ភ្នំពេញ៖ ស្របពេលដែលការនិយាយនិងការជជែកពីអំពើពុករលួយនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ស្ថិតនៅក្រោមឥទ្ធិពលនៃភាពភ័យខ្លាចនិងមិនទាន់បើកចំហនៅឡើយនោះ យុវជនថា អំពើពុករលួយនៅក្នុងសង្គមកម្ពុជាកំពុងមានវត្តមានសម្ងំលាក់ខ្លួននៅក្នុងសង្គមជាច្រើនរូបភាព ហើយពួកគេបានប្តេជ្ញាថា នឹងនិយាយរាយការណ៍ពីអំពើពុករលួយ ឬរូបភាពនៃអំពើពុករលួយទាំងនោះដើម្បីបញ្ចប់អំពើពុករលួយនៅក្នុងសង្គម ដោយផ្តើមចេញពីយុវជន។ ការយល់ឃើញដូច្នេះ ដោយសារពួកគេបានចាត់ទុកថា ការប្រព្រឹត្តអំពើពុករលួយ រូបភាពនៃអំពើពុករលួយ ជារនាំងរាំងស្ទះដល់ដំណើរនៃការកសាងនិងការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លំាង។ ទន្ទឹមគ្នានេះ តើយុវជទាំងនោះប្តេជ្ញាចិត្តរាយការណ៍ពីអំពើពុករលួយ និងរួមគ្នាប្រឆាំងអំពើពុករលួយ ដោយរបៀបណាចេញពីសង្គមកម្ពុជា?

« ខ្លួនខ្ញុំផ្ទាល់ធ្លាប់ ខ្ញុំធ្លាប់បានចូលរួមសកម្មភាពច្រើន ហើយខ្ញុំតែងតែនិយាយពីអំពើពុករលួយនៅកន្លែងមួយចំនួន ជាពិសេសនៅតាមទីសាធារណៈ ដើម្បីបង្ហាញពីអំពើពុករលួយនៅក្នុងសង្គមកម្ពុជា។ តាមបទពិសោធន៍ខ្ញុំ ដំបូងខ្ញុំមានភាពភ័យខ្លាចដែរ ប៉ុន្តែដល់ពេលខ្ញុំបានធ្វើវាម្តង ពីរដងក្រោយមក រហូតមកដល់ពេលនេះ ខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចអីទេ។ ខ្ញុំចង់លើកទឹកចិត្ត ក៏ដូចជាជំរុញឱ្យយុវជនយើងផ្សេងៗទៀតមានភាពក្លាហ៊ានក្នុងការជជែក ក្នុងការវែកញែក ក្នុងការនិយាយពីការព្រួយបារម្ភនិយាយពីបញ្ហាអំពើពុករលួយនៅក្នុងសង្គមកម្ពុជាយើង »។ នេះជាការរៀបរាប់ពីបទពិសោធន៍របស់យុវជន ខេង រដ្ឋា ដែលធ្លាប់និយាយពីបញ្ហាអំពើពុករលួយ និងរូបភាពនៃអំពើពុករលួយទៅកាន់មនុស្សទូទៅ។
យុវជន ខេង រដ្ឋា បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញបាននិយាយថា លោកមិនខ្លាចនឹងនិយាយ ឬរាយការណ៍ពីអំពើពុករលួយនោះទេ ព្រោះក្នុងនាមជាយុវជនត្រូវតែចាប់ផ្តើមហ៊ាននិយាយពីអំពើពុករលួយ ឬរូបភាពនៃអំពើពុករលួយដែលកំពុងកើតមាននៅក្នុងសង្គម។ យុវជន ខេង រដ្ឋា បានបន្តនិយាយទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្នមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរខ្លាំងជាងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អង្គការតម្លាភាពអន្តរជាតិបានចេញផ្សាយរបាយការណ៍របស់ខ្លួនប្រចាំឆ្នាំ ២០១៤ បានចាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតនៅក្នុងលេខរៀងទី ១៥៦ ក្នុងចំណោមប្រទេស ១៧៥ ក្នុងពិភពលោកដែលមានអំពើពុករលួយ។ លទ្ធផលនេះ បានបង្ហាញឱ្យឃើញនូវភាពប្រសើរជាងមុនបន្តិចរបស់កម្ពុជា បើប្រៀបទៅនឹងលទ្ធផលនៅក្នុងឆ្នាំ២០១៣ ដែលកម្ពុជាស្ថិតនៅលេខរៀងទី ១៦០ ក្នុងចំណោម ១៧៧ប្រទេស។
លោក ខេង រដ្ឋា បាននិយាយអះអាងដោយសង្កត់ធ្ងន់ថា អំពើពុករលួយមួយដែលលោកមើលឃើញមានសភាពខ្លាំងក្លាបំផុតគឺអំពើពុករលួយដែលកំពុងកើតមាននៅក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ សំឡេង ៖ « ទាក់ទងនឹងការចូលរួមជាមួយអង្គការតម្លារភាពកម្ពុជាខ្ញុំបានយល់ច្រើន ខ្ញុំឃើញថាប្រទេសកម្ពុជាមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា។ ក្នុងនោះអ្វីដែលខ្ញុំផ្តោតខ្លាំងជាងគេគឺអំពើពុករលួយនៅក្នុងវិស័យប្រព័ន្ធយុត្តិធម៌ មានការកើនឡើង »។
ទន្ទឹមគ្នានេះដែរ ផ្អែកតាមការស្ទង់មតិរបស់ប្រជាពលរដ្ឋកម្ពុជា ធ្វើឡើងដោយអង្គការតម្លារភាពកម្ពុជាលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លារភាពកម្ពុជា បានឱ្យដឹងថា អំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការនៅកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរខ្លាំងជាងគេ ក្នុងចំណោមអំពើពុករលួយដែលកំពុងកើតមាននៅក្នុងវិស័យផ្សេងៗរបស់រដ្ឋ ក្នុងនោះមានស្ថាប័នអនុវត្តច្បាប់ ដូចជា ស្ថាប័ននគរបាលជាតិជាដើម។
ក្រៅពីអំពើពុករលួយធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា យុវនិស្សិត ខេង រដ្ឋា បាននិយាយបន្តទៀតថា កន្លងមកនៅក្នុង វិស័យអប់រំ វិស័យសុខាភិបាល វត្តមាននៃអំពើពុករលួយនៅតែបន្តកើតមានរហូតមកដល់បច្ចុប្បន្ន។ អំពើពុករលួយទាំងនោះ មិនទាន់លុបបំបាត់បានទាំងអស់នៅឡើយនោះទេ។ សំឡេង ៖ « ករណីជាក់ស្តែងដែលខ្ញុំបានឃើញផ្ទាល់ គឺខ្ញុំធ្លាប់បានសង្កេតការណ៍ក្នុងសម័យប្រឡងបាក់ឌុប ខ្ញុំសង្កេតឃើញថា កូនសិស្សគាត់បានប្រមូលលុយគ្នាដើម្បីសូកលោកគ្រូអ្នកគ្រូក្នុងការលួចថតចម្លងឯកសារ ដើម្បីជាប់ក្នុងការប្រឡងបាក់ឌុបហ្នឹង។ ផ្សេងពីហ្នឹងទៀត ករណីជាក់ស្តែងលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅតាមមន្ទីរពេទ្យផ្សេងៗ គាត់បានទារសំណូកពីអ្នកជំងឺដើម្បីឱ្យអ្នកជំងឺមានឱកាសទទួលបានសេវាព្យា បាលជំងឺជាដើម »។
យុវជន ខេង រដ្ឋា និយាយដោយមិនលាក់លៀមឡើយថា រូបគេក៏ធ្លាប់ប្រព្រឹត្តអំពើពុករលួយដែរ នៅក្នុងពេលកន្លងទៅ។ ធ្លាប់ប្រព្រឹត្តអំពើពុករលួយក៏ព្រោះតែ រដ្ឋា មិនបានដឹងថា អំពើពុករលួយជាអ្វីនោះទេ ពេលខ្លះដឹងថាទង្វើនោះ ជាអំពើពុករលួយហើយ ក៏ប៉ុន្តែបែរជាគិតថា ខ្លួនឯងផ្ទាល់មិនបានចូលរួមប្រព្រឹត្តអំពើពុករលួយទៅវិញ។ ជាក់ស្តែង រដ្ឋា ធ្លាប់បានឱ្យប្រាក់ទៅគ្រូនៅពេលប្រឡងបាក់ឌុប ធ្លាប់ត្រូវប៉ូលីសចរាចរណ៍ផាកពិន័យដោយមិនបានទារបង្កាន់ដៃបង់ប្រាក់ ឳពុកធ្លាប់ធ្វើសៀវភៅស្នាក់នៅត្រូវចំណាយប្រាក់អស់ ៤០ដុល្លារជាដើម។ ប៉ុន្តែនៅពេលដែលបានយល់ដឹងពីផលប៉ះពាល់ផ្សេងៗ ពីអំពើពុករលួយហើយ រដ្ឋា បានប្តេជ្ញាចិត្តថា នឹងរាយការណ៍និងលុបបំបាត់អំពើពុករលួយឱ្យបានជាក់ជាពុំខាន។
យុវនិស្សិត ខេង រដ្ឋា បាននិយាយថា មកដល់ពេលនេះ ដល់ពេលហើយដែលយុវជនកម្ពុជាគ្រប់រូបចាំបាច់ត្រូវតែរួមគ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ យុវជនរូបនេះ បានលើកឡើងថា យុវជនមានតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយទៅដល់សហគមន៍ដែលពួកគេរស់នៅ។ សំឡេង ៖ « យុវជនគាត់មានតួនាទីសំខាន់ក្នុងការចូលរួមទប់ស្កាត់អំពើពុករលួយ ដោយសារពួកគាត់ជាកម្លាំងស្នូលក្នុងការជំរុញ ក៏ដូចជាធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសង្គម ហើយពួកគាត់ជាបញ្ញវន្តដែលជាអ្នកស្នងដំណែងនៅថ្ងៃអនាគត។ ពួកគាត់មានឱកាសច្រើនក្នុងការផ្សព្វផ្សាយទៅដល់គ្រួសាររបស់គាត់ ទៅដល់សហគមន៍របស់គាត់ »។
យុវតី ស្រួស សុគន្ធនីកា និស្សិតឆ្នាំទី២ សិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ បាននិយាយថា អំពើពុករលួយកំពុងកើតមានច្រើនរូបភាពនៅក្នុងសង្គមកម្ពុជាក្នុងពេលបច្ចុប្បន្ន។ យុវតីរូបនេះ បានអះអាងថា បញ្ហាពុករលួយដែលខ្លួនធ្លាប់ឃើញញឹកញាប់នោះគឺការផាកពិន័យខុសច្បាប់កំណត់របស់តម្រួតចរាចរណ៍នៅតាមដងផ្លូវនានា។ កញ្ញា សុគន្ធនីកា បាននិយាយដោយមិនមានភាពអល់អែកក្នុងការឆ្លើយថា អំពើរពុករលួយក្នុងករណីខាងលើនេះ កើតឡើងដោយសារការចង់បានផលចំណេញរបស់ប៉ូលីសចរាចរណ៍និងការមិនខ្វាយខ្វល់គិតមុខគិតក្រោយរបស់ប្រជាពលរដ្ឋ ដោយពលរដ្ឋមិនចង់ជួបរឿងវែងឆ្ងាយ ដូច្នេះ ពួកគេសុខចិត្តចំណាយប្រាក់ជាផ្នូរនឹងការរួចខ្លួនពីការច្បាប់។ សំឡេង ៖ « ពេលខ្លះគាត់អត់តាមច្បាប់ទេ គាត់ផាកយើងអស់តែប៉ុណ្ណឹងទេ តែគាត់ចេះតែពង្រីកថែមទៀត បើសិនជាយើងអត់ឱ្យគាត់អាហ្នឹងមានបញ្ហាទៀតហើយ »។
និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បានបញ្ជាក់ដោយពាក្យសម្តីម៉ឺងម៉ាត់ថា អំពើរពុករលួយកើតឡើងក្នុងសង្គមទាំងអស់ ដើម្បីលុបបំបាត់បានមិនមែនបន្ទោសទៅលើរដ្ឋាភិបាលទាំងស្រុងនោះទេ អ្វីដែលសំខាន់យុវជនត្រូវចាប់ផ្តើមហ៊ាននិយាយពីរឿងអំពើពុករលួយ។ សំឡេង ៖ « អ្វីក៏ដោយអាចថាកុំចាំតែបន្ទោសរដ្ឋាភិបាល ឬបន្ទោសភាគីផ្សេងទៀត អាហ្នឹងដឹងថាវាជាផ្នែកមួយហើយ ប៉ុន្តែយើងជាយុវជន យើងក៏គួរតែចាប់ផ្តើមពីខ្លួនយើងដែរ ធ្វើអីតិចតូចត្រឹមតែចែករម្លែកនិយាយពីរឿងហ្នឹង (រឿងពុករលួយ) ឱ្យច្រើនៗដងទៅ គេក៏យល់រឿងហ្នឹងច្រើនដែរ »។

(អង្គការតម្លារភាពកម្ពុជា)
ជុំវិញបញ្ហានេះ លោក ម៉ាប់ សារាវុធ មានអាយុ ២៤ឆ្នាំ ជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកច្បាប់បាននិយាយថា លោកមើលឃើញអំពើពុករលួយកំពុងកើតមាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានច្រើនរូបភាព អំពើពុករលួយទាំងនោះ ភាគច្រើនកើតមាននៅក្នុងស្ថាប័នរបស់រដ្ឋ រាប់ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ លោកបាននិយាយបន្ថែមទៀតថា លោកមិនចង់ឃើញអំពើពុករលួយបន្តកើតមាននៅក្នុងស្ថាប័នរដ្ឋ បន្តមានទៀតនោះទេ។ មិនចង់ឃើញអំពើពុករលួយ ដោយលោកបានអះអាងថា ក្នុងនាមជាយុវជនមួយរូប លោកចង់បានសង្គមមួយមានយុត្តិធម៌សម្រាប់ពលរដ្ឋទាំងអស់គ្នារស់នៅក្នុងសង្គម។ សំឡេង ៖ « យើងឃើញថាប្រទេសយើង វាតាំងពីកំពូលមក រហូតដល់ក្រោមញ៉ាំញីដោយអំពើពុករលួយ ជាពិសេសនិយាយឱ្យចំទៅគឺទាក់ទងទៅនឹងវិស័យសាធារណៈរបស់រដ្ឋតែម្តង ដែលសំបូរញ៉ាំញីដោយអំពើពុករលួយ។ ខ្ញុំចង់ឃើញសង្គមមួយដែលពោរពេញដោយភាពយុត្តិធម៌ ហើយភាពយុត្តិធម៌បានទាល់តែសង្គមលុបបំបាត់បាននូវអំពើពុករលួយបាន ព្រោះអីវាជាស្នូលដែលនាំឱ្យប្រទេសយើងមិនមានភាពយុត្តិធម៌ទាល់តែសោះ។ យើងឃើញថា ប្រទេសសិង្ហបុរីអីជាប្រទេសដែលគោរពច្បាប់ពេញទំហឹង ចឹងហើយនាំឱ្យប្រទេសគេរីកចម្រើន ចុះប្រទេសយើងអ្នកប្រព្រឹត្តបទល្មើស គាត់ព្យាយាមប្រើអំណាច ប្រើទឹកប្រាក់ ដែលជាដើមហេតុនៃការប្រព្រឹត្តអំពើពុករលួយ ចឹងយើងឃើញថាប្រ ទេសយើងនឹងមិនអាចរកធនធានបាននោះទេ »។
យុវជនដែលធ្លាប់សិក្សាផ្នែកច្បាប់រូបនេះ បាននិយាយបន្តថា វត្តមានយុវជនគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះ ក្នុងការចូលរួមលុបបំបាត់អំពើពុករលួយ ប៉ុន្តែអ្វីដែលនាំឱ្យសង្គមជាតិមិនមានអំពើពុករលួយកើតឡើង ទាល់តែមានការចូលរួមលុបបំបាត់ពីពលរដ្ឋទូទៅ និងមានការយកចិត្តទុកដាក់លុបបំបាត់អំពើពុករលួយពីរាជរដ្ឋាភិបាល។ សារាវុធ ថា រដ្ឋាភិបាលបង្កើតច្បាប់ដាក់ទោសអ្នកប្រព្រឹត្តអំពើពុករលួយហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋ រដ្ឋាភិបាលត្រូវនាំគ្នាគោរពច្បាប់ និងអនុវត្តច្បាប់ឱ្យ បានល្អនិងឱ្យមានប្រសិទ្ធិភាព ដើម្បីដាក់ទោសជនប្រព្រត្តឹអំពើពុករលួយ ហើយនៅក្នុងការគោរពច្បាប់នោះទៀតសោត យុវជនត្រូវដើរតួនាទីសំខាន់ក្នុងការគោរពច្បាប់នេះ និងធ្វើខ្លួនឱ្យក្លាយជាបុគ្គលគំរូនៅក្នុងសង្គមដោយភាពស្អាតស្អំ។ សំឡេង ៖ « ក្នុងនាមយើងជាយុវជន ហើយដើម្បីលុបបំបាត់ មានន័យធំធេងណាស់អំពើពុករលួយមិនអាចយើងម្នាក់ឯងលុបបំបាត់បានទេ ប៉ុន្តែអ្វីដែលសំខាន់គ្រាន់តែចង់ផ្ញើសារទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងសាម៉ី អ្នកដែលពាក់ព័ន្ធអីត្រូវព្យាយាមពង្រឹងឬចែងបង្កើតច្បាប់ក្នុងប្រទេសយើងសិន យើងមានច្បាប់ហើយយើងចាប់ផ្តើមអនុវត្ត ហើយការអនុវត្តន៍គឺចាប់ផ្តើមពីខ្លួនយើងផងដែរ។ នៅពេលយើងជាយុវជន យើងឃើញច្បាប់ យើងដឹងច្បាប់ ប៉ុន្តែយើងអត់បានចូលរួម ឬអត់បានគោរពច្បាប់ ក៏យើងអត់អាចលុបបំបាត់ ឬកាត់បន្ថយអំពើពុករលួយនៅក្នុងសង្គមបានដែរ »។
និយាយដោយសុំមិនបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួន យុវជនម្នាក់ជានិស្សិតត្រៀមបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៃសា កលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញបាននិយាយថា ដោយសារតែសង្គមមានអំពើពុករលួយ អំពើពុករលួយបំផ្លាញធន ធានជាតិ បំផ្លាញសង្គមជាតិយ៉ាងច្រើន ទើបរដ្ឋាភិបាលបង្កើតស្ថាប័នមួយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកនិយា យ ដូច្នេះ ចង់សម្តៅទៅលើការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ។ លោកក៏បានសំណូមពរឱ្យស្ថាប័នប្រឆាំងអំពើពុករលួយមួយនេះ អនុវត្តនូវគោលការណ៍លុបបំបាត់អំពើពុករលួយនៅក្នុងសង្គមឱ្យមានប្រសិទ្ធភាព និងធ្វើខ្លួនឱ្យសាកសមជាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយមួយពិតប្រាកដ។ ប្រសិនបើស្ថាប័នមួយនេះ រដ្ឋាភិបាលបង្កើតឡើងហើយមានតែឈ្មោះ ហើយបំពេញនាទីរបស់ខ្លួនមិនបានល្អជាហេតុនាំឱ្យស្ថាប័នមួយនេះមានឈ្មោះមិនល្អទៅវិញនោះទេ។ សំឡេង ៖ « ដើម្បីលាងជំរះអំពើពុករលួយនៅក្នុងសង្គមខ្មែរ ចាំបាច់ត្រូវបង្កើតច្បាប់មួយ អង្គភាពមួយ ដើម្បីប្រយុទ្ធប្រឆាំងរឿងទាំងឡាយហ្នឹង (អំពើពុករលួយ)។ មានស្នាមប្រឡាក់ត្រូវមានអំបោសមួយដើម្បីជូតជំរះ។ សម្រាប់រូបខ្ញុំ គ្រាន់តែសំណូមពរទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយឱ្យបំពេញតួនាទីរបស់ខ្លួន ឱ្យស្របតាមគោលដៅរបស់ខ្លួន និងដាក់ចេញនូវផែនការដើម្បីឈានទៅរកការលុបបំបាត់ ការបោសសំអាត និងកាត់បន្ថយអំពើពុករលួយនៅក្នុងស្រុកខ្មែរ ក៏ដូចជាស្ថាប័នរដ្ឋទាំងអស់ឱ្យមានភាពស្អាតស្អំឡើងវិញ។ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ មិនត្រឹមតែខ្ញុំទេ យុវជនទាំងអស់គឺត្រូវប្តេជ្ញាចិត្តលុបបំបាត់អំពើពុករលួយគ្រប់គ្នា »។
ស្របពេលនឹងការលើកឡើងរបស់យុវជនទាំងបួនរូបខាងលើ បង្ហាញពីការប្តេជ្ញាចិត្តរាយការណ៍ពីអំពើពុករលួយ និយា យពីបញ្ហាអំពើពុករលួយនៅក្នុងវិស័យធនធានធម្មជាតិដែលកំពុងកើតមានវិញម្តង លោក សរ ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា (CYN) បានលើកឡើងថា ធនធានធម្មជាតិរបស់កម្ពុជា ព្រៃឡង់កម្ពុជាកំពុងរងឥទ្ធិពលអំពើពុករលួយយ៉ាងខ្លាំងពីអ្នកមានអំណាច តាមរយៈការប្រើប្រាស់អំណាច ប្រើប្រាស់ទឹកប្រាក់ ប្រព្រឹត្តអំពើពុករលួយទាញផលចំណេញពីធន ធានធម្មជាតិទាំងនោះយ៉ាងធ្ងន់ធ្ងរ។ សំឡេង ៖ « ការកាប់បំផ្លាញ់ព្រៃឈើនៅតំបន់ព្រៃឡង់ មានរូបភាពច្រើន។ ទីមួយ រូបភាពនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋទៅឱ្យក្រុមហ៊ុនឯកជនដែលគាត់ធ្វើការវិនិយោគទៅលើដំណាំកៅស៊ូ ហើយការផ្តល់ដីសម្បទាននោះទៀតសោត ចំណុចខ្លះគឺប៉ះចំណុចតំបន់ព្រៃឡង់ ហើយខ្លះប៉ះចំតំបន់ជុំវិញព្រៃឡង់។ ពេលដែលគាត់បានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលហើយ គាត់មិនត្រឹមតែកាប់ឈើនៅក្នុងរង្វង់ដែនដីសម្បទានសេដ្ឋកិច្ចទេ គាត់ទៅកាប់ឈើខាងក្រៅពីចំណុចស្នូលនៃតំបន់ព្រៃឡង់ទៀត ហើយគាត់ដឹកចូលក្រុមហ៊ុនថាឈើហ្នឹងជាឈើស្របច្បាប់ » ។
លោក សរ ម៉ូរី បានលើកឡើងពីករណីអំពើរពុករលួយជាក់ស្តែងមួយ ទាក់ទងនឹងការកាប់ព្រៃឈើតំបន់ព្រៃឡង់ក្នុងពេលបច្ចុប្បន្នមកបង្ហាញថា ការកាប់ឈើព្រៃ ការដឹកឈើចេញពីព្រៃខុសច្បាប់ ការកាន់កាប់ដី និងការរុករានដីល្មើសពីច្បាប់ឬអាជ្ញាប័ណ្ណដែលរដ្ឋផ្តល់ឱ្យ កំពុងបន្តកើតមានដោយសារការឃុបឃិតគ្នាពីអាជ្ញាធរក្នុងតំបន់និងក្រុមហ៊ុនឯកជន កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង។ លោកថា អ្នករងគ្រោះពីអំពើពុករលួយទាំងនោះជាប្រជាពលរដ្ឋក្រីក្រ ដែលត្រូវគេទាយយកផលប្រយោជន៍ និងត្រូវបានគេរំលោភបំពានសិទ្ធិ ។ សំឡេង ៖ « ខ្ញុំមានបទពិសោធន៍ចូលរួមល្បាតជាមួយសហគមន៍ព្រៃឡង់ផ្ទាល់ យើងឃើញថាឈ្មួញទុច្ចរិតគាត់ចុះទៅកាប់ព្រៃឈើ មានឡាន ឡានអាយីឌុបអីចឹងទៅ គាត់ដឹកចេញមកតាមផ្លូវដោយសេរី គ្មានអាជ្ញាធរណាមកសួរនាំ សុំមើលអាជ្ញាប័ណ្ណនៃការកាប់ឈើទេ អានេះជាការប្រព្រឹត្តអំពើពុករលួយ។ មួយវិញទៀត នៅពេលដែលសហគមន៍ដែលស្រឡាញ់ព្រៃឈើគាត់ចុះល្បាត ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ អាជ្ញាធរហ្នឹងបែរទៅជាគម្រាមសហគមន៍ទៅវិញថាជាអំពើខុសច្បាប់ » ។
លោក សរ ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជារូបនេះ ក៏បានលើកឡើងថា យុវជនដើរតួនាទីសំខាន់បំផុតក្នុងការលុបបំបាត់អំពើពុករលួយដែលកំពុងកើតមាននៅក្នុងសង្គម ហើយការនាំគ្នាប្តេជ្ញាចិត្តរាយការណ៍ពីអំពើពុករលួយ ក៏ជាការចាប់ផ្តើមលុបបំបាត់អំពើពុករលួយដែរ។

មានសម្បុរខ្មៅស្រអែម មានអាយុជាង ៦០ឆ្នាំ លោក រស់ ឡាច សមាជិកក្រុមស្នូលការពារព្រៃឡង់ រស់នៅស្រុកថាក់ឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែង លោកបាននិយាយក្នុងទឹកមុខមាំអមដោយកាយវិការពន្យល់មួយៗថា យុវជនមានតួនាទីសំខាន់ក្នុងការប្រឆាំងអំពើពុករលួយ ។ យុវជនអាចរាយការណ៍ពីអំពើពុករលួយបានទូលំទូលាយជាងមនុស្សចាស់ ដោយសារតែយុវជនមានសមត្ថភាពអាចចូលរួមផ្សព្វផ្សាយនិងចែករំលែកព័ត៌មានពីអំពើពុករលួយជាច្រើន ទៅកាន់សាធារណៈជនពីស្ថានភាព រូបភាពអំពើពុករលួយអ្វីមួយដែលកំពុងកើតមាននៅក្នុងសង្គម។
លោក រស់ ឡាច បាននិយាយដោយភាពជឿជាក់និងមានទំនុកចិត្តទៅលើយុវជនបន្តទៀតថា បច្ចុប្បន្នអំពើពុករលួយនៅសហគមន៍ដែលលោករស់នៅ ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើនៅជាដើម យុវជនបាននាំគ្នានិយាយ នាំគ្នាឈឺឆ្អាល និងបានផ្សព្វផ្សាយពីព័ត៌មានដែលពាក់ព័ន្ធនឹងបទល្មើសនៃកាប់និងជួញដូរឈើ ធ្វើឱ្យសកម្មភាពទាំងនោះមានការធ្លាក់ចុះជាបណ្តើរៗផងដែរ។ សំឡេង ៖ « យុវជនមានទឹកមាត់ប្រៃណាស់ទីមួយ ទីពីរយុវជនយើងឥឡូវយើងមានប្រព័ន្ធព័ត៌មានសំខាន់ៗដូចជាប្រព័ន្ធហ្វេសប៊ុកជាដើម ដូច្នេះខ្ញុំគិតថាយុវជនយើងបានចូលរួមសកម្មភាពការបង្រ្កាបចុះល្បាត ឬការផ្សព្វផ្សាយ ជាព័ត៌មានដល់ជាតិនិងអន្តរជាតិ។ ខ្ញុំគិតថា ប្រហែលថ្នាក់ដឹកនាំ ឬជាតិ អន្តរជាតិគេចាប់អារម្មណ៍ ពេលនោះការប្រព្រឹត្តបទល្មើសអាចថយចុះ តាមរយៈអ្វីដែលយុវជនអាចធ្វើទៅបាន »។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការនៃអង្គការតម្លារភាពកម្ពុជាបានអះអាងថា នៅក្នុងពេលបច្ចុប្បន្នយុវជនកំពុងចូលរួមធ្វើសកម្មភាពច្រើនប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងសង្គម។ លោក ព្រាប កុល បានបញ្ជាក់ថា តាមការកត់សម្គាល់របស់លោកយុវជនបច្ចុប្បន្នមានការយល់ដឹងពីអំពើពុករលួយ យុវជនគិតថាអំពើពុករលួយជាបញ្ហារបស់សង្គមជាតិ ដែលយុវជនតំរូវឱ្យមានកាព្វកិច្ចចូលរួមក្នុងការបោសសម្អាត ឬទប់ស្កាត់នៅក្នុងសង្គម។ ពិសេសការធ្វើការងារជា មួយយុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមានភាពងាយស្រួលច្រើនជាមនុស្សចាស់។ សំឡេង ៖ « យុវជនជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងសង្គម ទីមួយការងារដែលគាត់ធ្វើគឺគាត់ចូលរួមទប់ស្កាត់អំពើពុករលួយ ជួយអប់រំផ្សព្វផ្សាយដល់អ្នកជំនាន់ក្រោយនិងក្រុមសិស្សប្អូនរបស់គាត់ ហើយកត្តាទីពីរខ្លួនគាត់នឹងក្លាយជាទំពាំងស្នងឬស្សីនៅពេលដែលគាត់មានឱកាសទៅកាន់មុខងារទៅកាន់មុខដំណែងជំនួសឱ្យអ្នកជំនាន់មុនហ្នឹង បើសិនគាត់ជាបុគ្គលស្អាតស្អំ គាត់ប្រកាន់គោលការណ៍សុចរឹតភាព គាត់អាចកែប្រែសង្គមជាតិយើងបានច្រើន » ។
នាយកប្រតិបត្តិនៃអង្គការនៃអង្គការតម្លារភាពកម្ពុជារូបនេះ បានឱ្យដឹងទៀតថា ដ្បិតយុវជនមួយចំនួនមានការយល់ដឹងពីអំពើពុករលួយ ចូលរួមលុបបំបាត់អំពើពុករលួយនៅក្នុងសង្គមក៏ពិតមែន ប៉ុន្តែការចូលរួមរបស់យុវជននៅក្នុងពេលបច្ចុ ប្បន្ននេះនៅមានកម្រិតនៅឡើយ។ នៅមានកម្រិតក៏ព្រោះតែ ការបញ្ជ្រាបចំណេះដឹងពីបញ្ហាអំពើពុករលួយមិនទាន់បានទូលំទូលាយនោះទេ។ លោកព្រាប កុល បានឱ្យដឹងទៀតថា ក្នុងនោះយុវជនដែលទទួលបានការអប់រំមានកម្រិត យុវជននៅតាមបណ្តាខេត្ត នៅតាមទីជនបទជាដើម ពុំទាន់អាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានច្រើនឡើយទេ ដោយសារពួកខ្វះព័ត៌មានពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ។ នេះជាការបញ្ជាក់របស់លោកព្រាប កុល។
សំឡេង ៖ « នៅមានកម្រិតនៅឡើយ បើយើងមើលឃើញបីការចូលរួមជាក់ស្តែងរបស់គាត់ ប៉ុន្តែបើមើលតាមទៅការសិក្សាស្រាវជ្រាវកន្លងមក គាត់មានការប្តេជ្ញាចិត្ត មានភាគរយច្រើនរហូតដល់ជាងចិតសិបភាគរយជាង ដែលគាត់ប្តេជ្ញាចិត្តថានឹងចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។ នៅក្នុងពេលបច្ចុប្បន្ននេះ ប្រហែលជាយើងពុំទាន់មានផ្តល់ឱកាសឱ្យពួកគាត់ឱ្យបានទូលំទូលាយដូច្នេះ ការចូលរួមរបស់ពួកគាត់នៅមានកម្រិតនៅឡើយទេ។ យើងមិនទាន់មានលទ្ធភាពបង្កើតកម្មវិធីបានទូលំទូលាយឱ្យដល់ពួកគាត់ ដូចជាយើងអត់ទាន់បានបង្ករលក្ខណៈឱ្យគាត់ចូលរួមបាននៅតាមជនបទ នៅតាមខេត្ត ហើយភាគច្រើនយើងធ្វើនៅតាមរាជធានីដូចច្នេះ ទាំងនេះហើយដែលជាឧបសគ្គខ្លះ ដែលធ្វើឱ្យយុវជននៅតាមទីជនបទមិនសូវបានចូលរួម »។
សូមរម្លឹកថា របាយការណ៍របស់អង្គការ Usaid ធ្លាប់បានបញ្ជាក់ថា អំពើពុករលួយបានធ្វើឱ្យប្រទេសកម្ពុជាខាតបង់ទឹកប្រាក់ក្នុងចំនួនពី៣០០ ទៅ ៥០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ៕