loader

បទវិភាគ៖តើលោក សម រង្ស៊ី ខ្លាចគេបន្លាចដែរឬទេ នៅដំណាក់កាលត្រូវចូលមកកម្ពុជាវិញ ?

ភ្នំពេញ៖ លោក សម រង្ស៊ី បានប្រកាសថាលោក នឹងវិលចូលកម្ពុជា វិញដើម្បីផ្លាស់ប្ដូវការដឹកនាំជាវិជ្ជមានមួយ ។ ក្រោយពេលដែលប្រកាស និងមុនពេលដែលសម្រចវិលចូលមាតុប្រទេសវិញរបស់អ្នកនយោបាយរូបនេះ មានការគម្រាមកំហែង និងបន្លាចលោកជាខ្លាំង ពិសេសពីសំណាក់រាជរដ្ឋាភិបាល រួមទាំងអ្នកនិយមកឹម សុខា មួយចំនួន ។

តើការគម្រាមកំហែង និងបន្លាចនេះ ជាឧបសគ្គដល់លោក សម រង្ស៊ី ក្នុងការវិលចូលកម្ពុជាវិញ ឬក៏យ៉ាងណា ?

លោក សោម លាភ ជូនសេចក្ដីអធិប្បាយ ដូចតទៅ៖

 

ពាក្យថា កម្ទេច សម្លាប់ ចាប់ដាក់គុក ជាពាក្យមួយដែលមនុស្សម្នាក់ៗ មិនចង់ជួបនោះទេ ។ តែទន្ទឹមនឹងនេះ ភាពភ័យខ្លាចនេះ ក៏អាចនឹងរលាយបាត់ទៅវិញ នៅពេលបុគ្គលមួយចំនួន មានឆន្ទៈ និងឧត្តមគតិ ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការជួយស្ដារនូវស្ថានភាពណាមួយ ដែលជាបុព្វហេតុសង្គ្រោះមនុស្ស ក៏ដូចជាសង្គមជាតិ ។

អ្នកដែលសម្រេចចិត្តថា ចូលខ្លួនប្រឡូកក្នុងជីវភាពនយោបាយ អ្នកនោះត្រូវត្រៀមចិត្ត ដើម្បីទទួលយកនូវឃ្លាមួយថា ស្លាប់ រត់ចោលស្រុក និងជាប់គុក ពិសេសគឺនៅក្នុងប្រទេសមិនមែនប្រជាធិបតេយ្យពេញលេញ  ។

ក្រឡេកទៅមើលជីវិតនយោបាយរបស់អ្នកនយោបាយទាំងអស់នៅកម្ពុជា គេមិនដែលឃើញថា មានអ្នកនយោបាយបក្សកាន់អំណាចណាម្នាក់ ត្រូវបានអាជ្ញាធម៌ចាប់ដាក់គុក ព្រោះតែសកម្មភាពនយោបាយនោះទេ។

សកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយ អ្នកវិភាគឯករាជ្យ អ្នកចេញមុខរិះគន់នយោបាយបក្សកាន់អំណាចមួយចំនួន ត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងពន្ធនាគារ ។អ្នកតាមដានការវិវត្តសង្គមកម្ពុជាឬដែលគេហៅថាជាអ្នកវិភាគលំអៀងក្រុមប្រឆាំងគិតថា នេះជាភាពអយុត្តិធម៌ ក្នុងអន្តរកាលដែលកម្ពុជាមានស្ថាប័នតុលាការដែលច្បាប់បញ្ញត្តិថា ជាស្ថាប័នឯករាជ្យ ។ មានន័យថា វប្បធម៌និទណ្ឌភាពនៅតែមាននៅកម្ពុជា ។

ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ដែលមកដល់ពេលនេះ លោក ត្រូវបានអ្នកគាំទ្រ​ ក៏ដូចជាមន្ត្រីជាន់ខ្ពស់មួយចំនួន របស់អតីតគណបក្សសង្គ្រោះជាតិ បានជ្រើសតាំងលោក ឱ្យធ្វើជាប្រធានស្ដីទីនៃគណបក្សនេះក្នុងអន្តរកាលដែលលោក កឹម​ សុខា កំពុងតែជាប់ឃុំ ហើយលោក ក៏ជាមនុស្សម្នាក់ដែលជាប់បណ្ដឹងស្កឹះស្កះជាមួយនឹងតុលាការកម្ពុជា រួមទាំងការគម្រាមកំហែងច្រើនផងដែរ លោកកំពុងរកពេលវេលាវិលចូលប្រទេសវិញ ។

បើទោះបីជាមានបណ្ដឹងជាច្រើនបែបនេះក្ដី ក៏អ្នកនយោបាយនិរទេសខ្លួននៅបរទេសរូបនេះមិនដែលស្គាល់ពាក្យថា ជាប់ពន្ធនាគារម្ដងណាឡើយ ដោយសារមានការលើកលែងទោសពីព្រះមហាក្សត្រ រួមទាំងលោក ធ្វើដំណើរទៅកាន់បរទេសជាដើម ។

យ៉ាងណា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលស្គាល់ថា លោក សម រង្ស៊ី ពិតជាពូកែរត់មែន ។

កាលពីចុងឆ្នាំ ២០១៨ លោក សម រង្ស៊ី បានប្រាប់វិទ្យុជាភាសារខ្មែរ ដែលមានការិយាល័យនៅបរទេសថា លោកនឹងវិលចូលកម្ពុជានៅដើមឆ្នាំ ២០១៩ ។

មកដល់ខែមករា ឆ្នាំ ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សនេះ បានសម្រេចក្រោមសមាសភាព ១៤ សំឡេង លើ ២៥ សំឡេង ដោយរៀបចំផែនការចំនួន ៥ ចំណុចសម្រាប់ឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជា ។

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសត្រៀមកងកម្លាំងនគរបាលរួចជាស្រេច ពោលគឺត្រៀមគ្រប់ច្រកល្ហក គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីចាប់លោក សម រង្ស៊ី ចូលពន្ធនាគារ ដោយសំអាងហេតុថា អនុវត្តច្បាប់កម្ពុជា ។

មេដឹកនាំនៃកម្ពុជា កាន់អំណាចជិត៤ ទសវត្ស ក៏បានប្រកាស់ប្រាប់កងទ័ពឱ្យប្រឆាំង និងកំទេចក្រុមអ្នកធ្វើបដិវត្តពណ៌ឱ្យបានជាដាច់ខាត ។ ព្រោះកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់ ដែលបានមកពីការបោះឆ្នោតដោយសម្លេងប្រជាជន ដូចនេះ គ្មានអ្នកណាអាចផ្ដួលរំលំរដ្ឋាភិបាលនេះបានទេ ។

បន្ទាប់ពីនេះ មេដឹកនាំកងទ័ពស្ទើគ្រប់កងពល ទូទាំងប្រទេស បានចេញមុខបញ្ជាឱ្យពលទាហាន ត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលមួយនេះ ក្រោយក្រសួងការពារជាតិ ក៏ចេញប្រកាសក្នុងន័យនេះដែរ ។  

ជាងនេះទៅទៀត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សមានអាសនៈទាំងអស់ ក្នុងរដ្ឋសភាក្នុងអាណត្តិទី ៦ នេះ ក៏បានប្រកាសប្រាប់ឱ្យលោក សម រង្ស៊ី ថាប្រសិនបើលោកចូលស្រុក លោកនឹងអាចជួបការងើបឡើងតវ៉ាប្រឆាំងនឹងលោក ពីមនុស្សដែលគាំទ្រគណបក្សប្រជាជនកម្ពុជារ ។

បន្ថែមពីនេះទៀត លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏ប្រាប់ឱ្យលោក សម រង្ស៊ី ប្រយ័ត្នខ្លួនឱ្យបានមែនទែនជាមួយនឹងការកំទេចពីសំណាក់ក្រុមមួយផ្សេងទៀត ដែលលោក ហៅថា ជាបាតដៃទីបី ។ ដូចឧទាហរណ៍ដែលមានស្រប់ ហេតុការណ៍នៃការអនុវត្តដីការតុលាការនៅខេត្តព្រះសីហនុ ដែលបណ្ដាលឱ្យពលរដ្ឋស្លាប់ និងរងរបួសមួយចំនួន គឺលោកថា​ អាចមិនមែនដោយសារតែកាំភ្លើងរបស់សមត្ថកិច្ចនោះទេ តែអាចជាគា្រប់កាំភ្លើងរបស់មនុស្សមួយក្រុមទៀត ដែលបាញ់ចេញពីព្រៃ ។

ការគម្រាម ឬបន្លាចលោក សម រង្ស៊ី មិនមែនមានតែសំណាក់មន្ត្រីរាជរដ្ឋាភិបាលនោះទេ ក្រឡេកទៅមើលអ្នកវិភាគមួយរូប គឺលោកបណ្ឌិត ឡៅ ម៉ុង ហៃ ក៏បានចូលរួមចំណែកក្នុងកិច្ចការនេះដែរ ។

ជាក់ស្ដែង លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែលគេស្គាល់ថាជាអ្នកវិភាគមួយរូប បានសរសេរលើគណនីហ្វេសបុករបស់ខ្លួនចង់សម្ដៅថា ​ ប្រសិនបើលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា លើកនេះមែននោះ លោកអាចនឹងមានវាសនាខុសពី ការត្រឡប់មកកាលពីថ្ងៃទី១៩ កក្កដា ២០១៣ ។

ជាក់ស្ដែង លោកបានលើកឡើងនូវទឡ្ហីករណ៍វាសនារបស់លោក សម រង្ស៊ី ចំនួន ៣ ចំណុច គឺ៖

១ ត្រូវបានចាប់ខ្លួនដាក់គុក ដូច កឹម សុខា

២ ត្រូវបានវ៉ៃបែកក្បាល ដូច ខៀវ សំផន ឆ្នាំ១៩៩១

៣ ត្រូវបានសម្លាប់ ដូច សមាជិកព្រឹទ្ធសភាហ្វីលីពីន ឈ្មោះ អាគីណូ – Aquino – ដែលប្រឆាំងប្រធានាធិបតីផ្ដាច់ការឈ្មោះ ម៉ារកុស – Marcos – ហើយដែលត្រូវបានបាញ់សម្លាប់នៅពេលចុះពីយន្ដហោះពេលត្រឡប់ចូលប្រទេសវិញ នៅឆ្នាំ១៩៨៣ ។

លោក បណ្ឌិតឡៅ ម៉ុង ហៃ ក៏រំលឹកដល់លោក សម រង្ស៊ី ផងដែល អំពីការប៉ុងប៉ងសម្លាប់លោក ដោយគប់គ្រាប់បែកកាលពីថ្ងៃទ ៣០ ខែមីនា ឆ្នាំ ១៩៩៧ ផងដែរ ។

ទន្ទឹមនឹងនេះ ការវិលត្រឡប់ពីបរទេស មកកម្ពុជារបស់ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីចុងឆ្នាំ ២០១៧ នេះ ក៏មានទិដ្ឋភាពមួយចំនួន ជាដែលកម្លាំងលើកទឹកចិត្តលោកផងដែរ ។

ថ្មីៗនេះ លោកសម រង្ស៊ី បានប្រកាសនៅចំពោះមុនអ្នកគាំទ្រនៅសហរដ្ឋអាមេរិកថា លោកយកជីវិតរបស់លោក ជាដើមទុនក្នុងការរកវិធីដោយវិជ្ជមានណាមួយ ដើម្បីផ្លាស់ប្ដូររចនាសម្ព័ន្ធ និងរបៀបនៃការដឹកនាំកម្ពុជាឱ្យបាននៅក្នុងឆ្នាំ ២០១៩ នេះ ។  លោក សម​ រង្ស៊ី អះអាងថា ឆន្ទៈរបស់លោក គឺរកប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ។

បន្ទាប់ពីការប្រកាសរបស់លោក សម រង្ស៊ី មានអ្នកវិភាគមួយចំនួនថា ប្រសិនបើមានហេតុការនោះមែន ពោលគឺលោក សម រង្ស៊ី វិលចូលកម្ពុជា នោះនឹងធ្វើឱ្យការដោះស្រាយស្ថានការនយោបាយកម្ពុជា មានភាពប្រសើរឡើង ។ ជាងនេះ ពួកគាត់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងមានការព្រួយបារម្ភចំពោះវត្តមានលោក សម រង្ស៊ី នេះគឺបង្ហាញពីឥទ្ធិពល ក៏ដូចជាប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ផងដែរ ។

គណបក្សសង្រ្គោះជាតិ កើតឡើងពីការរួបរួមគ្នាពីគណបក្សសម រង្ស៊ី របស់លោក សម រង្ស៊ី មានអាសន្នៈក្នុងរដ្ឋសភា ២៥ អាសន្នៈ និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា មាន​ ៣ អាសន្នៈ ។ បើទោះបីជាគណបក្សនេះ រួមចូលគ្នា ដែលធ្វើឱ្យមានកំណើនអ្នកគាំទ្រច្រើនក៏ពិតមែន ក៏អ្នកគាំទ្រគណបក្សនៅតែមានអ្នកខ្លះនិយមសម រង្ស៊ី ហើយអ្នកខ្លះទៀត និងយមកឹម សុខា ។

កន្លងមកនេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ថា នឹងប្រើកម្លាំងសមត្ថកិច្ច ចាប់អ្នកណាដែលទៅទទួលលោក សម រង្ស៊ី ក្នុងន័យធ្វើឱ្យចលាចល និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងក្នុងន័យនយោបាយក្រោមគោលបំណងទទួលប្រធានអតីតគណបក្សសង្គ្រោះជាតិ ។ សេចក្ដីថ្លែងការណ៍នេះ​ហៅករណីនេះថា ជាការអនុវត្តច្បាប់ ពោលគឺទៅលើអ្នកណាមិនគោរពសេចក្ដីសម្រចរបស់តុលាការ ។

មកដល់ពេលនេះ ជាពេលដែលលោក សម រង្ស៊ី ប្រកាសថា លោក នឹងចូលមកកម្ពុជា ធ្វើឱ្យមជ្ឈដ្ឋានអ្នកសម រង្ស៊ី និយម ហើយគោរពពាក្យស្លោក សម រង្ស៊ី កឹម សុខាជាមនុស្សតែមួយនោះ បានចេញវីដេអូជាបន្តបន្ទាប់ ដោយគាំទ្រ និងស្វាគមន៍លោក សម រង្ស៊ី ចូលទឹកដីកម្ពុជាវិញ ។

អ្នកខ្លះបានសរសេរលើទំព័រហ្វេសបុកថា ពួកគេ នឹងឡើងពីខេត្តមកទីក្រុងភ្នំពេញដើម្បទីទទួលលោក សម រង្ស៊ី បើទោះបីជាមានការគម្រាមកំហែង ឬត្រូវសមត្ថកិច្ចប្រើកម្លាំង ឬចាប់ខ្លួនពួកគាត់ក្ដី​។

កម្លាំងគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានថា មានតែលោក សម រង្ស៊ី និងលោក កឹម សុខាទេ ដែលអាចដោះស្រាយស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ននេះបាន ។

មិនត្រឹមតែប៉ុណ្ណោះ អន្តរជាតិធំៗ ដែលជាប្រទេសសេរី និងប្រជាធិបតេយ្យ មានដូចជា សហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក បានគាំទ្រនយោបាយរបស់លោក សម រង្ស៊ី ។ ការវិលចូលកម្ពុជាវិញ ពីលោក សម រង្ស៊ី អាចនឹងមានកម្លាំង ឬសមាសភាពបរទេសមកជាមួយ ។

មិនខុសគ្នាពីនេះនោះទេ កម្ពុជាជាប្រទេសមួយដែលមានការចាប់អារម្ភពីអន្តរជាតិមួយចំនួន រួមទាំងអង្គការអន្តរជាតិធំៗ ក៏ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាប្រជាធិបតេយ្យ រួមទាំងសិទ្ធិមនុស្ស ។

ចំណុចមួយទៀត គឺលោក សម រង្ស៊ី អាចសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គ មានព្រះរាជតួនាទីក្នុងការរក្សាសន្តិភាពពេញផ្ទៃប្រទេស ផ្ដល់ជាម្លប់ដល់ប្រជារាស្រ្ត ធានាឱ្យមាននូវការរួមជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ជាច្បាប់កំពូលរបស់កម្ពុជា ។យ៉ាងណា គេរំពឹងទុកថា អាចនឹងមានអ្នទៅទទួលដំណើរដំណើរលោកសម រង្ស៊ី មានចំនួនមិនតិចជាងមុននោះ ។ថ្វីត្បិតតែការគម្រាម ឬបន្លាចលោក សម រង្ស៊ី មានច្រើនមែន តែឆន្ទៈ ការបោះសម្ដីហ៊ានយកជីវិតដាក់ជាដើមទុន  និងឧត្តមគតិនយោបាយរបស់លោក សម រង្ស៊ី ព្រមទាំងកាលៈទេសៈអំណោយផល នឹងជម្រុញឱ្យអ្នកនយោបាយរូបនេះ អាចនឹងវិលចូលកម្ពុជាវិញនៅថ្ងៃណាមួយ ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកជាធុងសំរាមប្រទេសអភិវឌ្ឍន៍

ថ្មីៗនេះកម្ពុជាភ្ញាក់ផ្អើលនឹងការមកដល់នូវសំរាម[...]

ប្រសិទ្ធភាពនៃការអនុវត្តច្បាប់អាមេរិក បង្កក ឬ រឹបអូសទ្រព្យសម្បត្តិជនបរទេស

អាមេរិក ជាមហាអំណាចធំជាងគេនៅពេលនេះ គឺមានអំណាចទ[...]

អ្នកវិភាគចង់ឃើញកម្ពុជាកែប្រែជំហរទាន់ពេលវេលាកុំឱ្យច្បាប់ដាក់ទណ្ឌកម្មចូលជាធរមាន តែអ្នកនាំពាក្យថាមិនខ្វល់ឡើយ

ភ្នំពេញ៖ អ្នកវិភាគចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត