ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី! ដូចលោកអ្នកបានដឹងហើយ ថាថ្ងៃទី២៤កក្កដា គឺការជូនដំណើរ លោកបណ្ឌិត កែម ឡី ទៅកាន់ស្រុកកំណើតលោកវិញ នៅស្រុកត្រាំកក់ ខេត្តតាកែវ ខណៈលោកមានជីវិតបាន ៥០ឆ្នាំ ប៉ុណ្ណោះ។ លោកបណ្ឌិត មិនបានស្លាប់ដោយសារជម្ងឺឬគ្រោះថ្នាក់អ្វីជាចៃដន្យទេ គឺលោកស្លាប់ដោយសារ ខ្មាន់កាំភ្លើងបាញ់ប្រហារលោក កាលពីថ្ងៃទី១០កក្កដា នៅកណ្ដាលរាជធានីភ្នំពេញ។
ក្រោយព្រឹត្តិការណ៍មរណភាពដ៏សែនរន្ធត់ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគខ្មែរ ដ៏ក្លាហ៊ានរូបនេះ គេឃើញមានការច្រៀងចម្រៀង ទើបតាក់តែងថ្មីៗជាច្រើនបទដោយបទចម្រៀងសោកសៅនិង មានន័យ ជាតិនិយម។
បទចម្រៀងច្រៀងតាមស្នាដៃ របស់អ្នកនិពន្ធជើងចាស់ បានច្រៀងរៀបរាប់ក្នុងទម្រង់ ប្រធានបទតែមួយអំពីឃាតកម្មរបស់លោក កែម ឡី ជាហូរហែ។ បទ ចំរៀង ដែលតាក់តែងថ្មីៗទាំងនេះ ពួកគេបាននិពន្ធ ដោយចាត់ទុកលោក កែម ឡី ថាជាវីរៈបុរសសម្រាប់ពួកគេ។
ដើម្បីចូលរួមជូនដំណើរលោក បណ្ឌិត ទៅកាន់សុគតិភព វិទ្យុស្ត្រី សូមធ្វើអត្ថាធិប្បាយ នូវបទចម្រៀងមួយចំនួន ដែលគេបានបង្ហោះលើ បណ្ដាញសង្គម ដូចមានតទៅនេះ ៖
បទវីរៈជនបណ្ឌិត កែម ឡី ដែលមានទំនុកច្រៀងនិងច្រៀងដោយកេត្យាស៊ានបាននិយាយពីសោកដនាកម្មដ៏តក់ស្លុតលើ លោកបណ្ឌិតកែមឡី។ បាទ លោកអ្នកនាងជាត្រី! បទចម្រៀងនេះ នឹងនាំអារម្មណ៍លោកអ្នកនាងជាថ្មីម្ដងទៀតឱ្យស្រណោះស្រណោក លោកបណ្ឌិតដែលបាន លាចាកលោកយើងហើយនេះ ។
ចំណែកឯបទបណ្ដាំកែមឡី បទនេះបានរៀបរាប់ពីវីរៈភាពដ៏អង់អាចក្នុងការបញ្ចេញមតិនិងភ្ជាប់ជាមួយឃ្លោងឃ្លាដ៏មានអត្ថន័យដែលលោកបណ្ឌិតធ្លាប់មានប្រសាសន៍។បទនេះនិពន្ធដោយតរុណានិងបានបង្ហោះក្នុងទំព័រល្បីមួយនៃបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះថា១០០ថ្ងៃដើម្បីវីរៈបណ្ឌិតកែមឡី។ បទនេះ នាំមុខដោយការពោលពាក្យថា ឱ្យសែនស្រណោះ បណ្ឌិតកែមឡី ប៉ុន្តែបាន សរសើរលោក បណ្ឌិត ដែលហាន ពលីជីវិតដើម្បីជាតិ និង កិត្តិយស។តាមរយៈបទចម្រៀងនេះ លោកអ្នកនាង ពិតមានអារម្មណ៍ក្តុលក្ដួល លោកបណ្ឌិតយ៉ាងខ្លាំង។
លោកកវីនិពន្ធរូបនេះដដែលបានតាក់តែងទំនុកច្រៀង មួយបទទៀតដែលកំពុងចាក់ដោតអារម្មណ៍អ្នកស្នេហាលោកបណ្ឌិតគឺបទបំណងបណ្ឌិតកែមឡីលំនាំបទអារសាច់ជូនម្ដាយរៀបរាប់ពីគម្រោងនិងបំណងលោកបណ្ឌិតកាលគាត់នៅមានជីវិតដែលពុំទាន់សម្រេចបានដោយសារមានជនទុច្ចរិតប្រល័យជីវិតលោក។បទនេះចាប់ផ្ដើមដោយការពោលពាក្យថា បេ្ដជ្ញារក្សាបំនង លោក បណ្ឌិតកែមឡី ។ ប៉ុន្តែមិនត្រឹមនេះទេ គឺបទចម្រៀងនេះ និយាយស្នាដៃលោក កែមឡីក្នុងការជួយពង្រឹងប្រជាធិបតេយ្យទៀត ផង ។
បាទ អស់លោក អ្នក ប្រហែល មិន ចង់ឃ្លាតឆ្ងាយពីបទចម្រៀង ដ៏កំសត់ នេះទេ ។ បទចម្រៀងដែលចូលមកបញ្ចប់ ពេលនេះ បានពោល ដំបូងដោយពាក្យ ថាពុកលាសិនហើយ មាសស្ងួនពីសី លាទាំងអាល័យ ដោយមិនវិលវិញ ឡើយ ។បទចម្រៀងនេះនិពន្ធដោយលោកឡងក្រៃភពច្រៀងដោយលោកសែមសុធារៀមនិងកែសម្រួលបទភ្លេងដោយនេតស៊ីណាត ។អត្ថន័យក្នុងបទចម្រៀងនេះបានបង្ហាញនូវភាពសោកសៅដែលលោកកែមឡីត្រូវជាឪពុកជាស្វាមីឃ្លាតឆ្ងាយទៅពុំបានបន្សល់នូវពាក្យផ្ដែផ្ដាំចុងក្រោយ។តែទឹកចិត្តស្រលាញ់គ្រួសារជាតិមាតុភូមិពុំដែលរសាត់ឆ្ងាយទៅជាមួយនោះទេ។
តាមរយៈបទចម្រៀងនេះលោកអ្នកនឹងរន្ធត់ កំសត់ជាថ្មីទៀត ពុំខានឡើយ ។
ប្រិយមិត្តអ្នកស្ដាប់ ជាមេត្រី! យើង សូមបញ្ចប់ សេចក្ដីអធិប្បាយរបស់យើង ត្រឹម ប៉ុណ្ណេះ ។ប៉ុន្តែ មុន នឹងជំរាបលា មិត្តអ្នកស្ដាប់ យើង ក៏សូមចូលរួម ឧទិសដល់វិញ្ញាណក្ខន្ធលោក បណ្ឌិត កែមឡី សូមឱ្យវិញ្ញណក្ខន្ធលោក បណ្ឌិត ទៅកាន់ឋានបរមសុខ ។
សូមជម្រាបថាទស្សនៈនិងខ្លឹមសានៃបទចម្រៀងនេះ មិនមែនជាការឆ្លុះ បញ្ចាំងអំពី ទស្សនៈ របស់ មណ្ឌលព័ត៌មានស្ត្រី កម្ពុជានោះទេ។