ភ្នំពេញ៖ ក្នុងកម្មវិធីរួមគិតរួមបង្កើតទីផ្សារដើម្បីសង្គម និងពិសារអាហារសេរីរាង្គខ្មែរ កាលពីល្ងាចថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦ លោក កឹម អឿន ប្រធានក្លឹបម៉ត់តៃណៃ និងជាប្រធានផ្សារកម្សាន្ដ បានឱ្យដឹងថា ផ្សារកម្សាន្ដគឺជាផ្សារមួយ ដែលមានលក្ខណៈអប់រំ និងកម្សាន្ដ ហើយផ្ដោតសំខាន់ទៅលើផលិតផលខ្មែរ។
នៅក្នុងពិធីដែលមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ពីសមាគមរួមគិតរួមបង្កើតផ្សារដើម្បីសង្គម និងមានវត្តមាន អ្នកជំនួញមួយចំនួនដូចជាលោកឧកញ្ញ៉ា គួច ម៉េងលី ជាដើមនោះ លោក កឹម អឿន បានបញ្ជាក់បន្ថែមថា ផ្សារកម្សាន្ដនេះមិនត្រឹមតែផ្ដោតសំខាន់លើផលិតផលខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែក៏ផ្ដោតទៅលើទំនិញ ដែលគេបានប្រើមួយទឹកហើយដូចគ្នា។
លោកពន្យល់ថា ៖« ផលិតផល ដែលរបស់ដែលយើង ប្រើមួយទឹក ខ្ញុំបាននឹងកំពុងតែជម្រុញបងប្អូនដែលនៅក្នុងផ្ទះហ្នឹងឲ្យគាត់សម្រេចចិត្តបោះចោលរបស់ ដែលគាត់មិនប្រើប្រាស់សោះ ជាពិសេសរបស់ណាដែលយើងមិនដែលប្រើក្នុងរយៈពេល៣ខែ ទៅ៦ខែហ្នឹង គឺភាគច្រើនយើងនឹងមិនប្រើវាទេ ឧទាហរណ៍ដូចជាកង់កញ្ជាស់មួយ យើងនឹងមិនប្រើវាទេ ប៉ុន្ដែវាគឺជារបស់នៃក្ដីសុបិន្ដរបស់ក្មេងដទៃទៀត …»។
លោក កឹម អឿន បានឱ្យដឹងបន្ថែមទៀតដែរថា ផ្សារកម្សាន្ដនេះ មានប្រមាណជា១៥០ស្ដង់ ដែលពលរដ្ឋខ្មែរ អាចជួលដាក់លក់ផលិតផលរបស់ខ្លួនបានរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់១២ថ្ងៃត្រង់ នៅពហុកីឡាដ្ឋានជាតិអូឡាពិក ដោយទាក់ទងតាមរយៈ លេខទូរស័ព្ទរបស់លោកផ្ទាល់ ០១០ ០១១ ឬក៏០១២ ៥៩៨ ៨៩៥។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបើកផ្សារកម្សាន្ដ ឬ Sun fair Market នៅថ្ងៃខាងមុខ នេះ គឺមានគោលបំណងលើកស្ទួយផលិតផលខ្មែរ រួមទាំងផ្ដល់ការអប់រំ និងកម្សាន្ដ ដល់អ្នកលក់ រួមទាំងអ្នកទិញ ជាពិសេសផ្ដល់ឱកាសដល់កសិករ អាចស្វែងរកទីផ្សារដាក់តាំងលក់ ផលិតផលរបស់ខ្លួនផងដែរ៕