en     km
en     km

ប្រទះឃើញសម្បុកសត្វក្រពើភ្នំសរុបចំនួន ៥ សម្បុកនៅឧទ្យានជាតិជួរភ្នំក្រវាញ

Share

ពងក្រពើពាស់។ ប្រភពរូបភាព ពីក្រសួងបរិស្ថាន។

សត្វក្រពើភ្នំជាសត្វជិតផុតពូជពីធម្មជាតិ និងជាប្រភេទសត្វកម្រមួយប្រភេទក្នុងបញ្ជីាក្រហមរបស់ពិភពលោក តែត្រូវបានប្រទះឃើញចំនួន ៥ សម្បុកនៅឧទ្យានជាតិជួរភ្នំក្រវាញ ប្រទេសកម្ពុជា។ សម្រាប់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាត់ទុកវត្តមាននៃសម្បុកក្រពើភ្នំនេះ កើតចេញពីកិច្ចខិតប្រឹងប្រែងនៃការអភិរក្សនិងស្តារទីជម្រករបស់ក្រពើភ្នំពីសំណាក់អ្នកពាក់ព័ន្ធ។

(កញ្ញា សៃ ចន្ធី រាយការណ៍)

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាននៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ឱ្យដឹងថា សម្បុកក្រពើភ្នំសរុបចំនួន ៥ សម្បុក ដែលប្រទះឃើញនៅឧទ្យានជាតិជួរភ្នំក្រវាញត្រូវបានរកឃើញកាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤កន្លងទៅ និងជាសម្បុកពងកូនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកហើយ។
ចំនួនពងក្នុងសម្បុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ហើយពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន ៦៦គ្រាប់ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល បានញាស់ចេញពីសម្បុកដោយជោគជ័យក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ពងក្រពើពាស់។ ប្រភពរូបភាព ពីក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានក្នុងនោះយុទ្ធសាស្ត្រទី២«ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រករបស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។
ចំណែកលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកឡើងដែរថា នេះជាជោគជ័យមួយថ្មីទៀតនៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជដែលក្រសួងកសិកម្ម សហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានកំណើនសត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និងសត្វអណ្តើកហ្លួងជាដើម។

មន្ត្រីពិនិត្យពងក្រពើ។ ប្រភពរូបភាព ពីក្រសួងបរិស្ថាន។

មួយវិញទៀតលោកបន្ថែមថា រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មសហការជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានជ្រើសរើសពូជក្រពើភ្នំសុទ្ធមកបង្កាត់ ហើយដាក់ចូកទៅក្នុងជម្រកធម្មជាតិវិញក្នុងដែនអភិរក្សបរិស្ថាន រហូតចេញជាផ្លែផ្កាគួរជាទីមោទនៈ ដោយសត្វក្រពើភ្នំនេះអាចបន្តពូជដោយខ្លូនឯង ហើយបង្កើតជាសម្បុក និងកូនជំនាន់ថ្មីក្នុងធម្មជាតិ។
រីឯលោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជាបាននិយាយថា ជាងមួយទស្សវត្សរ៍មកហើយដែលអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ជាមួយនឹងដៃគូរបានខិតខំប្រឹងប្រែងក្នុងបេសកកម្មក្នុងការជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជា។ ទាក់ទងការបង្កាត់ពូជក្រពើភ្នំវិញ នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជារូបនេះ ឱ្យដឹងថា ក្រុមការងារបានជ្រើសរើសពូជក្រពើភ្នំសុទ្ធមកបង្កាត់តែប៉ុណ្ណោះ គឺដើម្បីធានាថាសត្វក្រពើរទាំងអស់មានទីជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិវិញ។

ពងក្រពើ។ ប្រភពរូបភាព ពីក្រសួងបរិស្ថាន។
ដោយឡែកលោក ថយ ឈន អ្នកល្បាតក្រពើភ្នំបានបង្ហាញចំណាប់អារម្មរណ៍ថា លោកពិតជារំភើបណាស់ចំពោះការរកឃើញនេះ ដែលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមល្បាតដោយទទួលបានជោគជ័យ។ លោកបេ្តជ្ញាថា នឹងខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់ធ្វើឱ្យចំនួនក្រពើភ្នំបន្តកើនឡើងនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ មានចំនួនប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាបានចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល។
សូមជម្រាបថា ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសម្បុកពងកូនចំនួន ៥សម្បុក និងញាស់ជោគជ័យបាន ៦០កូននេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងសមស្របសម្រាប់ប្រភេទសត្វដ៏កម្រនេះរស់នៅ៕

 

ត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង