គុយបា៖ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងសមភាគីគុយបា រ៉ាអ៊ួ កាស្ត្រូបានពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាសេរីភាពរបស់ប្រជាជនគុយបា ហើយភ្លាមនោះមេដឹកនាំគុយបារូបនេះ សន្យាដោះលែងអ្នកទោសនយោបាយទាំងអស់។
បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា របៀបវារៈនេះត្រូវបានលើកឡើងគឺ នៅមុនប៉ុន្មានម៉ោងប៉ុណ្ណោះដែលលោក អូបាម៉ា ត្រូវចាកចេញទៅសហរដ្ឋអាមេរិកវិញ។
នៅឯសន្និសីទសារព័ត៌មានលោក រ៉ាអ៊ួ កាស្ត្រូ បាននិយាយថាលោកនឹងចុះហត្ថលេខាលើបញ្ជីឈ្មោះអ្នកទោសនយោបាយ ដើម្បីដោះលែងពួកគេឱ្យអស់នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយភ្លាមនោះលោកអូបាម៉ាបានសាទរ។
តែនៅពេលជាមួយគ្នានេះដែរប្រធានាធិបតីប្រទេសគុយបាក៏បានលើកឡើងអំពីផលលំបាកមួយចំនួន ដោយសារតែសហរដ្ឋអាមេរិកមិនព្រមលើកលែងទាំងស្រុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងគុយបា។
ទោះជាយ៉ាងនេះក្ដីទស្សនកិច្ចរបស់លោក អូបាម៉ា ទៅប្រទេសគុយបា គឺជាលើកដំបូងរបស់មេដឹកនាំអាមេរិកទៅកាន់ប្រទេសអតីតសត្រូវសង្គ្រាមត្រជាក់ជាមួយគ្នានេះចាប់តាំងពីឆ្នាំ១៩៥៩ មក។
លោក អូបាម៉ា បានទទូចឱ្យប្រជាជនអាមេរិកបើកជំហបេះដូងជាមួយនឹងប្រជាជនប្រទេសគុយបាដើម្បីធ្វើឱ្យមានទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្និទ្ធស្នាលថែមទៀត៕
ប្រភព៖ BBC