loader

ប្រធានគ.ជ.បហ៊ានបញ្ចប់ដំណែងខ្លួនបើមិនអនុវត្តន៍បាននូវស្ដង់ដារសកលនៃការបោះឆ្នោត


ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប បានរៀបរាប់ប្រាប់ទៅអាមេរិកអំពីប្រវត្តិកម្ពុជាកន្លងមក ហើយឈានមកដល់ការដែលកម្ពុជាអាចរៀបចំការបោះឆ្នោតដោយខ្លួនឯងបាន ហើយលោកថាបើលោកមិនអាចអនុវត្តន៍បាននូវស្ដង់ដារជាសកលនៃការបោះឆ្នោតនោះទេ លោកហ៊ាននឹងចុះចេញពីដំណែង ។ នេះជាការបញ្ជាក់នៃស្ថានភាពចុងក្រោយ ក្រោយពេលអន្តរជាតិ និងមជ្ឈដ្ឋានមួយចំនួន នៅតែបន្តអះអាងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកន្លងទៅ ហើយទទូចឱ្យមានការបោះឆ្នោតឡើងវិញ ។
លោក សោម លាភ រាយការណ៍លម្អិតពីព័ត៌មាននេះ ៖


ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺលោក ស៊ិក ប៊ុន ហុក បញ្ជាក់បែបនេះ ក្នុងជំនួបជាមួយប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិកនៅទីស្ដីការនៃគណៈកម្មាធិការនេះ កាលពីថ្ងៃទី ១ តុលាឆ្នាំ ២០១៩ ។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បន្ទាប់ពីកិច្ចប្រជុំនេះមួយថ្ងៃ បានដាក់ជាចំណងជើងថា កម្ពុជាមួយដែលចេញពីសង្គមខ្ទេចខ្ទី មករៀបចំការបោះឆ្នោតដោយខ្លួនឯង ។
សេចក្ដីប្រកាសព័ត៌មាននោះបញ្ជាក់ថា លោកស៊ិក ប៊ុនហុក បានរំលឹកដោយចាប់ផ្ដើមពីរបបប្រល័យពូជសាសន៍ប៉ុលពត ឬរបបមានឈ្មោះថាកម្ពុជាប្រជាធិបតេយ្យ ។ លោកថា កាលពីថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ លោកប៉ុលពត មេដឹកនាំនៃរបបនេះដាក់ចេញនូវគោលនយោបាយមួយចំនួនដូចជា៖ ជម្លៀសប្រជាជនចេញពីទីក្រុង, ផ្សឹកព្រះសង្ឃយកទៅធ្វើស្រែ, ប្រហារជីវិតមេដឹកនាំនៃរបបលន់ នល់, បង្កើតសហករណ៍ឱ្យមានការហូបរួម, បណ្ដេញជនជាតិវៀតណាមឱ្យអស់ពីកម្ពុជា, បញ្ជូនទ័ពទៅបណ្ដាព្រំដែនដើម្បីបង្ករអរិយភាពជាមួយប្រទេសជិតខាង, លុបបំបាត់សាលារៀន មន្ទីរពេទ្យ និងមានការធ្វើបន្សុទ្ធកម្មជាដើម ។
ប្រធានគ.ជ.ប រូបនេះថា មូលហេតុទាំងនេះ បានធ្វើឱ្យកម្ពុជា​ដើរដល់ចំណុចសូន្យ ដោយមានការសម្លាប់មនុស្ស មិនរើសមុខ មិនគិតថាសាច់ញាតិជាដើម ជាហេតុធ្វើឱ្យមានមនុស្សបញ្ចប់ជិវិតខ្លួនឯងទៀតផង ។
លោកបញ្ជក់បន្ថែមក្នុងន័យដើមថា ប្រជាជនខ្មែរត្រូវបានហាមឃាត់ ដោយ«មានមាត់មិនឱ្យនិយាយ មានត្រជាកមិនឱ្យស្ដាប់ មានភ្នែកមិនឱ្យមើល »។
លោកអះអាងថា លោកគឺជាអ្នកច្បាប់មួយរូ​ប ក្នុងចំណោមអ្នកច្បាប់៧ រូបដែលអាចរស់រានមានជីវិតក្រោយរបបខ្មែរក្រហមបញ្ចប់ ។ លោកថា ការណ៍នេះជាការធ្វើឱ្យមានការចាប់កំណើតឡើងនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឈានទៅដល់មានការរៀបចំការបោះឆ្នោតលើកទី ១ នៅឆ្នាំ ១៩៩៣ ។
ក្រោយមានការបង្កើតឱ្យមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីឆ្នាំ ១៩៩៧ លោកស៊ិក ប៊ុនហុកថាការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវបានរៀបចំឡើងរហូតដល់ទៅ ១៦ ដងមកហើយ ។
លោកក៏បានចោទសួរទៅប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិកថា តើត្រូវរៀបចំការបោះឆ្នោតបែបណាដែលគ្រប់ភាគីទាំងអស់មិនតវ៉ា ហើយទទួលយកលទ្ធផលនៃការបោះឆ្នោតនោះ ។
លោកស៊ិក ប៊ុនហុក ថាបន្ទាប់ពីលោកត្រូវបានតែងតាំងឱ្យធ្វើជាប្រធានគ.ជ.ប លោកបានដាក់ចេញនូវគោលការណ៍ដូចជា ឯករាជ្យ, អព្យាក្រិត្យ មិនលម្អៀង, សុចរិតភាព, តម្លាភាព, ប្រសិទ្ធភាព, វិជ្ជាជីវៈ និងបម្រើលើកិច្ចការងារ ។
លោកថា គ.ជ.ប ត្រូវគោរពនូវរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ ។ លោកបញ្រ្ជាបពីការធ្វើបច្ចុប្បន្នភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ដោយលុបឈ្មោះអ្នកទទួលមរណភាព អ្នកផ្លាស់ទីលំនៅ អ្នកត្រូវដកហូតសិទ្ធិបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មីចំពោះអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ដែលអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ។
លោកអះអាងយ៉ាងច្បាស់លាស់ថា ក្រោមការដឹកនាំការព្រឹត្តទៅទាំងមុន អំឡុងពេល និងក្រោយពេលនៃការបោះឆ្នោត គឺលោកត្រូវតែអនុវត្តន៍ទៅតាមច្បាប់ដែលមានជាធរមាន ដែលលោកថាត្រូវតែឱ្យមានឯករាជ្យភាព តម្លាភាព និងស្ដង់ដារ ។ លោកបន្ថែមថា ស្ដង់ដា ៣ ដែលលោកអនុវត្តន៍ បើអនុវត្តន៍មិនបានលោកសុខចិត្តដើរចេញ គឺ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងតម្លាភាពការងារ ។
គួររំលឹកថា ការបោះឆ្នោតសភាជាតិ និងការបោះឆ្នោតឃុំសង្កាត់ គឺមានការលើកឡើងពីមជ្ឈដ្ឋានមួយចំនួន ពិសេសពីអតីតគណបក្សប្រឆាំងថា មិនប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងភាពស្មើគ្នានោះទេ ។
ចំពោះការបោះឆ្នោតកន្លងទៅ ដែលមានភាពចម្រោងចម្រាស់ខ្លាំងរវាងភាគីពាក់ព័ន្ធនោះ គឺការបោះឆ្នោតសភាជាតិនីតិកាលទី ៦ ព្រោះការបោះឆ្នោតនោះប្រព្រឹត្តទៅដោយមិនមានគណបក្សប្រឆាំងធំជាងគេចូលរួមឡើយ ។ សហគមន៍ជាតិ និងអន្តរជាតិ ពិសេសគឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ដោយឱ្យមានគណៈបក្សសង្គ្រោះជាតិចូលរួម ។ ជាលទ្ធផលនៃការឆ្នោតសភាជាតិ កាលពីឆ្នាំ ២០១៨ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ក្លាយជាបក្សតែមួយក្នុងរដ្ឋសភា ក្នុងប្រទេសដែលមានច្បាប់ចែងថា ជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនក្នុងវគ្គផ្ដាច់ព្រ័ត្រស្ដីពីចំណូលថវិកាជាតិកាន់តែទទទួលបាននូវចំណេះដឹងពីប្រភពនៃចំណូលរបស់ជាតិ

ថ្ងៃទី១៨តុលានេះអង្គការតម្លាភាពកម្ពុជាហៅកាត់ថា[...]

បទសម្ភាស៖ អ្នកវិភាគថា ដំណោះស្រាយនយោបាយនៅកម្ពុជាគឺត្រូវមើលទៅលើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយឯករាជ[...]

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត