loader

បទវិភាគ៖ អ្នកល្មើសដឹកលើសទម្ងន់សូមក្រសួងអភ័យទោសដូចទៅសូម«ភ្លើងយក្ស»

ភ្នំពេញ៖ ក្រុមអ្នកបើកបរឡាន ដឹកដី ដឹកខ្សាច់ ដែលបើកបរលើសទម្ងន់កំណត់មួយចំនួន នៅតែបន្តការទាមទារឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធអន្តរាគមន៍ប្រគល់រថយន្តជូនពួកគេវិញ បន្ទាប់ពីសមត្ថកិច្ចបានដកហូតរថយន្តពួកគេមករក្សាទុក។ ប៉ុន្តែទំនងពិបាកដូចទៅសូមភ្លើងយក្សហើយមើលទៅ សម្រាប់សូមការយោគយល់ពីផ្លូវច្បាប់យ៉ាងដូច្នេះ ស្របពេលដែលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា គ្មានការលើកលែងឡើយចំពោះអ្នកប្រព្រឹត្តិល្មើសច្បាប់។

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបចំដោយលោក កែវ សុខា ដូចតទៅ!

ក្រុមអ្នកបើកបរឡានធំ ដឹកដី ដឹកខ្សាច់លើសទម្ងន់កំណត់មួយចំនួន ធ្លាប់តែដឹកដី ឬខ្សាច់ពេញៗបើកបរជាន់លឿនកប់ៗ មិនខ្វល់គេ មិនខ្វល់ឯង ពេលនេះជួបរឿងទួញសោកខ្លះហើយពេលនេះ។ ទួញសោកត្បិតអី សមត្ថកិច្ចបានប្រើធម៌ក្តៅ ឃាត់ឡានទុក ដកប័ណ្ណបើកបរផង ដោយអនុវត្តស្របតាមច្បាប់ស្តីពី ផ្លូវថ្នល់ ឆ្នាំ២០១៤ ត្រង់មាត្រា ៦០។

ទំនួញសោករបស់ក្រុមអ្នករកស៊ីបើកឡានធំទាំងនោះ ស្តែងឡើងក្នុងរូបភាពពីរផ្សេងគ្នា គឺទី១ ពួកគេមានគ្នាប្រហែល ២០០នាក់បានលើកគ្នាប្រមូលផ្តុំតវ៉ាកាលពីថ្ងៃទី២០ កក្ដដា លើផ្លូវ ៦០ម៉ែត្រ ជិតកន្លែងជញ្ជីងថ្លឹងក្នុងក្រុងតាខ្មៅ ទាមទារឱ្យដោះលែងរថយន្តពួកគេត្រឡប់មកវិញ បន្ទាប់ពីសមត្ថកិច្ចឃាត់រថយន្តដឹកលើសទម្ងន់ជាង ១០០គ្រឿងយកមករក្សាទុក។ ទី២ គឺកាលពីថ្ងៃទី០៤ សីហា ក្នុងសប្តាហ៍មុន ពួកគេបានប្រផ្តុំគ្នាម្តងទៀត ដោយលើកទី២នេះ ក្រុមអ្នករកស៊ីបើកបរឡាន និងម្ចាស់ឡានដឹកដី និងខ្សាច់ បានផ្តិតមេដៃដាក់​ញត្តិ​ទាមទារ​សុំ​យក​រថយន្តមកវិញ ដោយព្រមទទួលស្គាល់កំហុស និងសូមការអនុគ្រោះពីផ្លូវច្បាប់។ ញត្តិដែលមានស្នាមមេដៃមជាង ៤០នាក់នេះ បានប្រគល់ជូនស្ថាប័នចំនួន ៣ មានក្រសួងសាធារណការ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និង ព្រះបរមរាជរាំង ប៉ុន្តែសុទ្ធតែត្រូវស្ថាប័នធំៗទាំងនេះបដិសេធ ព្រោះសំន្នើនេះពីផ្លូវច្បាប់។

មែនទែនទៅមូលហេតុដែលនាំឱ្យក្រុមអ្នក​បើកឡាន និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ចេញតវ៉ាផង ដើរដាក់ញត្តិទាមទារឡានមកវិញ ក៏ព្រោះថា ពួកគេមានផលលំបាកផ្នែកជីវភាពដោយមធ្យោបាយជាប្រភពចំណូល និយាយឱ្យចំគឺឆ្នាំងបាយរបស់ពួកគេត្រូវបាត់បង់។

សមត្ថកិច្ចណែនាំម្ចាស់រថយន្តពីច្បាប់។រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ។

មកដល់ត្រឹមនេះ យើងមកពិនិត្យមូលហេតុមួយចំនួនសិន ថាតើហេតុអ្វីបានជាស្ថាប័នពាក់ព័ន្ធមិនព្រមដោះស្រាយតាមសំន្នើរបស់ពួកគេ? តើផ្លូវច្បាប់គួរយោគយល់ដល់ក្រុមអ្នកបើកបរឡាន និងម្ចាស់ឡានដឹកដី និងដឹកខ្សាច់​ ដែលត្រូវដកហូតរថយន្តដែលឬទេ?

បើយើងងាកមកមើលផលប៉ះពាល់ដែលបង្កពីរថយន្តដឹកល្មើសទម្ងន់វិញឃើញថា រដ្ឋាភិបាលត្រូវបញ្ចេញសាច់ប្រាក់​ឬថវិកាជាតិសរុបជិត ២០០លានដុល្លារ ​ដើម្បីថែទាំ និងជួសជុលផ្លូវ​ ដែលស្ថិតនៅ​ក្រោមការគ្រប់គ្រប់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ថវិកាចំណាយលើការជួសជុលផ្លូវ​មួយផ្នែក គឺលើផ្លូវខូចក៏ដោយសាររថយន្តដឹកលើសទម្ងន់ច្បាប់កំណត់នេះហើយ។

មួយទៀតដែរ បើពិនិត្យទៅលើអាយុជីវិតអ្នកបើកបរលើដងផ្លូវវិញ ឃើញថា គ្រោះថ្នាក់ចរាចរបានផ្តាច់ជីវិតមនុស្សជាង ១៦០០នាក់ និងអ្នករងរបួសមានជាង ៤៧០០នាក់ ដែលនេះជាតួលេខក្នុងឆ្នាំ២០២០កន្លងទៅ។​ ហើយដោយឡែក​ត្រឹមតែមួយខែកក្ដដា ឆ្នាំ២០២១នេះតែប៉ុណ្ណោះគ្រោះថ្នាក់​ចរាចរណ៍បានឆក់យកជីវិតអ្នកធ្វើដំណើរតាមដងផ្លូវចំនួន១០៧នាក់ និងរបួស២៨២នាក់។យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក។ មានមូលហេតុមួយចំនួនដូចជា បើកបរប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ មិនប្រកាន់ស្តាំ កត្តាផ្លូវ កត្តាយានយន្តជាដើម ជាមូលហេតុនៃគ្រោះថ្នាក់ចរាចរដែលយើងឃើញរថយន្តដឹកលើសទម្ងន់ពិសេស ឡានដឹកដី និងដឹកខ្សាច់ តែងបង្កឡើង។

ជាក់ស្តែងកាលពីដើមខែមករាឆ្នាំ២០២១ មានករណីមនុស្សស្លាប់បីនាក់ និង ​៣ ​នាក់​ផ្សេងទៀត​រងរបួស​ លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់​ប៉ះ​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​របស់ក្រុមហ៊ុន​រិទ្ធិមុន្នី។​ តាមសម្តីនាយស្នងការក​នគរបាល​ខេត្តកំពង់ស្ពឺ ប្រាប់អ្នកកាសែត គឺអ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន។ នេះជាករណីតូចមួយដើម្បីជាទុនក្នុងការឆ្លុះបញ្ចាំងពីផលប៉ះពាល់យ៉ាងធំធេងពីក្រុមអ្នកដឹកលើសទម្ងន់នោះ។

ក្នុងមួយឆ្នាំៗជីវិតអ្នកធ្វើដំណើរតាមដងផ្លូវត្រូវបានស្លាប់ និងផលខូចខាតនានាបានកើតឡើងដោយសារសារគ្រោះថ្នាក់ចរាចរណ៍  ដែលនេះជាក្តីកង្វល់របស់ស្ថាប័នរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ។

រដ្ឋមន្រ្តីក្រសួងសាធារណការបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា  ​មិន​មាន​ការ​លើកលែង ​ការ​អនុវត្ត​ច្បាប់​ ​​លើ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កំណត់ឡើយ​។ ហើយអំពាវនាវឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​ចូល​រួម​គោរព​ច្បា​ប់​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​

បើពិនិត្យមើល ទំហំនៃការបាត់បង់អាយុជីវិតមនុស្ស ការខាតបង់ដោយសារពិការភាពដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរ និងការខាតបង់ថវិកាលើការជួសជុលផ្លូវខូច ខណៈដែលកម្ពុជាក៏បានចែងច្បាប់ស្តីពីការកំណត់ទម្ងន់រថយន្តស្រាប់ ដូច្នេះ ការអង្វរកររបស់ក្រុមអ្នកបើកបរឡានដឹកដី និងដឹកខ្សាច់សូមឱ្យស្ថាប័នយោគយល់ប្រគល់រថយន្តជូនពួកគេវិញនោះ គប្បីកុំត្រូវបានការអធ្យាស្រ័យនោះទេ។

ជាធម្មជាតិមនុស្ស បុគ្គលខ្លះអាចបំពានអ្វីៗគ្រប់បែបយ៉ាងរួមទាំងច្បាប់ផង ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ពួកគេ។ តណ្ហា ភាពលោភលន់ ការចង់បានរបស់មនុស្សគ្មានព្រំដែនឡើយ ដូច្នេះមានតែច្បាប់តែប៉ុណ្ណោះ ទើបជាយានទប់ស្កាត់អំពើល្មើសរបស់មនុស្ស ដែលកើតចេញពីតណ្ហានោះនោះ។

អ្នកប្រាជ្ញា និងទស្សនវិទូក្នុងសម័យមុនដូចលោក John locke ទស្សនវិទូជនជាតិអង់គេ្លស,លោក Thomas Hobbes ទស្សនវិទូជនជាតិអង់គ្លេស,និងលោកJean Jacques Rousseau ទស្សនវិទូជនជាតិបារាំង បានខិតខំស្រាវជ្រាវពីរបៀបប្រព្រឹត្តទៅរបស់មនុស្សជាតិក្នុងសភាពធម្មជាតិមុនពេលមិនទាន់មានរដ្ឋ មានច្បាប់។

ពួកទស្សនវិទូធំៗទាំងនេះ សុទ្ធសឹងជាទ្រឹស្តីនយោបាយ ដែលបានបង្កើត កិច្ចសន្យាសង្គម ឬ Social Contract គឺដើម្បីឱ្យមនុស្សឈានទៅបង្កើតរដ្ឋ បង្កើតច្បាប់ដើម្បីការពារពីការរំលោភបំពាននានា។ ទស្សនវិទូខាងលើយល់ថា មនុស្សរស់នៅក្នុងរដ្ឋធម្មជាតិប្រៀបដូច«ឆ្កែចចក»ប្រខាំគ្នាដណ្តើមចំណី គ្មានការគិតពិចារណាពីកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ។

ដូច្នេះហើយ ដើម្បីបញ្ចប់ការរស់នៅក្នុងសភាពធម្មជាតិ ទើបទស្សនវិទូខាងលើបានរៀបចំឱ្យមនុស្សរស់នៅលក្ខណជាអង្គការសង្គមមួយ មានការបង្កើតជារដ្ឋ ហើយរដ្ឋនោះទៀតសោទមានច្បាប់សម្រាប់គ្រប់គ្រងផងដែរ។

ទីបំផុតទៅ បើសិនជាបទល្មើសមួយមានចែងក្នុងច្បាប់ទៅហើយ គឺត្រូវតែអនុវត្ត បើចេះតែមានការលើកលែងនោះជនខិលខូចនឹងមិនរាងចាលនោះទេ។ មានតែច្បាប់ និងការអនុវត្តច្បាប់ឱ្យគត់មត់តែប៉ុណ្ណោះ ទើបធានាពីរបៀបរៀបរយនៃសង្គមមួយបានល្អប្រសើរ។ ក៏ប៉ុន្តែការអនុច្បាប់មិនត្រូវមានរូបភាពខុសគ្នានោះទេ ពោលមិនត្រូវឱ្យមានស្តង់ដាពីរនោះឡើយ៕

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដលើកុមារជាការប្រឹងប្រែងក្នុងក្តីមន្ទិល

ភ្នំពេញ៖ កម្ពុជាបានសម្រេចចាក់វ៉ាក់សាំងប្រឆាំង[...]

បទវិភាគ៖ កង្វះទំនុកចិត្តលើតុលាការ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធនាំឲ្យពលរដ្ឋព្រលានយន្តហោះថ្មីធ្លាក់ក្នុងជម្លោះកាន់តែរុំារ៉ៃ

ភ្នំពេញ៖ ជម្លោះដ៏រុំាំរ៉ៃមួយរវាងប្រជាពលរដ្ឋព្[...]

បទវិភាគ៖ ករណីម្តាយចាប់កូនស្រីឱ្យប្តីចុងរំលោភឆ្លុះបញ្ចាំងពីកង្វះខាតវិជ្ជាជីវៈ ការវិនិច្ឆ័យ និងយន្តការសង្គម

ភ្នំពេញ៖ ព័ត៌មានករណីម្តាយចាប់កូនស្រីខ្លួនឱ្យឳ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x