ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសួរសំនួរទៅនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអ្នកគ្រប់គ្រងវិទ្យុវីអូឌី( VOD )អំពីទំនាក់ទំនងលោកជាមួយមេបក្សប្រឆាំង និងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងថាតើដែលបានស្នើនាងស្រីមុំ ធ្វើវាគ្មិនវិទ្យុនេះ ឬទេ។
អ្នកនាំពាក្យតុលាការបញ្ជាក់ថា ការសាកសួរនេះ បានផ្តល់ប្រយោជន៍យ៉ាងសំខាន់ដល់នីតិវិធីតុលាការ។ តែអ្នកការពារសិទ្ធិមនុស្សយល់ថាការកោះហៅអ្នកគ្រប់គ្រងវិទ្យុវីអូឌី គឺទំនងជាជាប់ពាក់ព័ន្ធទៅនឹងយុទ្ធនាការចន្ទពណ៌ខ្មៅ និងការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាន៖
នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៨ ខែសីហា នេះនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអ្នកគ្រប់គ្រងវិទ្យុវីអូឌី ដោយមានអ្នកអមដំណើរជាមួយមេធាវីរបស់លោកចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី សំណុំរឿងរបស់ នាង ខុម ចាន់តារាទី ហៅស្រី មុំ។
ការចូលខ្លួននេះធ្វើឡើងតាមដីកាកោះ របស់សាលាដំបូងរាជធានី ពាក់ព័ន្ធ នឹងសំណុំរឿង មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ករណីរឿងស្នេហាផ្លូវភេទរវាងនាង ខុម ចាន់តារាទី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។
ក្រោយចេញពីបន្ទប់សាកសួរ លោក ប៉ា ងួនទៀង បានប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរ លោករយៈពេលជិត ១ម៉ោង ជុំវិញទំនាក់ទំនងរវាងលោក ថាយ៉ាងដូចម្តេចជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងទំនាក់ទំនង ជាមួយ នាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ។
អ្នកគ្រប់គ្រងវិទ្យុវីអូឌីរូបនេះ បានបន្ថែមថា ចៅក្រមស៊ើបសួរបានសួរលោកថា តើលោកមានរៀបចំឲ្យលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ជួបជាមួយលោក កឹម សុខា ដែរឬទេ។
លោកបន្តថា ចៅក្រមក៏បានសួរលោកទៀតថា តើលោកបានទូរស័ព្ទទៅអ្នកស្រី ទ្រី ឈួន អតីត ជាមេធាវីរបស់ នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ហើយសំនួរចុងក្រោយ របស់ចៅក្រមបានសួរលោកថា តើក្នុងនាមលោកជាអ្នកគ្រប់គ្រងវិទ្យុវីអូឌី មានបំណងអញ្ចើញនាងស្រីមុំ ចូលរួមក្នុងវេទិកាវិទ្យុលោកដែរទេ?
ចំនុចនេះលោក ប៉ា ងួនទៀង បានឆ្លើយប្រាប់ចៅក្រមស៊ើបសួរ ថាតើក្នុងនាមលោកជាអ្នកសារព័ត៌មាន មានកិច្ចការច្រើនពេក ដូច្នេះលោកមិនបានចាំរឿងទាំងនេះឡើយ។
លោក ប៉ា ងួនទៀង៖«គេគ្រាន់តែសួរខ្ញុំរឿងពាក់ព័ន្ធទៅនឹងករណីស្រីមុំ ជាមួយឯកឧត្តម កឹម សុខា តើខ្ញុំមានរៀបចំឲ្យលោក នី ចរិយា ជួបជាមួយលោក កឹម សុខា អត់ ហើយសួរខ្ញុំ មានតេ(ទូរស័ព្ទ) ទាក់ទងជាមួយលោកស្រី ទ្រី ឈួន ដែលជាមេធាវីរបស់ស្រីមុំ រឿងស្រីមុំ និងអត់ ហើយវីអូឌី មានបំណងហៅស្រីមុំ ជាវាគ្មិន ឬអត់»។
រីឯ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាម ថាការសាកសួរលោក ប៉ា ងួនទៀង ក្នុងនាមជាសាក្សី គឺបានផ្តល់ប្រយោជន៍ជាច្រើនដល់ការស៊ើបសួរ។ លោកបន្តថា ចៅក្រមស៊ើបសួរសម្រេចសួរលោកបន្តទៀត។
លោក លី សុផាណា៖« ការសាកសួរលើលោក ប៉ា ងួនទៀង ជាសាក្សី បានផ្តល់នូវប្រយោជន៍ជាច្រើនដល់ការសើបសួរ ហើយចៅក្រមសើបសួរសម្រេចសើបសួរបន្ត។ សូមអធ្យាស្រ័យចៅក្រមសើបសួរមិនអាចបង្ហាញ ឬប្រាប់អំពីចំណាត់ការសើបសួរបន្តជូនសាធារណៈមតិបានទេ ព្រោះវាជាការសំងាត់នៃការសើបសួរ»។
ចំណែក លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត សិទ្ធិមនុស្សនៃអង្គការលីកាដូ បានទៅឃ្លាំមើលដំណើរការសាកសួរនេះ លោកយល់ថា ស្ថិតក្នុងកាលៈទេសៈកោះហៅ លោក ប៉ា ងួនទៀង មកសាកសួរនៅពេលនេះ ដើម្បីសាកសួរជុំវិញរឿង នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ គឺជារឿងមួយ។ ប៉ុន្តែលោក ជឿថាការកោះហៅនេះ ទំនងជាជាប់ពាក់ព័ន្ធនិងរឿងយុទ្ធនាការ«ថ្ងៃចន្ទពណ៌ខ្មៅ» ដើម្បីឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប និងរឿងដង្ហែសពលោកបណ្ឌិត កែម ឡី ដែលលោក ប៉ា ងួនទៀង សកម្មខ្លាំងក្នុងរឿងនេះ។
ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប កំពុងឃុំខ្លួននៅក្នុងពន្ធនាគារពីបទចោទ សូកប៉ាន់សាក្សី និងសមគំនិតសាក្សី ហើយអ្នកតំណាងរាស្ត្របក្សប្រឆាំង២រូបទៀត ក៏បានកោះហៅ ក្នុងករណីស្ត្រីរូបនេះដែរ។ ចំណែកលោក កឹម សុខា ក៏រងការកោះហៅ ចូលខ្លួនបំភ្លឺជាច្រើនលើកផងដែរ។ តែលោកបដិសេធមិនបង្ហាញខ្លួន។
ក្នុងសំណុំរឿងដូចគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីការកោះហៅ អ្នកស្រី ឆន សុគន្ធា ជាប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក មកចូលបំភ្លឺក្នុងនាមជាសាក្សី នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៤សីហា ខាងមុខនេះ៕