លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងអះអាងប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានគីមូនថា ដំណើរការបោះឆ្នោតនៅកម្ពុជាដែលឆ្លងកាត់អន្តរកាលនៅពេលខាងមុខនឹងធានាបានដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ការថ្លែងរបស់ លោក ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាគ្នាមួយតាមខ្សែទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានគីមូន កាលពីយប់ថ្ងៃទី០៨ ខែ មិថុនា កន្លងមក ។
នៅក្នុងកិច្ចសន្ទនាគ្នានោះ លោក បាន គីមូន បានចោទសួរ និងបានសម្តែងការព្រួយបារម្ភជាច្រើនជុំវិញការឡើងកំដៅនយោបាយនៅកម្ពុជា ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលបានចុះផ្សាយដោយ Fresh News បានបញ្ជាក់ទៀត នូវការឆ្លើយតបរបស់ប្រមុខការទូតកម្ពុជា ដែលបានអះអាងថា ការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅប៉ុន្មានឆ្នាំខាងមុខ នឹងធានាបានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ។
លោក ប្រាក់ សុខុន បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍ក្រសួងការបទេសថា ដោយសារមានកែរទម្រងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងមានការសហការណ៍ជាមួយសហគមនអន្តរជាតិផងដែរនោះ ។ លោក ប្រាក់ សុខុន សង្ឃឹមថា ការបោះឆ្នោតនៅពេលខាងមុខនឹងដំណើរការដោយរលូន និងសហគមអន្តរជាតិអាចទទួលយកបាន ។
ការឆ្លើយតបរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា គឺជាការធ្វើឡើង ដោយការចោទសួរ និងសម្តែងក្តីបារម្ភរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានគីមូន ដែលទទូចឲ្យ ភាគីកម្ពុជាមានជម្លោះនយោបាយជាមួយគ្នាគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បើកទ្វាសន្ទនាគ្នាដោយសន្តិវិធីឡើងវិញ ‹‹វប្បធម៌សន្ទនា››គ្នា ដើម្បីបញ្ចប់កំដៅនយោបាយនៅកម្ពុជា។ លោក បាន គីមូន ក៏បានទទូចឲ្យបក្សកាន់អំណាចឈប់ធ្វើទុកបុកម្និញទៅលើក្រុមតំណាងរាស្ត្របក្សប្រឆាំង អង្គការសង្គមស៊ីវិល និងមន្ត្រី គ.ជ.បដែលកំពុងជាប់ឃុំនៅក្នុងពន្ធធាគារ ។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកទៀតថា ករណី លោក កឹម សុខា និងអ្នកតំណាងរាស្ត្រនៃបក្សប្រឆាំងផ្សេងទៀតគឺ ស្ថិតនៅក្នុងអំណាចដែនយុត្ថាធិការរបស់តុលាការ ដែលរាជរដ្ឋាភិបាលមិនអាចលូកដៃករណីនេះបានឡើយ ។
ទោះបីយ៉ាងណាក៏ដោយ លោក ប្រាក់ សុខុន បានអះអាងថា សេរីភាពសម្តែងមតិ និងសេរីសារព័ត៌មាននៅកម្ពុជា ត្រូវបានលើកកម្ពស់ និងស្ទួយ ដោយមិនមានការរំខាន និងធ្វើទុក្ខបុកម្និញនោះទេ ។
យ៉ាងនេះក្តី ការអះអាងរបស់ លោក បានគីមូន ដែលនិយាយអំពីការធានានូវដំណើរការបោះឆ្នោតនៅពេលខាងមុខ វិទ្យុស្ត្រីអែមហ្វឹម១០២ នឹងធ្វើការសុំបំភ្លឺពីគណបក្សសង្គ្រោះជាតិជុំវិញស្ថានការនយោបាយនៅកម្ពុជា ដែលមេបក្សប្រឆាំងកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស និងអនុប្រធានបក្សប្រឆាំងកំពុងស្ថិតនៅក្នុងសំនុំច្បាប់របស់តុលាការកម្ពុជា ។
ទោះបីយ៉ាងក៏ដោយ អ្នកអង្កេតការណ៍បោះឆ្នោតនៅកម្ពុជាមួយចំនួនដែលវិទ្យុស្ត្រីសុំសម្ភាសន៍នាពេលកន្លងមក ជុំវិញការឡើងកំដៅនយោបាយ ពួកគាត់បានបង្ហាញការព្រួយបារម្ភថា ការបោះឆ្នោតនៅកម្ពុជានឹងមិនត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌ឡើយ បើអ្នកនយោបាយនៃមេបក្សប្រឆាំងគឺ លោក សម រង្ស៊ី មិនត្រឡប់មកកម្ពុជាចូលរួមការបោះឆ្នោតបាននៅឆ្នាំ ២០១៧ និង ២០១៨ ខាងមុខនេះ ៕