ភ្នំពេញ៖ អស់រយៈពេលជិតមួយខែហើយ ដែលប្រជាពលរដ្ឋនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងបានឡើងមកតវ៉ា នៅរាជធានីភ្នំពេញដើម្បីស្វែងរកអន្តរាគមដោះស្រាយទំនាស់ដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនធំៗដែលមានឥទ្ធិពល។ ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយពីរដ្ឋាភិបាលនៅឡើយ។តំណាងប្រជាពលរដ្ឋទាំងនោះលើកឡើងថា បើគ្មានដំណោះស្រាយទេពួកគាត់នឹងមិនត្រឡប់ទៅវិញឡើយ។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាន៖
ប្រជាពលរដ្ឋប្រមាណ១០០នាក់តំណាងឲ្យអ្នកភូមិចំនួន ១៧៥គ្រួសារមកពីស្រុកស្រែអំបិលខេត្តកោះកុង ដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី ជាយទីក្រុងភ្នំពេញបានអំពាវនាវឱ្យរដ្ឋាភិបាល ពន្លឿនដោះស្រាយដីជម្លោះរបស់គេ ខណៈការរស់នៅរបស់ពួកគេនៅទីក្រុងភ្នពេញកំពុងជួបញ្ហាផ្នែកជីវភាពជាខ្លាំង។
អ្នកស្រី ផាវ ញ៉ឺង តំណាងម្នាក់របស់ក្រុមប្រជាពលរដ្ឋ បានត្អូញត្អែរទាំងអស់សង្ឃឹម។ «ពួកយើងពិបាករស់នៅយើងខ្វះស្បៀងអាហារគ្រប់មុខជាពិសេសទឹកហូប ស្នើសុំឱ្យក្រសួងពាក់ព័ន្ធទាំងអស់មេត្តាពន្លឿនក្នុងការដោះស្រាយដីឱ្យពួកខ្ញុំ ពួកយើងចង់ត្រលប់ទៅផ្ទះវិញមែនទែន បើសិយើងលែងដៃយើងត្រលប់ទៅផ្ទះវិញ គឺអត់មានការឆ្លើយតបជាមួយយើងរហូតហើយ»។
ប្រជាពលរដ្ឋចំនួន ១៧៥ គ្រួសារនៅឃុំជីខលើ ស្រុកស្រែអំបិល បានអះអាងថាបានរងគ្រោះដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនកោះកុង ស៊ូហ្គើរ របស់លោកឧញ៉ា លី យ៉ុងផាត់ ដែលជាឈ្មួញមានឥទ្ធិពលមួយរួប និងក្រុមហ៊ុនហេង ហ៊ុយ ចាប់តាំងពី ខែឧសភា ឆ្នាំ២០០៦មកម្លេះ។ បើតាមក្រុមប្រជាពលរដ្ឋ ដីមានជម្លោះជាមួយក្រុមហ៊ុនទាំងពីរនេះ មានទំហំប្រមាណជាង៨០០ហិចតា។
ក្រុមប្រជាពលរដ្ឋបានឡើងមកតវ៉ាក្នុងទីក្រុងភ្នំពេញជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែមិនទាន់ទទួលបានលទ្ធផលអ្វីទេ។ លើកចុងក្រោយនេះពួកគេបានឡើងមកតវ៉ាតាំងពីថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០១៦ និងបានស្នាក់នៅវត្តសាមគ្គីរង្ស៊ី និងបានដើរដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន រដ្ឋសភា ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសុំអន្តរាគមន៍ឲ្យមានការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់។
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៧ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីទី ៨ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន បានជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋទាំង ១៧៥គ្រួសារ នៅទីស្តីការក្រសួង ក្នុងនោះក្រសួងដែនដីបានផ្តល់ដំណោះស្រាយមួយដល់អ្នករងគ្រោះដីធ្លីទាំងនោះ ដោយក្នុងមួយគ្រួសារទទួលបាន ១ ហិកតាកន្លះ។
ប៉ុន្តែក្រុមប្រជាពលរដ្ឋរងគ្រោះបានបដិសេធសំណើរនេះ។ហើយពួកគាត់បានទាមទារដីមួយគ្រួសារ ២ ហិកតា និងទារសំណងជំងឺចិត្តចំនួន ៥ ០០០ ដុល្លារ នឹងដាក់ប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវនៅក្នុងឃុំចំនួន៣កន្លែង។
អ្នកស្រី ផាវ ញ៉ឺង បានប្រាប់វិទ្យុស្រី្តនៅថ្ងៃទី១០ មករានេះថា ដំណោះស្រាយដែលក្រសួងឱ្យនេះ មិនអាចទទួលយកបានទេពីព្រោះដំណោះស្រាយនេះធ្វើឲ្យក្រុមប្រជាពលរដ្ឋបាត់បង់ដីរហូត ៦ហិចតាក្នុងមួយគ្រួសារ។
យ៉ាងណាមិញ លោកទេព ធនធ្លាប់បានលើកឡើងថាលោក នឹងយកសំណើររបស់ប្រជាពលរដ្ឋបញ្ជូនទៅថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងសម្រេច និងពិភាក្សាជាមួយភាគីក្រុមហ៊ុនបន្ថែមទៀត។
កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ លោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយគណៈកម្មាការទី៣នៃរដ្ឋសភាថា ក្រសួងបរិស្ថានកំពុងពិនិត្យបញ្ហារបស់ប្រជាពលរដ្ឋនៅភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នេះ។ លោកថា បន្ទាប់ពីនិត្យមើលបញ្ហានេះរួច លោកនឹងចុះដល់កន្លែងផ្ទាល់ក្នុងពេលឆាប់ខាងមុខនេះ៕