loader

បក្សកាន់អំណាច ស្នើឱ្យចាត់ការអ្នកចេញសេចក្ដីថ្លែងការណ៍(ក្លែងក្លាយ)​មួយថា​មានមន្ត្រីបក្សខ្លះត្រៀមទទួលលោកសមរង្ស៊ី

ភ្នំពេញ៖ គណបក្សប្រជាជានកម្ពុជារាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរជាពិសេសក្រសួងមាន​សមត្ថកិច្ច ទាំងអស់ត្រូវមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលណា រួមទាំងលោក សម រង្ស៊ី ដែល​ផ្សព្វផ្សាយ នឹងចែកចាយ នូវសេចក្ដីថ្លែងការណ៍មួយ ដែលគេថា ជារបស់ក្លែងក្លាយហើយ​បញ្ជាក់ថា មន្ត្រីបក្សនេះ មួយចំនួនកំពុងរង់ចាំទទួល​លោកសមរង្ស៊ីវិល​ចូល​កម្ពុជា​វិញ​។

ការប្រកាសបែបនេះ ក្រោយពេលដែលលេចធ្លាយនូវលិខិតមួយដែលអះអាងថា ចេញដោយគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ហើយបញ្ជាក់ពីការបែបបាក់ផ្ទៃក្នុងនៃបក្សនេះ ហើយថាមន្រ្តីបក្សនេះជាច្រើនកំពុងរង់ចាំលោក សម រង្ស៊ី ចូលកម្ពុជាវិញ ។

ភ្លាមៗក្រោយពេលដែលលោក សម រង្ស៊ី ចែកចាយសេចក្ដីថ្លែងការណ៍មួយ ដែលក្នុងនោះឃើញថាចេញដោយគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជានកម្ពុជារាជធានីភ្នំពេញបដិសេធន៍ថា លិខិតនេះជាលិខិតក្លែងក្លាយ ។

គណបក្សកាន់អំណាចប្រចាំនៅរាជធានីបាន ថ្កោលទោសខ្លាំងៗចំពោះអ្នកដែលផ្សព្វផ្សាយ រួមទាំងលោក សម រង្ស៊ី​ដែលបានចែកចាយបន្តនៅលើទំព័រហ្វេសបុក ។

គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ បញ្ជាក់បន្ថែមទៀតថា ការបញ្ចេញសេចក្ដីថ្លែងការណ៍ក្លែងក្លាយនេះ ធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស គណបក្សប្រជាជនកម្ពុជា និង ស្ថេរភាពសន្តិសុខជាតិ ។

គណបក្សកាន់អំណាច បានស្នើតាមរយៈលិខិតនេះ ផងដែរ ទៅដល់អាជ្ញាធរ ជាពិសេសក្រសួងពាក់ព័ន្ធឱ្យធ្វើការស៊ើបអង្កេតទៅលើបុគ្គលដែលក្លែងបន្លំសេចក្ដីថ្លែងការណ៍នេះ និងលោក សម រង្ស៊ីដែលបង្ហោះចែករំលែកផ្សព្ធផ្សាយសេចក្ដីថ្លែងការណ៍នេះ  ។ ជាងនេះ ការប្រើវិធានការផ្លូវច្បាប់ណាមួយ ចំពោះរឿងខាងលើ គឺជាការធ្វើឡើងដើម្បីថែរក្សាកិត្តិយស មុខមាត់ និង សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ។

សូមបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ដែលគណបក្សប្រជាជនកម្ពុជាបដិសេធន៍ដោយចាត់ទុកថាក្លែងក្លាយនោះ បានសរសេរសម្ដៅដើមថា មានមនុស្សនៃគណៈកម្មាធិការកណ្ដាល និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាច្រើន សុទ្ធតែជាមនុស្សស្នេហាជាតិ មានការខកចិត្ត និងព្រួយបារម្ភចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេច ហ៊ុន សែន ។

សេចក្ដីថ្លែងការណ៍នេះសរសេរបែបនេះថា៖ ពួកយើងមានទឹកចិត្តដូចពលរដ្ឋច្រើនលើសលប់ទូទាំងប្រទេសកម្ពុជា ដែលមានការខកចិត្តយ៉ាងខ្លាំង និងព្រួយបារម្ភយ៉ាងក្រៃលែង ចំពោះទង្វើផ្ដាច់ការ និងក្បត់ជាតិរបស់បុគ្គល ហ៊ុន សែន ដែលជាមនុស្សឆ្កួតអំណាច និងវង្វេងជាតិ »

សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ទៀតថា មនុស្សក្នុងបក្សប្រជាជនកម្ពុជា និងប្រជារាស្ត្រខ្មែរ មួយចំនួន ស្វាគមន៍លោក សម រង្ស៊ី ចូលកម្ពុជាវិញ ។

លោក សម រង្ស៊ី បានប្រកាសថា លោកនឹងចូលមកកម្ពុជាវិញនៅដើមឆ្នាំ ២០១៩ តែលោក មិនបានកំណត់ថ្ងៃឱ្យបានជាក់លាក់នោះទេ ។

នៅក្នុងល្បែងភ្នាល់គ្នាជាមួយសម្ដេច ហ៊ុន សែន ដែលនឹងដល់រយៈពេលកំណត់នៅថ្ងៃទី ៣ មីនា ឆ្នាំ ២០១៩ ប្រសិនបើលោក សម រង្ស៊ីចាញ់នាយករដ្ឋមន្ត្រីកម្ពុជាព្រោះមិនមានការដោះលែង​លោក កឹម សុខា នោះគឺលោក សម រង្ស៊ីសន្យា នឹងចូលខ្លួនឱ្យអាជ្ញាធរចាប់ដាក់ពន្ធ​នាគារ តែបើមានការដោះលែងលោក កឹម សុខា សម្ដេច ហ៊ុន សែន នឹងចុះចេញពីទំណែង ៕ 

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

វត្ថុបុរាណកម្ពុជាចំនួន១៥ គ្រោងតាំងបង្ហាញនៅពិព័រណ៍ក្រុងប៉េកាំង

គេហទំព័រសារព័ត៌មានចិនមានឈ្មោះ ​​china.org.cn [...]

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យស[...]

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត