បាននោះ»។ ដោយសារ​ព្រះ​គតិបណ្ឌិត​ខាង​លើ​នេះ ព្រះអង្គ​បាន​កសាង​មន្ទីរពេទ្យ​ចំនួន​១០២ នៅទូទាំងប្រទេស សម្រាប់សារធារណៈជនចូលសម្រាកព្យាបាលដោយមិនប្រកាន់ទៅលើវណ្ណៈ  ហើយទ្រង់ក៏បានកសាងសាលាសំណាក់ ឫអម្មសាលាចំនួន ១២១ ថែមទៀតផង។

ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១១៨១។ គេ​មិន​បាន​ដឹង​ច្បាស់​ថា ព្រះអង្គ​ចូល​ទិវង្គត​នៅ​ឆ្នាំ​ណា​ពិត​ប្រាកដ​ទេ គេ​គ្រាន់​តែ​សង្ស័យ​ថា ព្រះអង្គ​ទំនង​ជា​បាន​សោយរាជ្យ​ដល់​ឆ្នាំ​១២១៨ នៃ​គ្រិស្ដសករាជ ហើយ​ពេល​ដែល​ព្រះអង្គ​សុគត​ទៅ ទ្រង់​បាន​ទទួល​ព្រះ​មរណនាម​ថា មហា​បរម​សៅគត ក៏ប៉ុន្តែនៅក្នុងឯកសាររបស់ លោក អាដេម៉ាឡឺក្លែរ ដែលជាអតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា លើកឡើងថា ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់សុគតនៅឆ្នាំ ១១០៩ ហើយទ្រង់មានព្រះមរណៈនាមថា បរមកវ័ល្យៈ មានន័យថា ទ្រង់ជាភ្ងៀវរបស់លោកនៃបរមសុភមង្គល៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត