កំដៅនយោបាយនៅឥណ្ឌាបានបិទបញ្ចប់ហើយ តាមរយៈលទ្ធផលបោះឆ្នោតសភាដែលជ័យជម្នះ បានទៅលើគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជាតិនិយម ណារិន្រឌ្រាម៉ូឌី(Narendra Modi )នៃគណបក្ស Bharatiya Janata Party -BJP។ការបោះឆ្នោតរបស់ប្រទេសដ៏ធំមួយនៅអាស៊ីនេះ ត្រូវបានគេហៅថា ជាការវាស់ស្ទង់ប្រជាធិបតេយ្យជាសាកលម្ដងទៀតក្នុងរយៈពេលប្រាំឆ្នាំម្ដង។ ជាការកត់សម្គាល់គឺជ័យជម្នះភ្លូកទឹកភ្លូកដីរបស់បក្សBJP អាចបានមកពី បញ្ហាជាតិធំៗក្នុងនោះរបៀបវារៈលិចធ្លោជាងគេគឺទស្សនៈជាតិនិយមរបស់នាយករដ្ឋមន្ត្រីណារិន្រឌ្រាម៉ូឌី ប្រឆាំងនឹងឥទិ្ធពលចិននៅក្នុងតំបន់អាស៊ីខាងត្បូង។
សូមស្ដាប់សេចក្ដីប្រែសម្រួលរបស់លោក នួន បូរិន ដូចតទៅ៖
ប្រទេសឥណ្ឌាធ្វើការបោះឆ្នោតពីរដ្ឋមួយទៅរដ្ឋមួយដោយប្រើពេល៦សប្ដាហ៍។ ការបោះឆ្នោតមានទាំងសម្រាប់សមាជិកសភាជាតិ និងសភាប្រចាំរដ្ឋ។ប៉ុន្តែការឈ្នះឬចាញ់ដែលនាំអោយបក្សមួយមានឱកាសដឹកនាំរដ្ឋាភិបាល គឺត្រូវផ្ទៀងផ្ទាត់នឹងលទ្ធផលបោះឆ្នោតសភាជាតិ។ សភាជាតិរបស់ប្រទេសធំនេះ ភាសាឥណ្ឌាហៅថាLok Sabha មាន៥៤៣អាសនៈ ។បក្សណាដណ្ដើមបាន ពី២៧២អាសនៈឡើងទៅគឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតនេះ។ សម្រាប់បក្សBJP របស់នាយករដ្ឋមន្ត្រីណារិន្រឌ្រាម៉ូឌី បានដណ្ដើមអាសនៈសភាជាតិដល់ទៅ ៣០៣ដែលគេហៅថាឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជាលើកទី២របស់បក្សជាតិនិយមហិនឌូមួយនេះ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ បក្សនេះ បានឈ្នះ ២៨២ អាសនៈ ។ប្រទេសមហាយក្សធំទីពីរនេះ មានប្រជាជន១៣៦៧លាននាក់។ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិថ្មីនេះ គឺពលរដ្ឋមានសិទ្ធិបោះឆ្នោត៩០០លាននាក់។ តាមរបាយការរបស់គណៈកម្មការបោះឆ្នោត របស់ប្រទេសនេះ ពលរដ្ឋចេញទៅបោះឆ្នោតមានជាង៦៧ភាគរយ។
ជ័យជម្នះរបស់BJP កើតចេញពីទស្សនៈជាតិនិយម
តាមការវិភាគរបស់សាស្តាចារ្យ Sreeram Chaulia នៃវិទ្យាស្ថានកិច្ចការអន្តរជាតិ Jindal គឺមហាជោគជ័យរបស់គណបក្សកាន់អំណាចBJP អាចបានមកពីទស្សនៈជាតិនិយមរបស់អ្នកនយោបាយបក្សនេះជាពិសេសគឺឧត្តមគិតិជាតិរបស់លោកណារិន្រឌ្រាម៉ូឌីដែលកន្លងមកបានធ្វើបានសេចក្ដីត្រូវគឺត្រូវនឹងឆន្ទៈរបស់ប្រជាជនឥណ្ឌានិយមអោយតម្លៃជាតិខ្លួនឯងហើយហ៊ានប្រឈមនឹងឥទ្ធិពលប្រទេសក្រៅ ជាពិសេស គឺប្រទេសចិន។
នៅក្នុងការឃោសនា បោះឆ្នោតដែលធ្វើឡើងពីរដ្ឋមួយទៅរដ្ឋមួយ បក្សBJP បានទាក់ទាញ អ្នកគាំទ្រភ្លូកទឹកភ្លូកដី គឺរៀបវារៈជាតិនិយមដូចជា ការជួយពលរដ្ឋក្រីក្រ ការប្រឆាំងអំពើពុករលួយ ការលើកដំកើងវប្បធម៌ជាតិ និងសាសនាសាសនាហិនឌូ។
ការឃោសនា ដែលលាន់លឺជាងគេគឺនយោបាយការពារជាតិនិងនយោបាយការបរទេស។ នយោបាយការពារជាតិនៃរជ្ជការរបស់នាយករដ្ឋមន្ត្រីណារិន្រឌ្រាម៉ូឌី បានបញ្ជូនកងទ័ពទៅព្រំដែនដើម្បីប្រឆាំងនឹងកងទ័ពចិននៅតំបន់ព្រំដែន Doklam កាលពីឆ្នាំ២០១៧និងនៅតំបន់ Wuhanកាលពីឆ្នាំ២០១៨ បានធ្វើអោយចិនមហាយក្សទី១ដកថយការប្រឈមចង់ឈ្លានពានព្រំដែនឥណ្ឌា។នេះគឺជាតឹងតាងប្រវត្តិសាស្ត្រជាថ្មីម្ដងទៀតនៃតំលៃជាតិរបស់ឥណ្ឌាស្ដែងចេញពីឆន្ទៈរបស់អ្នកជាតិនិយមណារិន្រឌ្រាម៉ូឌី។
លើសពីនេះទៀត គេថាលោកណារិន្រឌ្រាម៉ូឌីសម្រេចចិត្តត្រូវ ដែលបានបដិសេធមិនទៅចូលរួមវេទិកាអន្តរជាតិស្ដីពីយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់មួយផ្លូវមួយ»របស់ប្រធានាធិបតីចិនស៊ីជីនភីងកាលពីថ្មីៗនេះ។ នាយករដ្ឋមន្ត្រីវ័យ៦៨ឆ្នាំរូបនេះ មិនបានចាត់ទុកវេទិកានោះថាមានតម្លៃដល់ប្រទេសជាតិឥណ្ឌានោះទេ។ នៅក្នុងការឃោសនា ដ៏ពេញនិយមទៀតនោះ បក្សBJP បានលើកឡើងអំពីការជួយជាបន្ទាន់នូវប្រាក់កម្ចី១៥០០លានដុល្លារទៅអោយ រដ្ឋាភិបាលថ្មីនៃដែនដីកោះម៉ាល់ឌីវ ដើម្បីបង់សងទៅឱ្យប្រទេស ចិនវិញ ដែលប្រទេសកោះតូចមួយនេះ សឹងតែលក់ប្រទេសរបស់ខ្លួនទៅអោយចិនទៅហើយនោះ។
ស្ដីអំពីគោលនយោបាយការបរទេសនេះទៀត បក្សBJP មានគោលការណ៍ច្បាស់លាស់ណាស់ ប្រឆាំងអំពើភេរវកម្មដែលចេញពីប្រទេសប៉ាគីស្ថានគឺដូចកាលពីពេលថ្មីៗនេះ លោកណារិន្រឌ្រាម៉ូឌីបានសម្រេចលើកទ័ពមួយកងពលធំនិងយន្តហោះចម្បាំងជាច្រើនគ្រឿងវាយប្រហារ ពួកសកម្មប្រយុទ្ធមកពីប្រទេសប៉ាគីស្ថាន ដែលបានបង្កភេរវកម្មនៅតំបន់បែកចែកជាពីរនៃដែនដីកាស្មៀ។មិនតែប៉ុណ្ណោះ គោលនយោបាយពាណិជកម្មជាមួយសហរដ្ឋអាមេរិក ក៏ឥណ្ឌា ទទួលបានតុល្យភាពផងដែរ។ស្របពេលគ្នានេះ ឥណ្ឌា ក្រោមការដឹកនាំរបស់បក្សBJP កំពុងធ្វើគោលនយោបាយយុទ្ធសាស្ត្រសេដ្ឋកិច្ច ឥណ្ឌា-ជប៉ុនអាស៊ីប៉ាស៊ីហ្វិចដោយរុញការបោះទុនវិនិយោគជួយស្ដារប្រាក់កម្ចីប្រទេសមួយចំនួន ដែលកំពុងជាប់អន្ទាក់ បំណុលរបស់ចិនរាប់ពាន់លានដុល្លារនៅក្រោម យុទ្ធសាស្ត្រ«ខ្សែក្រវ៉ាត់មួយផ្លូវមួយ»។
ជាក់ស្ដែង ទាំងជប៉ុននិងឥណ្ឌាកំពុងដាក់ទុនវិនិយោគរួមគ្នា ជួយស្ដារប្រាក់កម្ចីប្រទេសស្រីលង្កាអោយចាកផុតពីបំណុលរបស់ចិន ដែលស្រីលង្កាបានខ្ចីចិន ច្រើនពាន់លានដុល្លារមកធ្វើការអភិវឌ្ឍសំណង់ កំពង់ផែទី២នៅក្រុងកូឡំបូសនិងសំណងផ្ទះល្វែងជាង២០០០០។ ជាការពិតកំពង់ផែ នៅ Hambantota បានធ្លាក់ទៅក្នុងភាគហ៊ុនចិនផ្ដាច់មុខទៅហើយ គឺរយៈពេល៩៩ឆ្នាំព្រោះតែស្រីលង្កាពុំមានលទ្ធភាពបង់សងនិងបងការប្រាក់ត្រឡប់អោយចិនវិញ។
នយោបាយជាតិនិយម នេះហើយមើលទៅ ដែលធ្វើអោយបក្សប្រឆាំងធំជាងគេ គឺបក្សសមាជជាតិ របស់លោកRahul Gandhi បានចាញ់ឆ្នោយយ៉ាងអាម៉ាស់ដែលពីមុនបក្សគ្រួសារនិយមមួយនេះធ្លាប់ដឹកនាំរដ្ឋាភិបាលច្រើនជំនាន់មកហើយ។ បក្សប្រឆាំងធំពីរ បាន ៥២ និង23អាសនៈប៉ុណ្ណោះ។ ការធ្លាក់សន្លឹកឆ្នោតរបស់បក្សប្រឆាំង បាននាំអោយបេក្ខជន ខ្លះបានលាលែងពីនយោបាយ។
អ្នកគាំទ្របក្សBJPរាំច្រៀងអបអរសាទរជ័យជម្នះរបស់ខ្លួន
ទាំងនៅរដ្ឋធានី ញូដែលី និងទីក្រុងប៊ុបបៃ រួមទាំងនៅបណ្ដារដ្ឋជាច្រើន ប្រជាជនប្រុសស្រី ភាគច្រើនមកពីវណ្ណៈទាប ជាជនក្រីក្រ បាននាំគ្នាចេញតាមដងផ្លូវរាំច្រៀងចម្រៀងជាតិ និងចម្រៀងរបស់បក្សក្នុងរូបភាពសាទរជ័យជម្នះរបស់ពួកគេ ក្នុងការប្រើសិទ្ធិបោះឆ្នោតនៃប្រទេសប្រជាធិបតេយ្យជឿនលឿនដ៏ធំមួយនៅអាស៊ី។ ប៉ុន្តែអ្វីដែលពួកគេបង្ហាញការសប្បាយ គឺមោទនភាពដែលលោកណារិន្រឌ្រាម៉ូឌីបានវិលមកដឹកនាំរដ្ឋាភិបាលមួយអាណត្តិទៀតមានរយៈពេលប្រាំឆ្នាំ។ ពួកគេបានអោយតម្លៃលោកណារិន្រឌ្រាម៉ូឌី ខ្ពស់ណាស់សម្រាប់ជាតិឥណ្ឌាព្រោះមេដឹកនាំរូបនេះ បានធ្វើសេចក្ដីសម្រេចណាមួយគឺដើម្បីជាតិឥណ្ឌាទាំងមូល ហើយមេដឹកនាំដ៏ជាទីស្រឡាញ់នេះមានឧត្តមគិតិជាតិពិតៗមិនក្លែងក្លាយឡើយ។ ពួកគេថាសន្លឹកឆ្នោតរបស់ពួកគេមួយសន្លឹកពិតជាមានតម្លៃដល់ជាតិ ដល់សហគមន៍ គ្រួសារនិងខ្លួនគេផ្ទាល់។ ចំណែកឯលោកណារិន្រឌ្រាម៉ូឌី ក៏សប្បាយរីករាយដែរ។ បុរសសក់សនេះ មើលទៅ មានអារម្មណ៍ថាខ្លួនមានមោទនភាពណាស់ដែលបានបម្រើជាតិម្ដងទៀតក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋឥណ្ឌាដែលជាអ្នកដឹកនាំអង្គនិតិប្រតិបត្តិ មានប្រមុខរដ្ឋជាឥស្សរជនកិត្តិយសរបស់ជាតិ។
សាររបស់លោកណារិន្រឌ្រាម៉ូឌីបានជូនទៅកាន់ជនរួមជាតិឥណ្ឌា មានខ្លឹមសារដូចនេះថា៖«សូមអរគុណជនរួមជាតិដ៏ជាស្រឡាញ់។ ការពិតនៃភាពស្មោះត្រង់បានស្ដែងចេញពី ការសាមគ្គីគ្នា ជាសម្ព័ន្ធភាពបានផ្ដល់មកអោយយើងនូវកម្លាំងមួយដើម្បីធ្វើការងាររួមគ្នា ទោះជាលំបាកក្ដី គឺដើម្បីជាតិប្រជាជនយើង។ ខ្ញុំសូមអរគុណដល់អ្នកស្រឡាញBJP ដែលបានបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាដោយបានពុះពារការលំបាក រហូតបានជោគជ័យ។សូមសកម្មជន និងអ្នកគាំទ្រBJP ត្រឡប់ទៅផ្ទះវិញ គឺសូមបន្តសហការគ្នាទៀត ដើម្បីអភិវឌ្ឍន៍ជាតិសាសន៍របស់យើង»៕