ប្រធានាធិបតីលោក ត្រាន ដៃក្វាង (Tran Dai Quang)នៃរបបសង្គមនិយមវៀតណាមបានធ្វើមរណកាល កាលពីព្រឹកថ្ងៃសុក្រទី២១កញ្ញា ក្នុងជន្មាយុ៦១ឆ្នាំ ដោយជំងឺ ដែលនាំអោយមានភាពសោកសង្រែកជាខ្លាំង សម្រាប់ប្រជាជនវៀតណាម ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia នៅរយៈពេលពីរថ្ងៃមុននេះ លោកត្រាន បានបំពេញភារកិច្ចដូចសព្វដង ក្នុងនាមជាប្រធានាធិបតីដោយបានទទួលគណៈប្រតិភូនានា ពីប្រទេសចិន និងឥណ្ឌូនេស៊ី តែស្ថិតក្នុងអការៈទ្រុឌទ្រោមជាខ្លាំង។
លោក ត្រាន ដៃក្វាង បានឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកកាន់តំណែងនៅក្នុងក្រសួងសន្តិសុខសាធារណវៀតណាម។
រយៈពេលប៉ុន្មាន ឆ្នាំមកនេះ លោក ត្រាន ដៃក្វាង បានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងនាមជាថ្នាក់ជាន់ខ្ពស់មួយរូបក្នុងចំណោម ៣រូបនៃប្រទេសវៀតណាមដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗអន្តរជាតិ មកកាន់ប្រទេសវៀតណាម និងបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសជាមិត្តរបស់វៀតណាមជាច្រើនដែលជាការលើកស្ទួយមុខមាត់ប្រទេសអាស៊ានមួយនេះ នៅលើឆាកអន្តរជាតិ។
តាមឋានានុក្រមនៃរបបសង្គមនិយមវៀតណាម ឋានៈប្រធានាធិបតីដូច ត្រាន ដៃក្វាង គឺជាមេដឹកនាំទី៣ បន្ទាប់ពីអគ្គលេខាបក្ស និងនាយករដ្ឋមន្ត្រី។ គេអាចនិយាយបានថា តំណែងប្រធានាធិបតីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺជាតំណែងពិធីការប៉ុណ្ណោះ គឺមិនមានអំណាចដូចនាយករដ្ឋមន្ត្ រីនិងអគ្គលេខាធិការបក្សឡើយ៕