en     km
en     km

​នៅពីក្រោយអត្រាធ្លាក់ចុះការបំបៅដោះកូនដោយទឹកដោះម្តាយ

Share

ភ្នំពេញ៖ ទោះបីដឹងថា ការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់ ធ្វើឱ្យកុមារមានសុខភាពល្អ ជួយការពារប្រឆាំងនឹងជំងឺផ្សេងៗ និងជួយដល់ការលូតលាស់ខួរក្បាលរបស់កុមារបានល្អ តែអត្រានៃការបំបៅដោះកូនដោយទឹកដោះម្តាយបានបន្តធ្លាក់ចុះត្រឹម៥១ភាគរយនៅឆ្នាំ២០២១ និងមានកុមារ ចំនួន៣៧ភាគរយ ប៉ុណ្ណោះ ដែលបានបំបៅដោយទឹកដោះម្តាយ។ តើមានអ្វីនៅពីក្រោយអត្រានៃការធ្លាក់ចុះការបំបៅដោះកូនដោយទឹកដោះម្តាយនេះ? ​​ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

លោកវេជ្ជបណ្ឌិត ហេង សុខន ប្រធានមន្ទីរពេទ្យខេត្តក្រចេះ បានប្រាប់វិទ្យុស្រ្តីថា តាមរយៈការអនុវត្តកន្លងមកនេះនៅក្នុងមន្ទីរពេទ្យខេត្តក្រចេះ លោកបានសង្កេតឃើញថា ឧបសគ្គប្រឈមរារាំង ម្តាយមិនអាចបំបៅកូនដោយទឹកដោះម្តាយ រួមមានកត្តាធនធានមនុស្ស គ្រូពេទ្យ និងកត្តា អ្នកជំងឺ(ម្តាយទារក) រួមទាំងបន្ទប់បំបៅកូន និងសម្ភារៈផ្សេងៗជាដើម។

លោកវេជ្ជបណ្ឌិត ហេង សុខន«នៅក្នុងអ្វីមួយមិនបានអ្វីល្អ១០០ភាគរយនោះទេ អ៊ីចឹងជាឧបសគ្គ បុគ្គលិកយើងកាលមិនទាន់អនុវត្តន៍មួយចំនួនមិនទាន់មានឆន្ទៈក្នុងការកែលម្អទាល់តែយើងធ្វើការបញ្ចុះបញ្ជូលពន្យល់គាត់ក្រោយការអនុវត្តទៅបានជោគជ័យគាត់មានឆន្ទៈគាត់សប្បាយចិត្តក្នុងការកែលម្អ ដោយសារខេត្តក្រចេះយើងជាខេត្ត ភូមិភាគឦសានសម្បូរជនជាតិ យើងមាន៧ជនជាតិគាត់មានការលំបាកក្នុងការស្តាប់ និងគាត់មានចំណេះដឹងទាបអ៊ីចឹងយើងត្រូវការអត់ធ្មត់ ពន្យល់ហើយ ពន្យល់ទៀត»

មានកត្តាជាច្រើនដែលជំរុញឱ្យ ការបំបៅកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះ  លោក ហូ ក្រើន នាយកអង្គការ ហេឡែន ខេល័រអន្តរជាតិ បានឱ្យដឹងថា កត្តាការងារ ទាក់ទងនឹងច្បាប់លំហែមាតុភាព ក៏ជាចំណែកមួយរារាំង ម្តាយមិនអាចបំបៅកូនដោយទឹកដោះម្តាយបានដែរ។ លោកបានបញ្ជាក់ថា តាមការសិក្សាជាច្រើនបានរកឃើញស្រ្តីនៅពេលដែលត្រលប់ចូលបម្រើការងារវិញ បានឈប់បំបៅកូនដោយទឹកដោះម្តាយ។ ម្យ៉ាងទៀត ស្រ្តីក៏ខ្វះចំណេះដឹងទាក់ទងនឹងសារៈសំខាន់នៃការបំបៅដោះកូនដោយទឹកដោះម្តាយ។​

លោក ហូ ក្រើន៖«យើងឃើញថា មានការសិក្សាជាច្រើនបានរកឃើញថាស្រ្តីនៅពេលដែលត្រលប់ចូលបម្រើការងារវិញបានឈប់បំបៅកូនដោយទឹកដោះម្តាយ ចំណុចនៅត្រង់ណា បើសិនជាចំណុចនៅត្រង់ច្បាប់លំហែមាតុភាពមានរយៈពេលបីខែ ឥឡូវនេះដើម្បីឱ្យមានការកើនឡើងការបំបៅកូនដោយទឹកដោះម្តាយបន្ថែមទៀត តើយើងគិតមើលទៅលើការលំហែមាតុភាពឱ្យបាន៦ខែដើម្បីឱ្យស្រ្តីអាចបំបៅកូនបាន៦ខែ សម្រាប់បំបៅកូនដោយទឹកដោះម្តាយសុទ្ធ។បន្ថែមពីនោះ ស្រ្តីក៏ខ្វះចំណេះដឹងទាក់ទងនឹងសារៈសំខាន់នៃការបំបៅដោះកូនដោយទឹកដោះម្តាយ។​

នៅក្នុងសិក្ខាសាលាស្តីពីការពិនិត្យលើវឌ្ឍនភាពនៃការលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយនៅក្នុងមន្ទីរពេទ្យ រៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក  កាលពីថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៥។ មន្ទីរពេទ្យចំនួន៤ បានជាប់ជាមន្ទីរពេទ្យគំរូ ក្នុងការលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយ ក្នុងនោះមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យខេត្តកោះកុង មន្ទីរពេទ្យខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យខេត្តក្រចេះ។

អ្នកស្រី សូត ស៊ីនួន គ្រូបង្រៀននៅសាលាឯកជនមួយកន្លែងនៅទីក្រុងភ្នំពេញ​បានប្រាប់វិទ្យុស្រ្តីថា អ្នកស្រីបានបំបៅកូនដោយទឹកដោះម្តាយ រយៈពេល៤ខែ បន្ទាប់ពីសម្រាលកូនរួច តែក្រោយពេលដែលអ្នកស្រីត្រូវត្រលប់ចូលបម្រើការងារវិញ អ្នកស្រីក៏សម្រេចចិត្តបំបៅកូនដោយទឹកដោះគោជំនួសទឹកដោះម្តាយវិញ។

អ្នកស្រី សូត ស៊ីនួន៖« មូលហេតុដែលខ្ញុំផ្តាច់ដោះគាត់ខ្ញុំបំបៅគាត់ដោយម្សៅទឹកដោះគោវិញដោយសារតែ ទី១យើងត្រូវធ្វើការ បន្តការធ្វើការរបស់យើងបន្តទៀត ​មិនមែនថាយើងមិនស្រលាញ់កូនទេ តែដោយសារ វាជាភាពចាំបាច់ដែលយើងត្រូវបំពេញការងារបន្តទៀតអ៊ីចឹង។ ខ្ញុំជ្រើសរើសផ្តាច់ដោះគាត់អាយុ៤ខែ ខ្ញុំជ្រើសរើសម្សៅទឹកដោះគោឱ្យគាត់ម៉ិមវិញ»

ជុំវិញអត្រាធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយនេះដែរ  លោកស្រី គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មើលឃើញថា កត្តាពង្រឹងការអនុវត្តអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយការលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារតូច និងប្រកាសរួមលេខ០៦១ នៅមានកម្រិតនៅឡើយ។ ជាមួយគ្នានេះ ការកើនឡើងនូវការផ្សព្វផ្សាយ និងការលក់ផលិតផលជំនួសទឹកដោះម្ដាយ ក៏ជាកត្តារួមចំណែកនាំឱ្យមានការថយចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយផងដែរ ជាពិសេសនៅទីប្រជុំជន។

ការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា(CDHS)ពីឆ្នាំ២០១៤បានរកឃើញថា ការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់បានធ្លាក់ចុះពីចំនួន ៧៣.៥ភាគរយ នៅក្នុងឆ្នាំ២០១០មកនៅត្រឹមចំនួន៦៥ ភាគរយ នៅក្នុងឆ្នាំ២០១៤ និងធ្លាក់ចុះនៅ ៥១ ភាគរយ នៅឆ្នាំ២០២១។ មានកុមារតែក្នុងចំនួន ៣៧ ភាគរយ ប៉ុណ្ណោះបានទទួលនូវការបំបៅដោយទឹកដោះម្តាយ បន្តរហូតដល់អាយុពីរឆ្នាំ ដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។

ដោយឡែកតាមការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយអង្គការហេឡែន ខេលល័រអន្តរជាតិនា ពេលថ្មីៗនេះបានរកឃើញថា ម្តាយរហូតដល់ ៨៦ភាគរយ បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មពីផលិតផលជំនួសទឹកដោះម្តាយតាមប្រព័ន្ធផ្សព្វផ្សាយ ហើយ ៤៣ភាគរយ នៃកុមារអាយុ ក្រោម៥ខែ បានប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយទាំងនោះ។ ម្តាយ និងអ្នកថែទាំ ជាច្រើន ជាពិសេសអ្នកដែលនៅទីប្រជុំជនជឿថាទឹកដោះគោម្សៅផ្សំតាមរូបមន្តសម្រាប់ទារក ធ្វើឱ្យទារកមានសុខភាពល្អ និង “ផ្លោស” ហើយវាផ្តល់សារជាតិចិញ្ចឹមច្រើនជាង នៅពេលដែលម្ដាយមិនបានទទួលរបបអាហារឱ្យបានល្អគ្រប់គ្រាន់៕

ប្រភពរូប ៖ហេឡែន ខេលល័រ

 

 

 

 

Share

ព័ត៌មានទាក់ទង