loader

បទយកការណ៍ ៖ គ្រឿងញៀន​បាន​រាតត្បាត​ក្នុង​សង្គម​សង្ឃ​

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រយៈពេល​ ៦​ខែ​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១​ មក​រា​ ឆ្នាំ​ ២០១៧​តទៅ​។​ ក្នុង​រយៈពេល​បើក​ឆាក​ដំបូង​ ក្រុម​សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​ពី​ការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ជាដើម​។​ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ព្រះសង្ឃ​ផង​ដែរ​។

​ទាំង​អាជ្ញាធរ​ និង​ព្រះសង្ឃ​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​វិទ្យុ​ស្រី្ត​សុំ​សម្ភាសន៍​សុទ្ធតែ​បាន​ ទទួលស្គាល់​ថា​ បញ្ហា​គ្រឿងញៀន​ពិតជា​បាន​វាយលុក​ចូល​មក​ក្នុង​សង្គម​សង្ឃ​មែន​នា​ពេល​បច្ចុប្បន្ន​នេះ​។​

 

សង្ឃពីរអង្គត្រូវបានឃាត់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀនក្នុងវត្តមួយ។ រូបភាពពី Fresh News
សង្ឃពីរអង្គត្រូវបានឃាត់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀនក្នុងវត្តមួយ។ រូបភាពពី Fresh News
ព្រះសង្ឃ​វ័យក្មេង​ពីរ​អង្គ​ត្រូវ​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​វត្ត​មួយ​ ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​១០​ខែកុម្ភៈ​ ឆ្នាំ​២០១៧​នេះ​។​ ប៉ុន្តែ​នេះ​មិនមែន​ជា​ករណី​ទី​១​មួយ​ទេ​ដែល​ព្រះសង្ឃ​ត្រូវ​ចាប់​ឃាត់ខ្លួន​ពី​បទ​សង្ស័យ​ថា​បាន​សេព​គ្រឿងញៀន​ស្រវឹង​ខុសច្បាប់​បែប​នេះ​។​
​ប្រាំបី​ថ្ងៃមុន​នោះ​ គឺ​នៅ​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ក្រុម​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​ចំនួន​៥​អង្គ​ក្នុង​វត្ត​មួយ​ ក្នុង​ខេត្តស្វាយរៀង​ ករណី​ប្រើប្រាស់​គ្រឿង ញៀន​ដូច​គ្នា​។​

ដូច្នេះ​វា​ហាក់ដូចជា​សញ្ញា​មួយ​ថា​គ្រឿងញៀន​ខុសច្បាប់​មិនមែន​ត្រឹមតែ​រាតត្បាត​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ទូទៅ​ ជា​ពិសេស​ក្រុម​យុវជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គ្រឿងញៀន​នេះ​បាន​ជ្រៀតចូល​ក្នុង​ស្រទាប់​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​។​ព្រះសង្ឃ​ដែល​ត្រូវ​កម្រិត​ដោយ​ធម៌​វិន័យ​យ៉ាង​តឹងតែង​បំផុត​ជា​ពិសេស​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ ព្រះសង្ឃ​នឹង​មិន​ត្រូវ​អនុញ្ញាតិ​ឲ្យ​សេព​គ្រឿង​ស្រវឹង​ឬ​គ្រឿងញៀន​នោះ​ទេ​។​

គង់នៅ​វត្ត​នាគ​វ័ន​ ស្ថិត​នៅ​សង្កាត់​បឹង​កក់​២​ ខ័​ណ្ឌ​ទួល​គោក​ កណ្តាល​រាជធានី​ភ្នំពេញ​ព្រះ​ភិក្ខុ​កល្យាណ​សិរី​ មឿ​ន​ ច​ន្ថា​ បាន​ទ​ទូល​ស្គាល់​យ៉ាង​ឆាប់ រហ័ស​ថា​គ្រឿងញៀន​ ពិតជា​បាន​រាតត្បាត​ចូល​ទី​វត្ត​អារាម​មួយ​ចំនួន​មែន​នា​ពេល​បច្ចុប្បន្ន​នេះ​។​

​ព្រះ​ភិក្ខុ​កល្យាណ​សិរី​ មឿ​ន​ ច​ន្ថា គង់នៅ​វត្ត​នាគ​វ័ន​ ស្ថិត​នៅ​សង្កាត់​បឹង​កក់​២​ ខ័​ណ្ឌ​ទួល​គោក​ កណ្តាល​រាជធានី​ភ្នំពេញ។រូបភាពWMC
​ព្រះ​ភិក្ខុ​កល្យាណ​សិរី​ មឿ​ន​ ច​ន្ថា គង់នៅ​វត្ត​នាគ​វ័ន​ ស្ថិត​នៅ​សង្កាត់​បឹង​កក់​២​ ខ័​ណ្ឌ​ទួល​គោក​ កណ្តាល​រាជធានី​ភ្នំពេញ។រូបភាពWMC
ព្រះ​នេត្រ​សម្លឹង​ទី​កាន់​ព្រះ​វិហារ​យ៉ាង​ខ្ពស់​ ព្រះ​តេជគុណ​ មឿ​ន​ ច​ន្ថា​ សង្ឃ​ដិ​កា​ថា​ព្រះសង្ឃ​ដែល​ឈ្លក់​វង្វេង​នឹង​គ្រឿងញៀន​ អាច​ជា​ជន​ដែល​ធ្លាប់​សេព​គ្រឿង​ស្រវឹង​ខុសច្បាប់​នេះ​មុន​ពេល​ចូល​សាង​ផ្នូ​ស​។​ «​ពេល​ខ្លះ​ញៀន​តាំងពី​ខាងក្រៅ​មក​ ហើយ​ដល់​ពេល​មក​វត្ត​នេះ​ដោយសារ​តែ​ ការ​គ្រប់ គ្រង​នោះ​មានការ​ឆក​ល្វែង​បន្តិចបន្តួច​ ហើយ​រវល់​ការងារ​ផង​ អ​ញ្ចឹ​ង​ហើយ​បានជា​សិស្ស​និស្សិត​ ឬ​ក៏​ព្រះសង្ឃ​មួយ​ចំនួន​តិចតួច​ដែល​លោក​បាន​ប្រព្រឹត្ត​ឆ្គង​។​ ដល់​ពេល​ប្រព្រឹត្ត​ឆ្គង​យើង​បាន​ដោះស្រាយ​ឱ្យ​លោក​សិក្ខ​ឬ​ក៏​ឱ្យ​លោក​លាចាក​សិក្ខាបទ​ទៅ​វិញ​ទៅ​ ប្រសិនបើ​ទោស​ហ្នឹង​ស្រាល​យើង​ណែនាំ​ឱ្យ​ឈប់​ប្រព្រឹត្ត​កំហុស​ហ្នឹង​ទៅ​។​»

យ៉ាងណា​ក៏​ដោយ​ព្រះ​អង្គ​បន្ថែម​ថា​ក្នុង​វត្ត​នាគ​វ័ន​មិន​មាន​សង្ឃ​សេព​គ្រឿងញៀន​ទេ​។​

​ដោយឡែក​នៅ​វត្ត​ក្រាំង​ធ្មង់​ក្នុងភូមិ​ព្រៃខ្លា​ សង្កាត់​ក្រាំង​ធ្មង់​ ខ័​ណ្ឌ​សែន​សុខ​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ដប់​គីឡូម៉ែត្រ​ពី​ចំណុចកណ្តាល​រាជធានី​ភ្នំពេញ​  ព្រះ​ចៅអធិការ​ព្រះ​អង្គ​ ស៊ូ​ សុខ​គា​ មាន​ថេរ​ដីកា​ថា​ កន្លង​មក​មាន​ជនខិលខូច​បាន​ឆ្មក់​ចូល​បរិវេណ​វត្ត​ដើម្បី​សេព​គ្រឿងញៀន​។​ នៅ​ពេល​សួរ​ព្រះ​តេជគុណ​ថា​ តើ​បញ្ហា​គ្រឿងញៀន​នេះ​បាន​ជ្រាប​ចូល​ក្នុង​ចំណោម​សង្ឃ​ក្នុង​វត្ត​នេះ​ទេ​?​

សង្ឃពីរអង្គត្រូវបានឃាត់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀនក្នុងវត្តមួយ។ រូបភាពពី Fresh News
សង្ឃពីរអង្គត្រូវបានឃាត់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀនក្នុងវត្តមួយ។ រូបភាពពី Fresh News
ព្រះ​អង្គ​មាន​ថេរ​ដីកា​ទាំង​ស្ទើរ​ស្ទាក់​ថា​ ទំនង​អាច​មាន​ខ្លះ​ ហើយ​បញ្ហា​នេះ​ កំពុង​ស្ថិត​នៅ​ក្រោយ​ការ​ស៊ើប​ អង្កេត​របស់​ព្រះ​អង្គ​។​ ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា​ បើ​រក​ឃើញ​ថា​ព្រះសង្ឃ​ណា​បាន​ប្រព្រឹត្ត​គ្រឿងញៀន​មែន​ នោះ​វត្ត​នឹង​តម្រូវ​ឱ្យ​លាចាក​សិក្ខាបទ​ ហើយ​បញ្ជូន​ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ «​ជួនកាល​វា​មក​ជក់​ក្នុង​វត្ត​អ​ញ្ចឹ​ង​ទៅ​ ព្រោះ​ពេល​ហ្នឹង​ពេល​ស្ងាត់​ វា​អត់​ហ៊ាន​ទៅ​ផ្ទះ​ តែ​ជួន​វា​ទៅ​ដែល​ ជួន​ប៉ូលិស​តាម​ចាប់​បាន​នៅ​ហ្នឹង​ផ្ទះ​ក៏​មាន​ ជួនកាល​មក​ប្រព្រឹត្ត​តែ​ក្នុង​ទីធ្លា​វត្ត​អ​ញ្ចឹ​ង​ទៅ​ ព្រោះ​វត្ត​ធំ​ជា​ឪ​កាស​គេ​ល្អ​ វា​មាន​មិន​អត់​ទេ​។​ ចំណែក​ការ​ប្រព្រឹត្ត​របស់​សង្ឃ​ក្នុង​បញ្ហា​គ្រឿងញៀន​នេះ​ អាត្មា​មិន​ហ៊ាន​អះអាង​ដែល​ មិនដឹង​អ្នក​ណា​ជា​អ្នក​ណា​ វា​ពិបាក​ថា​ណាស់​»​។​

ទំនងជា​ស្ថិត​ក្នុង​សម្ពាធ​រាតត្បាត​នៃ​គ្រឿងញៀន​ក្នុង​ទី​វត្ត​អា​រ៉ា​ម​ ព្រះ​គ្រូសូត្រស្តាំ​ យឹ​ម​ សំ​បាន​ គង់នៅ​វត្ត​ស្រះ​ចក​ ខ​ណ្ឌ័​ដូនពេញ​ ក្បែរ​រមណីយ ដ្ឋាន​វត្ត​ភ្នំ​ បាន​ជ្រើសរើស​យក​វិធាន​ការណ៍​អប់រំ​ដើម្បី​បង្កា​ការ​យាយី​ដោយសារ​គ្រឿងញៀន​ក្នុង​ចំណោម​ព្រះសង្ឃ​។​

ព្រះ​តេជគុណ​មាន​ថេរ​ដិ​កា​ថា​ ក្នុង​វត្ត​នេះ​មិន​មានមុខ​សញ្ញា​ប្រើប្រាស់​ ឬ​ចែង​ចាយ​គ្រឿងញៀន​កើតឡើង​ចំពោះ​សង្ឃ​ និង​កូនសិស្សលោក​ក្នុង​វត្ត​នេះ​ទេ​។​ ដ្បិត​នៅ​ក្នុង​វត្ត​របស់​ព្រះ​អង្គ​ មានការ​អប់រំ​អំពី​ការ​យល់​ដឹង​ពី​គ្រឿងញៀន​ជា​រៀង​រាល់​ស​ប្តា​ហ៍​។​

 ព្រះ​គ្រូសូត្រស្តាំ​ យឹ​ម​ សំ​បាន​ គង់នៅ​វត្ត​ស្រះ​ចក​ ខ​ណ្ឌ័​ដូនពេញ​ ក្បែរ​រមណីយ ដ្ឋាន​វត្ត​ភ្នំ​ ។រូបភាពពីWMC
ព្រះ​គ្រូសូត្រស្តាំ​ យឹ​ម​ សំ​បាន​ គង់នៅ​វត្ត​ស្រះ​ចក​ ខ​ណ្ឌ័​ដូនពេញ​ ក្បែរ​រមណីយ ដ្ឋាន​វត្ត​ភ្នំ​ ។រូបភាពពីWMC
​ការ​អប់រំ​ដើម្បី​ដាស់សតិ​ស្មារតី​ដល់​សិស្ស​និស្សិត​ ជា​ពិសេស​ព្រះសង្ឃ​ ឲ្យ​ភ្ញាក់រលឹក​និង​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន​ និង​គ្រឿង​ស្រវឹង​។​ «​គឺ​យើង​តែងតែ​អប់រំ​តែងតែ​បង្ហាញ​ និង​ពន្យល់​ ពិសេស​គឺ​ប្រាប់​អំពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​ហ្នឹង​ ទី​មួយ​គឺ​ខូច​នូវ​តម្លៃ​ខ្លួនឯង​ បាត់ បង់​តម្លៃ​ខ្លួនឯង​ ទី​ពីរ​ក្បត់​នូវ​ឧត្តុ​ម​គិត​ខ្លួនឯង​ ព្រោះ​យើង​មក​ហ្នឹង​មក​ដើម្បី​អី​ ដើម្បី​រៀនសូត្រ​ ដើម្បី​ច្បាម​យកចំណេះ​ជំនាញ​សម្រាប់​អនាគត​របស់​ខ្លួន​ ឬ​ក៏​មក​ដើម្បី​អី​?​ ហើយ​ក៏​បាន​បំផ្លាញ​បំណង​របស់​ឪពុក​ម្តាយ​។​»

កាលពី​ថ្ងៃ​ទី​ ៨​ ខែកុម្ភៈ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ឱ្យ​ព្រះសង្ឃ​អប់រំ​ប្រជាពលរដ្ឋ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។​ ថ្លែង​ចំៗ​នា​ពិធី​នោះ​ លោក​ ហ៊ុន​ សែន​ លើក​ឡើង​ថា​ ​ព្រះសង្ឃ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែរ​។​ «​អត់​ទេ​ពេល​ខ្លះ​គ្រឿងញៀន​វា​ជ្រក​ក្នុង​វត្ត​អី​អ​ញ្ចឹ​ង​ទៅ​ ពេល​ខ្លះ​ដោយ​ទាំង​លោក​ ដោយ​ទាំង​ព្រះសង្ឃ​ទៅ​ទៀត​ ប៉ុន្តែ​វា​មិនមែន​ព្រះសង្ឃ​ទាំង​អស់នោះ​ទេ​»​។

​ទាក់ទិន​រឿង​នេះ​ ព្រះ​តេជគុណ​ ឃឹម​ សន​ ព្រះ​មេគុណ​រាជធានី​ភ្នំពេញ​បាន​មាន​សង្ឃដីកា​ថា​ ​កន្លង​មក​ព្រះសង្ឃ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​អប់រំ​យុវជន​ទាំងអស់​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ តាម​រយៈ​ការ​ទេសនា​អប់រំ​ប្រៀនប្រដៅ​តាម​វិទ្យុ​ និង​ទូរទស្សន៍​ ​និង​ការ​និមន្ត​ចុះ​តាម​សាលារៀន​ នៅ​តាម​បណ្ដា​ខេត្ត​ដើម្បី​ផ្សព្វផ្សាយ​អំពី​បញ្ហា​នេះ​។​

​កិច្ចប្រជុំ​សង្ឃ​ដែល​និមន្ត​ចូលរួម​ពី​ព្រះ​ចៅអធិការ​ទាំង​ ១៤៩​ វត្ត​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ។រូបភាពពីWMC
​កិច្ចប្រជុំ​សង្ឃ​ដែល​និមន្ត​ចូលរួម​ពី​ព្រះ​ចៅអធិការ​ទាំង​ ១៤៩​ វត្ត​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ។រូបភាពពីWMC
ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្ថែម​ដោយ​ទទួលស្គាល់​ថា​គ្រឿងញៀន​កំពុង​តែ​វាយលុក​ចូល​ក្នុង​ចំណោម​សង្ឃ​តាម​វត្ត​មួយ​ចំនួន​។​ ​នៅ​ក្នុង​កិច្ចប្រជុំ​សង្ឃ​ដែល​និមន្ត​ចូលរួម​ពី​ព្រះ​ចៅអធិការ​ទាំង​ ១៤៩​ វត្ត​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ព្រះ​តេជគុណ​ ឃឹម​ សន​បាន​អំពាវនាវ​ឲ្យ​គ្រប់​វត្ត​ទាំងអស់​ដាក់​ការ​តាមដាន​រាល់​សកម្មភាព​ពាក់​ព​ន្ធ័​នឹង​ការ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ចំណោម​ព្រះសង្ឃ​។​ «​កន្លែង​ឪ​កាស​ខ្ញុំ​អប់រំ​ហ្នឹង​មនុស្ស​ច្រើន​ យក​មនុស្ស​ញៀន​ថ្នាំ​ហ្នឹង​ទៅ​អប់រំ​ អ​ញ្ចឹ​ង​អត់​មានអី​ទទួលទាន​ឈ្នះ​ទេ​ ឥឡូវ​ហ្នឹង​បន្តិចទៀត​ហ្នឹង​ ទៅ​មុខ​នឹង​ស្នើ​តាម​ខ័​ណ្ឌ​ ឱ្យ​អនុ​គុណ​ក្នុង​ខ័​ណ្ឌ​ហ្នឹង​គឺ​នាំ​មន្ត្រី​សង្ឃ​និង​សង្ឃ​ហ្នឹង​ ចុះ​ទៅ​អប់រំ​ហើយ​មាន​ទាំង​ទិ​យ​វត្ថុ​របស់​របប​ផង​ជូន​ផង​ ឱ្យ​ទទួលទាន​ផង​ ធ្វើ​ម៉េច​ជួយ​ឱ្យ​ យោបល់​គេ​ បញ្ជៀប​នូវ​ចំណេះដឹង​ដែល​ព្រះ​អង្គ​មាន​ក្នុង​ព្រះពុទ្ធ​សាសនា​ សីលធម៌​ហ្នឹង​ ឱ្យ​គេ​ឈប់​តែ​ម្តង​។​»

​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​ លោក​ មាស​ វី​រិ​ទ្ធ​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ករណី​ព្រះ សង្ឃ​ប្រព្រឹត្ត​គ្រឿងញៀន​នេះ​ សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​ចំនួន​តិចតួច​តែ​ប៉ុណ្ណោះ​។​ លោក​ថា​នៅ​ដើមឆ្នាំ​ ២០១៧​នេះ​ សមត្ថកិច្ច​បង្ក្រាប​បាន​ករណី​ព្រះសង្ឃ​ប្រើប្រាស់​ និង​ចែក​កាយ​គ្រឿងញៀន​នេះ​ ចំនួន​ ២​ករណី​។​ លោក​ មាស​ វី​រិ​ទ្ធ​ មាន​ប្រសាសន៍​ថា​ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ក្នុង​សង្គម​ ការ​ចូលរួម​ពី​វិស័យ​ឯកជន​ គឺជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន​។​ «​ការ​ចូល​គាំទ្រ​ពី​វិស័យ​ឯកជន​ វិស័យ​សាសនា​ និង​សប្បុរសជន​ ពិតជា​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ និង​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ដែល​កំពុង​អាប់​អួល​ ដោយសារ​តែ​បញ្ហា​គ្រឿងញៀន​ ទៅ​ជា​ស្ថាន ភាព​មួយ​ដែល​អាច​ទទួលយក​បាន​ មាន​ភាព​សុខដុម​ ដែល​អាច​ទទួលស្គាល់​ថា​ មាន​សណ្តាប់ធ្នាប់​ មាន​សនិ្ត​សុខ​ និង​សុវត្ថិភាព​ជាង​មុន​។​»

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន​ ខុសច្បាប់​ជា​លើក​ដំបូង​សំរាប់​រយៈពេល​ ៦​ខែ​។ ​គិត​ត្រឹម​ពាក់ កណ្តាល​ខែកុម្ភៈ​ឆ្នាំ​ ២០១៧​នេះ​ សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន​ចំនួន​ ១៥៦២​ ករណី​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ និង​អ្នក​ប្រើ ប្រាស់​សរុប​ ៣៧៤១​នាក់​។​ក្នុង​នោះ​មាន​ស្រី​ចំនួន​ ៣៥៧​នាក់​។​ ជនសង្ស័យ​ក្នុង​ការ​ជួញដូរ​និង​ចរាចរ​គ្រឿងញៀន​ចំនួន​១៧៣៧​នាក់​ត្រូវ​បាន​ចាប់ ខ្លួន​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៩

ឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញពីទស្សនៈរ[...]

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ក្រោមសារាចរណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុ[...]

ប្រវត្តិសាស្រ្ត៖ តើពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែមានអត្ថន័យយ៉ាងណាសម្រាប់ប្រជាជាតិខ្មែរ?

នៅក្នុងឱកាសថ្ងៃពិធីបុណ្យ អុំទូក អកអំបុក និងសំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត