ភាពចម្រូងចម្រាស់រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជុំវិញសេចក្តីព្រាងច្បាប់គ្រប់ គ្រង សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំង។ សង្គមស៊ីវិលបានបង្ហាញការព្រួយបារម្ភនៅពេលច្បាប់នេះ ចូលជាធរមាន ព្រោះវាអាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ សេរីភាពក្នុងការបង្កើតអង្គការសមាគម ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ឯរាជរដ្ឋាភិបាល បានអំពាវនាវឲ្យសង្គមស៊ីវិលកុំព្រួយបារម្ភអី ព្រោះច្បាប់នេះមិនបានបិទសេរីភាពរបស់ពួកគេទេ តែជាការសម្រួល និងការការពារដល់សកម្មភាពរបស់អង្គការសមាគមទៅវិញទេ។
សូមស្តាប់បទវិភាគ ដែលរៀបចំឡើងដោយអ្នកយកព័ត៌មានរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក រឹម ភារី៖
សេចក្តី ព្រាងច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមកដល់ពេលនេះ នៅមិនទាន់មានការឯកភាពគ្នា រវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា។ ភាពចម្រូងចម្រាស់នេះ កើតឡើងដោយសារតែភាគីទាំងពីរ មិនព្រមអង្គុយរកដំណោះស្រាយ តែប្រកាន់យកគំនិតឈ្នះរៀងៗខ្លួន។ រដ្ឋាភិបាល ជាពិសេសលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រុញសេចក្តីព្រាងច្បាប់នេះឲ្យចេញឆាប់ៗនេះ ដោយលើកហេតុផលថា សង្គមស៊ីវិលគ្មានសិទ្ធិធ្វើច្បាប់នោះទេ ព្រោះអ្នកធ្វើច្បាប់គឺជាតួនាទីរបស់ រដ្ឋាភិបាល និងសភា ដែលមានការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ការលើកឡើងនេះធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ មានប្រតិកម្មយ៉ាងខ្លាំងៗ រហូតធ្វើ ឲ្យមានបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះជាច្រើនលើក ច្រើនសារ ព្រោះពួកគេយល់ថា ច្បាប់នេះបានបិទសេរីភាព នឹងធ្វើឲ្យរាំងស្ទះដល់ការងាររបស់ពួកគេ។
ការប្រឆាំងនឹង សេចក្តីព្រាងច្បាប់ពីសំណាក់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងមតិអន្តរជាតិ មិនមែនជារឿងថ្មីថ្មោងនោះទេ ពីព្រោះកន្លងមកអង្គការសង្គមស៊ីវិលតែងធ្វើសកម្មភាពប្រឆាំងទៅនឹង សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលដូចជា សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសតាមប្រព័ន្ធអ៊ីនធើណែត សេចក្តីព្រាងច្បាប់ស្តីពីសហជីព និងចុងក្រោយនេះ គឺសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ជាការពិត សកម្មភាពរបស់សង្គមស៊ីវិលត្រូវបានរដ្ឋាភិបាលតាមដានយ៉ាង យកចិត្តទុកដាក់ ហើយពេលខ្លះទៀត សង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងរឿងរសើបដូចជា ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាដើម ត្រូវស្ថិតក្រោមក្រសែភ្នែករបស់មន្រ្តី រដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការរារាំងសង្គមស៊ីវិលផ្នែករដ្ឋបាលបានបង្កបញ្ហាស្មុគស្មាញ ផ្នែកឯកសារ នៅពេលពួកគេធ្វើសកម្មភាពទៅតាមមូលដ្ឋានគឺជារឿងដែលធ្វើឲ្យ សង្គមស៊ីវិលឈឺក្បាលរួចទៅហើយ។ ឈឺក្បាល ពីព្រោះថា ពួកគេត្រូវរងសម្ពាធពីអាជ្ញាធរមូលដ្ឋានក្នុងការកំណត់បែបនេះ ឬបែបនេះ ដែលពេលខ្លះ ការកំណត់នោះទៀតសោត គឺផ្ទុយទៅនឹងច្បាប់ជាតិ និងអន្តរជាតិទាំងស្រុង។ សកម្មភាពទាំងនេះហើយ ដែលធ្វើឲ្យសង្គមស៊ីវិលពិបាកក្នុងការធ្វើការជាមួយប្រជាពលរដ្ឋ ហើយបញ្ហានេះបានធ្វើឲ្យក្រុមសង្គមស៊ីវិលប្រៀបដូចជាសត្វឆ្មា ដែលរលាកទឹកក្តៅដោយសារ សកម្មភាពរបស់អាជ្ញាធររួចម្តងទៅហើយ ហើយពេលនោះគ្មានច្បាប់គ្រប់គ្រងសមាគម និងអង្គការសង្គមស៊ីវិលផង តែបើច្បាប់នេះ ត្រូវបានអនុម័តរួចរាល់មែននោះ អាជ្ញាធរនឹងប្រើច្បាប់នេះ ដើម្បីកំណត់សកម្មភាព ឬរារាំងសកម្មភាពអង្គការស៊ីវិលណាដែលពាក់ព័ន្ធនឹងសកម្មភាព នយោបាយ បើទោះបីជា សកម្មភាពនោះជាសកម្មភាពត្រឹមត្រូវក៏ដោយ។
ការតាម ដានយ៉ាងស្អិតរមួត ចំពោះការងាររបស់សង្គមស៊ីវិល វាមិនមែនជារឿងគ្មានហេតុផលនោះទេ ព្រោះសង្គមស៊ីវិលមួយចំនួនគឺធ្វើសកម្មភាពនយោបាយ ដែលផ្ទុយនឹងនិន្នាការបក្សកាន់អំណាច។ ហើយសង្គមស៊ីវិលមួយចំនួន មិនខ្លាចនឹងការប្រកាសគាំទ្របក្សនយោបាយដោយបើកចំហនៅពេលជិតដល់ ការបោះឆ្នោតម្តងៗ។ ឯអ្នកនយោបាយមួយចំនួន គឺចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះ ក្នុងអង្គការសង្គមស៊ីវិល ហើយនៅពេលពួកគេល្បីល្បាញក្នុងសង្គមហើយ ពួកគេបានលោតចូលក្នុងសកម្មភាពនយោបាយ ដោយពេញមុខពេញមាត់តែម្តង។
ជាការពិតមិនអាចប្រកែកបាន កម្ពុជាជាប្រទេសនីតិរដ្ឋ បានន័យថា កម្ពុជាត្រូវតែមានច្បាប់សម្រាប់គ្រប់គ្រងប្រទេសរបស់ខ្លន។ ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ នៅមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានច្បាប់តូចៗដទៃទៀត ដែលលម្អិតទៅលើផ្នែកនីមួយៗ។ តួយ៉ាងសេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះ ត្រូវមានមហាជន ជាពិសេសសង្គមស៊ីវិលជាតិ និងអង្គការអន្តរជាតិបានរិះគន់យ៉ាងចាស់ដៃ តែវាមិនមែនជារឿងចម្លែកនោះទេ មិនចម្លែកពីព្រោះថា សេចក្តីព្រាងច្បាប់ទាំងនោះ ហាក់មានបំណងបិទបាំងប្រជាពលរដ្ឋ អង្គទូត និងអង្គការសមាគមដែលធ្វើការពាក់ព័ន្ធ។ ជាក់ស្តែងច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានព្រាងឡើងតាំងពីអំឡុង ឆ្នាំ១៩៩៥ មកម៉្លេះ ប៉ុន្តែការពង្រាងច្បាប់នេះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ ទង្វើបែបនេះ ទើបធ្វើឲ្យសង្គមស៊ីវិលមានការព្រួយបារម្ភ ពីព្រោះពួកគេមិនអាចសហការណ៍ជាមួយរដ្ឋាភិបាល ដើម្បីពិនិត្យខ្លឹមសារច្បាប់ តែដល់ជិតដល់អនុម័ត ទើបផ្សព្វផ្សាយ ហើយពិគ្រោះយោបល់ដើម្បីបង្រ្គប់កិច្ចតែម្តង។
ក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ ច្បាប់នីមួយៗ មុននឹងរុញឲ្យសភាអនុម័តច្បាប់នោះ ត្រូវឆ្លងកាត់ប្រជាពលរដ្ឋពិនិត្យខ្លឹមសារ និងពិគ្រោះយោបល់ឲ្យបានដិតដល់ជាមុន តាមរយៈ ការប្រកាសផ្សាយជាសាធារណៈ តែបើមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ទើបច្បាប់នោះអាចអនុម័តបាន។ ការធ្វើបែបនេះ គឺដើម្បីឲ្យច្បាប់ ត្រូវបានដឹងលឺដល់ប្រជាពលរដ្ឋ និងមានការព្រមព្រៀងទាំងអ្នកអនុវត្តច្បាប់ និងអ្នកគោរពច្បាប់។
ដូច្នេះល្មមដល់ពេលហើយ ដែលសង្គមស៊ីវិល និងរដ្ឋាភិបាលត្រូវចេះសហកាណ៍ ពិគ្រោះយោបល់ និងពិភាក្សាគ្នាដើម្បីធ្វើឲ្យច្បាប់មួយដែលមាន យុត្តិធម៌ តម្លាភាពនិងគណនេយ្យភាព។ មិនត្រឹមតែបញ្ហាច្បាប់នោះទេ តែបញ្ហាគ្រប់បែបយ៉ាងដែលត្រូវដោះស្រាយគឺត្រូវចូលរួមពីគ្រប់ មជ្ឍដ្ឋាន ពីព្រោះ រដ្ឋាភិបាលដែលស្ថិតក្នុងដំណាក់កាលប្រទេសកំពុងអភិវឌ្ឍយ៉ាង ដូច្នេះ ដៃគូរអភិវឌ្ឍដែលល្អបំផុត ដែលជាដៃជើង និងជាភ្នែក ច្រមុះរបស់រដ្ឋនោះ គឺអង្គការសង្គមស៊ីវិលនេះឯង។