ភ្នំពេញ៖ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យបានអំពាវនាវដល់ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្ស និស្សិត ដែលរស់នៅរាជធានីទាំងអស់ឲ្យចូលរួមក្នុងវេទិការមួយស្ដីអំពី«ការពារព្រៃឡង់តាមរយៈកាន់ថង់យាម និងពាក់អាវយឺត» នៅថ្ងៃចន្ទទី ២៧ ខែមិថុនា ដើម្បីរួមចំណែកការពារព្រៃឡង់ដែលកំពុងរងការកាប់បំផ្លាញពីជនខិលខូចមួយចំនួន ។
ព្រះអង្គ ប៊ុត ប៊ុនទិញ ដែលជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ មានសង្ឃដីកាជាមួយវិទ្យុស្ដ្រី FM១០២ នៅថ្ងៃអាទិត្យ ទី ២៦ ខែមិថុនានេះថា គម្រោងរៀបចំជាវេទិការស្ដីពីព្រៃឡង់នៅថ្ងៃចន្ទស្អែកនេះ គឺព្រះអង្គមានបំណងចង់សាកល្បង និងចង់ដឹងពីទឹកចិត្ដរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប តើមានការខ្វាយខ្វល់ពីការបាត់បង់ព្រៃឈើកម្ពុជាដល់កម្រិតណាប៉ុណ្ណោះ ។
ព្រះអង្គមិនរំពឹងថានឹងមានប្រជាពលរដ្ឋចូលរួមបានច្រើននោះទេ ព្រោះរយៈពេលនៃការផ្សព្វផ្សាយខ្លីពេកប៉ុន្តែព្រះអង្គក៏បញ្ជាក់ដែរថា នៅថ្ងៃទី ២៧ មិថុនាខាងមុខ បើទោះបីជា មានអ្នកចូលរួមត្រឹមតែ ២ ឬ ៣ នាក់ក៏កម្មវិធីនេះនៅតែបន្តដំណើរការដដែល ។
ព្រះអង្គ ប៊ុត ប៊ុនទិញ មានសង្ឃដីកាបញ្ជាក់ទៀតថា គម្រោងនៃការរៀបចំជាវេទិការនេះ ព្រះអង្គមិនទាន់បានជួនដំណឹងទៅសាលារាជធានីភ្នំពេញនោះទេ ដោយសារថ្ងៃនេះថ្ងៃអាទិត្យដែលស្ថាប័នរដ្ឋឈប់សម្រាក ។ ទោះជាយ៉ាងណា ព្រះអង្គជឿជាក់ថា សាលារាជធានីភ្នំពេញនឹងមិនរារាំងដល់គម្រោងរបស់ព្រះអង្គឡើយ ព្រោះសកម្មភាពនេះ គឺធ្វើស្របតាមប្រសាសន៍របស់នាយករដ្ឋមន្ដ្រីដែលធ្លាប់ប្រកាសស្ដីពីការការពារព្រៃឈើកន្លងមក ។
វិទ្យុស្ដ្រីពុំអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជុំវិញការដាក់លិខិតស្នើសុំរៀបចំវេទិការបស់បណ្តាញព្រះសង្ឃខាងលើនេះ តើសាលាក្រុងអនុញ្ញាតឬយ៉ាងណានោះទេ នៅថ្ងៃនេះ។
សូមជម្រាបថា បណ្ដាញព្រះសង្ឃឯករាជ្យបានបោះពុម្ពអាវយឺតចំនួនមួយពាន់អាវ ដើម្បីចែកជួនពលរដ្ឋដែលមកចូលរួមក្នុងកម្មវិធី «ការពារព្រៃឡង់តាមរយៈកាន់ថង់យាម និងពាក់អាវយឺត» នៅថ្ងៃទី ២៧ ខែ មិថុនា រួចហើយ ។ «អាត្មាបានបោះពុម្ភថងយាមចំនួនបីរយ អាវយឺតចំនួនមួយពាន់ដើម្បីចែកជូនដោយមិនគិតលុយ។ សូមនិមន្ត និងអញ្ជើញទៅទទួលនៅថ្ងៃស្អែកវេលាម៉ោង ៧ និង៣០ នាទីព្រឹក…»។
កម្មវិធីនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧: ៣០ព្រឹក នៅខាងមុខសួនច្បារអភិវឌ្ឍន៍កម្ពុជា CDC នៅក្បែរវត្ដភ្នំជិតមាត់ទន្លេ៕