loader

បទវិភាគ៖ កង្វះទំនុកចិត្តលើតុលាការ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធនាំឲ្យពលរដ្ឋព្រលានយន្តហោះថ្មីធ្លាក់ក្នុងជម្លោះកាន់តែរុំារ៉ៃ

ភ្នំពេញ៖ ជម្លោះដ៏រុំាំរ៉ៃមួយរវាងប្រជាពលរដ្ឋព្រលានយន្តហោះថ្មីស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនិងនគរបាលខេត្តកណ្តាលដែលការពារភាគីក្រុមហ៊ុន OCIC បានផ្ទុះឡើងកាលពីថ្ងៃទី១២ ខែកញ្ញាម្សិលមិញ។ ជម្លោះដែលអូសបន្លាយពេលជាង ៣ ឆ្នាំនេះ ប្រជាពលរដ្ឋមិនដែលទាន់បានប្តឹងទៅតុលា ការនោះទេ គឺពឹងលើយន្តការដោះស្រាយក្រៅប្រព័ន្ធមករហូត។

តើប្រជាពលរដ្ឋព្រលានយន្តហោះថ្មី ល្មមដល់ពេលប្រើប្រព័ន្ធតុលាការដើម្បីរកដំណោះស្រាយហើយមែនទេ? ចុះបើពលរដ្ឋសម្រេចប្តឹងទៅតុលាការតើនឹងមានអត្ថប្រយោជន៍អ្វីខ្លះដល់ជម្លោះមួយនេះ?

ដើម្បីជ្រាប់កាន់តែច្បាស់ សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរាប់រៀងដោយលោក កែវ សុខា ដូចតទៅ!

នៅទីបំផុត ការប៉ះទង្គិចគ្នាមួយប្រាវរវាងពលរដ្ឋព្រលានយន្តហោះថ្មី និងសមត្ថកិច្ច បានកើតឡើងមែនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ បន្ទាប់ពីជម្លោះដ៏រុំារ៉ៃនេះបានអូសបន្លាយពេលជាង ៣ឆ្នាំ។ ក្នុងហេតុការណ៍នោះ ផ្តើមចេញពីសមត្ថកិច្ចបិទប៉ារ៉ាស់ឃាឃាំងពលរដ្ឋមិនឱ្យចូលទៅមើលដីស្រែក្នុងតំបន់ដែលកំពុងមានទំនាស់រវាងពលរដ្ឋ និងក្រុងហ៊ុន OCIC ដែលទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មានពលរដ្ឋយ៉ាងហោចណាស់ ៣០ ត្រូវឃាត់ខ្លួនភ្លាមៗ និង ២០នាក់ផ្សេងទៀតត្រូវរងរបួស។

នេះជាទិដ្ឋភាពនៃការតវ៉ារបស់ក្រុមប្រជាពលរដ្ឋសុំទៅមើលដីស្រែ តែសមត្ថកិច្ចរារាំងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។រូបភាពពីហ្វេសប៊ុកពលរដ្ឋមានជម្លោះ។

ជម្លោះរវាងប្រជាពលរដ្ឋព្រលានយន្តហោះថ្មីជាង ៣០០គ្រួសារ និងក្រុមហ៊ុន OCIC បានជំរុញឱ្យពលរដ្ឋស្វះស្វែងកិច្ចអន្តរាគម៍ពីអ្នកពាក់ព័ន្ធគ្រប់ច្រកល្ហក ក្នុងនោះមានតាំងពីរដ្ឋបាលស្រុក ខេត្តរហូតដល់ថ្នាក់ជាតិ។ ពលរដ្ឋក៏ធ្លាប់ដើរដាក់ញាត្តិនៅតាមស្ថាប័នរដ្ឋធំៗមួយចំនួនផងដែរ ដូចជា ខុន្ទកាល័យសម្តេច ហ៊ុន សែន សម្តេច ស ខេង និងស្ថាប័នរដ្ឋមួយចំនួនទៀត ប៉ុន្តែជាលទ្ធផលប្រជាពលរដ្ឋពុំទទួលបានដំណោះស្រាយណាមួយជាដុំកំភួននៅឡើយ។

នេះជាសាវតាខ្លះៗនៃជម្លោះនិងការស្វែងរកកិច្ចអន្តរាគមន៍របស់ពលរដ្ឋព្រលានយន្តហោះថ្មីនាពេលកន្លងទៅ។

មកដល់ត្រឹមនេះ សំនួរមួយបានចោទឡើងថា ហេតុអ្វីក្រុមប្រជាពលរដ្ឋមិនរត់រកប្រព័ន្ធតុលាការដើម្បីដោះស្រាយតាំងពីដំបូង?ហេតុអ្វីទុកឱ្យវិវាទនេះ ធ្លាក់នៅក្នុងភាពកាន់តែរុំាំរ៉ៃបែបនេះ?

មានកត្តាមួយចំនួនដែលយើងអាចបានដឹងពីមូលហេតុដែលនាំឱ្យប្រជាពលរដ្ឋមុនប្តឹងទៅតុលាការដើម្បីរកដំណោះស្រាយ។ នោះគឺបញ្ហាទំនុកចិត្ត។

ទំនុកចិត្ត ឬជំនឿចិត្តពីប្រជាពលរដ្ឋមានជម្លោះដីធ្លីលើប្រព័ន្ធតុលាការហាក់មានតិចតួចខ្លាំងណាស់បើធៀបនឹងការរត់រកយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ។​ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីធ្លាប់និយាយថា ពួកគេមិនមានជំនឿចិត្តសោះថាអាចឈ្នះក្តីជាមួយក្រុមហ៊ុនទេ ពេលប្តឹងទៅតុលាការ ព្រោះមានគំរូករណីជម្លោះជាច្រើនសុទ្ធតែខាងក្រុមហ៊ុនឈ្នះក្តីលើប្រជាពលរដ្ឋទន់ខ្សោយជានិច្ច។

មួយទៀតដែរ ការពឹងពាក់នីតិវិធីតុលាការអាចមានភាពស្មុគស្មាញ ប្រើពេលវេលាយូរ និងចំណាយធនធានលើប្រាក់ប្រថាប់ក្តីនិងការចំណាយផ្សេងទៀត។​

ហើយបញ្ហាចំណេះដឹងនៅមានកម្រិត​ មិនយល់ពីនីតិវិធីច្បាប់ គ្មានអ្នកជួយសម្របសម្រួល និងខ្វះភាពក្លាហាន ក៏ជាកត្តាដែលធ្វើឱ្យពលរដ្ឋសម្រេចមិនចាប់យកការដោះស្រាយនៅតុលាការដែរ។

មួយទៀតអាចនិយាយបានថា មកពីច្បាប់អស្សាមិករណ៍។ ច្បាប់នេះអាចដកហូតកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋដើម្បីផលប្រយោជន៍សាធារណៈ តែតម្រូវឱ្យផ្តល់សំណងសមរម្យនិងយុត្តិធម៌។ ដូច្នេះ ពលរដ្ឋយល់ថា ពេលប្តឹងទៅតុលាការ តុលាការនឹងយកច្បាប់នេះមកសំអាងដោយផ្តល់សំណងដូចអ្វីដែលក្រុមហ៊ុន ឬអាជ្ញាធរតម្រូវ។

រូបភាពពលរដ្ឋទៅមើលការឈូសឆាយដីស្រែពីសំណាក់ក្រុមហ៊ុនOCIC លើដីទំនាស់។រូបភាពពីហ្វេសប៊ុកពលរដ្ឋមានជម្លោះ។

 

អ្វីជាពិសេសនោះ គឺការខ្លាចរអានឹងការចាប់ចង់ ឬខ្លាចខ្លួនមានទោស ឬក្លាយជាជនជាប់ចោទក្រោយពេលប្តឹងទៅតុលាការ។ នេះជាមូលហេតុខ្លះៗ ដែលប្រជាពលរដ្ឋធ្លាប់ប្រាប់អ្នកសារព័ត៌មាន។

បើពិនិត្យមើលមូលហេតុទាំងនេះ យើងពិបាកដាក់ការស្តីបន្ទោសលើប្រជាពលរដ្ឋណាស់ ដែលមិនព្រមប្តឹងទៅតុលាការតាំងពីដំបូង ដោយប្រើយន្តការដោះស្រាយក្រៅប្រព័ន្ធនាំឱ្យអូសបន្លាយរឿងនេះកាន់តែរុំាំរ៉ៃរហូតមានការប៉ះទង្គិចគ្នាកើតឡើងជារឿយ ហើយម្សិលមិញក៏ផ្ទុះការប្រទុះសារ៉ាយគ្នាខ្លាំង។

ជាការពិត ការដោះស្រាយវិវាទដីធ្លី ប្រជាពលរដ្ឋអាចប្រើយន្តការដោះស្រាយតាមពីររបៀប គឺការដោះស្រាយក្រៅប្រព័ន្ធតុលាការ នៅក្នុងប្រព័ន្ធតុលាការ។ ប្រព័ន្ធដោះស្រាយទាំងពីរនេះមានគុណសម្បត្តិផ្សេងគ្នា ដែល​ប្រជាពលរដ្ឋអាចមានជម្រើសប្រើបាន។

យើងសូមលើកយកគុណប្រយោជន៍នៃការដោះស្រាយវិវាទដីធ្លីក្នុងករណីប្រើប្រាស់ប្រព័ន្ធតុលាការ។

ក្នុងករណីដែលមានទំនាស់ការតវ៉ា និងការប៉ះទង្គិចគ្នាដូចករណីពលរដ្ឋព្រលានយន្តហោះថ្មីនេះ ការប្រើប្រព័ន្ធតុលាការនឹងជួយបង្ការទប់ស្កាត់ការប៉ះទង្គិចគ្នាបាន។ មូលហេតុព្រោះតុលាការនឹងចេញដីការក្សាការពារភ្លាម ដើម្បីបញ្ឈប់សកម្មភាពណាមួយរបស់គូភាគីជម្លោះនៅដីទំនាស់។

ដីការក្សាការពារមានអានុភាពរឹបអូសទ្រព្យសម្បត្តិដែលកំពុងមានវិវាទ មករក្សាទុក ឬប្រគល់ឲ្យភាគីណាមួយគ្រប់គ្រងជាបណ្តោះអាសន្ន រង់ចាំតុលាការសម្រេចចប់ជាស្ថាពរ។

ដូច្នេះបើសិនក្រុមប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធតុលាការមកដោះស្រាយ នោះតុលាការអាចចេញដីការក្សាការពារ ទប់ស្កាត់សកម្មភាពឈូសឆាយប្រើគ្រឿងចក្រពីសំណាក់ក្រុមហ៊ុនលើដីស្រែពលរដ្ឋបាន។ បើសិនអាចបញ្ឈប់សកម្មភាពរបស់ភាគីណាមួយបាន នោះជម្លោះជាយថាហេតុនឹងមិនអាចកើតមាននោះឡើយ។ នេះជាគុណតម្លៃ បើសិនពលរដ្ឋសម្រេចប្តឹងករណីនេះទៅតុលាការ។

តែបើយើងពិនិត្យមកមើលការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដូចដែលប្រជាពលរដ្ឋកំពុងធ្វើដូចសព្វថ្ងៃនេះវិញ វាក៏មានគុណតម្លៃយ៉ាងផងដែរ។ មានគុណតម្លៃនៅត្រង់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានភាពទន់ភ្លន់ជាង និងបត់បែនជាង ហើយប្រើប្រាស់ការចរចា និងការសម្របសម្រួលរវាងគូភាគីនីមួយៗ។ សម្រាប់ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនៅកម្ពុជា គឺមានយន្តការតាំងថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគូភាគីមិនចាំបាច់ចំណាយថវិកាក្នុងកិច្ចដំណើរការឡើយ ហើយវាអាចចំនេញពេលវេលាច្រើនបើសិនគូភាគីឆាប់សម្រេចទទួលយកគោលការណ៍សំណងតាមរយៈការចរចានោះ។

មួយទៀតដែរ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាយន្តការមួយដែលអង្គការអន្តរជាតិធំៗគាំទ្រឱ្យប្រើប្រាស់នៅតាមបណ្តាលប្រទេសដែលមានប្រព័ន្ធយុត្តិធម៌ខ្សោយ។ ប្រទេសដែលមានប្រព័ន្ធយុត្តិធម៌ខ្សោយ ស្ថាប័នតុលាការស្ថិតក្រោមអំណាចអ្នកនយោបាយ រដ្ឋាភិបាល ឬអ្នកមានអំណាច មានលុយ ដូច្នេះការសម្រេចសេចក្តីភាគច្រើន ច្រើនតែលម្អៀងទៅរកភាគីអ្នកមានអំណាចឬមានប្រាក់។

អាជ្ញាធរដាក់ប៉ារ៉ាស់មិនឱ្យពលរដ្ឋចូលក្នុងដីទំនាស់។រូបភាពពីហ្វេសប៊ុកពលរដ្ឋមានជម្លោះ។

 

ត្បិតថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាយន្តការមួយល្អពិតមែន តែសម្រាប់ករណីវិវាទពលរដ្ឋនិងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល គឺមិនទទួលជោគជ័យនោះទេ ព្រោះប្រជាពលមិនព្រមទទួលយកគោលការណ៍សំណងរបស់ក្រុមហ៊ុន។ ពលរដ្ឋត្អូញត្អែរថា ក្រុមហ៊ុនផ្តល់សំណងជូនពលរដ្ឋតិចតួចខ្លាំងណាស់ គឺផ្តល់សំណងជូនប្រជាពលរដ្ឋតែ ៨ ដុល្លារក្នុងដីមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ខណៈដីនៅតំបន់នោះឡើងដល់ជាង ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅហើយ។

បើពិនិត្យមើលទៅ តម្លៃសំណងរបស់ក្រុមហ៊ុន និងការចង់បានរបស់ពលរដ្ឋមានភាពខុសគ្នាឆ្ងាយណាស់ដែលនេះជាកត្តារាំងស្ទះក្នុងដំណើរការដោះស្រាយជម្លោះនេះ។ បញ្ហាមិនត្រូវរូវគ្នាលើតម្លៃនេះហើយ ធ្វើឱ្យភាគីទាំងពីរតែប៉ះទង្គិចគ្នាមជារឿយៗ

សរុបមក សម្រាប់ប្រជាពលរដ្ឋព្រលានយន្តហោះថ្មី ដែលបានប្រើប្រាស់យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធមិនទទួលបានជោគជ័យបែបនេះ  ការប្រើប្រព័ន្ធតុលាការជាជម្រើសចុងក្រោយនឹងល្អប្រសើរបំផុតសម្រាប់ពលរដ្ឋ។

បើសិនជាប្រជាពលរដ្ឋប្រើប្រព័ន្ធតុលាការដើម្បីដោះស្រាយ ភ្លាមៗចំពោះមុខតុលាការនឹងអាចចេញដីការក្សាការពារ ហាមឃាត់ខាងភាគីក្រុមហ៊ុនមិនឱ្យធ្វើសកម្មភាពណាមួយ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាជាមួយពលរដ្ឋ។

ការផ្តល់គំនិតបែបនេះ មិនមែនមានន័យថា ប្រជាពលរដ្ឋប្តឹងទៅតុលាការអាចមានលទ្ធភាពឈ្នះក្តីនោះទេ វាអាស្រ័យលើការវិនិច្ឆ័យ ស៊ើបអង្កេតរបស់តុលាការបន្ថែមទៀត។ តែការប្តឹងទៅតុលាការពេលនេះ គ្រាន់អាចជួយបញ្ឈប់បញ្ហាទំនាស់ជាបណ្តុះអាសន្នដែលអាចកើតមានតែប៉ុណ្ណោះ។

ជារួម ដើម្បីអាចបញ្ចប់ជម្លោះដ៏រុំារ៉ៃនេះបាន គូភាគីគប្បីបន្ទន់ឥរិយាបថរៀងៗខ្លួនបន្តិច ដើម្បីឈានទៅរកចំណុចរួមបាន។ ភាគីក្រុមហ៊ុន គប្បីគួរតំឡើងតម្លៃសំណងឱ្យខ្ពស់បន្តិច ដើម្បីឱ្យប្រជាពលរដ្ឋព្រមទទួលយកសំណងហើយអាចចេញទៅរកទិញដីរស់នៅថ្មីបានសមរម្យ។ ចំណែកខាងភាគីពលរដ្ឋវិញ ក៏គួរបន្ថយការទាមទារតម្លៃកុំឱ្យខ្ពស់ពេកដែល បើទោះបីជាដីនៅទីនោះជាតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះក៏ដោយ៕

 

 

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដលើកុមារជាការប្រឹងប្រែងក្នុងក្តីមន្ទិល

ភ្នំពេញ៖ កម្ពុជាបានសម្រេចចាក់វ៉ាក់សាំងប្រឆាំង[...]

បទវិភាគ៖ ករណីម្តាយចាប់កូនស្រីឱ្យប្តីចុងរំលោភឆ្លុះបញ្ចាំងពីកង្វះខាតវិជ្ជាជីវៈ ការវិនិច្ឆ័យ និងយន្តការសង្គម

ភ្នំពេញ៖ ព័ត៌មានករណីម្តាយចាប់កូនស្រីខ្លួនឱ្យឳ[...]

ទំនុកចិត្តលើការធានារបស់សហរដ្ឋអាមេរិកទំនងជារង្គោះរង្គើ

សហរដ្ឋអាមេរិកដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x