ភ្នំពេញ៖ គណបក្សអំណាចខ្មែរ បានប្រកាសជាសាធារណៈថា លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សនេះ បច្ចុប្បន្នមិនមែនជា ប្រធាន មិនមែនជាសមាជិក និងមិនជាប់ពាក់ព័ន្ធអ្វីនឹងគណបក្សនេះឡើយ ផ្ទុយទៅវិញគណបក្សនេះគឺដឹកនាំដោយលោក សួង សុភ័ណ្ឌដែលដំបូងឡើយជាប្រធានស្ដីទីជំនួសលោក សួន សេរីរដ្ឋា។
គណបក្សអំណាចខ្មែរ បានផ្សព្វផ្សាយលើទំព័រហ្វេសបុកកាលពីថ្ងៃទី ៥ សីហា ថា ចាប់តាំងពីលោក សួន សេរីរដ្ ឋាលាលែងពីតំណែងគណបក្សអំណាចខ្មែរជាផ្លូវការ លោកមិនមែនជាប្រធានគណបក្ស ឬសមាជិកហើយមិនជាប់ពាក់ព័ន្ធនឹងគណបក្សនេះឡើយ។
តាមការចុះផ្សាយនេះបញ្ជាក់ផងដែរថា លោក សួន សេរីរដ្ឋា មិនត្រឹមតែមិនមែនជាអ្នកនយោបាយតែប៉ុណ្ណោះនោះទេ ថែមទាំងលោកត្រូវបានដកហូតសិទ្ធិជាពលរដ្ឋដែរនៅពេលដែលលោកក្លាយជាទណ្ឌិតទៀតផង។
កាលពីពេលថ្មីៗនេះ លោក សួន សេរីរដ្ឋាបានធ្វើបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកថា ប្រសិនបើគណបក្សអំណាចខ្មែរមិនទទួលលោកធ្វើជាប្រធានគណបក្សវិញ ក៏លោកមិនទាមទារ ឬជំទាស់អ្វីនោះទេ។លោក សួន សេរីរដ្ឋាបញ្ជាក់ថា ទោះជាបែបណាក្ដី ក៏ជីវិតនយោបាយលោកមិនបញ្ចប់នោះទេ អ្វីដែលសំខាន់ គឺលោកនៅតែរក្សាជំហរ ទស្សនៈនយោបាយដដែល។
លោក សួន សេរីរដ្ឋា ត្រូវបានគេមើលឃើញថា ធ្លាប់ជាអ្នករិះគន់ការដឹកនាំរបស់គណបក្សកាន់អំណាចយ៉ាងខ្លាំងមុនពេលលោក ត្រូវបានចាប់ដាក់ពន្ធនាគារ។
យ៉ាងណាក្ដី ក្រោយពីលោកត្រូវបានដោះលែងឱ្យមានសេរីភាពវិញ គេឃើញថា លោកបានធ្វើការរិះគន់អតីតគណបក្សប្រឆាំងដែលកំពុងតែធ្វើនយោបាយនៅបរទេសវិញពីបញ្ហាផ្សេងៗ ជាពិសេសថា គណបក្សប្រឆាំងគ្មានគំនិតនយោបាយផ្ទាល់ខ្លួនឡើយ។
កន្លងមក លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ បង្ហាញពីចេតនាត្រេកអរ ជាមួយក្រុមគ្រួសារលោក សួន សេរីរដ្ឋា ចំពោះការដោះលែងនេះ។ ប៉ុន្តែលោកមិនពេញចិត្ត ទៅនឹងទង្វើទន់ជ្រាយរបស់លោក សួន សេរីដ្ឋា ដែលអង្វរ សុំទោសសម្ដេច ហ៊ុន សែន និងកងយោធាទាំងអស់ ដើម្បី សុំការលើកលែងទោស។
លោកសួន សេរីរដ្ឋា ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពកាលពីយប់ថ្ងៃទី ២៣ សីហា ដោយសារព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្ដេច ហ៊ុន សែន ដោយសារ លោក សួន សេរីរដ្ឋា ផ្ទាល់បានធ្វើលិខិតសុំទោស សម្ដេច ហ៊ុន សែន និងកងយោធាគ្រប់ថ្នាក់៕