loader

បទវិភាគ ៖ ការ​ទាមទារ​ (មានសំឡេង)

គណបក្សកាន់អំណាចបានទាមទារបានសំរេចឲ្យគណបក្សសង្គ្រោះជាតិដកពាក្យស្លោកសំរាប់ការបោះឆ្នោតរបស់ខ្លួនចេញ។ នោះគឺពាក្យស្លោក«ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។ ចុះហេតុអ្វីបានជាពាក្យមួយឃ្លានេះបានធ្វើឲ្យគណបក្សប្រជានកម្ពុជា ប្រឆាំងយ៉ាងស្វិតស្វាញនោះ?

ពាក្យស្លោកគណបក្សបងសង្រ្គោះជាតិ ដែលត្រូវប្ដូរ
ពាក្យស្លោកគណបក្សសង្រ្គោះជាតិ ដែលបានប្ដូរ

គណបក្សសង្គ្រោះជាតិបានដាក់ចេញនូវពាក្យស្លោកនេះ ក្នុងអំឡុងពេលសមាជវិសាមញ្ញរបស់ខ្លួនកាលពីដើមខែមីនា។ គឺជាពាក្យស្លោកដែលមានចរិតជាទិសដៅនយោបាយហើយវាជាពាក្យស្លោកមួយក្នុងចំណោមពាក្យស្លោកនយោបាយសរុបចំនួនប្រាំ ដែលគណបក្សប្រឆាំងដាក់ចេញសំរាប់ធ្វើសកម្មភាព និង ឃោសនាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

ការបោះឆ្នោតនេះដែលជាការបោះឆ្នោតមូលដ្ឋានដ៏មានសារសំខាន់បំផុត។ បើគេក្រឡេកមើលមកក្រោយបន្តិច ពាក្យស្លោក «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» សំរាប់គណបក្សប្រជាជនកម្ពុជា គឺជាពាក្យស្លោកដែលមានចរិតញុះញង់ រើសអើងផ្ទុយនឹងច្បាប់បោះឆ្នោតនិងធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់មេឃុំ ឬចៅសង្កាត់របស់គណបក្សកាន់អំណាចដែលកំពុងបំពេញការងារ។ ហេតុដូចនេះហើយ ទើបបានជាគណបក្សកាន់អំណាចទទូចយ៉ាងស្វិតស្វាញឲ្យគណបក្សសង្គ្រោះជាតិដកពាក្យស្លោកនេះចេញ។

ប៉ុន្តែសំរាប់គណបក្សប្រឆាំងពាក្យស្លោក «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»នេះ គ្មានអ្វីក្រៅពីសារនយោបាយយ៉ាងសាមញ្ញមួយនោះទេ។ ហើយគណបក្សនេះ នៅទីបំផុតបានយល់ស្របលុបពាក្យស្លោកចម្រូងចម្រាស់នេះចេញក្រោយបន្ទាប់ ពីមានចលនាធ្វើញ្ញត្តិប្រឆាំង នឹងគណបក្សសង្គ្រោះជាតិពីក្រុមមេឃុំនិងចៅសង្កាត់របស់គណបក្សកាន់អំណាចស្ទើរទូទាំងប្រទេស។

ជាការពិតពាក្យស្លោក «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» វាបានក្លាយជាចុងម្ជុលដ៏មុតស្រួចមួយដែលចាក់ចំចង្កេះគណបក្សប្រជាជនកម្ពុជា។ ដំបូងបំផុតនោះគឺថា គណបក្សកាន់អំណាចមានមេឃុំនិងចៅសង្កាត់យ៉ាងលើសលុបដែលកំពុងគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។

ពាក្យស្លោកនេះចង់ឬមិនចង់ ជាស្វ័យប្រវត្តិអាចជាការចោទប្រកាន់ដោយប្រយោលថា មេឃុំឬចៅសង្កាត់របស់គណបក្សកាន់អំណាចបម្រើគណបក្សច្រើនជាងបម្រើប្រយោជន៍ប្រជារាស្ត្រ។ ដូច្នេះហើយសារនៅក្នុងពាក្យស្លោកនេះគឺជំរុញឲ្យប្រជាពលរដ្ឋអ្នកបោះឆ្នោតបោះឆ្នោតផ្លាស់ប្តូរមេឃុំឬចៅសង្កាត់ទាំងនោះចេញ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងចាប់ផ្តើមនៅមិនដល់ពីរខែទៀតនោះទេ។

សារនយោបាយនេះអាចជាការវាយប្រហារចំពេកទៅលើមន្ត្រីរដ្ឋបាលមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចច្រើនជាងបីទសវត្សមកហើយនោះ។ ហើយវាក៏អាចជាការជំរុញនិងជាការញុះញង់ឲ្យមានការរើសអើងចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានទាំងនោះផងដែរ។

គណបក្សសង្គ្រោះជាតិបានដាក់សារនយោបាយ «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គឺជាភាពប៉ិនប្រសព្វមួយដែលគណបក្សនេះ បានឆក់យកឱកាសនៃការធ្លាក់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ ហើយបានដាស់តឿនម្ចាស់ឆ្នោតឲ្យក្រឡេកមើលការដឹកនាំនៅតាមរដ្ឋបាលមូលដ្ឋានរបស់ខ្លួន រួចធ្វើការសំរេចចិត្តនៅថ្ងៃបោះឆ្នោតខាងមុខនេះ។ មួយវិញទៀតសារនយោបាយនេះ ក៏បានក្លាយជាឧបករណ៍បំបាក់ទឹកចិត្តលើមេឃុំនិងចៅសង្កាត់របស់គណបក្សកាន់អំណាចផងដែរ។

ហេតុដូចនេះ ការប្រឆាំងរបស់គណបក្សប្រជាជនកម្ពុជាចំពោះពាក្យស្លោក«ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គឺជាការឆ្លើយតបយ៉ាងសមស្របមួយនិងទាន់ពេលវេលាផងដែរ ដើម្បីការពារកេរ្តិ៍ឈ្មោះសមាជិកនយោបាយរបស់ខ្លួននៅតាមមូលដ្ឋាន។ ជាពិសេសការទាមទារឲ្យគណបក្សសង្គ្រោះជាតិលុបចោលឬដកចេញពាក្យស្លោករបស់ខ្លួននោះគឺជាវិធានការណ៍ដើម្បីការពារទឹកចិត្ត នៃក្រុមមេឃុំនិងចៅសង្កាត់របស់ខ្លួនផងដែរ។

ប៉ុន្តែជ្រុងមួយទៀតដែលគេអាចមើលឃើញនោះ គឺថាការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ចំពោះពាក្យស្លោក«ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» របស់គណបក្សសង្គ្រោះជាតិនោះអាចជាកាំបិតមុខពីរទៅវិញទេ។នោះគឺថា វាអាចជាការឆ្លើយតបដើម្បីការពារកេរ្តិ៍ឈ្មោះសមាជិកនយោបាយមូលដ្ឋានរបស់ខ្លួនផង។ ប៉ុន្តែមួយទៀតវាក៏ជាការទទួលស្គាល់ជាស្វ័យប្រវត្តិមួយថា ពាក្យស្លោកនោះបានបង្ហាញការពិតក្នុងការដឹកនាំនៅថ្នាក់រដ្ឋបាលមូលដ្ឋាន។ រដ្ឋបាលមូលដ្ឋានដែលគិតពីប្រយោជន៍បក្សច្រើនជាងប្រយោជន៍ប្រជាពលរដ្ឋនោះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៩

ឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញពីទស្សនៈរ[...]

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ក្រោមសារាចរណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុ[...]

ប្រវត្តិសាស្រ្ត៖ តើពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែមានអត្ថន័យយ៉ាងណាសម្រាប់ប្រជាជាតិខ្មែរ?

នៅក្នុងឱកាសថ្ងៃពិធីបុណ្យ អុំទូក អកអំបុក និងសំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត