នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជាសង្កេតឃើញមានករណីឆបោកតាមប្រព័ន្ធអនឡាញមួយចំនួនដូចជាការបន្លំខ្លួនជាមន្រ្តីរាជការ និងការប្រើប្រាស់គណនីតេឡេក្រាមផ្លូវការដើម្បីបោកប្រាស់ទំនុកចិត្តរបស់ពលរដ្ឋ ស្របពេលដែលជនទាំងនេះឆ្លៀតឱកាសទាញយកព័ត៌មានសម្ងាត់ និងលួចគណនីយកទៅប្រព្រឹត្តិបទល្មើសណាមួយជាដើម។ ក្នុងនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរំលឹកអំពីហានិភ័យ និងចែករំលែកវិធានការសុវត្ថិភាពមួយចំនួនដើម្បីជៀសវាងបញ្ហានេះ។
(កញ្ញា កែវ សុជាតា រាយការណ៍)
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ករណីបន្លំឆបោក ឬPhishing នៅតាមបណ្តាញសង្គមឬតាមប្រព័ន្ធអនឡាញ កើតមានឡើងជាហូរហែ ដោយកាលពីពេលថ្មីៗនេះមានជនឆបោកមួយចំនួនបង្កើតគណនីតេឡេក្រាមផ្លូវការដែលមានដាក់ផ្លាកសញ្ញាផ្ទៀងផ្ទាត់ (Verified Badge) ក្នុងគោលបំណងបោកបញ្ឆោតឱ្យពលរដ្ឋមានជំនឿទុកចិត្តទៅលើគណនីរបស់ពួកគេ។ បន្ទាប់មកជនឆបោកនឹងចេញប្រតិបត្តិការផ្ញើសារបំភិតបំភ័យអ្នកប្រើប្រាស់ប្រព័ន្ធតេឡេក្រាមដោយភ្ជាប់ជាមួយនឹងតំណភ្ជាប់ក្លែងក្លាយ ដើម្បីទាញយកព័ត៌មានសម្ងាត់ និងលួចគណនីបុគ្គលនោះយកទៅប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់។ នេះបើតាមសេចក្តីរាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
នាយកដ្ឋានដដែលនេះបញ្ជាក់ថា សញ្ញាផ្ទៀងផ្ទាត់ (Verified Badge) នេះ មិនអាចបញ្ជាក់ថាជាសញ្ញានៃគណនីពិតប្រាកដនោះទេ ពោលគឺនរណាៗក៏អាចទិញសេវាកម្មដាក់សញ្ញាផ្ទៀងផ្ទាត់ (Verified Badge) នៅពីក្រោយឈ្មោះគណនីរបស់បុគ្គលនោះបានដែរ។ អត្ថប្រយោជន៍នេះនឹងទទួលនៅក្រោយពេលបុគ្គលណាម្នាក់ជាវសេវាកម្ម TELEGRAM PREMIUM របស់ប្រព័ន្ធតេឡេក្រាម។ ក្នុងករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាគូសបង្ហាញថា ជនឆបោកក៏អាចទិញផ្លាកសញ្ញាបានយ៉ាងងាយស្រួល ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យគិតថាគណនីនេះជាផ្លូវការ និងមានសុវត្ថិភាព។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ មានការឆបោកមួយផ្សេងគ្នា ដោយជនឆបោកបានបន្លំខ្លួនជាមន្ត្រីនៃអគ្គីសនីកម្ពុជា។ ជនខិលខូចបានក្លែងបន្លំខ្លួនជាមន្រ្តីនៃអគ្គិសនីកម្ពុជា (EDC) ហើយទាក់ទងទៅជនរងគ្រោះ និងណែនាំឱ្យជនរងគ្រោះតម្លើងកម្មវិធី EDC ដើម្បីទាញយកទំនុកចិត្តពីជនរងគ្រោះ រួចណែនាំឱ្យតម្លើងកម្មវិធីឈ្មោះ Tailscale ដើម្បីគ្រប់គ្រងទូរស័ព្ទពីចំងាយ។ ជនឆបោករូបនេះបានបញ្ឆោតឱ្យជនរងគ្រោះ បង្ហាញលេខសម្ងាត់ចូលកម្មវិធីធនាគារ ដោយឆបោកថា ដើម្បីទទួលលេខកូដសម្ងាត់របស់កម្មវិធីEDC នៅក្នុង Notificationរបស់កម្មវិធីធនាគារ។ ជាចុងក្រោយ ជនឆបោកខាងលើលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះដើម្បីលួចផ្ទេរប្រាក់ចេញពីកុងធនាគារទៅធនាគារមួយផ្សេងទៀត។
រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ទន្ទឹមគ្នានេះដែរ ក្រុមការងារវិទ្យុស្រ្តីព្យាយាមទាក់ទងទៅលោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីសុំជាអនុសាសន៍ជុំវិញបញ្ហានេះ ក៏ដូចជាឈ្វេងយល់បន្ថែមពីចំណាត់ការរបស់អាជ្ញាធរក៏ប៉ុន្តែលោកមិនបានលើកទូរសព្ទក្រុមការងារវិទ្យុស្រ្តីនោះឡើយ ខណៈក្រុមការងារក៏ព្យាយាមទាក់ទងតាមរយៈតេឡេក្រាម តែមកទល់នឹងបច្ចុប្បន្នលោកពុំទាន់បានឆ្លើយតបអ្វីនៅឡើយទេ។ តែយ៉ាងណា លោកធ្លាប់បានលើកឡើងថា ខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាព្យាយាមប្រើយន្តការទប់ស្កាត់ជាជាងការចុះបង្រ្កាប ដោយខាងនាយកដ្ឋាននឹងចុះទៅផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសសិស្សានុសិស្សនៅក្នុងសាលារៀន ឱ្យបានយល់ដឹងកាន់តែច្បាស់ពីល្បិចរបស់ជនខិលខូចនិងវិធីបង្ការ។
រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
តែយ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងដែរថា ពលរដ្ឋត្រូវចាំបាច់ផ្ទៀងផ្ទាត់ប្រភពនៃសារដែលទទួលបានជានិច្ច ដើម្បីជៀសវាងការចាញ់ល្បិចបោកបញ្ឆោតរបស់ជនខិលខូច។ ជាងនេះទៀត បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះតំណភ្ជាប់ដែលមិនមានការស្នើសុំ ឬទទួលបានពីជនអនាមិកដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់។ ដើម្បីជៀសវាងការចុចទៅលើតំណភ្ជាប់មិនមានប្រភពច្បាស់លាស់ ពលរដ្ឋគប្បីចំណាយពេលពិនិត្យមើលឱ្យបានល្អិតល្អន់ជាមុនសិន និងកុំចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងជនមិនស្គាល់មុខ ដោយហេតុថាអង្គការស្របច្បាប់នឹងមិនសួររកពាក្យសម្ងាត់ លេខកូដ OTP ឬព័ត៌មានរបស់គណនីធនាគារតាមរយៈសារ ឬការហៅទូរស័ព្ទនោះឡើយ៕