ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បានកក្រើកឡើងវិញនៃការផ្សព្វផ្សាយបារីអេឡិចត្រូនិច ហើយយុវជន និងកុមារ ជាគោលដៅប្រើប្រាស់បារីនេះ ខណៈយុវជនម្នាក់មុននឹងអស់ជីវិតបានអះអាងថាខ្លួនបានជក់បារីអេឡិចត្រនិច ហើយផ្តាំផ្ញើកុំឱ្យប្រព្រឹត្តិដូចខ្លួន។ ការកក្រើកឡើងវិញនូវការចែកចាយលក់ដោយសេរីលើបណ្តាញសង្គមនេះ ធ្វើឱ្យអ្នកធ្វើការលើកកម្ពស់សុខភាព សម្ដែងក្ដីបារម្ភលើយុវជនជំនាន់ក្រោយ និងស្នើឱ្យសមត្ថកិច្ចចាត់វិធានការរឹតរ៉ឹងចំពោះអ្នកនាំចូល។ កញ្ញា កែវ សុជាតា រាយការណ៍
ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចែកចាយសាររបស់យុវជនម្នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារការប្រើប្រាស់បារីអេឡិចត្រូនិច។ ក្នុងសារយុវជននោះ បាននិយាយផ្ដែផ្ដាំទៅកាន់មិត្តភក្ដិថា សូមឈប់ជក់បារីអេឡិចត្រូនិច ព្រោះបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ខណៈមានការចែកចាយករណីនេះ គេឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្លាយជាទីផ្សារអនឡាញក្រុមឈ្មួញក្នុងការបង្ហោះបារីអេឡិចត្រូនិច ភ្ជាប់ជាមួយសារទាក់ទាញ យុវជន និងកុមារ ដែលជាសិស្សានុសិស្ស។ ឥទ្ធិពលផ្សព្វផ្សាយនេះ ធ្វើឱ្យយុវជន និងកុមារ កើនឡើងក្នុងការប្រើប្រាស់បារីអេឡិចត្រូនិច។
ជុំវិញករណីការបង្ហោះបាត់បង់ជីវិតដោយសារការជក់បារីអេឡិចត្រនិចនេះ វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដើម្បីសុំការពន្យល់បន្ថែម តែលោកមិនទាន់មានការឆ្លើយតបនៅឡើយ។
យ៉ាងណាអ្នកធ្វើការងារលើសុខភាពសាធារណៈគឺលោក មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៣ ខែមីនានេះថា ជាការពិតថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ពិតជាមានការចែកចាយអ្នកស្លាប់ដោយសារជក់បារីអេឡិចត្រូនិច ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ចំពោះចំនួនអ្នកស្លាប់នេះ មិនមែនទើបតែកើតឡើងនោះទេ ដោយលោកថាបញ្ហានេះត្រូវបានរកឃើញតាំងពីចុងឆ្នាំ ២០២៤ ដោយថ្នាក់ដឹកនាំសាលានានា សម្ដែងក្ដីបារម្ភពីអត្រាកើនឡើងរបស់សិស្សានុសិស្សដែលប្រើប្រាស់បារីអេឡិចត្រូនិចនេះ។
ឆ្លើយតបទៅនឹងក្ដីបារម្ភលោក មុំ គង់ ថាកន្លងមកនេះថ្នាក់ដឹកនាំតាមសាលារៀន បានខិតខំអន្តរាគមន៍ និងធ្វើសកម្មភាពជាច្រើនដូចជា ឆែកឆេរកាបូបសិស្ស ធ្វើកិច្ចសន្យាព្រមាននៅពេលរកឃើញសិស្សប្រើប្រាស់បារីអេឡិចត្រូនិច និងបញ្ជូនទៅសមត្ថកិច្ចជាដើម។ ប៉ុន្តែសកម្មភាពទាំងនោះ លោកថាមិនទាន់ទទួលបានប្រសិទ្ធភាពនៅឡើយទេ ហើយសិស្សានុសិស្ស ដែលជក់បារីក៏មិនបានថយចុះដែរ ពីព្រោះនៅពេលសាលារឹតបន្តឹងពួកគេនាំគ្នាទៅប្រើប្រាស់នៅខាងក្រៅសាលា។
លោក មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាព។ រូបភាពពីហ្វេសប៊ុកអង្គការ។
លោក មុំ គង់ ៖ «មូលហេតុដែលនៅតែមានការប្រើប្រាស់បារីអេឡិចត្រូនិចនៅក្នុងចំណោមសិស្សានុសិស្សនៅក្នុងចំណោមកុមារ និងយុវជន ទីមួយដោយសារតែមានបារីអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា បើយើងនៅតែមានផលិតផលហ្នឹង ហើយត្រូវបានឈ្មួញមួយចំនួន ជាពិសេសអ្នកលក់អនឡាញគាត់បង្ហោះលក់យ៉ាងសេរីតែម្ដង ដែលអត់មានអ្នកណាចាប់គាត់ទេបច្ចុប្បន្ននេះ។ អ៊ីចឹងនៅពេលគាត់បង្ហោះលក់ គឺគាត់អួត បោក កុហកពីផលិតផលហ្នឹង វាធ្វើឱ្យក្មេងៗជឿតាមការបោករបស់គាត់ អ៊ីចឹងមូលហេតុទីមួយគឺមានវត្តមានបារីអេឡិចត្រូនិច ទីពីរ គឺមានអ្នកផ្សព្វផ្សាយលក់ដោយសេរីអ៊ីចឹងហើយបានជានៅតែមានអ្នកជក់»។
ចំណែកលោក លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បញ្ជាក់ដែរថា បារីអេឡិចត្រូនិច ជាបញ្ហាប្រឈមមួយធំសម្រាប់កម្ពុជា ព្រោះមានកំណើនអ្នកប្រើប្រាស់ភាគច្រើនជាយុវជន និងកុមារ ហើយពួកគេជាក្រុមគោលដៅដែលងាយចាញ់បោក ឆាប់ហ៊ានសាកល្បងជក់។ បញ្ហាប្រឈមនេះលោកថា បើសិនជានៅតែមិនរកដំណោះស្រាយឱ្យល្អទាន់ពេលវេលានោះទេ នោះអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិ ប៉ះពាល់ធនធានមនុស្សល្អៗដឹកនាំប្រទេសនាពេលអនាគត។
លោក យង់ គិមអេង៖ «យើងឃើញថាបញ្ហាមិនមានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពពីអាជ្ញាធរមានសមត្ថកិច្ច ហើយក៏អាជ្ញាធរស្ទាក់ស្ទើរក្នុងការប្រើប្រាស់វិធានការផ្សេងៗដើម្បីទប់ស្កាត់បាទ ហើយចំពោះនៃការប្រើប្រាស់បារីអេឡិចត្រូនិចនេះ ខ្ញុំជឿថាអាជ្ញាធរច្បាស់ជាដឹង អ៊ីចឹងហើយអាជ្ញាធរលោកគួរតែចាត់វិធានការធ្វើយ៉ាងណាកុំឱ្យយុវជន សិស្សានុសិស្សហ្នឹងធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់បារីអេឡិចត្រូនិច ធ្វើម៉េចកុំឱ្យមានការលក់ ការចែកចាយទៅដល់យុវជន សិស្សានុសិស្សអីជាដើម។ ខ្ញុំថាដំណោះស្រាយដែលអាចទប់ស្កាត់យុវជនកុំឱ្យបារីអេឡិចត្រូនិចនេះបាន តែយើងត្រូវផ្ដល់ព័ត៌មានទៅកាន់យុវជនកាន់តែទូលំទូលាយពាក់ព័ន្ធនឹងផលប៉ះពាល់របស់ពួកវា»។
លោកសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ត្រូវដាក់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការចរាចរលក់បារីអេឡិចត្រូនិចកុំឱ្យនាំចូលមកកម្ពុជា ជាពិសេសអ្នកចែកចាយ និងផ្សព្វផ្សាយលក់បារីនេះនៅតាមអនឡាញ។
ដោយឡែកលោក មុំ គង់ វិញក៏ស្នើដល់យុវជន សិស្សានុសិស្ស ត្រូវបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិចនេះ ដ្បិតបារីអេឡិចត្រនិចនេះ បង្កផលប៉ះពាល់ទៅដល់ខួរក្បាលមិនអាចឱ្យខួរក្បាលដំណើរល្អ ក្លាយជាមនុស្សម្នាក់មានសតិបញ្ញាមិនល្អ ។ មួយវិញទៀត ការជក់បារីអេឡិចត្រូនិច ក៏បង្កផលប៉ះពាល់ទៅដល់សួត និងសេរីរាង្គផ្សេងៗទៀត រហូតធ្វើឱ្យបាត់បង់ជីវិតជាដើម។
លោក មុំ គង់ ៖ «អ៊ីចឹងដើម្បីកុំមានជនរងគ្រោះបន្តបន្ទាប់ដោយសារការជក់បារីអេឡិចត្រូនិចនេះ ទីមួយគឺធ្វើយ៉ាងណារឹតបន្ដឹងកុំឱ្យមានការនាំចូល ព្រោះរដ្ឋាភិបាលយើងបានហាមឃាត់មិនឱ្យប្រើប្រាស់ នាំចូល និងមិនឱ្យផលិតរួចហើយ។ ទីពីរ គឺធ្វើម៉េចចាត់វិធានការឱ្យតឹងរ៉ឹង រហ័សទៅលើអ្នកដែលបង្ហោះលក់បារីអេឡិចត្រូនិចតាមអនឡាញ រួមទាំងអ្នកដែលដឹកជញ្ជូនផង បើពួកអ្នកលក់ពឹងទៅលើអ្នកដឹកជញ្ជូនដូចជាតាមក្រុមហ៊ុននានា ទៅតាមអ៊ែបនានាជាដើម នោះគឺធ្វើម៉េចរឹតបន្ដឹងឱ្យក្រុមហ៊ុនដឹកនាំជញ្ជូនទាំងអស់ហ្នឹងដឹងថាបារីអេឡិចត្រូនិចកុំដឹក»។
នាពេលថ្មីៗនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់កម្លាំងសមត្ថកិច្ចចុះផ្សព្វផ្សាយនៅតាមសាលារៀននានាដែលមានមូលដ្ឋានក្នុងក្រុងភ្នំពេញទៅកាន់សិស្សានុសិស្ស អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច។
កាលពីខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកដែលបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជាបង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់។ ជាងនេះអាចប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ហើយក្រសួងណែនាំឱ្យឈប់ប្រើបារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ផ្សេងៗ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី