ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈកប់ក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។
នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។
បើតាមអាជ្ញាធរជាតិអប្សរាដដែរ ថាសលោហៈនេះមានទំហំអង្កត់ផ្ចិត ៦២ ស.ម ជម្រៅបាតថាស ៣ ស.ម។ ថាសនេះមានផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗពទ័្ធជុំវិញ។
ដោយឡែកនៅលើផ្ទៃថាសទាំងមូលនេះ ពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចកំណត់ពីអាយុកាលនៃវត្ថុមួយនេះបានច្បាស់លាស់ទេ។
បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកថាសលោកហៈនេះ មករក្សាទុកជាបណ្តោះអាសន្ននៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះ មុននឹងលាងសម្អាត ជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕