ក្រុងប៉េកាំង៖ លោកនាយករដ្ឋមន្ត្រីចិនលោក លី កឺជាំង (Li Keqiang) បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមលោក ងៀង ស៊ុងផុង (Nguyen Xuan Phuc)ថា ប្រទេសចិន និងវៀតណាម គួរតែធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ព្រមទាំងត្រួតពិនិត្យ និងគ្រប់គ្រងនៅតំបន់ជម្លោះនោះរួមគ្នា។
ក្រសួងការបរទេសចិនបានឱ្យដឹងនៅថ្ងៃអង្គារទី ១៣ កញ្ញានេះថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ លោក លី កឺជាំង បានប្រាប់ទៅលោក ផុង ថា រឿងសមុទ្រចិនខាងត្បូង គឺមានជាប់ពាក់ព័ន្ធបញ្ហាចំនួនពីរ គឺទាក់ទិនអធិបតេយ្យភាព និងសិទ្ធិធ្វើនាវាចរណ៍លើដែនសមុទ្រ ព្រមទាំងស្មារតីជាតិនិយមផងដែរ។ លោក លី និយាយថា៖«ប្រទេសចិន និងវៀតណាមគួរតែធ្វើការរួមគ្នា, គោរពមតិរួមគ្នាយ៉ាងប្រយ័ត្នប្រយែងកម្រិតខ្ពស់បំផុតរវាងប្រទេសទាំង, រក្សាឱ្យបាននូវស្ថិរភាពនាវាចរណ៍លើដែនសមុទ្រ, គ្រប់គ្រងនិងពិនិត្យដែនជម្លោះរួមគ្នា, លើកកម្ពស់កិច្ចសហប្រតិបត្តិការតាមផ្លូវសមុទ្រ, បន្តជំរុញការចូលរួមមតិរួម, រួមគ្នារក្សាសន្តិភាពក្នុងដែនសមុទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍដែលមានស្ថិរភាពនៃចំណងទំនាក់ទំនងទ្វេភាគីផងដែរ»។
ក្រសួងការបរទេសចិន ក៏បានលើកឡើងពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីវៀតណាមលោក ងៀង ស៊ុងផុង និយាយថា បញ្ហានាវាចរណ៍លើដែនសមុទ្រគួរតែដោះស្រាយឱ្យបានត្រឹមត្រូវ និងសន្តិវិធី ឈរលើមូលដ្ឋាននៃសមភាព និងគោរពគ្នាទៅវិញទៅមក។ មួយវិញទៀតលោកថា ប្រទេសទាំងពីរមិនត្រូវអនុញ្ញាតឱ្យបញ្ហាដែនសមុទ្រនេះ ធ្វើឱ្យប៉ះពាល់ដល់ការវិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។
កន្លងមកប្រទេសចិន ធ្លាប់បានទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង។ ច្រកសមុទ្រនៅសមុទ្រចិនខាងត្បូង គឺជាផ្លូវនាវាចរណ៍មួយដ៏សំខាន់ដែលអាចរកប្រាក់ចំណូលបាន ៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការធ្វើចរាចរណ៍ឆ្លងកាត់តំបន់នោះជារៀងរាល់ឆ្នាំ។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម ក៏បានទាមទារដែនសមុទ្រជម្លោះនោះដូចគ្នា ហើយប្រទេសទាំងនោះជឿថាតំបន់នោះគឺមានប្រេងកាត និងឧស្ម័នផងដែរ។
កាលពីខែកក្ដដា តុលាការអាជ្ញាកណ្តាលអន្តរជាតិក្រុងឡាអេបានសម្រេចថា ការទាមទាររបស់ប្រទេសចិនលើផ្លូវទឹកនោះ គឺមិនត្រឹមត្រូវនោះទេ បន្ទាប់ពីប្រទេសហ្វីលីពីនបានប្តឹងករណីនេះទៅកាន់តុលាការមជ្ឈឹត្តការអន្តរជាតិ។ តែយ៉ាងក្រុងប៉េកាំងបានបដិសេធមិនព្រមទទួលស្គាល់សេច ក្តីសម្រេចនេះទេ។
វៀតណាមវិញស្វាគមន៍ចំពោះសេចក្តីសម្រេចនោះ ដោយនិយាយថា សេចក្តីសម្រេចនោះនឹងគាំទ្រយ៉ាងខ្លាំងដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ខណៈមានការអះអាងទាមទារអធិបតេយ្យភាពរៀងៗខ្លួននោះ។
កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិន្ទត្រា ម៉ូឌី(Narendra Modi) បានផ្តល់កម្ចីឥណទានដល់វៀតណាម ប្រមាណ ៥០០ លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ការផ្តល់កម្ចីជាលើកដំបូងដល់ប្រទេសវៀតណាមនេះ គឺដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្នែកយោធានៅដែនជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា ការផ្តល់កម្ចីពីឥណ្ឌានេះ គឺបន្ទាប់ពីវៀតណាមបានបង្កើនលើវិស័យការពារជាតិជិត ៧០០ ភាគរយកាលពីឆ្នាំ ២០១៥។
យោងតាមអ្នកវិភាគភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍បានសន្និដ្ឋានថា ប្រទេសទាំងពីរនេះ ពោលគឺចិន និងវៀតណាម នឹងមិនអាចមានការប៉ះទង្គិចណាមួយជាដុំកំភួនទៀតទេ ព្រោះថាប្រទេសទាំងពីរនេះមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាច្រើនជាមួយគ្នា។ ចិនបានធ្វើការវិនិយោគទុនជាច្រើនក្នុងប្រទេសវៀតណាម ពិសេសលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
កាលពីឆ្នាំ ២០១២ ប្រជាជនវៀតណាមបានផ្ទុះកំហឹង ដោយបានដុតរោងចក្រសហគ្រាសចិន ក្នុងទឹកដីវៀតណាមជាច្រើន ហើយកាលណ្ណោះមានការប៉ាន់ប្រមាណថា ចិនបានខាតបង់ប្រាក់រាប់រយលានដុល្លារក្នុងមហាបាតុកម្មប្រឆាំងចិន ដែលបានឈានពានចូលដែនកោះប៉ារ៉ាសែល ដែលវៀតណាមអះអាងថា ជាដែនទឹកប្រវត្តសាស្ត្ររបស់ខ្លួន។
អ្នកវិភាគកត់សម្គាល់ទៀតថា ចិនទំនងជាមិនធ្វើអ្វីផ្តេសផ្ដាសទៀតនោះទេ ព្រោះវៀតណាមក៏មានសាច់ដុំដើម្បីឆ្លើយតបនឹងការឈ្លានពានណាមួយពីសំណាក់បរទេសដែរ ពិសេសនោះគឺវៀតណាមបានហក់ចាប់យកមហាអំណាចថ្មីជាខ្នងបង្អែក គឺសហរដ្ឋអាមេរិក៕ប្រភព៖CNA