ភ្នំពេញ៖ អ្នកភូមិជើងឯក ខណ្ឌដង្កោ បានអំពាវនាវដល់រដ្ឋាករទឹករាជធានីភ្នំពេញ ឲ្យជួយពន្លឿនការតបណ្តាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រមាណ ៨០ គ្រួសារកំពុងខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ពលរដ្ឋចាត់ទុកថា ជាការមិនយកចិត្តដាក់មួយពី រដ្ឋាករទឹកចំពោះអត្ថប្រយោជន៍ របស់ពលរដ្ឋ។ តែបែបនេះក្ដីប្រធានរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានប្រាប់ឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំតបណ្តាញទឹកស្អាតជាថ្មី។
តើមកដល់ពេលនេះហើយ ម្ដេចបានជា នៅជាយរាជធានីភ្នំពេញ នៅតំបន់មួយចំនួន មិនទាន់មានទឹកស្អាតប្រើប្រាស់? សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយ លោក ធូ វីរៈ ដូចតទៅ៖
បើ យើងធ្វើដំណើរតាមផ្លូវទៅតំបន់ចំការដូង គឺអ្នកដល់ភូមិមួយនៅទីនោះ ដែរគឺជើងឯក ឃុំដង្កោ ខណ្ឌដង្កោ ស្ថិតនៅជាយរាជធានីភ្នំពេញ ដែលភូមិនេះមានប្រជាពលរដ្ឋប្រមាណ ៨០ គ្រួសារ ពួកគេ កំពុងខ្វះទឹកស្អាតប្រើប្រាស់ជាប្រចាំថ្ងៃ។
អ្នកភូមិទាំងនោះ អះអាងថា ពួកគាត់ត្រូវទិញទឹកស្អាតពីគេ ដើម្បីដាំស្ល និងបរិភោគ។ អ្នកភូមិបន្តថា កូនចៅតូចៗរបស់ពួកគាត់ខ្លះកើតកន្ទួលរមាស់នៅលើស្បែក ដោយសារមុជទឹកអណ្តូងស្នប់។
លោក សូ លឹមវី ពលរដ្ឋម្នាក់ នៅក្នុងភូមិនេះមានប្រសាសន៍ថា គ្រួសារលោកសព្វថ្ងៃគឺប្រើប្រាស់ទឹកអណ្តូងស្នប់ប្រចាំថ្ងៃ ដូចជា បោកគក់ ងូតទឹក លាងចាន់ឆ្នាំង ចំណែកឯ ទឹកសម្រាប់ដាំស្ល និងផឹកគឺ ត្រូវទិញទឹកស្អាតពីអ្នកភូមិជើងឯកប៉ែកខាងជើងដែលពួកគេមានប្រព័ន្ធទឹកស្អាតប្រើប្រាស់។
លោក សូ លឹមវី៖«និយាយរួមផលពិបាកខ្លាចដល់ប្រាំងអារឿងអត់ទឹកប្រើប្រាស់ រាល់ថ្ងៃប្រើទឹកអណ្តូង ទឹកអត់សូវចេញពេលប្រាំង ទឹកអណ្តូងហូបអត់កើត អញ្ចឹងទិញទឹកគេយកមកហូបដែរ»។
បុរសវ័យ ៤០ ឆ្នាំរូបនេះបានសម្តែងក្តីព្រួយបារម្ភថា អ្នកភូមិនឹងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃនៅរដូវប្រាំង ឆ្នាំនេះ ព្រោះទឹកអណ្តូងរបស់ពួកគេរីង។ បុរសមាឌធំ សម្បុរខ្មៅ គឺ លោក លឹម វី បានអំពាវនាវដល់រាជរដ្ឋាភិបាលឱ្យជួយតភ្ជាប់បណ្តាញទឹកស្អាតស្វយ័តក្រុងភ្នំពេញឲ្យមុនរដូវប្រាំងចូលមកឆ្នាំ។
លោក សូ លឹមវី៖«សូមឲ្យលោកចៅសង្កាត់ជួយមើលកូនចៅអត់ទឹកប្រើ ទឹកវាចង់ដល់ហើយក៏ប៉ុន្តែមិនព្រមតឲ្យសោះម៉ង បញ្ចូនឡើងទៅឲ្យគេដឹងលឺផង ក្រែងគេមិនបានដឹងលឺ»។
អ្នកភូមិម្នាក់ទៀត គឺ អ្នកស្រី ធីម សុជាតា បាននិយាយថា អ្នកភូមិធ្លាប់បានដាក់ពាក្យស្នើទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពីរ បីដងរួចមកហើយ តែហាក់គ្មានលទ្ធផលអ្វីឡើយ។ស្ត្រីមេផ្ទះ រូបនេះ បានបញ្ជាក់ថា អ្នកភូមិជើងឯកស្ថិតនៅក្រោយក្រុមហ៊ុនស្រាបៀរកម្ពុជារស់នៅគ្មានទឹកស្អាតជិត ៥ឆ្នាំមកហើយ។ អ្នកស្រីបន្តថា កូនចៅតូចៗរបស់គាត់ពេលមុជទឹកអណ្តូងធ្វើឲ្យកើតកន្ទួលរមាស់នៅលើស្បែក។
អ្នកស្រី ធីម សុជាតា៖«ពួកខ្ញុំប្រើតែទឹកអណ្តូង បុកទឹកអណ្តូងប្រើ ហើយកូនផលប៉ះពាល់កូនស្បែករូល រមាស់ ហើយដាំបាយស្លនាំគ្នាដូរទឹកសុទ្ធិពីដុងធំៗយកមកដាំល្ល និងដាំទឹកផឹក។ ពួកខ្ញុំទាំងអស់គ្នាដែលរស់ម្តុំភូមិជើងឯក មិនទាន់មានទឹកប្រើ ពួកខ្ញុំសុំសូមពរឲ្យខាងសាលាក្រុង ខណ្ឌជួយឲ្យពួកខ្ញុំឲ្យបានទឹកប្រើ…. ព្រោះពួកខ្ញុំប្រើតែទឹកអណ្តូងបួនប្រាំឆ្នាំហើយ »។
ចំណែក មេភូមិជើងឯក លោក ឃួក ប៊ុនហេង ទទួលស្គាល់ ថាប្រជាពលរដ្ឋរស់នៅប៉ែកខាងត្បួងភូមិជើងឯកប្រមាណជា ៨០គ្រួសារមិនទាន់ទទួលបានប្រព័ន្ធទឹកស្អាតប្រើប្រាស់នៅឡើយ។ លោកមេភូមិ បានបញ្ជាក់ថា រដ្ឋាករទឹកធ្លាប់បានចេញសេចក្តីជូនដំណឹង ប្រាប់ប្រជាពលរដ្ឋថា រដ្ឋាករស្វយ័តរាជធានីភ្នំពេញ នឹងចុះមកតភ្ជាប់បណ្តាញទឹកស្អាតនៅដើមឆ្នាំ ២០១៦ ក្នុងត្រីមាសទីមួយ ប៉ុន្តែលោកមេភូមិបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកភូមិនៅមិនទាន់មានទឹកស្អាតនៅឡើយ។
មេភូមិជើងឯក លោក ឃួក ប៊ុនហេង៖«ប៉ែកខាងត្បូងភូមិជើងឯកគឺ លើកមុនសេចក្តីជូនដំណឹងរបស់រដ្ឋករទឹកថា គេចុះមកធ្វើត្រីមាសទី១ ២០១៦ ដល់ឥឡូវត្រីមាសទី១ក៏អត់ ឥឡូវត្រីមាស២ វាចប់ទៅទៀត អត់ឃើញរដ្ឋករទឹកមកតឲ្យប៉ែកខាងត្បូងភូមិសោះ។ ប៉ែកខាងត្បូងភូមិមានក្រោយស្រាបៀរ មានខាងជើងស្រាបៀរ បើនិយាយពីគ្រួសាវា ៧០ទៅ ៨០គ្រួសារ»។
លោកមេភូមិ ប៊ុន ហេង ក៏បានអំពាវនាវឲ្យរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញចុះមកតភ្ជាប់បណ្តាញទឹកស្អាតឲ្យប្រជាពលរដ្ឋរស់នៅភូមិជើងឯកឲ្យឆាប់ៗនេះ។
ជាមួយគ្នានេះ លោក ហេង ស្រួយ ក្រុមប្រឹក្សាឃុំសង្កាត់ទទួលបន្ទុកមន្ត្រី យុត្តិធម៌នៃសាលាសង្កាត់ដង្កោ បាននិយាយថា បញ្ហាប្រជាពលរដ្ឋខ្វះទឹកស្អាតប្រើប្រាស់នេះ គឺក្នុងនាមក្រុមប្រឹក្សាឃុំ/សង្កាត់ លោកបានខិតខំប្រឹងប្រែងជំរុញទៅសាលារាជធានី តាមរយៈរបាយការណ៍ប្រចាំថ្ងៃ និងរបាយការណ៍ផ្ទាល់មាត់ ដើម្បីជំរុញឆាប់បានបណ្តាញទឹកស្អាតសម្រាប់អ្នកភូមិប្រើប្រាស់។ ប៉ុន្តែលោកថានៅតែមិនទាន់មានការឆ្លើយតប។
លោក ហេង ស្រួយ៖«យើងមិនបានលឺដំណឹងអ្វីឆ្លើយតបនៅឡើយទេ ប៉ុន្តែយើងតែងតែធ្វើរបាយការណ៍ជានិច្ចជាកាលណាស់ ដោយសារយើងមើលឃើញថា គាត់ពិតខ្វះខាតនៅការប្រើប្រាស់និងមែន ទឹក ដូច្នេះយើងក៏ចង់ឲ្យគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់អ្វីជាតម្រូវការយើងបំពេញជូនគាត់ ប៉ុន្តែវាមិនទាន់ចិត្ត»។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រជាពលរដ្ឋរស់នៅប៉ែកខាងត្បូង ភូមិជើងឯកអំពីបញ្ហាមិនទាន់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ លោក អឿន លុច ប្រធានរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានស្នើឲ្យប្រជាពលរដ្ឋទាំងនោះ ដាក់ពាក្យស្នើសុំជាថ្មីម្តងទៀត ហើយត្រូវមកជួបលោកផ្ទាល់ ដើម្បីសិក្សាបញ្ហានេះ។
លោក អឿន លុច៖«គាត់និងមកជួបខ្ញុំនៅកន្លែងរដ្ឋករទឹកតែម៉ង់ទៅ ដើម្បីខ្ញុំអាចនាំគាត់ទៅជំនាញពិភាក្សាឲ្យច្បាស់លាស់តែម្តងរឿងនិង ថាតើមូលហេតុអ្វីឲ្យគេនិងពន្យល់ឲ្យច្បាស់លាស់ ដើម្បីទទួលយកបានទាំងសងខាង»។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិជើងឯក អះអាងថា ពួកគាត់នឹងដាក់ពាក្យស្នើភ្ជាប់បណ្តាញទឹកស្អាតទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាថ្មីទៀត ដើម្បីសុំពន្លឿនតទឹកឲ្យបានឆាប់ៗ មុនរដូវប្រាំងមកដល់។ តែពួកគាត់ថា រដ្ឋាករទឹកគួរចុះមកស្រាវជ្រាវ ជាមុនសិន៕