សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អរគុណ ដល់វេជ្ជបណ្ឌិត Beat Richner ដែលលោកបានចូលរួមយ៉ាងសកម្មជួយដល់កុមារ និងស្ដ្រី រាប់ម៉ឺននាក់នៅកម្ពុជា។ ការថ្លែងសរសើរនិងអរគុណដល់លោកវេជ្ជបណ្ឌិត Beat Richner ដូចនេះ បន្ទាប់ពី សម្ដេច ហ៊ុន សែន បានជួបជាមួយប្រធានាធិបតីប្រទេសស្វីស លោកស្រី Doris Leuthard ក្នុងជំនួបទ្វេភាគីមួយនៅប្រទេសស្វីស។នេះបើតាមហ្វេសប៊ុករបស់ នាយករដ្ឋមន្ដ្រី។
ហ្វេសប៊ុកបានសរសេរថា៖ «សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ និងអរគុណដល់លោកវេជ្ជបណ្ឌិត Richnerដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកំពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្រោមការគាំទ្រ ពី លោកស្រីប្រធានាធិបតី។ នេះជាទឹកចិត្តនៃបេះដូងរបស់ប្រជាពលរដ្ឋស្វីស ចំពោះប្រជាពលរដ្ឋកម្ពុជា »។
លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner) ជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការតាំងពីឆ្នាំ១៩៩២ មក។
រៀងរាល់ឆ្នាំរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយទឹកប្រាក់ចំនួន ២លានដុល្លារ និងរដ្ឋាភិបាលប្រទេសស្វីស (Switzerland) ចំនួន ៣លានដុល្លារក្រៅពីនោះប្រធានមន្ទីរពេទ្យ គឺលោក ប៊េត រីច្ឆនឺរ ជនជាតិស្វីស ជាអ្នកស្វែងរកថវិកាពីសប្បុរសជន តាមរយៈការប្រគំតន្ត្រីសប្បុរសធម៌ផ្ទាល់ខ្លួនរបស់លោកដើម្បីទ្រទ្រង់នូវការចំណាយសម្រាប់មន្ទីរពេទ្យនេះ។
មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានប្រជាពលរដ្ឋខ្មែរទទួលស្គាល់ថា ជាមន្ទីរពេទ្យដែលយកចិត្តទុកដាក់លើជីវិតកុមារជាធំ និងព្យាបាលជំងឺមានប្រសិទ្ធភាពដោយមិនយកថ្លៃសេវាព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផាមានពីរកន្លែង នៅរាជធានីភ្នំពេញនិង នៅខេត្តសៀមរាប៕