loader

ប្រធានាធិបតីសហរដ្ឋអាមេរិកពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនអំពីជំនួយអាមេរិក

ប្រធានាធិបតីអ៊ុយក្រែន ដែលទៅកាន់សហរដ្ឋអាមេរិក បានទទួលការធានា និងជំនួយយោធាយ៉ាងច្រើន ពីប្រធានាធិបតី ចូ បៃឌិន ដែលយកជំនួបជាមួយសមភាគីរបស់លោក ដើម្បីគូសបញ្ជាក់ឱ្យពិភពលោកឃើញថា អាមេរិកនៅតែជាសម្ព័ន្ធមិនគួរឱ្យទុកចិត្តបាន។

 

ចាប់តាំងពីបានបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមក ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រើកិច្ចប្រជុំដំបូងរបស់លោក ជាមួយមេដឹកនាំបរទេស នៅថ្ងៃពុធ ទី០១ ខែកញ្ញា ដើម្បីបញ្ជូនសារថា សហរដ្ឋអាមេរិក ដែលរួចខ្លួនពីបន្ទុកសង្គ្រាមរ៉ាំរ៉ៃ មានឆន្ទៈក្លាយជាសម្ព័ន្ធមិត្តគួរឱ្យទុកចិត្ត ចំពោះប្រទេសជាមិត្តទាំងឡាយ។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអេភី ដែលរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ អំពីជំនួបរវាងលោក ចូ បៃឌិន និងលោក វ៉ូឡូឌីមៀរ ហ្ស៊ើឡឹនស្គី ប្រធានាធិបតីអ៊ុយក្រែន។

អេភីឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្យាយាមធានាចំពោះមុខភ្ញៀវថា រដ្ឋបាលរបស់លោកនៅតែជាខ្នងបង្អែកដ៏ពិតប្រាកដរបស់ប្រទេសអ៊ុយក្រែន ដែលនៅអឺរ៉ុបខាងកើត។ ប្រភពបន្តថា លោក បៃឌិន មិនបានថ្លែងពីប្រទេសអាហ្វហ្គានីស្ថានទេ ពេលស្ថិតនៅចំពោះមុខមាស៊ីនថត ជាមួយលោក ហ្ស៊ើឡឹនស្គី។

ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក បានរំលេចឱ្យឃើញច្បាស់នូវកង្វល់របស់លោក អំពីការបំពារបំពានរបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់។ អេភីបានរាយការណ៍ឱ្យដឹងដូច្នេះ ដោយរម្លឹកថា លោក បៃឌិន តែងតែទន្ទេញថា ការបញ្ចប់សង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើការប្រយុទ្ធទល់នឹងអំពើអាក្រក់ ពីសំណាក់ប្រទេសរុស្ស៊ី និងប្រទេសចិន។

អេភីបានស្រង់សម្ដីរបស់លោក បៃឌិន មកផ្សាយថា៖ «សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន នៅចំពោះមុខការបំពារបំពានរបស់ប្រទេសរុស្ស៊ី និងសម្រាប់សមាជិកភាពរបស់ប្រទេសនេះ នៅក្នុងអង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO)។»

ប្រធានាធិបតីអ៊ុយក្រែន បានទៅដល់សេតវិមាន ដើម្បីស្វែងរកជំនួយយោធាថែមទៀត និងការគាំទ្រសមាជិកភាពរបស់ប្រទេសអ៊ុយក្រែននៅក្នុងអង្គការណាតូ ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងាសារព័ត៌មានអេភី ដែលបន្ថែមថា លោក ហ្ស៊ើឡឹនស្គី បានសម្ដែងអំណរគុណចំពោះលោក បៃឌិន ដែលទទួលលោក ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងរវល់ពីរឿងដកទ័ព និងជម្លៀសមនុស្សពីប្រទេសអាហ្វហ្គានីស្ថាន។

អេភីបានស្រង់សម្ដីរបស់ប្រធានាធិបតីអ៊ុយក្រែនមកផ្សាយថា៖ «នៅពេលដែលពិភពលោក និងសហរដ្ឋអាមេរិក ស្ថិតនៅក្នុងវេលាដ៏លំបាក … អ្នកនៅតែលៃពេលសម្រាប់ជួបយើង។ យើងពិតជាសូមថ្លែងអំណរគុណចំពោះកាយវិការនេះ។»

មុនពេលដែលមេដឹកនាំទាំងពីរចូលប្រជុំក្នុងការិយាល័យរាងពងក្រពើនៃសេតវិមាន, រដ្ឋបាលរបស់លោក ចូ បៃឌិន បានសន្យាផ្ដល់ជំនួយថ្មីផ្នែកយោធាទៅឱ្យប្រទេសអ៊ុយក្រែន ដែលមានតម្លៃរហូតដល់៦០លានដុល្លារ។ អេភីបានឱ្យដឹងដូច្នេះ ដោយបន្ថែមតាមមន្ត្រីអាមេរិកថា ជំនួយនេះគឺចាំបាច់ណាស់ ដោយសារមាន«ការបង្កើនសកម្មភាពយោធារបស់ប្រទេសរុស្ស៊ីគួរឱ្យកត់សម្គាល់ នៅតាមខ្សែព្រំដែននៃប្រទេសនេះ» និងដោយសារមានការវាយប្រហារដោយកាំភ្លើងត្បាល់ មានការបំពានបទឈប់បាញ់ និងមានការបង្ករឿងជាច្រើនទៀត។

បើតាមអេភីដដែល ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងអរគុណលោក បៃឌិន ចំពោះជំនួយខាងលើ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ថានភាពនៃការប្រឆាំងនឹងកូវីដ-១៩នៅកម្ពុជា ប្រៀបធៀបនឹងស្ថានភាពនៅបរទេស

ស្ថានភាពទាក់ទងនឹងកូវីដ-១៩នៅតែជាបញ្ហាក្ដៅសម្រា[...]

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប[...]

អគ្គលេខាធិការ អសប ព្រមានចិន និង សរអ ឱ្យបញ្ចៀសសង្គ្រាមត្រជាក់ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x