en     km
en     km

ប្រធានសហគមន៍ព្រៃឈើអូសោម ផ្តួចផ្តើមឱ្យស្រ្តីក្នុងសហគមន៍ ដាំរំដេង កែច្នៃធ្វើជាម្សៅ

Share

ភ្នំពេញ៖ ប្រធានសហគមន៍ព្រៃឈើអូសោម បានផ្តួចផ្តើមឱ្យស្រ្តីក្នុងសហគមន៍ ដាំរំដេង កែច្នៃជាម្សៅដើម្បីបង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាកស្រុក។ លើសពីនេះ អ្នកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូសោម បានបញ្ជាក់ថា ការដាំរំដេង កែច្នៃជាម្សៅនេះ ក៏មានគោលបំណងចង់ឱ្យក្លាយជាភូមិមួយ ផលិតផលមួយ ប្រចាំសហគមន៍ព្រៃឈើអូសោមនេះ ផងដែរ។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍

អ្នកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូសោម ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានប្រាប់វិទ្យុស្រ្តី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះថា សហគមន៍អ្នកស្រី កាលពីពេលថ្មីៗនេះ បានផ្តួចផ្តើមឱ្យស្រ្តីក្នុងសហគមន៍ ដាំរំដេងដើម្បី កែច្នៃ ជាម្សៅ លក់បង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារ  កាត់បន្ថយការចំណាកស្រុក​ និងជួយដល់ស្រ្តីមានមុខរបរនៅក្នុងសហគមន៍​។

អ្នកស្រី សន សុភាព៖«នៅក្នុងសហគមន៍ព្រៃឈើយើងក៏ផ្តើមធ្វើជាចម្ការ កសិរុក្ខកម្ម ដាំរំដេងដើម្បីឱ្យសមាជិកមានមុខរបរ គាត់ទៅការពារព្រៃឈើផង គាត់មិនលំបាកចំណាកស្រុក ធ្វើឱ្យគាត់កូនចៅបានទៅសាលារៀន មានមុខរបរនៅក្នុងហ្នឹង យើងប្រមូលទិញរំដេងពីកសិករនៅក្នុងភូមិ យើងចង់ឱ្យពួកគាត់ដាំរំដេងដើម្បីផលិតជាម្សៅ យើងទិញពីពួកគាត់យើងផលិតជាម្សៅយកទៅលក់នៅលើទីផ្សារ»។

អ្នកស្រី សុភាព បានឱ្យដឹងបន្ថែមថា ការប្រមូលផលរំដេងមានរយៈពេល ពី៦ខែទៅ១២ខែ បច្ចុប្បន្ននេះ អ្នកស្រី បានប្រមូលទិញពីកសិករ ឬសមាជិកនៅតាមគ្រួសារដែលគាត់បានដាំពីមុនៗ យកវាមកកែច្នៃ ធ្វើជាម្សៅរំដេង ដើម្បីយកទៅលក់នៅក្នុងភូមិ ផ្សារចុងសប្តាហ៍នៅខេត្ត ឬដាក់តាមអង្គការដៃគូពាក់ព័ន្ធ​មួយចំនួន។ អត្ថប្រយោជន៍ម្សៅរំដេង ប្រធានសហគមន៍ព្រៃឈើអូសោម បានប្រាប់ថាវាជួយដល់ជំងឺគ្រុនផ្តាសាយ ឈឺក្រពះ ដោយឆុងជាមួយទឹកក្តៅពិសារ ហើយម្សៅរំដេង វាងាយស្រួលធ្វើជាគ្រឿងសម្រាប់លាយធ្វើម្ហូបអាហារ ។

អ្នកស្រី សន សុភាព៖«អត្ថប្រយោជន៍វាមានច្រើន ដូចជាយើងផ្តាសាយ ឈឺក្រពះអាចឆុងជាមួយទឹកក្តៅញាំ ងាយស្រួលក្នុងការស្ល យើងមិនលំបាកទៅរកខាងក្រៅទេវាងាយស្រួលស្លយប់ព្រលប់ និងយើងប្រលាក់សាច់ជាដើមវាងាយស្រួលយើងមិនបាច់ទៅដំ ទៅបុកទេដោយសារយើងមានម្សៅមត់ស្រាប់នៅជិតដៃ​​វាងាយស្រួលសម្រាប់ស្រ្តីយើងក្នុងការចម្អិនអាហារ»។

តំណាងស្រ្តីជនជាតិដើមភាគតិចគួយ មួយរូប អ្នកស្រី សុភាព បានបា្រប់ឱ្យដឹងពីមូលហេតុដែល ផ្តួចផ្តើមឱ្យដាំរំដេង កែច្នៃជាម្សៅរំដេងនេះ នៅក្នុងសហគមន៍ ដែលអ្នកស្រីយល់ថា វត្ថុធាតុដើមមាននៅក្នុងសហគមន៍ កាលណាលក់ផលិតផលស្រស់វាបានតម្លៃតិច ជាងផលិតផលកែច្នៃ ហេតុនេះហើយទើបអ្នកស្រីបង្កើតឱ្យមានការកែច្នៃរំដេងទៅជាម្សៅរំដេងវិញលក់បានថ្លៃខ្ពស់ជាង។ លើសពីនេះអ្នកស្រីចង់ឃើញ ផលិតផល រំដេង នឹងអាចក្លាយជា ភូមិមួយផលិតផលមួយ សម្រាប់សហគមន៍ជនជាតិដើមភាគតិច ផងដែរ។

អ្នកស្រី សន សុភាព៖«ចង់ឱ្យមាន ភូមិមួយផលិតផលមួយដូចនៅក្នុងសហគមន៍ខ្ញុំជាជនជាតិដើមភាគតិចអ៊ីចឹង ​យើងអត់មានអីសម្គាល់ថាអូហ៍សម្រាប់ជនជាតិដើមភាគតិចនៅភូមិហ្នឹងមានកំណត់សម្គាល់អី ដែលពួកគាត់ផលិតបាន ធ្វើបាន អ៊ីចឹងយើងមានគំនិតមួយផ្តួចផ្តើម បើសិនជាយើងមានការងារហ្នឹង ប្រហែលស្រ្តីមួយចំនួនគាត់មិនបានចំណាកស្រុកឆ្ងាយនាំកូននាំចៅទៅទេ បើគាត់មានមុខរបរនៅក្នុងហ្នឹងគាត់មិនចំណាកស្រុក​ ហើយកូនគាត់បានទៅសាលា»។

ទាក់ទងនឹងបច្ចេកទេស កែច្នៃ ម្សៅរំដេងនេះដែរ អ្នកស្រីថាទទួលបានជំនួយពីអង្គការដៃគូមួយ តែនៅមានការខ្វះខាតច្រើនទៀត។ ដូច្នេះ អ្នកស្រីសូមអំពាវនាវដល់អង្គការនានាជួយលើបច្ចេកទេសម៉ាស៊ីនកែច្នៃ បន្ថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការរបស់ស្រ្តីជនជាតិដើមភាគតិចនៅក្នុងសហគមន៍ ព្រៃឈើអូសោម ដែលស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ ៕

ប្រភពរូបភាព៖ អ្នកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូសោម

Share

ព័ត៌មានទាក់ទង