ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ទទូចឲ្យសមត្ថកិច្ចនិងមន្ត្រីចុះឈ្មោះបោះឆ្នោត ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ មុនការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត,ពេលបោះឆ្នោត,ក្រោយពេលបោះឆ្នោត ខណៈរដ្ឋមន្ត្រីមហាផ្ទៃ ទទូចឱ្យកងសន្តិសុខជួយពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានលើកឡើងដូចនេះនៅក្នុងសន្និបាត ផ្សព្វផ្សាយផែនការស្ថាប័ន ស្តីពីកិច្ចការពារចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំដោយពិធីធ្វើឡើងនៅថ្ងៃទី២៥សីហា នេះនៅទីស្ដីការក្រសួងមហាផ្ទៃ។
ប្រធានគ.ជ.ប បន្តថា ដើម្បីធ្វើឱ្យបរិយាកាស ល្អប្រសើរ និងស្ងប់ស្ងាត់ មន្ត្រីពាក់ព័ន្ធ រួមនឹង សមត្ថកិច្ច ទាំងអស់ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀង។ លោកបន្តទៀតថាការលំអៀងនាំមកនូវការមិនទុកចិត្តគ្នា ហើយភាគីពាក់ព័ន្ធ ក៏មិនត្រូវ បង្ក ហិង្សាណាមួយ បានកើតឡើងដូចកាលពីការបោះឆ្នោត កាលពីឆ្នាំ២០១៣ អាចធ្វើឲ្យគ.ជ.ប លំបាកក្នុងការគ្រប់គ្រង ការបោះឆ្នោត។
នៅពេលជាមួយគ្នានេះ ដែរ សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត ដែលមានវត្តមានក្នុងកម្មវិធីនេះដែរ ក៏បានជំរុញឲ្យកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណារក្សាសន្ដិសុខ និងសុវត្ថិភាព នៅគ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត។
សម្ដេច ស ខេង គិតថាគ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត អាចនឹងលេចចេញនូវបាតុភាពផ្សេងៗ ដោយចេតនាបង្កការរារាំង ការឃោសនាបោះឆ្នោត។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថាទោះបីច្បាប់ថ្មី បានកាត់បន្ថរយៈពេលនៃការឃោសនាក៏ពិតមែន ប៉ុន្ដែ នៅតែជាដំណាក់កាល តឹងតែង ព្រោះជាការតស៊ូខាងនយោបាយ ដ៏ស្វិតស្វាញ របស់គ្រប់គណបក្សនយោបាយ។
ប្រទេសកម្ពុជា នឹងមានព្រឹត្តិការណ៍បោះឆ្នោត សំខាន់ៗចំនួន២ គឺការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសភាអណត្តិទី៦នៅឆ្នាំ ២០១៨។ ការបោះឆ្នោត២ដំណាក់កាលនេះ ត្រូវគេរំពឹងថា នឹងមានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ រាប់ពាន់នាក់ ចូលរួមសង្កេតការណ៍ផងដែរ៕