ក្នុងរយៈចុងក្រោយនេះ ការបង្កើតគណបក្សថ្មីជាបន្តបន្ទាប់ ត្រូវបានអ្នកវិភាគនយោបាយ អ្នកតាមដានស្ថានការណ៍សង្គមនិងអ្នកនយោបាយយល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះយល់ថា ការបង្កើតគណបក្សថ្មីគឺជាសិទ្ធិសេរីភាពនយោបាយដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ខ្លះទៀតយល់ថា ការបង្កើតបក្សថ្មី គឺមានបំណងកំទេច គណបក្សប្រឆាំងដែលកំពុងមានប្រជាប្រិយភាព។
តទៅនេះ សូមស្តាប់បទវិភាគរបស់លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់ WMC៖
នៅក្នុងសង្គមប្រជាធិបតេយ្យ ការបង្កើតគណបក្សនយោបាយគឺជារឿងធម្មតាពីព្រោះការដឹកនាំតាមបែបប្រជាធិតេយ្យ គឺតម្រូវឲ្យមានគណបក្សច្រើនក្នុងការប្រកួតប្រជែងគ្នាដើម្បីឈានទៅដឹកនាំរដ្ឋាភិបាល។ មិនខុសគ្នាទេ កម្ពុជាបានបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលនាំឲ្យការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ១៩៩៣ និងបង្កើតបានរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ ដោយទទួលយករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងអនុវត្តនយោបាយតាមប្រព័ន្ធលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ ការបោះឆ្នោតនិងមានពហុបក្ស គឺជាធាតុមិនអាចខ្វះបានក្នុងការដឹកនាំតាមប្រព័ន្ធប្រជាធិតេយ្យ។ ការដឹកនាំតាមបែបប្រជាធិបតេយ្យគឺ ជាការដឹកនាំមួយដែលយកប្រជាពលរដ្ឋជាអធិបតី ព្រោះសិទ្ធិនិងអំណាចត្រូវស្ថិតក្នុងកណ្តាប់ដៃរបស់ពលរដ្ឋ។
មែនទែនទៅ ការបង្កើតគណបក្សគឺយន្តការប្រជាធិបតេយ្យ ដើម្បីឲ្យប្រជាពលរដ្ឋជាអ្នកជ្រើសមួយក្នុងចំណោមបក្សទាំងអស់ទៅដឹកនាំរដ្ឋ។ ការធ្វើបែបនេះ គឺចៀសវាសការកាន់អំណាចតែបក្សមួយដែលផ្ទុយនឹងរបបប្រជាធិបតេយ្យ។ ការប្រកួតប្រជែងផ្នែកគោលនយោបាយរបស់គណបក្ស គឺជារឿងគួរឲ្យអបអរព្រោះការខិតខំស្វែងរកប្រជាប្រិយភាពរបស់អ្នកនយោបាយ គឺធ្វើឲ្យប្រជាជាតិរីកចម្រើន តាមរយៈការកសាងស្នាដៃនានា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ការបង្កើតគណបក្ស គឺជាការប្រមូលអ្នកដែលមានគំនិតស្រដៀងគ្នា អ្នកដែលមានមនោគមន៍វិជ្ជាស្រដៀងគ្នា និងអ្នកដែលមានប្រយោជន៍ស្រដៀងគ្នា ដើម្បីបង្កើតប្រព័ន្ធគណបក្សដែលជាស្ថាប័ន នយោបាយដែលមានគោលបំណងទៅដឹកនាំប្រទេស។ ការបង្កើតគណបក្សនៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ គឺទាមទារលក្ខខណ្ឌច្រើនទាំងធនធានមនុស្ស ហិរញ្ញវត្ថុ អ្នកដឹកនាំ អ្នកការទូតទាំងក្នុងប្រទេសនិងក្រៅប្រទេសជាដើម ពោលគឺមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ ប្រសិនបើគណបក្សណាដែលបង្កើតឡើងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នោះប្រជាពលរដ្ឋនឹងមិនផ្តល់ការគាំទ្រនោះទេព្រោះពលរដ្ឋយល់ថា បក្សទាំងនោះគ្មានសមត្ថភាពទៅដឹកនាំរដ្ឋាភិបាល។
ដោយឡែកនៅកម្ពុជា ការបង្កើតគណបក្សនយោបាយមុនការបោះឆ្នោតគឺរឿងមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ មិនភ្ញាក់ផ្អើលពីព្រោះថា កន្លងមកកម្ពុជាធ្លាប់មានគណបក្សច្រើនលើសលប់ ស្របពេលកម្ពុជាមានប្រជាជនមិនដល់១៦លាននាក់ផងនោះ។
គិតដល់ត្រឹមឆ្នាំ២០១៥នេះ គណបក្សនយោបាយនៅកម្ពុជាមានចំនួនច្រើនជាង១០។ ជាការពិត ការបង្កើតគណបក្ស គឺសិទ្ធិសេរីភាពនយោបាយ តែអ្វីដែលអ្នកនយោបាយ ខ្មែរមួយចំនួន ទៅបង្កើតគណបក្សគឺជារឿងគួរឲ្យអស់សំណើច។ គួរឲ្យចង់សើចពីព្រោះថា ឲ្យដល់ពេលជិតបោះឆ្នោត មានគណបក្សជាច្រើនបង្កើតឡើងព្រោងព្រាត។ តែក្រោយការបោះឆ្នោត មិនដឹងបាត់ទៅណាអស់ទេ។ អ្នកខ្លះបង្កើតគណបក្សនយោបាយ ទុកធ្វើកេរមរតក អ្នកខ្លះទៀតបង្កើត គណបក្សទុកជាអនុស្សាវរីយ៍ ពីព្រោះការបង្កើតបក្ស ដោយគ្មានគោលការណ៍ច្បាស់លាស់ គ្រាន់តែសរសេរគោលនយោបាយក៏មិនចេះសរសេរឲ្យបានល្អ ដើម្បីយកទៅឃោសនាផង។ គណបក្សខ្លះគ្មានទស្សនវិស័យ គ្មានធនធានមនុស្ស គ្មានការគាំទ្រនិងគ្មានគំនិតអភិវឌ្ឍប្រទេសយ៉ាងដូចម្តេចផង ចេះតែបង្កើតឲ្យបាន។
ក្នុងមួយរយៈពេលចុងក្រោយនេះ ការបង្កើតគណបក្សថ្មីៗជាបន្តបន្ទាប់ ក្នុងនោះរួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលកើតឡើងពីក្រុមបណ្ឌិតបញ្ញវន្តដែលដឹកនាំដោយលោក យ៉េងវីរៈ គណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដឹកនាំដោយលោក ម៉ម សូណង់ដូរ។ និងថ្មីៗនេះ អ្នកស្រី ឡាក់ សុភាព ដែលជាអតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំង ក៏គ្រោងនឹងបង្កើតបក្សមួយទៀតឈ្មោះថា គណបក្សខ្មែរសាមគ្គី។ គណបក្សទាំងបួននេះ មិនដូចទាំងស្រុងនឹងការបង្កើតបក្សពីមុនៗនោះទេ ពោលគឺមានគណបក្សពីរដែលធ្លាប់គាំទ្រគណបក្សប្រឆាំងគឺគណបក្សរបស់លោក ម៉ម សូណង់ដូរ និងគណបក្សរបស់ អ្នកស្រីឡាក់ សុភាព។
ការបង្កើតគណបក្សថ្មីនេះ គឺបន្ទាប់មានការមិនពេញចិត្តនឹងការដឹកនាំរបស់គណបក្សសង្គ្រោះជាតិដែលជាបក្សមិនទាន់បានធ្វើរដ្ឋាភិបាល និងជាគណបក្សប្រឆាំងយ៉ាងស្រួចស្រាល់ដែលធ្វើឲ្យគណបក្សកាន់អំណាចព្រឺក្បាល កាលពីការបោះឆ្នោតជាតិ២០១៣កន្លងទៅ។ ក្រុមបណ្ឌិតទាំងនោះ មានលោកកែម ឡី និងលោក យ៉ង់ សាំងកុមារ ដែលផ្តួចផ្តើមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានដោយសារតែខឹងសម្បារ នឹងគណបក្សសង្គ្រោះជាតិដែលបង្កើតគណបក្សដោយគ្មានប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។ ចំណែកលោក ម៉ម សូណង់ដូរ គឺបង្កើតបក្សដោយលើកមូលហេតុដែលលោកខឹងនឹងគណបក្សសង្គ្រោះជាតិដើរចូលសភា ក្រោយការបោះឆ្នោតជាតិ២០១៣។ រីឯលោក សួន សេរីរដ្ឋា កើតឡើងពីចលនាអំណាចពលរដ្ឋខ្មែរនៅក្រៅប្រទេស។ រីឯអ្នកស្រី ឡាក់ សុភាព បង្កើតបក្សថ្មីដោយខឹងនឹងរឿងគណបក្សប្រឆាំង ដេញខ្លួនចេញពីគណបក្សដោយសារនិយាយពីអំពើពុករលួយនិងការបែកបាក់ផ្ទៃក្នុងបក្សសង្គ្រោះជាតិ។ ទាំងនេះជាជ្រុងមួយនៃមូលហេតុដែលគណបក្សថ្មីនេះ បង្កើតគណបក្ស។
ការបង្កើតបក្សថ្មីមិនជារឿងចម្លែករបស់អ្នកនយោបាយខ្មែរនោះទេ ព្រោះកន្លងមក លោក សម រង្ស៊ី ក៏ធ្លាប់ជ្រកកោនក្នុងគណបក្សហ៊្វុនស៊ីនប៉ិច កាលពីអាណត្តិទី១ បន្ទាប់មកក៏បានបង្កើតគណបក្សថ្មីមួយឈ្មោះថា គណបក្សជាតិខ្មែរក្រោយមកបង្កើតគណបក្សដោយដាក់ឈ្មោះខ្លួនឯង គឺគណបក្សសមរង្ស៊ី និងចុងក្រោយមកធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ។ ឯលោក កឹម សុខា ចេញពីគណបក្សសេរីនិយមព្រះពុទ្ធសាសនា មកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្ទាប់មកក៏បង្កើតគណបក្សសិទ្ធិមនុស្សនិងចុងក្រោយមក ធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិ។ ចំណែកលោក ខឹម វាសនា ក៏ធ្លាប់មានជីវិតនយោបាយជាមួយគណបក្សសមរង្ស៊ី ទីបំផុតក៏រត់មកបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ការបង្កើតគណបក្សថ្មី គឺជាសេរីភាពនយោបាយនៅពេលក្រុមមួយចង់ធ្វើនយោបាយ ជួយប្រទេសដោយមិនពេញចិត្តនឹងគណបក្សដែលមានជាធរមានស្រាប់។ ទោះយ៉ាងណាក៏ដោយ ក៏ការបង្កើតគណបក្ស គឺគួរត្រូវមានគោលការណ៍និងទិសដៅច្បាស់លាស់ ប្រមូលធនធានមនុស្សឲ្យបានគ្រប់គ្រាន់ ដោយមានអ្នករៀបចំយុទ្ធសាស្រ្ត មានអ្នកស្វែងរកហិរញ្ញវត្ថុ មានអ្នកដឹកនាំ មានអ្នកសរសេរគោលនយោបាយ មានអ្នកវោហាសាស្រ្ត មានសកម្មជនស្មោះត្រង់ មានទស្សនវិស័យ និងយល់ច្បាស់ពីស្ថានភាពប្រទេសជាតិ។ មិនមែនបង្កើតឲ្យតែបាន ពេលចប់បោះឆ្នោតរលាយទៅជាមួយនោះទេ ធ្វើបែបនេះ វាអាសោធកេរ្តិ៍ឈ្មោះទៅថ្ងៃក្រោយ។
ជាការពិត អ្នកនយោបាយខ្មែរមានជំងឺនយោបាយដែលពិបាកនឹងព្យាបាល ជំងឺអញនិយម មានតែគំនិតខ្លួនដែលត្រូវ គំនិតក្រៅពីខ្លួនសុទ្ធតែខុសត្រង់នេះ ឬខុសត្រង់នោះ។ ផ្នត់គំនិតនេះហើយ ដែលធ្វើឲ្យអ្នកនយោបាយមួយចំនួនធំ បង្កើតគណបក្សជាហូរហែរ ដូចហែរកឋិនទៅវត្តអញ្ចឹង។ អ្នកនយោបាយខ្លះ បង្កើតគណបក្សគ្មានគោលនយោបាយច្បាស់លាស់ គណបក្សខ្លះបង្កើតឡើងដើម្បីតាមប្រមាញ់គណបក្សដែលធ្លាប់ជាជម្រករបស់ខ្លួន ឯគណបក្សខ្លះទៀតបង្កើតឡើង ដោយមានមានអំនួតថាខ្លួនជាបណ្ឌិតដែលល្បីឈ្មោះ ហើយបង្កើតបក្សដោយគ្មានគោលនយោបាយច្បាស់លាស់ គ្មានទិសដៅ គ្មានធនធានមនុស្សគ្រប់គ្រាន់ តែស្មានថាខ្លួនល្បីយល់ថា ពលរដ្ឋច្បាស់ជាគាំទ្រខ្លួន។
ទីបំផុតគណបក្សនយោបាយទាំងនោះ បានក្លាយជាឧបករណ៍របស់គណបក្សកាន់អំណាចដោយ មិនដឹងខ្លួន។ ជាការពិត ចង់ឬមិនចង់ ការបង្កើតគណបក្សតូចៗកាន់តែច្រើនស្របពេលដែលចំនួន ពលរដ្ឋមានកាន់តែតិចនិងមានការយល់ដឹងមានកម្រិតផងនោះ ច្បាស់ណាស់ពលរដ្ឋនឹងងាកទៅគាំទ្រអ្នកនេះបន្តិច អ្នកនោះបន្តិច ទីបំផុតគណបក្សប្រឆាំងនឹងបាត់បង់ការគាំទ្រដោយសារគណបក្សតូចៗ តាមរយៈរូបមន្តពុះចែកមណ្ឌលរបស់រដ្ឋាភិបាល។ មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាកំពុងតែផ្តើមកែទម្រង់ តែគណបក្សប្រឆាំង កំពុងត្រូវអ្នកគាំទ្រនិងគណបក្សថ្មីៗ វាយទាំងថ្ងៃទាំងយប់យ៉ាងដំណំ។ បើស្ថានភាពនៅរបៀបនេះទៀត សំឡេងបក្សប្រឆាំងនឹងថមថយជាស្វ័យប្រវត្តិ ពោលគឺគណបក្សសង្គ្រោះជាតិនឹងក្លាយជាគណបក្សប្រឆាំងជារៀងរហូត គ្មានឳកាសបានឡើងដឹកនាំប្រទេសនោះទេ។
តែយ៉ាងណាក៏ដោយ ស្ថានការណ៍ប្រែប្រួលមិនទៀង មិនទៀងពីព្រោះថា គណបក្សប្រឆាំងធ្លាប់ប្រើយុទ្ធសាស្រ្តស្រែកអំពាវនាវឲ្យមានការរួបរួម ដើម្បីវាយគូរប្រកួតឲ្យដួលក្នុងរយៈមួយពព្រិចភ្នែក។ មុនដំបូងមិនទាន់រួមគ្នា គណបក្សទាំងពីរបានវាយប្រហារគ្នាខ្លាំងៗ ដើម្បីដណ្តើមប្រជាប្រិយភាព តែពេលប្រមូលបានអ្នកគាំទ្រច្រើន ក៏ច្របាច់បញ្ចូលគ្នាដើម្បីធ្វើឲ្យគូរប្រកួតនឹកស្មានមិនដល់។ ការរួមគ្នារបស់ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅក្នុងឆ្នាំ២០១២ គឺឧទាហរណ៍ដែលអាចឲ្យយើងយល់បាន។ ការប្រើយុទ្ធសាស្រ្តនេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដុះស្នឹម ភ័យស្ទើរលួសព្រលឹងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ កាលណោះ គណបក្សសង្គ្រោះជាតិមានការគាំទ្រពីពលរដ្ឋភ្លូកទឹកភ្លូកដី ដែលទទួលបានសំឡេងក្នុងសភាចំនួន៥៥អាសនៈ។ រូបមន្តដែលគណបក្សប្រឆាំងប្រើគឺ អាតូចមិនឈ្នះអាធំ តែបើអាតូចផ្តុំ អាធំប្រាកដជារត់ដោយសារអាតូច។ បើស្ថានការណ៍បែបនេះកើតឡើងមែន គណបក្សប្រឆាំងនឹងមានវាសនាទៅដឹកនាំ រដ្ឋាភិបាលកម្ពុជា ដើម្បីផ្លាស់ប្តូរប្រវត្តិសាស្រ្តកម្ពុជាជាង៣០ឆ្នាំនេះ៕