ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ច ទៅប្រទេសទីម័រខាងកើត រយៈពេល២ថ្ងៃ ដើម្បីចូលរួមខួបលើកទី៤១នៃការបង្កើតកងកម្លាំងរំដោះជាតិ ព្រមទាំងជួបជាមួយពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅប្រទេសទីម័រ។
ហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃនេះបានឱ្យដឹងថា នៅថ្ងៃទី ១៩ខែសីហា ឆ្នាំ២០១៦នេះ សម្ដេច នឹងដឹកនាំមន្ដ្រីជាន់ខ្ពស់មួយចំនួន ធ្វើទស្សនកិច្ចនៅប្រទេសទីម័រខាងកើត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នឹងពិភាក្សាអំពីបេក្ខភាពសមាជិកអាស៊ានរបស់ទីម័រ។
តាមរយៈហ្វេសប៊ុករបស់ លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្រៅពីទស្សនកិច្ចផ្លូវការនេះ សម្ដេច និងគណៈប្រតិភូក៏ចូលរួមក្នុងពិធីបុណ្យខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រខាងកើត និងព្រមទាំងជួបជាមួយពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅប្រទេសទីម័រផងដែរ។
សម្ដេច ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំដឹកនាំប្រតិភូទៅទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យទីម័ឡេស្តេ (Timor-Leste) ជាមួយនឹងការខិតខំពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគីយើងក៏នឹងពិភាក្សាផងដែរអំពីបេក្ខភាពសមាជិកអាស៊ាន របស់ទីម័រឡេស្តេ ដែលកម្ពុជាយើងបានគាំទ្រយ៉ាងខ្លាំង ដើម្បីឱ្យប្រទេសនេះក្លាយជាសមាជិករបស់អាស៊ាន។ក្រៅពីទស្សនកិច្ចផ្លូវការ ខ្ញុំនិងគណៈប្រតិភូក៏ចូលរួមក្នុងពិធីបុណ្យខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ ព្រមទាំងជួបជាមួយបងប្អូនខ្មែរយើងដែលកំពុងធ្វើការនៅទីម័រឡេស្តេ ផងដែរ»។
សូមជម្រាបដែរថា ការអញ្ជើញចូលរួមធ្វើទស្សនកិច្ចនៅប្រទេសទីម័រខាងកើត របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅពេលនេះ គឺមានរយៈពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ សីហា ឆ្នាំ២០១៦។ នៅក្នុងទស្សនកិច្ចនេះ រដ្ឋាភិបាលទាំងពីរ នឹងចុះហត្ថលេខាលើ ឯកសារចំនួន ៣រួមមាន ៖
ទី១.កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច
ទី២.កិច្ចព្រមព្រៀងស្ដីពីការលើកលែង ទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ និងទី៣.អនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹង កិច្ចប្រតិបត្តិការលើវិស័យការងារផងដែរ៕