បទវិភាគ៖ សកម្មភាព និងតួនាទីរបស់លោក សម រង្ស៊ី កាន់តែលេចធ្លោក្នុងរយៈពេលចុងក្រោយនេះ នៅពេលលោកត្រូវបានថ្នាក់ដឹកនាំ និងតំណាងបក្សនៃអតីតគណបក្សសង្រ្គោះជាតិគាំទ្រលោកជាប្រធានស្ដីទីរបស់បក្សនេះ ជំនួស លោក កឹម សុខា។ តាមកត្តាតថភាព ឃើញថា ភាពល្បីល្បាញរបស់លោក សម រង្ស៊ី បានវិលមកវិញភ្លាមតាមរយៈតួនាទីនេះ ហើយសូម្បីតែសហគមន៍អន្តរជាតិមួយចំនួនក៏ចាប់អារម្មណ៍នឹងលោកផងដែរ។ តែអ្វីដែលនាំអោយ លោក សម រង្ស៊ី កាន់តែល្បី និងទទួលបានការគាំទ្រខ្លាំងឡើងៗ អាចមកពីអ្នកគាំទ្រមើលឃើញមេដឹកនាំម្នាក់នេះដែលមានសេរីភាពយ៉ាងសកម្ម ក្នុងការធ្វើឱ្យប្រែប្រួលនយោបាយនៅកម្ពុជា ខណៈមេដឹកនាំម្នាក់ទៀតគឺលោក កឹម សុខា បាត់បង់សេរីភាព។
កញ្ញា ពៅ និកា ជូនសេចក្ដីអធិប្បាយដូចតទៅ៖
ពាក្យស្លោក ដែលថា សម រង្ស៊ី -កឹម សុខា ជាមនុស្សតែមួយ គឺពេញនិយមរបស់អ្នកស្មោះត្រង់អតីតគណបក្សសង្រ្គោះជាតិ និងមេដឹកនាំទាំងពីររូបនេះ។ ដើម្បីរំលឹកពីការសាមគ្គីផ្ទៃក្នុង គឺគេត្រូវនិយាយដូចនេះ។ ប៉ុន្តែ បើនិយាយពីតថភាពទៅលើលោក សម រង្ស៊ីវិញ ក្នុងតួនាទីជាប្រធានស្ដីទី របស់បក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយនាំអោយបុរសនេះ កាន់តែទទួលបានឋានៈជាវីរបុរសរបស់បក្សក្នុងអន្តរកាលនេះព្រោះបុរសវ័យជិត ៧០ដែលឆ្លងកាត់ឧបសគ្គសឹងអស់ជីវិតម្ដងៗនោះ បានលះបង់ច្រើនទាំងគំនិត បញ្ញា ស្មារតី ភាពអង់អាចក្លាហាន និងទ្រព្យសម្បត្តិ។
បុរសនេះហើយមើលទៅ អាចបំបែកសំណុំរឿងរបស់បក្សសង្រ្គោះជាតិ ខណៈ លោកមានសកម្មភាពយ៉ាងសកម្មចំពោះតួនាទីជាប្រធានស្ដីទីហើយត្រូវ ធ្វើមាតុភូមិនិវត្តវិញនៅដើមឆ្នាំ២០១៩ ទាំងលោកកឹមសុខាស្ថិតក្នុងការឃុំខ្លួន គ្មានសេរីភាព។
ការគាំទ្ររបស់សកម្មជនបក្សសង្រ្គោះជាតិនៅក្នុងប្រទេសនិងក្រៅប្រទេស
តាមរយៈវេទិកាមួយនៅប្រទេសបារាំង កាលពីថ្ងៃទី ១៥ធ្នូ គេសង្កេតឃើញតំណាងសកម្មជនមានទាំងថ្នាក់ខេត្តស្រុក ឃុំ និងតំណាងពលករខ្មែរនៅ ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូងបានថ្លែងសារសាទរលោក សម រង្ស៊ី ជាប្រធានស្ដីទីរបស់បក្សនេះជំនួយលោកកឹមសុខាដែលគ្មានសេរីភាព។ សាររបស់តំណាងក្រុមប្រឹក្សាខេត្តស្រុក ក្រុមឃុំសង្កាត់ សុទ្ធតែសរសើរពីវីរៈភាពរបស់លោកសមរង្ស៊ីដែលមកធ្វើជាមេដឹកនាំបក្ស ទោះបីបណ្ដោះអាសន្នក៏ដោយ។ ពួកគេជឿជាក់លើមេដឹកនាំរូបនេះ នឹងធ្វើឱ្យមានដំណោះស្រាយនយោបាយ នៅដើមឆ្នាំ ២០១៩ ហើយដំណោះស្រាយនោះកើតចេញពីលោកសម្រេចវិលចូលប្រទេសវិញ និងអន្តរាគមន៍របស់សហគមន៍អន្តរជាតិ។
នៅក្នុងវេទិកានោះ លោក សម រង្ស៊ី បានឡើងប្ដេជ្ញាចិត្តថា នឹងធ្វើអតីតបក្សសង្រ្គោះជាតិរស់ឡើងវិញ តាមរយៈយន្តការនៃសម្ពាធរបស់សហគមន៍អន្តរជាតិនិង ស្មារតីសកម្មជនរបស់អតីតបក្សប្រឆាំងនៅក្នុងស្រុក។ ដោយថ្លែងរំលឹកពីស្មារតីតូស៊ូរបស់លោកដើម្បីសេរីភាពរបស់ពលរដ្ឋ កម្ពុជា លោក សម រង្ស៊ី ក៏បានតាំងចិត្តជាថ្មីថា លោកនឹងវិលប្រទេសវិញនៅដើមឆ្នាំ ២០១៩ ដោយស្ថិតក្នុងកាលៈទេសៈមួយដែលលោកអាចឆក់ឱកាសបានដោយជោគជ័យ។
តាមការអង្កេត និងតាមទស្សនៈនៃមជ្ឈដ្ឋាននយោបាយរបស់ពលរដ្ឋនៅក្នុងប្រទេស គឺពួកគេរំពឹងថា លោក សម រង្ស៊ី នឹងវិលចូលប្រទេសវិញយ៉ាងពិតប្រាកដ ហើយអាចមានការការពារដោយកម្លាំងរបស់សហគមន៍អន្តរជាតិនៃប្រទេសណាមួយ ដែលលោក សម រង្ស៊ីអាចបញ្ចុះបញ្ជូល ប្រទេសនោះបានហើយកងកម្លាំងនោះទោះជារូបភាពតូចក្ដី គឺជាក្របខណ្ឌរបស់អន្តរជាតិ ដែលមិនអាចបះបាន។ ចំណែកសកម្មជនគាំទ្រវិញ សុទ្ធតែសន្យាថា នឹងមកដង្ហែលោក សម រង្ស៊ី ដូចឆ្នាំ ២០១៣ ដែលលោកសម្រេចចូលប្រទេសវិញនោះ។
សហគមន៍អន្តរជាតិចាប់អារម្មណ៍លោក សម រង្ស៊ី ជាថ្មីម្ដងទៀត
បន្ទាប់ពីលោកទៅទទួលតួនាទីជាប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ២ធ្នូ នៅក្នុងសន្និសីទពិភពលោកនៅក្រុងអាត្លង់តារដ្ឋចចាសហរដ្ឋអាមេរិក លោក សម រង្ស៊ី មានសកម្មភាពការទូតជាថ្មី និងសកម្មជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក សមាជិកសភា និងព្រឹទ្ធសភា។
តាមអ្នកនាំគណបក្សសង្រ្គោះជាតិនៅសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយមន្ត្រីអាមេរិក សុទ្ធតែទទួលបានការលើកទឹកចិត្តលោកសមរង្ស៊ីជាមេដឹកនាំបក្ស ហើយពួកគេសន្យាអោយសភាព្រឹទ្ធសភា និងរដ្ឋការលោក ដូណាល់ត្រាំ បន្តមានវិធានការទៀតដើម្បីស្ដារលទិ្ធប្រជាធិបតេយ្យឡើងវិញ។
បើតាម លោក សម រង្ស៊ី គឺក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោកបានទៅកាន់ស្នាក់ការសភាសហភាពអឺរ៉ុប និងសហភាពអន្តរសភាIPU ។ អ្វីដែលលោកជួបមន្ត្រីអន្តរជាតិ នៅអឺរ៉ុប គឺក្នុងតួនាទីជាប្រធានស្ដីទីរបស់គណបក្សសង្រ្គោះជាតិ។
ទស្សនៈរបស់លោកបណ្ឌិតឡៅម៉ុងហៃ
តើ លោកសម រង្សី អាចប្រវត្តិសាស្ត្រកត់ត្រាទុកថា ជាមេដឹកនាំប្រទេសខ្មែរ ដែលធ្លាប់និរទេសខ្លួននៅបរទេសដូចមេដឹកនាំប្រទេសមួយចំនួន ដូចជា៖
– រុស្ស៊ី: ឡេនីន (Lenin) មេដឹកនាំចលនាបដិវត្តកុម្មុយនីស្តរស្ស៊ី និរទេសខ្លួននៅប្រទេសស្វីស។ បដិវត្តបានសម្រេច ឡេនីន បានត្រឡប់ទៅដឹកនាំប្រទេសរុស្ស៊ីកុម្មុយនីស្ត ឆ្នាំ១៩១៧ ។
– កម្ពុជា: សម្តេចព្រះសីហនុ លន់ ណល់ រំលំឆ្នាំ ១៩៧០ និរទេសនៅប្រទេសចិន ចូលរួមជាមួយខ្មែរក្រហមដែលរំលំលន់ នល់ ឆ្នាំ១៩៧៥ ។ លោកយាងចូលកម្ពុជានៅឆ្នាំ១៩៧៦ ។ ចុងឆ្នាំ១៩៧៨ ទ័ពវៀតណាមចូលកម្ពុជា ។ ដើមឆ្នាំ១៩៧៩ លោកយាងចេញទៅគង់នៅចិន និងដឹកនាំរដ្ឋាភិបាលខ្មែរក្រហមច្បាំងប្រឆាំងវៀតណាម ។ លោកយាងចូលកម្ពុជាឆ្នាំ១៩៩១ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ចប់សង្គ្រាម ។
– អៀរ៉ង់: អាយ៉ាតូឡា ខូម៉េនី (Ayatollah Khomenei) មេដឹកនាំចលនាបដិវត្តសាសនាឥស្លាម និរទេសខ្លួន ហើយរស់នៅចុងក្រោយនៅប្រទេសបារាំង ។ បដិវត្តបានរំលំស្តេច គាត់ក៌ត្រឡប់ទៅធ្វើជាប្រធានាធិបតី ប្រទេសអៀរ៉ង់នៅឆ្នាំ១៩៧៩ ។
– ទុយណេស៊ី: ម៉ូហាម៉េដ ម៉ាកសែល ម៉ាកគូស៊ី – Mohamed Marcel Markouzi) បង្កើតគណបក្សមួយ តែរដ្ឋាភិបាលហាមឃាត់ ហើយគាត់ក៏ត្រូវនិរទេសទៅនៅប្រទេសបារាំង ។ ឆ្នាំ២០១១ មានបដិវត្តរំលំរដ្ឋាភិបាល គាត់ក៏ត្រឡប់ទៅប្រទេសវិញ ។ ក្រោយមកនៅឆ្នាំ២០១២ សភាក៏តែងតាំងជាប្រធាធិបតីប្រទេសទុយណេស៊ី ។
តាមទស្សនៈរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគនយោបាយនៅកម្ពុជា ដូចបានរៀបរាប់នេះ ឃើញថា មេដឹកនាំបរទេសទាំងអស់នោះ រួមមានអតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចនរោត្តមសីហនុបានវិលចូលប្រទេសវិញសុទ្ធតែមានចលនាមួយត្រួសត្រាយផ្លូវ អោយហើយ។ លោកសរសេរថា មេដឹកនាំទាំងនោះភាគច្រើនមកកាន់អំណាចតែម្ដង។
ជារួមទៅ ដំណោះស្រាយនយោបាយ អាចប្រែប្រួលតាមកាលៈទេសៈជាក់ស្ដែង គឺជួនកាល អ្នកខាងក្នុងជាអ្នកធ្វើឱ្យមានដំណោះស្រាយ ហើយជួនការអ្នកខាងក្រៅក៏ចូលរួមធ្វើឱ្យមានដំណោះស្រាយដែរ។
សម្ដេចនរោត្តមសីហនុបានយាងមកមាតុភូមិវិញ គឺកាលនោះ ដោយសារសហគមន៍អន្តរជាតិជួយ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មានន័យថា ភាគីរដ្ឋកម្ពុជា អាចទទួលយកការយន្តការដំណោះស្រាយជាសាកលរបស់សហគមន៍អន្តរជាតិ។
យ៉ាណាមិញ ករណីលោក សមរង្ស៊ីអាចប្រហាក់ប្រហែលនេះ ព្រោះកម្ពុជានៅជាប់កាតព្វកិច្ច នៃកិច្ចព្រមព្រៀងអន្តរជាតិ ក្រុងប៉ារីស ២៣ តុលា ១៩៩១ នៅឡើយ។ យ៉ាងដូច្នេះ លោក សម រង្ស៊ី ត្រូវមានសកម្មភាពការទូតខ្លាំងក្លាថែមទៀត ហើយបើអាចធ្វើបានកម្ពុជា នឹងមានដំណោះស្រាយនយោបាយទូលំទូលាយទោះបីលោកសមរង្ស៊ី ត្រូវបានដាក់រហង្សនាមថា ជាវីរបុរសរបស់ គណបក្សសង្រ្គោះជាតិ ខណៈ លោក កឹម សុខា នៅបន្តឃុំខ្លួនក្ដី៕
អត្ថបទ ដោយ នួន បូរិន