en     km
en     km

ដូចការរំពឹងទុក៖ ទូក «ចន្ទតារារស្មីបារមីវត្តសម្តេចចៅហ្វាជួន» ខេត្តកំពង់ឆ្នាំងឈ្នះផែនលេខ១

Share

លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទុកស្រែចោលស្រូវនៅស្រុក នាំគ្នាមកប្រកួតប្រណាំងទូកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ។ ជាលទ្ធផលក្រុមចំណុះទូក«ចន្ទតារារស្មីបារមីវត្តសម្តេចចៅហ្វាជួន» ដែលស្ថិតនៅទីអារាមវត្តសម្ដេចចៅហ្វាជួន ភូមិសំព័រ ឃុំតាជេស ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង នៅតែរក្សាតំណែងដែលទទួលបានផែនលេខ១ជាថ្មីម្ដងទៀត ដ្បិតថាឆ្នាំមុនទូកនេះក៏ទទួលបានផែនលេខ១ដែរ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

មុនការប្រកួត១ថ្ងៃក្រុមការងារវិទ្យុស្ត្រីបានចុះ ស​ម្ភាសតាមចំណុះទូករបស់កីឡាករមកពីខេត្តកំពង់ឆ្នាំង ចតនៅក្បែរស្ពានបាឡែរ ឆ្លងកាត់ទន្លេសាប ឫស្សីកែវ រាជធានៅភ្នំពេញ។ ពេលនោះ ពួកគេបានប្តេជ្ញាចិត្ត និងដាក់ក្តីរំពឹងថា ក្នុងការប្រកួតនៅឆ្នាំនេះ ត្រូវតែយកជ័យលាភីលេខ១ទៅវត្តវិញឱ្យបាន ជូនដល់អ្នកគាំទ្រ និងអ្នកឧបត្ថម្ភ រួមទាំងលើកមុខមាត់ស្រុកផងដែរ ទោះបីជាប្រឈមនឹងផលលំបាកបែបណាក៏ដោយចុះ។ ការប្តេជ្ញាចិត្ត និង សាមគ្គីភាពរបស់កីឡាករ ព្រមទាំងអ្នកជ្រោមជ្រែងតាមរយៈថវិកា និងកម្លាំងនានារបស់ទូក «ចន្ទតារារស្មីបារមីវត្តសម្តេចចៅហ្វាជួន» ដែលស្ថិតនៅទីអារាមវត្តសម្ដេចចៅហ្វាជួន ភូមិសំព័រ ឃុំតាជេសស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ជាលទ្ធផលពិតជាទទួលបានជ័យលាភីផែនលេខ១ដូចក្ដីប្រាថ្នាមែន។ ក្រោមពីទទួលបាន ជ័យលាភី កីឡាករប្រណាំងទូកម្នាក់ គឺ យុវជន ធឿន សៀវធាន បានបង្ហាញអារម្មណ៍តាមរយៈសំណេរខ្លីមកវិទ្យុស្ត្រី នៅថ្ងៃ១៨​ ខែវិច្ឆិកាថា «អារម្មណ៍ពេលដែលទទួលបានដូចការរំពឹងទុក គឺសប្បាយចិត្តខ្លាំងរកអ្វីប្រៀបពុំបាន គឺសាកសមនឹងការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់កីឡាករទាំងអស់ និងគណៈកម្មការ និងព្រះគ្រូចៅអធិការវត្តសូត្រស្ដាំ សូត្រឆ្វេង និងឯកឧត្តមលោកជំទាវ និងអ្នកគាំទ្រទាំងអស់រហូតទទួលបានដូចការរំពឹងទុកនេះ »។

យុវជន ធឿន សៀវធាន កីឡាករប្រណាំងក្នុងចំណុះទូក«ចន្ទតារារស្មីបារមីវត្តសម្តេចចៅហ្វាជួន»។ រូបភាព៖ WMC/Reaksmey

 

រីឯ លោក មី សុជាតិ ជាកីឡាករប្រណាំងក្នុងចំណុះទូកនេះដូចគ្នា ក៏បានបង្ហាញពីអារម្មណ៍រីករាយនឹងសាទរជាខ្លាំងចំពោះលទ្ធផងនេះ។ លោកបានលើកឡើងថា បន្ទាប់ពីចប់ការប្រកួត និងដឹងលទ្ធផលភ្លាម ក្រុមកីឡាករមួយចំនួនបានរួសរាន់ត្រឡប់ទៅស្រុកវិញ អ្នកខ្លះទៅទាំងយប់ក៏មានដែរ ដ្បិតអីដើម្បីការប្រកួតដែលជាទឹកចិត្តក្តីស្រឡាញ់ ពួកគេបានទុកចម្ការ ដំណាំ ស្រូវស្រែជាង១សប្តាហ៍។

 «កម្មវិធីហែហមបានតែលើកទេ ដោយសារតែរដូវនេះ រដូវប្រាំង អ៊ីចឹងបងប្អូនខាងចំណុះទូកទាំងអស់គាត់រវល់ខ្លាំងណាស់ គាត់រវល់ខ្លាំងមែនទែន។ អ្នកខ្លះមកតាំងពីម្សិលម្ងៃ(ថ្ងៃ១៦) គ្រាន់តែចប់ការប្រកួតភ្លាមពួកគាត់ឡើងឡានមកខ្លះមក ដើម្បីធ្វើស្រែ…។ អ៊ីចឹងចង់ធ្វើកម្មវិធីជួបជុំអី រីករាយអី ធ្វើអត់កើតទេ រវល់ណាស់ម្នាក់ៗរវល់ខ្លាំងមែនទែន ព្រោះអីចោលស្រូវ ចោលចម្ការឯនេះ ចង់១សប្តាហ៍ទៅហើយ ដល់ពេលអ៊ីចឹង កម្មវីធីទើបតែលើកទូកឡើងដាក់លើបង្គងជ័យហើយគេលាគ្នាមកធ្វើស្រែចម្ការវិញ»។

លោក មី សុជាតិ កីឡាករប្រណាំងក្នុងចំណុះទូក«ចន្ទតារារស្មីបារមីវត្តសម្តេចចៅហ្វាជួន»។ រូបភាព៖ មី សុជាតិ

 

នៅក្នុងអំឡុងពេលប្រកួតរយៈពេល ៣ថ្ងៃនេះ ស្ថានភាពក្នុងក្រុមដែលមកវត្តសម្ដេចចៅហ្វាជួន ហាក់មិនសូវល្អ ដែលហេតុធ្វើឲ្យកីឡាករក្នុងចំណុះទូកស្ទើតែបាក់ទឹកចិត្ត។ ប៉ុន្តែ ដោយសាមគ្គីភាព និងការលើកទឹកចិត្តរវាងគ្នានឹងគ្នាក្នុងក្រុមដោយធ្វើយ៉ាងណាព្យាយាមឲ្យអស់ពីសមត្ថភាព ទោះបីចាញ់ក៏ធ្វើឲ្យក្រុមរបស់ពួកគេអស់ចិត្តផងដែរ។ ដោយសារតែ ខំមិនបោះបង់ ជាលទ្ធផលនៅក្នុងការប្រកួតចុងក្រោយពួកគេធ្វើបានល្អ នឹងអាចយកជ័យលាភីផែនលេខ១បានផងដែរ។ ពាក្យស្លោកប្រចាំក្រុមលោកគឺ «ឈ្នះដោយការគោរព ចាញ់ដោយអស់ចិត្ត»  ថ្វីត្បិតថាចាញ់ឈ្នះជារឿងធម្មតាក្នុងការប្រកួត ហើយកីឡាករតែងតែចិញ្ចឹមចិត្តចង់ឈ្នះគូប្រកួតរៀងខ្លួន ប៉ុន្តែទទឹមនឹងការចង់ឈ្នះ ការឈ្នះគឺជាការឈ្នះប្រកបដោយភាពត្រឹមត្រូវ និងថ្លៃថ្នូរ។ ម្យ៉ាងវិញទៀតទទឹមនឹងការចង់បានជ័យលាភី ការប្រកួតនេះជាទស្សនីយភាព បម្រើភាពសប្បាយរីករាយដល់ទស្សនិកជន និងអ្នកគាំទ្រ។ ដូច្នេះ ហើយកីឡាករមិនមែនមានតួនាទីដណ្តើមយកតែជ័យលាភីនោះទេ។

«យើងលេងចង់បានជ័យជម្នះទាល់តែយើងខំប្រឹងសាមគ្គីគ្នា មិនទៅនេះគ្រាន់តែថាយើងសប្បាយទាំងអស់គ្នាហើយ ប៉ុន្តែកីឡានរណាក៏ចង់ឈ្នះដែរ តែឈ្នះដោយមានសុក្រឹត មានយុត្តិធម៌ ធ្វើអីធ្វើឱ្យអស់ពីចិត្ត។ ដូចកីឡាខ្ញុំជួប៣ថ្ងៃនេះ ទូកទាំង៣ហ្នឹង មុនប្រកួតយើងសុទ្ធតែគូប្រយុទ្ធគ្នាទាំងអស់។ តែដល់តែពេលជួបហើយ(ប្រកួតហើយ) មកជិតគ្នា ហើយសើចសប្បាយទាំងអស់គ្នា។ គេទទួលស្គាល់ថា ទូកបងឯងល្អលេងល្អ លេងយុត្តិធម៌ ចាញ់ដោយការគោរពគ្នា។ យើងឈ្នះគេ គេគោរពយើងៗចាញ់គេទទួលស្គាល់។ លេងល្អហើយលឿនអ៊ីចឹងគេទទួលស្គាល់ អ៊ីចេងយើងសប្បាយទាំងអស់គ្នា អត់មានគុំគួនទេ។ បើដូចពីមុនៗមកមានទូកខ្លះគាត់ចង់ឈ្នះបំពានគេវា ទៅជាមានបញ្ហា បើអ៊ីចឹងពួកខ្ញុំនិយាយហើយនិយាយទៀតតាំងពីដើមមកថា ឈ្នះដោយការគោរព ចាញ់ដោយអស់ចិត្ត»។

រូបភាព​៖ មី សុជាតិ

 

រូបភាព​៖ មី សុជាតិ

ទូកចន្ទតារារស្មីបារមីវត្តសម្តេចចៅហ៊្វាជួន ទទួលបានការឧបត្ថម្ភពីលោក ប៉ាល់ ចន្ទតារា និងភរិយា គឺលោកស្រី កែវ រស្មី ដែលជួយទៅលើម្ហូបទាំង៥ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១២-១៦ ដោយក្នុងមួយថ្ងៃ៨០ម៉ឺនរៀល សរុប ៤លានរៀល ថ្លៃធ្វើដំណើរ ១លានរៀល ខោអាវនិងមួក១៨០កំផ្លេរ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនធំទៀតផងដែរ៕

(អត្ថបទសរសេរដោយកញ្ញា ងិន ស៊ាងលីម)

 

រូបភាព​៖ មី សុជាតិ

 

រូបភាព​៖ មី សុជាតិ

 

រូបភាព​៖ មី សុជាតិ

Share

Image Not Found
Image

ព័ត៌មានទាក់ទង